នៅជប៉ុន​តើ​ការ​ប្រជ្រៀត​ជួរ​អាច​ចាត់​ទុកជា​សកម្មភាព​ល្មើស​ច្បាប់​ដែរ​ទេ?

នៅជប៉ុនតើការប្រជ្រៀតជួរអាចចាត់ទុកជាសកម្មភាពល្មើសច្បាប់ដែរទេ?

នៅប្រទេសជប៉ុន ការតម្រង់ជួរ និងរង់ចាំដល់វេនរបស់ខ្លួនប្រៀបដូចជារឿងធម្មតានៅគ្រប់ទីកន្លែង។

យ៉ាងណាមិញ សព្វថ្ងៃនេះ បើទោះបីជាគេនិយាយថា ការប្រជ្រៀតជួរជាទម្លាប់របស់មនុស្សមួយចំនួន ប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេថា ជាក់ស្តែងមនុស្សជាច្រើន រួមទាំងប្រជាជនជប៉ុនមិនដឹងថា ការ​ប្រជ្រៀត​ជួរ​បែប​នេះ​​ត្រូវ​បានចាត់​ទុក​ជា​ទង្វើ​ខុស​ឆ្គង​នៅ​ជប៉ុន។

ប្រសិនបើអ្នកទាំងអស់គ្នាទៅលេងជប៉ុន សូម​ប្រយ័ត្ន​ប្រយែងចំពោះចំណុចនេះ ព្រោះពេលខ្លះចំណុចនេះមិនត្រឹម​តែ​ជា​សុជីវធម៌​នៅ​ទីសាធារណៈ​ប៉ុណ្ណោះ​ទេ ថែមទាំងលើសពីនឹងទៅទៀត។

នៅប្រទេសជប៉ុន ការប្រជ្រៀតជួរគឺជាសកម្មភាពខុសឆ្គងកម្រិតស្រាល។

មាត្រា ០១ កថាខ័ណ្ឌ ១៣ ច្បាប់និយាយពី​ទោសកម្រិតស្រាលមានខ្លឹមសារដូចខាងក្រោម៖

បុគ្គលដែលបង្កបញ្ហាដល់មនុស្សជាច្រើននៅទីសាធារណៈក្រោមទម្រង់សកម្មភាពគំរោះគំរើយខ្លាំង ឬរំខានដល់សណ្តាប់​ធ្នាប់​សាធារណៈ​ដោយ​ពាក្យ​សម្តី និង​សកម្មភាព​ហឹង្សា; ប្រជ្រៀត​ជួរ ឬ​ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ក្រុមមនុស្ស​កំពុង​រង់​ចាំ​រថភ្លើង ឡានក្រុង នាវា ឬមធ្យោបាយដឹកជញ្ជូនសាធារណៈផ្សេងទៀត; ជួរមនុស្សរង់ចាំមើលល្ខោន ឬ​ព្រឹត្តិ​ការណ៍​ផ្សេងៗ; ជួរមនុស្សឈររង់ចាំទទួលរបស់របរ មនុស្សម្នាឈរតម្រង់ជួរទិញសំបុត្រ; ជួរមនុស្សរង់ចាំទទួល​ប្រភេទ​សំបុត្រ​ផ្សេងៗ។

ដើម្បីឲ្យកាន់តែយល់ច្បាស់ ខ្ញុំសូមសង្ខេបខ្លឹមសារដូចខាងក្រោម៖

អ្នកដែលប្រជ្រៀតជួរក្នុងពេលឡើងជិះ​មធ្យោបាយ​ដឹក​ជញ្ជូន​ដូច​ជា រថភ្លើង ឡានក្រុង នាវា; នៅពេលដែលទៅមើល​ល្ខោន ឬ​ព្រឹត្តិ​ការណ៍​ស្រដៀង​គ្នា; នៅ​ពេល​ទិញ ឬ​ទទួល​ទំនិញ​សុទ្ធ​តែកំពុងប្រព្រឹត្តបទល្មើសកម្រិតស្រាល។

ប្រសិនបើត្រូវប៉ូលីសប្រទះឃើញសកម្មភាពនេះ ជនល្មើសនឹងត្រូវឃុំខ្លួនពី ០១ ដល់ ៣០ ថ្ងៃ ឬពិន័យជាប្រាក់ពី ១.០០០ ទៅ ១០.០០០ យ៉េន។

ថ្វីត្បិតតែ ការផាកពិន័យនេះមានកម្រិតស្រាល ប៉ុន្តែប្រសិនបើមិនបំពាន ដើម្បី​កុំ​ឲ្យ​ត្រូវ​ផាក​ពិន័យ​ល្អ​ជាង​មែន​ទេ?

ទោះជាយ៉ាងណា នៅតែមានចំណុចចម្លែកក្នុងមាត្រនេះ។

ច្បាប់នេះកំណត់យ៉ាងច្បាស់ចំពោះមធ្យោបាយដឹកជញ្ជូនសាធារណៈ ព្រឹត្តិការណ៍ដូចជាមើលល្ខោន ការចែកចាយទំនិញ ដូច្នេះ​ចំពោះ​ករណី​ដែល​មិន​ស្ថិត​ក្នុង​ច្បាប់​នេះ​សុទ្ធ​តែ​មិន​អាច​ចាត់​ទុក​ជា​បទ​ល្មើស​ឡើយ។

ឧទាហរណ៍សកម្មភាពប្រជ្រៀតជួរពេលឈរតម្រង់ជួរនៅភោជនីយដ្ឋាន អាហារដ្ឋានមិនមែនជាសកម្មភាពខុសច្បាប់​នោះ​ទេ។

យ៉ាងណាមិញ ប្រសិនបើប្រព្រឹត្តសកម្មភាពខ្វះការគួរសមបែបនេះ ប្រាកដជាទទួលកំហឹងពីមនុស្សនៅជុំវិញជាមិន​ខាន ក្នុងពេលឈ្លោះប្រកែកគ្នា គេតែងតែជេរប្រមាថគ្នាទៅវិញទៅមក ហើយនៅពេលនោះ ពួកគេអាចនឹងប្រ​ព្រឹត្តិ​បទ​ល្មើស​ផ្សេង​ទៀត និងបង្កឲ្យមានផលវិបាកដែលមិនអាចដឹងមុន។ ដូច្នេះហើយ សរុបសេចក្តីទៅការប្រជ្រៀត​​ជួរ​គឺ​ជា​សកម្មភាព​ដែល​មិន​គួរ​នោះ​ទេ។

ប្រសិនបើអ្នកទាំងអស់គ្នាកំពុងគិតថា ការប្រជ្រៀតជួរជាសកម្មភាពមិនគួរសម ហើយមិនស្របនឹងក្រមសីលធម៌នៅ​ជប៉ុន មិន​ពាក់​ព័ន្ធ​នឹង​ជន​បរទេស ដូច្នេះ​នេះ​ជា​ចំណុច​សំខាន់​គួរ​កត់​សម្គាល់។

នៅពេលដែលនិយយាថា មិនគួរធ្វើរឿងអ្វីមួយ មូលហេតុមិនមែនដោយសារតែត្រូវចាប់ខ្លួននោះទេ ប៉ុន្តែដោយ​សារ​តែ​យើង​មិន​ធ្វើ​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​មិន​ស្រួល នេះ​ជា​គោល​ការណ៍​​មូល​​ដ្ឋាន​​​នៅ​ជប៉ុន។

អត្តសញ្ញាណរបស់ប្រជាជនជប៉ុនត្រូវបានគេមើលឃើញតាមរយៈទង្វើ​ដែលពួកគេប្រកាន់ខ្ជាប់ច្បាប់ និងក្រមសីលធម៌។

ខ្ញុំពិតជាមានអំណរណាស់ ប្រសិនបើអ្នកទាំងអស់គ្នាមានទស្សនៈវិជ្ជមាន ហើយយល់អំពីចំណុចនេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: