រឿងនិយាយពីហាង Izakaya មួយ​កន្លែង​កំណត់​តម្លៃ​មុខ​ម្ហូប​អាស្រ័យ​លើ​របៀបប្រើ​ពាក្យ​សម្តី​របស់​ភ្ញៀវ

រឿង​និយាយ​ពី​ហាង Izakaya មួយ​កន្លែង​កំណត់​តម្លៃ​មុខ​ម្ហូប​អាស្រ័យ​លើ​របៀបប្រើ​ពាក្យ​សម្តី​របស់​​ភ្ញៀវ។

តើអ្នកទាំងអស់គ្នាធ្លាប់ជួបស្ថានភាពបែបនេះដែរទេ? បុគ្គលដែលមានភាពក្រអឺតក្រទម ធ្វើឫកធំដាក់បុគ្គលិកបម្រើ​សេវាកម្ម​នៅ​ភោជនីយ​ដ្ឋាន ឬ​ហាង​ស្រា។

ខ្ញុំពិតជាស្អប់មនុស្សបែបនេះខ្លាំងណាស់ ហើយមិនមែនមានតែខ្ញុំប៉ុណ្ណោះទេ ម្ចាស់ហាងនៅប្រទេសជប៉ុនក៏គិតដូច្នេះ​ដែរ។

ក្នុងអត្តបទថ្ងៃនេះ ខ្ញុំនឹងណែនាំដល់អ្នកទាំងអស់គ្នាហាងស្រា​មួយកន្លែងដែលបានផ្លាស់ប្តូរតម្លៃមុខម្ហូបដោយផ្អែក​​លើ​របៀប​​កុម្ម៉ង់​​របស់​​ភ្ញៀវ និងការ​និយាយស្តីរបស់ពួកគេចំពោះបុគ្គលិក។

Izakaya អាចបកប្រែយ៉ាងសាមញ្ញថាជាកន្លែងផឹកស៊ី មានលក់អាហារ និងភេសជ្ជៈ ក្នុងនោះភាគច្រើនជាភេសជ្ជៈមានជាតិអាល់កុល។ នៅ​ប្រទេស​ជប៉ុន​ពេល​ដែល​រំលឹក​ដល់ Izakaya គ្រប់គ្នានឹងគិតភ្លាមដល់ស្រាបៀរស្រស់។ ស្រា​បៀរ​ស្រស់​មួយ​កែវ​អាច​បំបាត់​ភាព​នឿយ​ហត់​ទាំង​អស់​ក្រោម​កម្តៅ​ថ្ងៃ​ក្តៅ។

នៅហាង Izakaya ដែលខ្ញុំកំពុងនិយាយ ស្រាបៀរត្រូវបានលក់ក្នុងតំលៃ ៣៨០ យ៉េន​ក្នុង​មួយ​កែវ ប៉ុន្តែ​មានក្រដាស​បិទ​ប្រកាស​សរសេរ​​ថា៖

「おい、生ビール」・・・1,000円

「生1つ持ってきて」・・・500円

「すみません、生1つください」・・・380円(定価)

ប្រែថា៖ 

「 អូ ស្រាបៀរស្រស់ 」・・・១.០០០ យ៉េន

「 យកស្រាបៀរស្រស់មួយកែង 」・・・ ៥០០ យ៉េន

「 សូមយកស្រាបៀរស្រស់ឲ្យខ្ញុំមួយកែវ 」 ・・・៣៨០円 (តម្លៃក្នុងបញ្ជី)

អាចនិយាយបានថា ប្រសិនបើកុម្ម៉ង់មុខម្ហូបដោយប្រើសម្តី​ក្អេង​ក្អាង ដូច្នេះ​ត្រូវ​ចំណាយ​ប្រាក់​ខ្ពស់​ជាង។

នៅប្រទេសជប៉ុនមានពាក្យមួយឃ្លានិយាយថា “អតិថិជនគឺជាស្តេច” ។

ដែលមាន​ន័យ​ថា​ ភ្ញៀវជាបុគ្គលដែលសំខាន់​បាន​ចំណាយ​​ប្រាក់​សម្រាប់​​យើង ដូច្នេះ​យើង​គួរ​តែចាត់ទុកភ្ញៀវ​ប្រៀប​ដូច​ជាស្តេច។

យើងទាំងអស់គ្នាអាចយល់ពីចំណុចនេះ ប៉ុន្តែបុគ្គលិកមិនមែនជាទាសករនោះទេ។

អារម្មណ៍ត្រូវទ្រាំនឹងភាពក្រអឺតក្រទមមិនស្រួលក្នុងចិត្តឡើយ ហើយ​ក៏​គ្មាន​នរណា​ចង់​ទ្រាំ​នឹងអាកប្បកិរិយាបែបនេះ​ព្រោះ​តែ​ប្រាក់​នោះ​ដែរ។

ក្រដាស​បិទ​ប្រកាស​នេះ​ត្រូវបានបង្កើតឡើងដោយសង្ឃឹមថា គ្រប់គ្នាអាចធ្វើការដោយភាពរីករាយ ផឹក​​ស្រាសប្បាយ​​ក្នុង​​បរិយា​កាស​តែ​មួយ​ដោយ​មិន​មាន​អារម្មណ៍​អាក្រក់។

មានមតិយោបល់ផ្ទុយគ្នាជាច្រើនត្រូវបានលើកឡើងទាក់ទងនឹង​ក្រដាស​បិទ​ប្រកាស​នេះ។

ឧទាហរណ៍ដូចជាតើក្រដាស​បិទ​ប្រកាស​នេះ​ស្របច្បាប់ដែរទេ?

មិនថាកុម្ម៉ង់មុខម្ហូបដោយរបៀបណានោះជាសេរីភាព​របស់ភ្ញៀវមែនទេ?

ទោះបីជាទទួលបានមតិរិះគន់មួយចំនួន ប៉ុន្តែចំនួនភ្ញៀវដែលបង្ហាញពីអាកប្បកិរិយាក្រអឺតក្រទមនៅហាងស្រាបាន​កាត់​បន្ថយ ហើយអត្រាបុគ្គលិកសុំឈប់ក៏តិចជាងមុនផងដែរ។

តើអ្នកធ្លាប់ឃើញពីបញ្ហានេះដែរទេ? បុគ្គលដែលតែងតែក្អេងក្អាងចេញបញ្ជាឲ្យ​អ្នកក្រោមបង្គាប់របស់ខ្លួន មិនត្រឹម​តែ​ធ្វើ​ឬក​ធំ​ដាក់​បុគ្គលិក​នៅ​​ហាង​ប៉ុណ្ណោះ​ទេ។

មនុស្សបែបនេះនៅពេលដែលជួបបុគ្គលដែលមានឋានៈខ្ពស់ជាងខ្លួន បែរជានិយាយស្តីដូចជាដាក់ខ្លួន និងគួរសមដោយ​មិន​នឹក​ស្មាន​ដល់។

យ៉ាងណាមិញ មិនថាអ្នកជានរណា ឬកាន់តំណែងអ្វីនោះទេ យើងទាំងអស់គ្នាសុទ្ធតែជាមនុស្សដូចគ្នា ដូច្នេះការបង្ហាញ​ពី​អាកប្បកិរិយា​ក្រអឺត​ក្រទម​គ្មាន​អ្វី​ល្អ​ឡើយ។

ទោះបីជាពេលខ្លះដោយសារស្ថានភាពយើងត្រូវបង្ខំចិត្តនិយាយ​ពាក្យ​សម្តី​គំរោះគំរើយ ក៏ព្រោះតែភាគី​មិន​ព្រម​ស្តាប់​សម្តីរបស់​យើង។

ការ​​បិទ​​សេចក្តី​ប្រកាស​​បែប​​នេះ​​មិន​ចាំ​បាច់នោះទេ ប្រសិនបើយើងចេះគោរពគ្នាទៅវិញទៅមក មានភាពស្មើ​គ្នា និង​​មិន​​មើល​​ងាយ​​អ្នក​​ដទៃ។

“ពាក្យសម្តីមិនចំណាយប្រាក់នោះទេ សូមនិយាយស្តីគោរពគ្នាទៅវិញទៅមក” ។

ខ្ញុំសង្ឃឹមថា ការប្រាស្រ័យទាក់ទងដែល​ប្រកបដោយសុជីវធម៌នឹងផ្សព្វផ្សាយនៅ​គ្រប់ទីកន្លែងលើពិភពលោក ដូច្នេះគ្រប់គ្នានឹង​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល ជា​មួយ​នឹង​ស្នាម​ញញឹម​​​លើ​មុខ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: