វគ្គបណ្ដុះបណ្ដាលជំនាញផាត់មុខសម្រាប់ប៉ូលីសប្រុសរបស់ជប៉ុន តើ​គោល​បំណង​ដើម្បី​អ្វី?

វគ្គបណ្ដុះបណ្ដាលជំនាញ​ផាត់​មុខ​សម្រាប់​ប៉ូលីស​ប្រុស​របស់​ជប៉ុន តើ​គោល​បំណង​ដើម្បី​អ្វី?

នៅលើពិភពលោក “ប៉ូលីស” គឺជាពាក្យដែលយើងគ្រប់គ្នាសុទ្ធតែស្គាល់ ហើយមាននៅគ្រប់ប្រទេសទាំងអស់ ប៉ុន្តែប្រហែលជាបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ប៉ូលីសជប៉ុនមានចំណុចមិនធម្មតាបន្តិចបន្តួច។

ចំណុចមិនធម្មតាដែលខ្ញុំបាននិយាយគឺថា ពួកគេត្រូវបានបង្រៀនឲ្យផាត់មុខ និងធ្វើសក់។

ដូច្នេះតើសកម្មភាពនេះដើម្បីអ្វី? យើងទាំងអស់គ្នានឹងស្វែងយល់ខ្លឹមសារតាមរយៈអត្តបទខាងក្រោម។

តើវគ្គបណ្តុះបណ្តាលជំនាញផាត់មុខចាំបាច់សម្រាប់មន្ត្រីប៉ូលីសដែរទេ?

នៅវិទ្យាស្ថានប៉ូលីសខេត្ត Fukushima និស្សិត​ដែល​ត្រៀម​បញ្ចប់​ការ​សិក្សា​កំពុង​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ផាត់​មុខ និង​ធ្វើ​សក់។

មិនយូរប៉ុន្មាន យុវជនដ៏ពូកែទាំងនេះនឹង​ឈាន​ជើង​ចូល​សង្គម​ក្នុង​នាម​ជា​ប៉ូលីស ជា​ឋានៈដ៏​មាន​មោទនភាព។

ភាគច្រើនសុទ្ធតែជាប៉ូលីសប្រុស ប៉ុន្តែក៏មានការចូលរួមពី​និស្សិត​ប្រុសផងដែរ ដោយ​ចំនួន​សរុប​គឺ ៦០ នាក់។

ប្រហែលជាអ្នកទាំងអស់គ្នាកំពុងគិតថា មូលហេតុដែលប៉ូលីសរៀនផាត់មុខគឺដើម្បីបន្លំខ្លួននៅពេលចូលរួមដំណើរការ​ស៊ើប​អង្កេត ចាប់ខ្លួនឧក្រិដ្ឋជន សរុបទៅគឺដើម្បីបម្រើដល់ការងារ។ យ៉ាងណាមិញ តាមពិតទៅមិនមែននោះទេ។

វគ្គបណ្តុះបណ្តាលនេះហាក់បីដូចជាជួយឲ្យអ្នករៀនអាចត្រៀមលក្ខណៈ និងរូបរាងខាងក្រៅ។

តើអ្នកទាំងអស់គ្នាយល់ថាចំណុចនេះចាំបាច់សម្រាប់​មន្ត្រី​ប៉ូលីសដែរទេ?

ទិដ្ឋភាពអ្នកដែលចូលរួមវគ្គបណ្តុះបណ្តាលដូចជាស្រឡាំកាំងចំពោះការផាត់មុខដោយខ្លួនឯង។

គ្រូបង្រៀនរបស់ពួកគេមកពីម៉ាកផលិតផលថែសម្ផស្ស Shiseido ។

ក្នុងអំឡុងពេលបណ្តុះបណ្តាល អ្នកចូលរួមនឹងឆ្លុះកញ្ចក់ ហើយចាប់ផ្តើមដំណើរការផាត់មុខដូចជាលាបម្សៅទ្រនាប់ ម្សៅ​ហុយ គូ​ចិញ្ចើម និង​សូម្បី​តែ​ធ្វើ​ម៉ូដ​សក់​ផង​ដែរ។

ជាការពិតណាស់ វិទ្យាស្ថាននេះដំណើរការដោយផ្អែកលើប្រាក់ពន្ធ ដូច្នេះហើយ មិនអាចប្រើប្រាស់ប្រាក់សម្រាប់សកម្មភាព​គ្មាន​ប្រយោជន៍​នោះ​ទេ។

ត្រឹមចំណុចនេះ តើអ្នកទាំងអស់គ្នាយល់ពីគោលបំណងរបស់វគ្គបណ្តុះបណ្តាលនេះដែរទេ?

ដើម្បីផ្លាស់ប្តូររូបភាពរបស់មន្ត្រីប៉ូលីស

នេះគឺជាគោលដៅរបស់វគ្គបណ្តុះបណ្តាល។

ប្រសិនបើមិនធ្វើរឿងអាក្រក់ ប្រាកដជាមិនរអៀសខ្លួននោះទេ ប៉ុន្តែបើស្រាប់តែត្រូវប៉ូលីសហៅឈ្មោះ នោះយើងនឹង​ភ្ញាក់​ខ្លួន ដែល​ប្រៀប​​ដូច​​ជា​​ប្រតិកម្ម​​ធម្មតា​​មែន​​ទេ​​អ្នក​​ទាំង​​អស់​​គ្នា?

ដូច្នេះហើយ មូលហេតុដែលតម្រូវឲ្យប៉ូលីសផាត់មុខគឺដើម្បីលុបបំបាត់រូបភាពសោះកក្រោះ និងគួរឲ្យខ្លាចក្នុងក្រសែភ្នែកប្រជាពលរដ្ឋ ផ្ទុយទៅវិញ បំពាក់ដោយរូបរាងស្រស់ស្អាត ងាយនឹងចូលទៅជិតប្រជាពលរដ្ឋ។

ប្រសិនបើមន្ត្រីប៉ូលីសដែលនិយាយនោះជាមនុស្សម្នាក់ដែលមានមុខមាត់គួរឲ្យខ្លាច និង​មនុស្ស​ម្នាក់​ដែល​មាន​មុខមាត់​សង្ហា តើ​ប្រិយ​មិត្ត​គិត​ថា​​នរ​​ណា​​ងាយនឹង​ទទួល​​បាន​​ការ​​សហការ​​​ជាង? ពួក​គេ​​ចាប់​ផ្តើម​វគ្គ​បណ្តុះបណ្តាល​បន្ទាប់​​ពី​​បាន​ពិចារណា​យ៉ាង​​ម៉ឺង​ម៉ាត់​​ចំពោះ​បញ្ហា​នេះ។

ខ្ញុំនៅតែឆ្ងល់ថា តើរូបរាងខាងក្រៅពិតជាសំខាន់ដល់ថ្នាក់នឹងដែរទេ តើ​អ្នក​ទាំង​អស់​គ្នា​គិត​យ៉ាង​ណា​ចំពោះ​បញ្ហានេះ?

តើវគ្គបណ្តុះបណ្តាលនេះនឹងត្រូវបានដាក់ពង្រាយ​នៅ​ទូទាំង​ប្រទេស​ជប៉ុនមែនទេ?

គេនិយាយថា មិនត្រឹមតែនៅ Fukushima ប៉ុណ្ណោះទេ វគ្គបណ្តុះបណ្តាលនេះថែមទាំងត្រូវបានអនុវត្តនៅវិទ្យាស្ថានប៉ូលីស​ខេត្ត Yamaguchi ផង​ដែរ។ 

ប្រសិនបើចំណុចនេះត្រូវបានផ្សព្វផ្សាយនៅទូទាំងប្រទេសជប៉ុន ប៉ូលីសជប៉ុននឹងក្លាយជាប្រុសសង្ហា ហើយ​ស្អាត​ជាមិន​​ខាន។

ខ្ញុំ​បារម្ភ​ថា អាចនឹងមានមនុស្សស្រីមួយចំនួនគិតក្នុងចិត្ត “ខ្ញុំចង់ឲ្យបងប៉ូលីសសង្ហាចាប់ខ្លួន” ពិតជាគ្រោះថ្នាក់​ណាស់ ​ប្រសិន​​បើ​​ពួក​​គេ​ប្រព្រឹត្ត​​ដោយ​​សារ​គំនិត​នេះ តើ​ប្រិយ​​មិត្ត​​អ្នក​​អាន​​ដែល​ជា​សុភាព​នារី​គិត​​យ៉ាង​​ណា​​ចំពោះ​ចំណុច​​នេះ?

ប្រហែលជាពេលខ្លះអាចនឹងមានអាល់ប៊ុមរូប​ដែល​សុទ្ធតែជារូបថតរបស់ប៉ូលីស។

ប្រសិនបើ​ចំនួន​ប៉ូលីសសង្ហាកាន់តែច្រើនឡើង ប៉ូលីសនឹងទទួលបានចំណាត់ថ្នាក់ខ្ពស់​ក្នុងចំណោម​​វិជ្ជាជីវៈ​​​ដែល​​ស្រ្តី​ចូល​​ចិត្ត។

ប្រសិនបើរឿងនោះកើតឡើង បុរស​ដែល​ចង់​ទាក់​ទាញ​មនុស្ស​ស្រី និង​ស្ត្រី​ដែល​ចង់​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ប្រុស​សង្ហា ប្រហែល​ជា​កំពុង​ប្រញាប់​ប្រញាល់​ដាក់​ពាក្យ​សុំ​ចូល​ធ្វើ​ជា​ប៉ូលីស។

មន្ត្រីប៉ូលីសតែងតែទទួលការប្រមាថដោយសារតែការងាររបស់ពួកគេ។

ប្រសិនបើប៉ូលីសជាមនុស្សដែលមើលទៅស្អាតសង្ហា ប្រហែលជាមានភាពងាយស្រួលជាងក៏ថាបាន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: