វត្ត​ប្រាសាទដែលចម្លែកអនុញ្ញាតឲ្យភ្ញៀវ​យក​ប្រាក់ក្នុង​ប្រអប់​បច្ច័យ

វត្តប្រាសាទដែលចម្លែកអនុញ្ញាតឲ្យភ្ញៀវ​យក​ប្រាក់ក្នុង​ប្រអប់​បច្ច័យ។

នៅពេលដែលទៅដល់​ប្រាសាទ និងទីសក្ការបូជានៅជប៉ុន យើងតែងតែមើលឃើញប្រអប់ដាក់ប្រាក់​បរិច្ចាគ ឬ​ហៅ​ថា​ប្រអប់​បច្ច័យ។

ភ្ញៀវដែលមកនឹងដាក់ប្រាក់ក្នុងប្រអប់នោះ រួមជាមួយនឹងបំណងប្រាថ្នា និងការបួងសួងរបស់ខ្លួន។

យើង​តែង​តែ​ត្រូវ​បានបង្រៀន​ថា មិនត្រូវយកប្រាក់ក្នុងប្រអប់បច្ច័យដាច់ខាត ប្រសិនបើធ្វើដូច្នេះ​នឹង​ត្រូវ​ទេវតា​ដាក់​ទោស។

ប្រហែល​មិន​ត្រឹម​តែ​នៅ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ សូម្បីតែប្រទេស​ផ្សេង​ទៀតនៅលើពិភពលោកក៏​មាន​​វប្បធម៌​​បែប​​នេះ​​ដែរ។

ទោះជាយ៉ាងណា នៅពេលដែលប្រាក់នៅចំពោះមុខ ហើយសន្តិសុខមានភាពធូររលុង ករណីលួចប្រាក់​បរិច្ចាគ​កាន់​តែ​ច្រើន​ឡើង។

ប្រាសាទ និង​ទីសក្ការៈ​បូជាច្រើនតែស្ងាត់ណាស់នៅ​ពេល​យប់ ដែលធ្វើឲ្យករណីលួចកើតឡើងកាន់​តែ​ច្រើន។ យ៉ាង​​​ណា​​មិញ មិន​​​អាច​​​មាន​​អ្នក​​នៅ​​យាម​​ជា​​ប្រចាំ​​នោះ​​ទេ។

ដូច្នេះហើយ មានប្រាសាទមួយបានគិតឃើញគំនិតដ៏គួរឲ្យចាប់អារម្មណ៍មួយដើម្បី​ដោះស្រាយ​បញ្ហា​​នេះ។

ប្រាសាទអនុញ្ញាតឲ្យយកប្រាក់បច្ច័យទៅផ្ទះ

ប្រាសាទនេះមានទីតាំងស្ថិតនៅទីក្រុង Takarazuka ខេត្ត Hyogo ដែល​ប្រាសាទ​មាន​ឈ្មោះ​ថា Kiyokojin Seichoji (清荒神清澄寺) ។

ឈ្មោះប្រាសាទពិតជាពិបាកចាំណាស់មែនទេអ្នកទាំងអស់គ្នា?

នៅប្រាសាទនេះ ប្រាក់បច្ច័យត្រូវបានដាក់ក្នុងទ្រុងដែកមួយ យើងអាចប្រើឈើសម្រាប់ទាញប្រាក់​មក​ជិត ហើយ​យក​ចេញ។

មានអារម្មណ៍ដូចជាល្បែងកម្សាន្ត ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់មែនទេ?

ហើយប្រាក់ដែលយកបាន ពួកគេអាចយកទៅផ្ទះ។

ប៉ុន្តែកុំយកច្រើនពេក យកបានតែមួយកាក់ប៉ុណ្ណោះ។

ដូច្នេះហើយ គ្រប់គ្នាប្រាកដជាចង់យកប្រាក់ដែលមានតម្លៃខ្ពស់បំផុត។

យ៉ាងណាមិញ បើតាមបទប្បញ្ញត្តិផ្លូវការ ចំនួនទឹកប្រាក់នោះមិនមែនជាការ “ប្រទាន” ឡើយ ប៉ុន្តែ​ត្រូវ “រក្សា​ទុក និង​សង​​វិញ” ។

យើងមានសិទ្ធិរក្សាទុកប៉ុណ្ណោះ ប៉ុន្តែមិនអាចប្រើបាននោះទេ។

គេនិយាយថា ប្រសិនបើដាក់ប្រាក់កាក់នោះក្នុងកាបូប នោះលាភសំណាងទ្រព្យសម្បត្តិនឹងច្រើនឡើង។

ទោះជាយ៉ាងណា មានបទប្បញ្ញត្តិសំខាន់មួយទៀតនោះគឺ៖

“លើកក្រោយពេលត្រលប់មកវិញ ត្រូវសងប្រាក់ទ្វេជាពីរ” ។

ក្នុងអំឡុងពេលរក្សាទុកប្រាក់ ប្រាក់កាក់ដែលយកពីវត្តត្រូវ​ដាក់​ក្នុង​កាបូប ដែល​ធ្វើ​ឲ្យ​លាភសំណាង​​​របស់​អ្នក​​​រក្សា​​ទុក​​កាន់​​តែ​​ច្រើន​​ឡើង។ ជា​​ការ​​អរគុណ យើង​​នឹង​​សង​​វត្ត​​ទ្វេ​​ជាពីរ។

ដូច្នេះហើយ​ អ្នកបន្ទាប់នឹងបន្តយកប្រាក់នោះទៅវិញ ហើយសងវិញទ្វេជាពីរ។

នេះជាប្រព័ន្ធមួយដែលអស្ចារ្យណាស់ ផ្សារភ្ជាប់សំណាងរវាងមនុស្សគ្រប់គ្នា។

“ដូច្នេះប្រសិនបើមិនត្រឡប់មកវិញទៀត តើអាចយកប្រាក់នោះបានទេ?”

ខ្ញុំគិតថា ប្រាកដជាមានអ្នកគិតដូច្នេះ។

ប៉ុន្តែគំនិតនោះរបស់អ្នក ទេវតាប្រាកដជាយល់យ៉ាងច្បាស់។

កុំសប្បាយចិត្តព្រោះតែទទួលបានប្រាក់បន្តិចបន្តួចបែបនេះ ការដែលទទួលបានលាភសំណាងមាន​ប្រយោជន៍​ជាង​មែន​ទេ?

សូមបញ្ជាក់ផងដែរថា វត្ត ឬទីសក្ការបូជាផ្សេងទៀតមិនអនុវត្តប្រព័ន្ធនេះទេ ដូច្នេះប្រសិនបើអ្នក​យក​ប្រាក់​បច្ច័យ​ដោយ​គ្មាន​ការ​អនុញ្ញាត នឹង​ត្រូវ​ចាត់​ទុក​ជា​ការ​លួច។

ករណីលួចអាចនឹងមានទោសជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៥០០.០០០ យ៉េន។

ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរកំពុងតែរង់ចាំយើងទាំងអស់គ្នា ដូច្នេះសូមកុំព្រោះតែភាពលោភលន់ ហើយ​លួច​ប្រាក់​បច្ច័យ​ឲ្យ​សោះ មិន​ថា​នៅ​ទី​ណា​ក៏​ដោយ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: