បុរសចំនួន ៣២ នាក់ និងស្រ្តីម្នាក់នៅលើកោះដាច់ស្រយាល តើមានរឿងអ្វីកើតឡើង?
បុរសចំនួន ៣២ នាក់ និងស្រ្តីម្នាក់នៅលើកោះដាច់ស្រយាល តើមានរឿងអ្វីកើតឡើង?
ក្នុងបរិយាកាសដែលមានកំណត់ តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលសមាមាត្ររវាងបុរស និងស្រ្តីភាពខុសគ្នាយ៉ាងខ្លាំង?
ស្តាប់ទៅដូចជារឿងប្រឌិត ប៉ុន្តែនេះជារឿងដែលមានពិត។
រឿងនិយាយពីបុរសចំនួន ៣២ នាក់ និងស្រ្តីម្នាក់នៅលើកោះដាច់ស្រយាល។
រឿងទាំងមូលដែលបាននិយាយសុទ្ធតែមានពិត។
រឿងហេតុកើតឡើងនៅ Anatahan – ដែលជាកោះតូចមួយនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក។
ក្នុងអំឡុងពេលប្រយុទ្ធយ៉ាងខ្លាំងជាមួយនឹងអាមេរិក ប្រជាជនជប៉ុនមួយចំនួនត្រូវបានគេទុកចោលនៅលើកោះនេះ។
Kikuichiro និង Kazuko (ដែលគេចាត់ទុកជាប្តីប្រពន្ធ) ដើមឡើយរស់នៅលើកោះនេះ និងប្រកបមុខរបរធ្វើជាអ្នកដើរប្រមូលធនធាន។ ទោះជាយ៉ាងណា នៅថ្ងៃមួយ នៅពេលដែលកងទ័ពអាកាសអាមេរិកបានបាញ់ប្រហារនាវាចម្បាំងរបស់ជប៉ុនចំនួន ៣ គ្រឿងនៅសមុទ្រ Anatahan ។ នាវាចម្បាំងបានលិច កងទ័ពជើងទឹកចំនួន ៣១ នាក់បានហែលចូលច្រាំង ពួកគេសុទ្ធតែជាបុរសវ័យក្មេង។
ពួកគេទាំងអស់គ្នាសុទ្ធតែត្រូវជាប់នៅលើកោះអំឡុងពេលដែលមានចលាចលក្រោយសង្គ្រាម ដោយមិនមានជម្រើសផ្សេង ពួកគេបានចាប់ផ្តើមដាំដំឡូងសម្រាប់ធ្វើជាប្រភពអាហារ។
បន្ទាប់មក ពួកគេចាប់ផ្តើមដណ្តើម Kazuko ដែលជាស្ត្រីតែម្នាក់នៅលើកោះ ហើយរឿងហេតុដែលមិននឹកស្មានបានកើតឡើង។
កាំភ្លើងបានផ្លាស់ប្តូរសណ្តាប់ធ្នាប់នៅលើកោះ
សណ្តាប់ធ្នាប់នៅលើកោះបានផ្លាស់ប្តូរយ៉ាងខ្លាំង នៅពេលដែលអ្នកនៅលើកោះបានរកឃើញកាំភ្លើងខ្លីពីរដើមក្នុងបំណែកយន្តហោះយោធាអាមេរិកដែលត្រូវបាញ់ទម្លាក់។
ជាការពិតណាស់ មានភាពខុសគ្នារវាងអ្នកដែលមានកាំភ្លើង និងអ្នកដែលគ្មានកាំភ្លើង។
ជាដំបូង លោក Kikuichiro ដែលជាប្តីរបស់ Kazuko បានស្លាប់យ៉ាងអាថ៌កំបាំង។
ដោយប្រឈមនឹងស្ថានភាពរស់នៅដ៏លំបាក Kazuko មិនអាចរស់នៅម្នាក់ឯងនៅលើកោះនោះទេ នាងបានជ្រើសយកបុរសម្នាក់ក្នុងចំណោមបុរសចំនួន ៣១ នាក់ដែលនៅសល់ធ្វើជាប្តីថ្មីរបស់ខ្លួន ហើយរស់នៅជាមួយបុរសម្នាក់នោះ ប៉ុន្តែមិនយូរប៉ុន្មានបុរសម្នាក់នោះក៏បាត់បង់ជីវិតដែរ។
នាងបន្តជ្រើសយកអ្នកថ្មីសម្រាប់ជំនួសកន្លែងនោះ ហើយម្នាក់នោះក៏ស្លាប់ដូចគ្នា។
រឿងនេះបានកើតឡើងម្តងហើយម្តងទៀត បុរសដែលក្លាយជាប្តីរបស់នាងបានស្លាប់ម្តងម្នាក់ៗ រហូតដល់ប្រាំពីរឆ្នាំក្រោយមក នៅពេលដែលអ្នកនៅលើកោះត្រូវបានជួយសង្គ្រោះ បុរសដែលនៅរស់មានចំនួន ២០ នាក់។
ដូច្នេះបុរសចំនួន ១២ នាក់បានបាត់បង់ជីវិត។
ស្រ្តីដែលទាក់ទាញបុរស?
ហាក់បីដូចជា Kazuko មិនស្លៀកសម្លៀកបំពាក់នោះទេ ស្រ្តីម្នាក់នេះគ្រាន់តែស្លៀកសំពត់ប៉ឹងដែលធ្វើពីស្លឹកឈើប៉ុណ្ណោះ ហើយមិនស្លៀកអ្វីទាំងអស់នៅផ្នែកខាងលើ។
ដូច្នេះចំណុចនេះធ្វើឲ្យបុរសវ័យក្មេងទាំងនោះទ្រាំមិនបានក៏ជារឿងធម្មតាដែរ។
គួបផ្សំនឹងស្ថានភាពជាប់នៅលើកោះ មិនអាចត្រឡប់ទៅប្រទេសជប៉ុនវិញ មិនដឹងថានៅពេលណាសេចក្តីស្លាប់នឹងមករកខ្លួននោះទេ ដូច្នេះជៀសមិនផុតរឿងបុរសទាំងនោះបាត់បង់ស្មារតី ហើយប្រព្រឹត្តទង្វើឆ្កួតៗនោះទេ។
ពិតជាពិបាកណាស់ សម្រាប់ស្រ្តីម្នាក់ដែលត្រូវរស់នៅទីនេះម្នាក់ឯង។
សកម្មភាពរបស់ Kazuko គ្មានអ្វីចម្លែកនោះទេ ព្រោះនាងកំពុងរស់នៅក្នុងស្ថានភាពដែលនាងមិនអាចរស់បានប្រសិនបើគ្មានជំនួយពីបរុស។
នៅទីបំផុត ដោយដឹងថាជីវិតរបស់ខ្លួនកំពុងស្ថិតក្រោមស្ថានភាពគ្រោះថ្នាក់ Kazuko បានរត់ចេញពីកោះម្នាក់ឯង ហើយត្រូវបានជួយសង្គ្រោះដោយនាវាកងទ័ពជើងទឹករបស់អាមេរិក។
បន្ទាប់ពីបានឮរឿងរបស់ Kazuko រៀបរាប់ឡើងវិញ យោធាអាមេរិកបានទៅដល់កោះនោះ ដោយបានជួយអ្នកនៅរស់រានមានជីវិតត្រឡប់ទៅប្រទេសជប៉ុនវិញ។
រឿងដ៏ចម្លែកនេះត្រូវបានចុះផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយ ហើយថែមទាំងត្រូវបានផលិតជាភាពយន្តផងដែរ។
ប្រិយមិត្តអ្នកអានដែលជាបុរសៗ ប្រសិនបើអ្នកធ្លាក់ក្រោមស្ថានភាពដូច្នេះ តើអ្នកនឹងធ្វើយ៉ាងណា?
ចំណែកឯប្រិយមិត្តអ្នកអានដែលជាស្រ្តី ប្រសិនបើអ្នកសំណាងអាក្រក់ស្ថិតក្នុងស្ថានភាពបែបនេះ តើអ្នកនឹងធ្វើយ៉ាងណាដើម្បីរក្សាជីវិតរបស់ខ្លួនក្រោមស្ថានភាពដ៏អាក្រក់ដូចនេះ?
Abe Kengo