អ្នក​ម្តាយ​ដ៏ក្លាហាន – ជា​ស្រ្តី​ដែល​ជូន​ដំណើរ​ទាហាន​ស្ម័គ្រ​ស្លាប់

អ្នក​ម្តាយដ៏ក្លាហាន – ជា​ស្រ្តី​ដែល​ជូន​ដំណើរ​ទាហាន​ស្ម័គ្រ​ស្លាប់។

អំឡុងពេលដ៏ខ្មៅងងឹតនៃសង្គ្រាមលោកលើកទីពីរ នៅពេលដែលស្ថានការណ៍មិនអំណោយផល ជប៉ុនកំពុងធ្លាក់ក្នុង​ស្ថាន​ភាព​​​ចុះ​ខ្សោយ យុទ្ធសាស្ត្រ​បង្កប់​ដោយ​សោកនាដកម្ម​ត្រូវ​បាន​បង្កើត​ឡើង។

បុរសៗវ័យក្មេង ដែលពោរពេញទៅដោយទឹកចិត្តស្រលាញ់ប្រទេសជាតិ និងក្តីស្រមៃដែលមិនទាន់បានបញ្ចប់ បើកយន្ត​ហោះ​ដែល​មាន​ផ្ទុក​ប្រេង​ឥន្ធនៈគ្រប់សម្រាប់​តែ​ហោះទៅប៉ុណ្ណោះ បាន​ដឹក​គ្រាប់​បែក​ឆ្ពោះ​តម្រង់​ទៅកាន់​នាវាចម្បាំង​របស់​សត្រូវ។

ពួកគេគឺជាក្រុមទាហានស្ម័គ្រស្លាប់ – ក្រុមទាហានពិសេស (Kamikaze) ។

មិន​ត្រឹម​តែមានយន្តហោះប៉ុណ្ណោះទេ ថែមទាំងមានកប៉ាល់បំពេញ​បេសកកម្ម​ចេញដំណើរដោយមិនត្រឡប់មក​វិញ។

សរុបទៅប្រជាជនចំនួន ៦.៣៧១ នាក់ក្នុងប្រទេសជប៉ុនបានលះបង់ដើម្បីការពារ​មាតុភូមិ។

ហើយក្នុងចំណោមការលះបង់ដោយស្ងាត់ៗទាំងនោះ មាន​ស្ត្រី​ម្នាក់​នៅពីក្រោយ តាមមើលថែទាំ និងជូនដំណើរយុវជន​ស្ម័គ្រ​ស្លាប់​រហូត​ដល់​នាទី​ចុង​ក្រោយ។

គេទាំងអស់គ្នាហៅគាត់ថា “អ្នកម្តាយនៃក្រុមទាហានស្ម័គ្រស្លាប់” – អ្នកស្រី Tome Torihama ដែលជាតួអង្គសំខាន់ក្នុង​អត្តបទ​ថ្ងៃ​នេះ។

នៅថ្ងៃនេះ ចូរយើងទាំងអស់គ្នាក្រឡេកមកស្តាប់រឿងរបស់អ្នកស្រី និយាយពីអ្នកម្តាយដែលមិនជាប់សាច់ឈាម ប៉ុន្តែ​បានជូនដំណើរកូនៗដែល​ក្លាហាន​របស់​ខ្លួន​ទាំងទឹកភ្នែក និងមោទនភាព។ អ្នកស្រីបានជូនដំណើរពួកគេដោយ​អស់​ពី​ចិត្ត ដោយ​​ក្តី​​ស្រឡាញ់​​របស់​អ្នក​ម្តាយ​មួយ​រូប អ្នក​ម្តាយ​នៃ​សង្គ្រាម អ្នក​ម្តាយ​ដែល​លះ​បង់។

ក្នុងឆ្នាំ ១៩២៩ អ្នកស្រី Tome បើកហាងលក់ម្ហូបតូចមួយ។

រហូតដល់ឆ្នាំ ១៩៤២ នៅពេលដែលអាកាសយានដ្ឋានយោធាត្រូវបានសាងសង់នៅក្បែរនោះ ហាងរបស់អ្នកស្រីត្រូវបាន​ជ្រើស​រើស​ធ្វើ​ជា​កន្លែង​សម្រាប់​បម្រើ​ដល់​កង​ទ័ព​ជា​ផ្លូវ​ការ ហើយចាប់ពីពេលនោះមក ជីវិតរបស់អ្នកស្រីបានផ្លាស់​ប្តូរ​បន្តិច​ម្តងៗ។

នៅឆ្នាំ ១៩៤៥ ជប៉ុនត្រូវបង្ខំឲ្យដើរផ្លូវទាល់ ហើយចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្តស្ម័គ្រស្លាប់ដែលបានរៀបរាប់ខាងលើ។

ហើយអ្នកស្រី Tome គឺជាអ្នកដែលបានជូនដំណើរបុរសទាំងនោះ ដោយចេញដំណើរទៅបំពេញបេសកកម្មចុងក្រោយ។

ពួកគេជាយុវជនដែលបានចាកចេញពីឪពុក​ម្តាយ​របស់​ខ្លួន ដោយ​ដឹង​យ៉ាង​ច្បាស់​ថា ជើងហោះហើរនេះគ្មានថ្ងៃត្រឡប់​​មក​​វិញ​​ឡើយ។

អ្នកដែលក្មេងបំផុតមានអាយុត្រឹមតែ ១៦ ឆ្នាំ ជាវ័យដែលគួរតែទៅសាលារៀន លេងសប្បាយជាមួយនឹងមិត្តភ័ក្តិ មិន​មែន​មក​ធ្វើ​ជា​ទាហាន​ម្នាក់​នោះ​ទេ។

ភាពភ័យខ្លាច ការព្រួយបារម្ភ និងភាពឯកាជារឿងដែលអាចជៀសផុតនោះទេ ហើយអ្នកដែលតែងតែទទួលយកអារម្មណ៍​ទាំង​នោះ​គឺ​អ្នក​ស្រី Tome ។

មុនពេលចាកចេញ ពួកគេបានផ្ញើសំបុត្រចុងក្រោយដល់អ្នកស្រី ដែលជាពាក្យផ្តែផ្តាំទៅកាន់គ្រួសារ ពាក្យសុំទោសដែលមិនទាន់បាននិយាយ និងក្តីស្រមៃដែលមិនទាន់បំពេញ។ បន្ទាប់​មក​ពួក​គេ​បាន​ឡើង​យន្តហោះ​ ​ជា​ជើង​ហោះ​ហើរ​ដែល​គ្មាន​ថ្ងៃ​ត្រឡប់​មក​វិញ។

ដោយមានបំណងចង់ក្លាយជាកន្លែងពឹងផ្អែកខាងផ្នែកស្មារតីសម្រាប់យុវជនវ័យក្មេងដែលត្រៀមនឹង​ចាកចេញ អ្នក​ស្រី Tome បាន​បើកហាងរហូតដល់យប់ជ្រៅ ទាំង​ដែល​ចំណុច​នោះ​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិនា​ពេល​នោះ​ក៏​ដោយ

មិនយូរប៉ុន្មាន អ្នកស្រីត្រូវកង​ទ័ព​កត់​សម្គាល់ ហើយនៅទីបំផុតត្រូវចាប់ខ្លួន។

នៅវេលានោះអ្នកស្រីបាននិយាយចេញពីចិត្តរបស់ខ្លួនដោយអារម្មណ៍យ៉ាងក្តុកក្តួលថា៖

  • “មានក្មេងៗមួយចំនួនថ្ងៃស្អែកនឹងស្លាប់។ ហេតុអ្វីបានជាយើងមិនឲ្យពួកគេបរិភោគអាហារឆ្ងាញ់មួយពេលចុង​ក្រោយ?”

ពាក្យ​ទាំង​នោះ​បានធ្វើឲ្យទាហានស្ម័គ្រស្លាប់រំភើបចិត្តយ៉ាងខ្លាំង ហើយ​ពេល​បាន​ឮ​ដំណឹង​នេះ មនុស្សជាច្រើនក្នុង​ចំណោមពួក​គេ​បាន​ប្រមូល​ផ្តុំ​គ្នា​គាំទ្រ​អ្នក​ស្រី។

  • “ប្រសិនបើអ្នកហ៊ានចាប់អ្នកស្រី Tome ទៅ ទោះបីជាត្រូវសម្លាប់អ្នកទាំងអស់គ្នា ពួកយើងនឹងរារាំងរហូតដល់​នាទី​ចុង​ក្រោយ។
    យើងទាំងអស់គ្នានឹងស្លាប់នៅថ្ងៃស្អែក។ ពួកយើងសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីការពារគាត់។”

ដោយដឹងថាមិនអាចបញ្ឈប់ការតាំងចិត្តនោះបាន កងទ័ពត្រូវតែចុះចាញ់ ហើយដោះលែងអ្នកស្រី Tome ។

ក្រោយសង្គ្រាម ទោះបីជាត្រូវបានស្នើឲ្យបើកហាងឡើងវិញដើម្បីបម្រើដល់ទាហានអាមេរិកដែលឈរជើងនៅជប៉ុនជា​ច្រើន​ដង អ្នកស្រី Tome នៅតាំងចិត្តបដិសេធ។

គេទាំងអស់គ្នានិយាយថា នៅលើទឹកដីដែលហិនហោច ជាកន្លែងដែលធ្លាប់ជាអាកាសយានដ្ឋានសល់ត្រឹមតែកម្ទេច​កម្ទី អ្នកស្រីប្រើបន្ទះឈើធ្វើជាកន្លែងរំលឹកដល់ទាហានទាំងនោះ ហើយជារៀងរាល់ថ្ងៃ អ្នកស្រីតែងតែយកផ្កាស្រស់​ទៅ​កាន់​ទីនោះ និងអុជធូប ដោយមិនភ្លេចរំលឹកដល់វិញ្ញាណក្ខន្ធរបស់អ្នកដែលបានស្លាប់នោះទេ។

ទោះបីជាត្រូវក្រុមដំណើរការដោយសន្តិភាព និងមនុស្សជាច្រើនរិះគន់ថា សកម្មភាពរបស់អ្នកស្រីដូចជាកំពុងលើកតម្កើង​សង្គ្រាម​ក៏​ដោយ អ្នក​ស្រី​នៅ​តែ​បន្ត។

សម្រាប់អ្នកស្រី សកម្មភាពនេះមិនមែនជាការលើកតម្កើងសង្រ្គាមនោះទេ ប៉ុន្តែជាការកាន់ទុក្ខសម្រាប់យុវជនវ័យក្មេងទាំងនោះ ដែលប្រៀបដូចជាកូនបង្កើតរបស់អ្នកស្រី បានចាកចេញជារៀងរហូតដោយសាររយៈពេលដ៏ខ្មៅងងឹត​នោះ។

នៅថ្ងៃនោះ តើអ្នកស្រីមានអារម្មណ៍យ៉ាងណាពេលជូនដំណើរយុវជនវ័យក្មេងទាំងនោះចាកចេញដោយផ្ទាល់ភ្នែក?

អ្នកដែលបានចាត់ទុកអ្នកស្រីប្រៀបដូចជាម្តាយទីពីរ ម្នាក់ម្តងៗបានចាកចេញដោយគ្មានថ្ងៃត្រឡប់មកវិញ… ប្រាកដ​ណាស់ បេះដូងរបស់អ្នកស្រីឈឺចាប់យ៉ាងខ្លាំង រាល់​ពេល​ដែល​យន្ត​ហោះ​បាត់​ស្រមោល​នៅ​លើ​មេឃ។

សង្ឃឹមថាសោកនាដកម្មបែបនេះនឹងមិនកើតឡើងម្តងទៀត មិនត្រឹមតែនៅជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែនៅគ្រប់ទីកន្លែង​លើ​ពិភព​លោក​ជា​អ្វី​ដែល​ខ្ញុំ​តែង​តែ​បួង​សួង​ដោយ​ស្មោះ​អស់​ពី​ដួង​ចិត្ត។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: