ស្វែង​យល់​អំពី​ពិធី Seppuku ក្នុង​សម័យ​សាមូរ៉ៃ

ស្វែង​យល់​អំពី​ពិធី Seppuku ក្នុង​សម័យ​សាមូរ៉ៃ។

Seppuku ក្នុងភាសាជប៉ុនត្រូវបានគេហៅថា “Harakiri” ដែល​ជាទូទៅ​ត្រូវ​បាន​ចាត់​ទុក​ដូច​ជាការ​ដាក់ទោសប្រហារជីវិតដ៏ឃោរឃៅ។ យ៉ាង​ណា​មិញ តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ​ថា សម្រាប់​សាមូរ៉ៃពិធី Seppuku មិន​មែន​ជា​អំពើ​ឃោរ​ឃៅ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ស្លាប់​ដ៏​កិត្តិយស​ដែរ​ទេ?

លើកនេះ យើងខ្ញុំនឹងណែនាំពីអត្តន័យ និងពិធី Seppuku ដ៏ឃោឃៅដល់អ្នកទាំងអស់គ្នា។

មិនដឹងថា បន្ទាប់ពីយល់ច្បាស់អំពី Seppuku តើអ្នកទាំងអស់គ្នាគិតយ៉ាងណា? ប្រសិនបើជាអ្នក តើអ្នកអាចអនុវត្តពិធីនេះដែរទេ?

ដោយផ្ទាល់ខ្ញុំមិនអាចធ្វើបាននោះទេ។

តើ Seppuku ជាអ្វី?

Seppuku (វះពោះធ្វើអត្តឃាត) គឺជាការស្លាប់ដ៏កិត្តិយសដែលសម្រាប់តែវណ្ណៈសាមូរ៉ៃប៉ុណ្ណោះ។

ប្រជាជនជប៉ុនច្រើនតែមិនបង្ហាញពីអារម្មណ៍ និងគំនិតពិតរបស់ពួកគេនោះទេ។

“សេចក្តីពិតស្ថិតនៅក្នុងពោះ”

គេជឿថា ការពិតស្ថិតនៅក្នុងពោះ ដូច្នេះដោយបង្ហាញឲ្យអ្នកទាំងអស់គ្នាមើលឃើញតាមរយៈសកម្មភាពវះពោះ ពួកគេបង្ហាញពីភាពស្មោះត្រង់ និងបរិសុទ្ធមុនពេលស្លាប់ ដែលនោះគឺជាពិធី Seppuku ។

ទោះ​ជា​យ៉ាង​ណា មានករណីខ្លះអ្នកដែលជាប់ទោសមិនត្រូវបានអនុញ្ញាតឲ្យអនុវត្តពិធី Seppuku ឡើយ។

ឧទាហរណ៍បុគ្គលដ៏ល្បីម្នាក់មានឈ្មោះថា Kondo Isami ជាបុគ្គលដែលមកពីគ្រួសារកសិករ បន្ទាប់​ពី​បាន​ក្លាយជាសាមូរ៉ៃ ហើយបង្កើតអង្គភាពដែលមានឈ្មោះថា Shinsengumi បានប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ​ដើម្បី​រដ្ឋាភិបាល។

នៅពេលដែលយុគសម័យសាមូរ៉ៃបានបញ្ចប់ ហើយ​រដ្ឋាភិបាល​ត្រូវ​ផ្តួល​រលំ Shinsengumi នៅតែបន្តប្រយុទ្ធដើម្បីរដ្ឋាភិបាលរហូតដល់នាទីចុងក្រោយ។

មេដឹកនាំរបស់ពួកគេគឺ Kondo Isami ត្រូវចាប់ខ្លួន។ ទោះជាយ៉ាងណា លោកមិនត្រូវបានអនុញ្ញាត​ឲ្យ​អនុវត្ត​ពិធី​ Seppuku ឡើយ ប៉ុន្តែត្រូវកាត់ទោសប្រហារជីវិត (កាត់ក្បាល) ។

លោកត្រូវទ្រាំនឹងភាពអាម៉ាស់ដោយមិនអាចស្លាប់ដូចជាសាមូរ៉ៃមួយរូប។

ចំណុចនេះបង្ហាញពីសារៈសំខាន់នៃការស្លាប់​របស់​សាមូរ៉ៃ។

ពិធី Seppuku

ជាដំបូង អ្នកដែលអនុវត្តពិធី Seppuku នឹងពាក់ឈុត kimono ពណ៌ស ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ​របស់​ខ្លួន។

ដោយសារតែមូលហេតុនេះហើយ បានជានៅជប៉ុន kimono ពណ៌សត្រូវបានគេហៅថា shinishozoku (សម្លៀក​បំពាក់​កាន់​ទុក្ខ ឬ​សម្លៀក​បំពាក់​មរណៈ​ភាព) ។

សាមូរ៉ៃនឹងទៅកាន់ទីលានដែលបានរៀបចំស្រាប់ លុតជង្គង់ ហើយដោះ kimono នៅខាងមុខដើម​ទ្រូង និង​ពោះ។

បន្ទាប់​មក ពួកគេនឹងវះពោះរបស់ខ្លួនដោយកាំបិតតូចដែលត្រូវបានរៀបចំស្រាប់។

ដំបូងពួកគេនឹងវះពោះតាមទម្រង់ទទឹង បន្ទាប់មក ពួក​គេ​នឹង​វះ​ត្រង់​ពាក់​កណ្តាលដើម​ទ្រូង​ចុះដល់​ផ្ចិត វះ​តាម​ទម្រង់​រូប​ឈើ​ឆ្កាង។

ជាក់ស្តែង ធ្លាប់មានសាមូរ៉ៃជាច្រើនបានអះអាងពីភាពស្អាតស្អំរបស់ខ្លួន តាមរយៈការវះពោះយ៉ាង​ខ្លាំង​រហូត​ដល់​សរីរាង្គ​ខាង​ក្នុង​របស់​ពួក​គេ​ធ្លាយ​ចេញ​មក​ក្រៅ។

ហើយជាការពិតណាស់ ពួកគេនឹងស្លាប់ក្នុងភាពឈឺចាប់ ប៉ុន្តែក្នុងនាមជាសាមូរ៉ៃមួយរូប ពួកគេនឹង​អនុវត្ត​ពិធី​នេះ​ដោយ​មិន​ស្រែក ឬ​រត់​គេច​ឡើយ។

ដោយផ្ទាល់ខ្ញុំប្រាកដជាមិនអាចធ្វើបានដូចពួកគេនោះទេ។

ពិធីនេះបណ្តាលឲ្យមានការឈឺចាប់យ៉ាងខ្លាំង ហើយបុគ្គលដែលអនុវត្តពិធី Seppuku ត្រូវស៊ូទ្រាំនឹង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង និង​អូស​បន្លាយ​អស់​រយៈពេលជាយូរមុនពេលស្លាប់ ដូច្នេះហើយ ក្រោយ​មក នីតិវិធី​មួយ​ផ្សេងទៀតត្រូវបានបន្ថែម ដោយក្លាយជាផ្នែកមួយក្នុងពិធីនេះហៅថា Kaishaku ។

ជាក់ស្តែង មានអ្នកឈរនៅពីក្រោយសាមូរ៉ៃដែលកំពុងអនុវត្តពិធី Seppuku ជាមួយនឹងដាវជប៉ុន​ដ៏​មុត​ស្រួច​កាន់​ក្នុងដៃ បុគ្គលនេះនឹងកាត់ក្បាលរបស់សាមូរ៉ៃភ្លាមៗ បន្ទាប់ពីសាមូរ៉ៃរូបនោះវះពោះរបស់ខ្លួន។ ដើម្បីជួយឲ្យពួកគេស្លាប់បានលឿនជាងមុន និងកាត់បន្ថយការឈឺចាប់។

ពិធី Seppuku ចុងក្រោយនៅជប៉ុន

ជាការពិតណាស់ ពិធី Seppuku បានរលាយបាត់ប្រៀបបីដូចជាជប៉ុនធ្វើទំនើបកម្ម។

ទោះជាយ៉ាងណា មានបុរសម្នាក់បានអនុវត្តពិធី Seppuku ក្នុងឆ្នាំ ១៩៧០ ។

លោកមានឈ្មោះថា Mishima Yukio ជាអ្នកនិពន្ធប្រលោមលោកដែលមានគោលបំណងស្តារជប៉ុន​ឡើង​វិញ។

ក្រោយសង្រ្គាម លោកសោកសៅយ៉ាងខ្លាំងព្រោះតែជប៉ុនកំពុងបាត់បង់ស្មារតីសាមូរ៉ៃ ហើយលោកបាន​សម្រុក​ចូលមូលដ្ឋានរបស់កងកម្លាំងស្វ័យការពារ។

លោកបានថ្លែងសុន្ទរកថានៅចំពោះមុខសមាជិកកងកម្លាំងស្វ័យការពារ ប៉ុន្តែគំនិតរបស់លោកមិនត្រូវបានផ្សព្វផ្សាយនោះឡើយ។

ដូច្នេះហើយ សកម្មភាបចុងក្រោយរបស់លោកគឺអនុវត្តពិធី Seppuku ដែល​ជា​និមិត្តរូបនៃ​សាមូរ៉ៃ។

ដើម្បីបញ្ចប់ពិធី Seppuku សមមិត្តរបស់លោកជាអ្នកដែលបានធ្វើ Kaishaku ពោលគឺសកម្មភាព​កាត់​ក្បាល។ សម​មិត្ត​ទាំង​នោះ​បាន​នៅ​ជា​មួយ​នឹង​លោក​ក្នុង​អំឡុង​ពេល​នោះ។

សកម្មភាពកាត់ក្បាលមេដឹកនាំមួយរូបដែលមានគោលបំណងដូចយើងមានន័យថា គោល​បំណង​របស់​​ពួក​​គេ​​បាន​​បរាជ័យ ហើយពួកគេកំពុងនិយាយ​ពាក្យ​លា​ជា​រៀង​រហូត​ចំពោះ​សមមិត្តដ៏មានតម្លៃ​របស់​ខ្លួន។

អ្នកទាំងអស់គ្នាសាកស្រមៃមើលពីអារម្មណ៍របស់បុរសដែលអនុវត្ត Kaishaku មើលទៅ ពួកគេត្រូវកាត់​ក្បាល​មេដឹក​នាំ​របស់​ខ្លួន​ដោយផ្ទាល់ដៃទាំងដែលទឹកភ្នែកស្រក់យ៉ាងជូរចត់។

លោក Mishima Yukio បានប្រថុយជីវិតរបស់ខ្លួនដើម្បីដាស់តឿនប្រជាជនជប៉ុន ប៉ុន្តែជាអកុសល គោល​បំណង​របស់​លោក​មិន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ឡើយ។

ទោះជាយ៉ាងណា សេចក្តីស្លាប់របស់លោកក៏ផ្តើមចេញពីភាពក្លាហាន​របស់​បុរសម្នាក់ដែលមានទឹកចិត្តស្រលាញ់ជាតិផងដែរ។ ដូច្នេះប្រសិនបើមាននរណាម្នាក់​និយាយ​ថា នេះ​ជា​ទង្វើ​ដែល​ឆ្កួត​លីលា ខ្ញុំ​គិត​ថា នេះ​ជា​របៀប​និយាយ​ដែល​សាហាវ​​ពេក​​ហើយ។

តើអ្នក​ទាំង​អស់​គ្នា​យល់​យ៉ាង​ណាចំពោះតួអង្គ និងខ្លឹមសាររឿងរ៉ាវដែលខ្ញុំ​ទើប​តែ​ចែក​រំលែក?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: