របៀបបរិភោគ Wasabi ឲ្យ​បាន​ត្រឹម​ត្រូវ​​ពេល​ទទួល​ទាន​សាសុីមី និង​ស៊ូស៊ី

របៀបបរិភោគ Wasabi ឲ្យ​បាន​ត្រឹមត្រូវ​​ពេល​​ទទួល​ទាន​សាសុីមី និង​ស៊ូស៊ី។

Wasabi ត្រូវបានប្រើក្នុងមុខម្ហូបជប៉ុន។

នេះជាប្រភេទគ្រឿងទេស​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ជប៉ុន ដោយត្រូវបានប្រើនៅពេលដែលបរិភោគស៊ូស៊ី ឬ​សាស៊ីមី ប៉ុន្តែ​តើ​យើង​បាន​ដឹង​ពី​របៀប​​បរិភោគ​​​ដែល​​ត្រឹម​​ត្រូវ​​ដែរ​ទេ? 

នៅពេលដែលយើងយល់ពីអត្តន័យរបស់ Wasabi និងរបៀប​បរិភោគ យើង​ទាំងអស់គ្នាអាចរីករាយនឹងមុខម្ហូបជប៉ុនបាន​យ៉ាង​ល្អ​ឥត​ខ្ចោះ។

ហេតុអ្វីបានជាត្រូវមាន Wasabi ?

មានមូលហេតុសំខាន់ពីរសម្រាប់​ការ​បរិភោគ Wasabi ។

ជាដំបូងគឺបង្ការការពុលអាហារ។

Wasabi មានមុខងារប្រឆាំងនឹងបាក់តេរី ដូច្នេះការប្រើ Wasabi នៅពេលដែលបរិភោគត្រីឆៅអាចជួយបង្ការការ​ពុល​អាហារ (មិន​មែន​គ្រប់​ស្ថាន​ភាព​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​រួម​ចំណែក​បង្ការ​ប៉ុណ្ណោះ) ។

មូលហេតុទី ២ គឺបំបាត់ក្លិនឆ្អាប។

ជាទូទៅគឺត្រី ជាពិសេសត្រីឆៅ ប្រាកដជាមានក្លិនឆ្អាប។

តាមរយៈការប្រើ Wasabi យើងអាចបំបាត់ក្លិនឆ្អាបនេះ ហើយរីករាយជាមួយនឹងរសជាតិឆ្ងាញ់ធម្មជាតិរបស់ត្រី។

ជាពិសេសសក្តិសមនឹងប្រភេទត្រីដែលមានខ្លាញ់ច្រើន។

របៀបបរិភោគសាស៊ីមីត្រឹមត្រូវ

ខ្ញុំគិតថា អាចនឹងមានអ្នកខ្លះក្នុងចំណោមយើងទាំងអស់គ្នាទទួលទានសាសុីមីជាមួយ Wasabi លាយក្នុងទឹកស៊ីស៊ីអុីវ។

បើនិយាយពីរបៀបបរិភោគនេះមិនមែនជាសកម្មភាពល្អនោះទេ។

សូមដាក់ Wasabi នៅលើបន្ទះសាស៊ីមី ហើយប្រើចង្កឹះចាប់មុខម្ហូបទាំងពីរនេះ។ បន្ទាប់មកជ្រលក់ខាងចំហៀងសាស៊ីមី​ដែល​មិន​ជាប់ Wasabi ចូល​ទៅ​ក្នុង​ទឹក​ស៊ីអុីវ ពោល​គឺ​ផ្នែក​ខាង​ក្រោម​សាស៊ីមី ហើយ​បរិភោគ។ 

ចំណុចនេះគឺជារបៀបបរិភោគ Wasabi ដែលត្រឹមត្រូវ។

បើប្រើវិធីនេះចានទឹកសុីអុីវនឹងមើលទៅស្អាត​ល្អ​ជាង។

បរិភោគ Kaisendonburi ជាមួយនឹង Wasabi លាយក្នុងទឹកសុីអុីវ

ប្រសិនបើប្រិយមិត្តដែល​មិន​ទាន់​ដឹង​នោះ Kaisendonburi គឺ​ជា​បាយ​ស​ដែល​មាន​សាស៊ីមី​ជា​ច្រើន​មុខ​នៅ​ពីលើ។

នៅពេលដែលទទួលទានមុខម្ហូបនេះ យើងនឹងលាយ Wasabi និង​ទឹកស៊ីអុីវចូល​គ្នា បន្ទាប់មកចាក់ពីលើសាស៊ីមី។

ដោយ​សារ​តែ​ចាន​ទឹក​សុីអុីវ​ទាំង​មូល​ត្រូវ​បាន​ចាក់​ចូល​ចាន​បាយ ហើយ​ក៏​លែង​ឃើញ​ទៀត​ដែរ ដូច្នេះ​ក្នុង​ករណី​នេះ យើង​អាច​បរិភោគ Wasabi តាម​របៀប​នេះ។

តើសាស៊ីមីប្រភេទណាដែលសក្តិសមនឹង Wasabi ?

នៅតាមភោជនីយដ្ឋានស៊ូស៊ីនៅក្រៅប្រទេស និង​ភោជនីយដ្ឋាន​ស៊ូស៊ី​តុ​បង្វិល​នៅ​ជប៉ុន ជាទូទៅ Wasabi មិន​មានក្នុង​ស៊ូស៊ី​នោះ​ទេ ប៉ុន្តែ​តាម​ពិត​ទៅ នេះ​មិន​មែន​ជា​ទម្រង់​ដើម​ឡើយ។ ទម្រង់​ដើម​របស់​ស៊ូស៊ី​គឺ​ដាក់ Wasabi លើបាយ រួច​ទើប​ដាក់​សាស៊ីមី​នៅ​ពី​លើ​បង្អស់។

ស៊ូស៊ីមួយដុំៗរួមបញ្ចូលនូវភាពល្អិតល្អន់របស់ចុងភៅ។ ចុងភៅដែលពូកែនឹងដឹងពីបរិមាណរបស់ Wasabi អាស្រ័យ​លើ​ប្រភេទ​សាស៊ីមី។

សម្រាប់ប្រភេទត្រីដែលមានខ្លាញ់ច្រើនដូចជាត្រី​សាលម៉ុន ឬកន្លែងដែលមានខ្លាញ់ច្រើនរបស់ត្រីធូណានឹងបន្ថែម Wasabi ដើម្បី​​បំបាត់​​ក្លិន។

ការរួមបញ្ចូលជាមួយខ្លាញ់របស់ត្រីនឹងធ្វើឲ្យ Wasabi មិនសូវឆួល។

ម៉្យាងវិញទៀត សម្រាប់ប្រភេទអាហារសមុទ្រដូចជាលៀសសមុទ្រ ឬមឹក យើងនឹងឃើញច្បាស់ពីរសជាតិរបស់ Wasabi ។ ដូច្នេះ​​សម្រាប់​​​ស៊ូស៊ី​​ប្រភេទ​នេះ បើ​ដាក់ Wasabi តិច​ល្អ​ជាង។

ប្រហែលជាក្នុងចំណោមយើងទាំងអស់គ្នា អ្នកខ្លះមិនចេះហូប Wasabi ព្រោះតែក្លិនឆួលពិសេសរបស់វា។

ទោះជាយ៉ាងណា ខ្ញុំសូមបញ្ជាក់ថា ការបន្ថែម Wasabi នឹងធ្វើឲ្យស៊ូស៊ី និងសាស៊ីមីរបស់យើងកាន់តែឆ្ងាញ់។ នៅពេលដែល​យើង​ទម្លាប់​នឹង​រស​ជាតិ​របស់​វា​ហើយ អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ខ្វះ​អ្វី​ម្យ៉ាង​បើ​សិន​ជា​មិន​ដាក់ Wasabi ។

ដូច្នេះយើងអាចសាកល្បងភ្លក់រសជាតិរបស់ Wasabi ហើយបរិភោគស៊ូស៊ី​ដ៏​ឆ្ងាញ់​ទាំង​អស់​គ្នា។

Abe Kengo

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: