ការដាក់ទារុណកម្មនៅជប៉ុនកាលពីសម័យបុរាណ
ការដាក់ទារុណកម្មនៅជប៉ុនកាលពីសម័យបុរាណ។
សព្វថ្ងៃនេះ ប្រសិនបើប្រព្រឹត្តបទល្មើសនឹងត្រូវប៉ូលីសចាប់ខ្លួន កាលពីសម័យបុរាណ គេប្រើការដាក់ទារុណកម្មដើម្បីផ្តន្ទាទោសអ្នកប្រព្រឹត្តកំហុសដែលមិនមានកម្រិតធ្ងន់ធ្ងរពេក។ ហើយប្រហែលជាការអនុវត្តទារុណកម្មក៏ឃើញច្រើននៅតាមបណ្តាប្រទេសជុំវិញពិភពលោកផងដែរ។
ក្នុងអត្តបទនេះ ខ្ញុំនឹងណែនាំដល់អ្នកទាំងអស់គ្នាអំពីការរដាក់ទណ្ឌកម្មមួយចំនួននៅជប៉ុនកាលពីសម័យបុរាណ ដែលស្តាប់ទៅគួរឲ្យអស់សំណើច ប៉ុន្តែក៏ឈឺចាប់ណាស់ដែរ។
នៅសម័យ Edo ដោយស្ថិតក្រោមការគ្រប់គ្រងរបស់វណ្ណៈសាមូរ៉ៃ។
នៅទីក្រុង Edo នាសម័យនោះ (សព្វថ្ងៃគឺទីក្រុងតូក្យូ) មានតំបន់កម្សាន្តនាពេលរាត្រីមួយកន្លែងដែលមានឈ្មោះថា Yoshikawa ។ បើតាមឈ្មោះតំបន់សព្វថ្ងៃ នេះជាកន្លែងតូចមួយដែលស្ថិតនៅចន្លោះ Ueno និង Asakusa ។
មានមនុស្សស្រីជាច្រើនធ្វើការនៅទីនេះ ហើយកន្លែងនេះក៏ជាទីក្រុងដែលមានបុរសជាច្រើនមកដើម្បីជួបមនុស្សស្រីទាំងនោះផងដែរ។ ហើយនេះក៏ជាទីក្រុងដែលមានស្រ្តីពេស្យា (បើតាមរបៀបហៅរបស់ជប៉ុនគឺ Oiran) ធ្លាប់រស់នៅ។
ទីក្រុងនេះមានច្បាប់ដោយឡែក ហើយអ្នកដែលបំពាននឹងត្រូវទទួលទណ្ឌកម្ម។ ក្នុងនោះទណ្ឌកម្មមួយចំនួនមានដូចខាងក្រោម៖
ទណ្ឌកម្ម “Okefuse”
ចំពោះករណីដែលបុរសៗបន្ទាប់ពីសប្បាយជាមួយនឹងស្រ្តីនៅទីនោះហើយបែរជាមិនព្រមបង់ប្រាក់។ ជាការពិតណាស់ គ្រប់គ្នានឹងដេញតាមបុរសរូបនោះ បើទោះបីជាត្រូវឆែកឆេរទីក្រុងទាំងមូលដើម្បីចាប់ជនដែលមិនព្រមបង់ប្រាក់ក៏ដោយ។ នៅពេលដែលចាប់បានជនដែលមិនព្រមបង់ប្រាក់ គេនឹងដាក់ទារុណកម្មដែលហៅថា Okefuse ។
Okefuse គឺជាការដាក់ទណ្ឌកម្ម ដែលបុគ្គលទទួលទារុណកម្មត្រូវឃុំពីក្បាលដល់ចុងជើងក្នុងធុងមួយ គ្មានកន្លែងដែលអាចចេញបាននោះទេ ហើយត្រូវបោះចេញនៅតាមផ្លូវ។ ធុងនេះមានរន្ធតែមួយប៉ុណ្ណោះ ដើម្បីឲ្យអ្នកនៅខាងក្នុងអាចលេចមុខចេញដកដង្ហើម ហើយនៅពេលនោះអ្នកដំណើរដើរទៅមកនឹងសើចចំអកនិយាយថា៖
“ត្រូវហើយ នៅខាងក្នុងគឺជាជនដែលមិនព្រមសងប្រាក់” ។
នេះជាការដាក់ទណ្ឌកម្មដ៏គួរឲ្យអាម៉ាស់។
ទោះបីជាមិនទុកឲ្យអត់ឃ្លាន ប៉ុន្តែបញ្ហាបត់ជើងតូច និងការបន្ទោរបង់ត្រូវធ្វើឡើងនៅក្នុងធុង។
ពិតជាគួរឲ្យអាម៉ាស់ខ្លាំងណាស់។
ជនដែលមិនព្រមសងប្រាក់ទាំងនេះត្រូវទ្រាំនៅក្នុងធុងដែលមានក្លិនស្អុយនោះរហូតដល់មាននរណាម្នាក់ដែលពួកគេស្គាល់យកប្រាក់មកលោះពួកគេទើបត្រូវបានដោះលែង។
ម៉្យាងវិញទៀត ការដាក់ទណ្ឌកម្មចំពោះស្ត្រីពេស្យាដែលព្យាយាមរត់គេចខ្លួនក៏មានលក្ខណៈពិសេសផងដែរ។
សម្រាប់តៀមស្រាទាំងនេះ មនុស្សស្រីគឺជាវត្ថុដែលមានតម្លៃ ដូច្នេះមិនអាចមានបញ្ហាអ្វីឡើយ។
ការធ្វើទារុណកម្មដោយផ្សែង “Ibushi Seme”
អ្នកដែលទទួលទណ្ឌកម្មនេះត្រូវចងដៃ និងជើងរបស់ពួកគេ ដើម្បីកុំឲ្យពួកគេអាចធ្វើចលនាបាន បន្ទាប់មកធ្វើទារុណកម្មតាមរយៈការដុតផ្សែង។
ផ្សែងមិនត្រឹមតែបានមកពីការដុតអុសប៉ុណ្ណោះទេ គេថែមទាំងដុតម្ទេសដើម្បីបង្កើនកម្រិតហឹរផងដែរ។
ដូច្នេះហើយ ភ្នែក និងច្រមុះនឹងឆួលយ៉ាងខ្លាំង។ ដែលត្រូវបានចាត់ទុកជាទារុណកម្មដែលពិបាកទ្រាំបំផុត។
ការដាក់ទណ្ឌកម្ម “Kusuguri Seme”
“Kusuguri” មានន័យថា “ចាក់ក្រឡេក” ដូចទៅនឹងឈ្មោះរបស់វា នេះជាការដាក់ទារុណកម្មដែលអ្នកទទួលទណ្ឌកម្មត្រូវទ្រាំនឹងការចាក់ក្រឡេក។
ស្ត្រីដែលបំពានច្បាប់ត្រូវចាប់ចងក្រោមស្ថានភាពអាក្រាតកាយ និងត្រូវចាក់ក្រឡេកដោយរបស់ដូចជាជក់ ឬរោមសត្វជាដើម។
ស្តាប់ទៅដូចជាស្រាលណាស់ ប៉ុន្តែអារម្មណ៍ត្រូវចាក់ក្រឡេកទាំងនេះមិនស្រួលនោះទេ ពីព្រោះការអស់សំណើចដែលមិនអាចគ្រប់គ្រងបានគឺមិនស្រួលឡើយ ហើយថែមទាំងអាចបណ្តាលឲ្យពិបាកដកដង្ហើមទៀតផង។ សើចរហូតដល់បាត់បង់ស្មារតី ពួកគេនឹងត្រូវជះទឹកឲ្យស្វាងឡើងវិញ និងបន្តទទួលទារុណកម្ម។ ទណ្ឌកម្មបែបនេះត្រូវបានធ្វើឡើងវិញម្តងហើយម្តងទៀត។
អ្នកទាំងអស់គ្នាសាកស្រមៃមើលទិដ្ឋភាពរបស់ពួកគេមើលទៅ។ ខ្ញុំយល់ថា នេះជាទារុណកម្មដែលពិបាកទ្រាំយ៉ាងខ្លាំង។
ហើយសំឡេងសើចដូចជាឆ្កួត និងទឹកភ្នែកហូរប្រៀបដូចជាក្នុងខ្សែភាពយន្តភ័យរន្ធត់។
ការដាក់ទារុណកម្មនេះហាក់បីដូចជាល្ងីល្ងើ ប៉ុន្តែបែរជាបង្កការឈឺចាប់ដល់អ្នកទទួលទារុណកម្ម ដូច្នេះសូមកុំធ្វើតាមឲ្យសោះមិនថាក្រោមទម្រង់អ្វីក៏ដោយ។
Abe Kengo