សុភមង្គល និង​អកុសល – អាថ៌កំបាំង​នៃ​ភាសា​ជប៉ុន

សុភមង្គល និងអកុសល – អាថ៌កំបាំងនៃភាសាជប៉ុន។

នៅលើពិភពលោកនេះ មិនថាយើងជានរណាសុទ្ធតែចង់ទទួលបានសុភមង្គលមែនទេអ្នកទាំងអស់គ្នា?

ហើយជាការពិតណាស់ គ្មាននរណាម្នាក់ចង់រស់នៅក្នុងជីវិតដែលមិនសប្បាយចិត្តនោះទេ។

បើ​និយាយ​ពី​ពាក្យ​ដូច​ជា “សុភមង្គល” ឬពាក្យ “អកុសល” ក្នុង​ភាសា​ជប៉ុន​​មាន​របៀប​រៀប​រាប់​ដែលល្អ និង​អាថ៌កំបាំង។ 

ក្នុងខ្លឹមសារអត្តបទនេះ ខ្ញុំនឹងចែករំលែកគន្លឹះមួយចំនួនដែលជួយឲ្យអ្នកទាំងអស់គ្នាយល់ថា ការ​រៀន​ភាសា​ជប៉ុន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ចូរ​យើង​តាម​ដាន​ទាំង​អស់​គ្នា។

ដៃជាកន្លែងដែលយើងប្រាស្រ័យទាក់ទងនឹងអ្នកដទៃ

មិនថានៅពេលដែលយើងចាប់ដៃ ឬវាយនរណាម្នាក់នោះទេ ដៃនៅតែជាផ្នែកមួយនៃរាងកាយរបស់​យើង​ប៉ះ​ពាល់​នឹង​អ្នក​ដទៃ។

អាស្រ័យលើរបៀបដែលយើងប្រើដៃរបស់ខ្លួន យើងអាចនឹងកាន់តែមានសុភមង្គល ឬអកុសល។

ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ នៅពេលដែលយើងគិតដល់ចំណុចនេះរួមជាមួយនឹងពាក្យ “សុភមង្គល” (幸せ) និង “អកុសល” (不幸せ) ក្នុង​ភាសា​ជប៉ុន។

តើសុភមង្គលជាអ្វី?

មានស្នាមជ្រួញជាច្រើននៅលើបាតដៃរបស់យើងទាំងអស់គ្នា ទាំងដៃស្តាំ និងដៃឆ្វេង។

រួមទាំងដៃរបស់បុគ្គលដែលកំពុងអង្គុយនៅចំពោះមុខរបស់អ្នកទាំងអស់គ្នាផងដែរ។

ការផ្គុំស្នាមជ្រួញទាំង​នេះចូលគ្នា ដូចជាពេលដែលចាប់ដៃអ្នកដទៃ ឬ​ប្រណម​ដៃ​ទាំង​ពីរ​របស់ខ្លួនចូលគ្នា​ត្រូវ​​បាន​​គេ​​ហៅ​ថា៖

“Shiwa-awase” (ផ្គុំស្នាមជ្រួញចូលគ្នា)

មានទ្រឹស្តីមួយនិយាយថា ពាក្យនេះត្រូវបានវិវត្តន៍ទៅជាពាក្យ “shiawase” (សុភមង្គល) ។

ការចាប់ដៃរបស់អ្នកដទៃជាការតំណាងឲ្យមិត្តភាព និងភាពរួសរាយរាក់ទាក់។

ហើយដោយសារតែភាពរួសរាយរាក់ទាក់ និងស្និទ្ធស្នាលនោះនឹងនាំមកនូវសុភមង្គល។

សកម្មភាពប្រណមដៃទាំងពីរក៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​ក្នុង​ពុទ្ធសាសនា​ផងដែរ ​ក្នុង​ភាសា​ជប៉ុនសកម្មភាព​​នេះ​​ត្រូវ​​បាន​​គេ​​ហៅ​​ថា “gassho” ។

ដៃស្តាំតំណាងឲ្យទេវតា ដៃឆ្វេងតំណាងឲ្យមនុស្ស។

ការប្រណមដៃទាំងពីរចូលគ្នាជាសកម្មភាពបង្កើតសុភមង្គល។

ម្យ៉ាងវិញទៀត ក្នុងចំណោម​​ពុទ្ធសាសនា មានរបៀបប្រណមដៃខុស​គ្នា​បន្តិច៖

ម្រាមដៃរបស់ដៃទាំងពីរលាត្រង់ ហើយម្រាមដៃនីមួយៗឆ្លាស់គ្នាទៅមក។

ដែលហៅថា (金剛合掌 – Kongo Gassho) ។

ក្នុងនោះពាក្យ kongo មានន័យថាត្បូងពេជ្រ។

ត្រង់ចំណុចនេះ “ត្បូងពេជ្រ” មានន័យថាវត្ថុរឹងមាំ ដោយបង្កប់អត្តន័យរួមបញ្ចូលសុភមង្គលយ៉ាង​រឹង​មាំ​បំផុត​ដូច​ជា​ត្បូង​ពេជ្រ។

សកម្មភាពប្រណមដៃទាំងពីរមិនត្រឹមតែប្រើនៅពេលដែលបួងសួងចំពោះទេវតាប៉ុណ្ណោះទេ យើង​ថែម​ទាំង​ធ្វើ​សកម្មភាព​ប្រណម​ដៃ​សំពះ​នៅ​​ពេល​ដែល​និយាយ​ថា “អរគុណ” ។

ម្យ៉ាងវិញទៀត ក៏ប្រើនៅពេលដែលសុំទោសអ្នកដទៃផងដែរ។

លើកដៃសំពះ និង​ចាប់​ដៃអ្នកដទៃកាន់តែច្រើន នោះយើងនឹងទទួលបានអារម្មណ៍សុភមង្គល​កាន់​​តែ​ច្រើន។

ក្តាប់ដៃដូចជាកណ្តាប់ដៃនឹងនាំមកនូវអកុសល?

ប្រសិនបើអ្នកទាំងអស់គ្នាក្តាប់ដៃ ហើយប្រឈមនឹងនរណាម្នាក់ តើនោះជាស្ថានភាពអ្វី?

នៅពេលដែលយើងប្រឈមមុខនឹងនរណាម្នាក់ដោយកណ្តាប់ដៃ ជាមូលដ្ឋាន​នោះជាពេលដែលយើង​នឹង​ដាល់​ពួក​គេ។ ទោះ​បី​ជា​មាន​ករណី​លើក​លែង​មួយ​ចំនួន​ក៏​ដោយ។

តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលក្តាប់ដៃដើម្បីវាយនរណាម្នាក់? សន្លាក់នឹងប៉ះទង្គិចគ្នា ហើយ​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់។

ក្នុងភាសាជប៉ុនពាក្យ “សន្លាក់ឆ្អឹង” ពេលខ្លះថែមទាំងត្រូវបានគេហៅថា “fushi” (節) ។

នៅពេលដែល “fushi” ប៉ះទង្គិចគ្នា ចំណុចនោះបង្កើតបានជា៖

“Fushiawase” (不幸せ – អកុសល)

មិនច្បាប់ថាពាក្យ “សុភមង្គល” និងពាក្យ “អកុសល” ក្នុងភាសាជប៉ុនពិតជាមានប្រភពមកពីការគិតបែបនេះដែរអត់ទេ ឬគ្រាន់តែជាសម្មតិកម្មដែលត្រូវបានលើកឡើងតាមក្រោយ យ៉ាង​ណា​មិញ ទាំង​នេះ​ជា​សម្មតិកម្ម​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ទេ​អ្នក​ទាំង​អស់​គ្នា?

សូម​បង្វែរ​បាត​ដៃ​របស់​អ្នក​ឆ្ពោះ​ទៅ​រក​អ្នក​ដ៏ទៃ ឆ្ពោះ​ទៅ​រក​ទេវតា និង​ខ្លួន​អ្នក ប្រសើរ​ជាងប្រើ​កណ្តាប់​​ដៃ។

ចូរយើងរៀនភាសាជប៉ុនដោយភាពរីករាយ ចាប់​ដៃ​គ្នា និង​បង្កើន​សុភមង្គលកាន់តែច្រើន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: