តើជប៉ុនជាប្រទេសដែលសោះកក្រោះជាងគេនៅលើពិភពលោកមែនទេ?
តើជប៉ុនជាប្រទេសដែលសោះកក្រោះជាងគេនៅលើពិភពលោកមែនទេ?
តើប្រិយមិត្តអ្នកអានធ្លាប់ដឹងអំពីចំណាត់ថ្នាក់ដែលមានឈ្មោះថា World Giving Index ដែរទេ?
World Giving Index គឺជារបាយការណ៍ជាប្រចាំដែលចេញផ្សាយដោយអង្គការជំនួយសប្បុរសធម៌ ប្រើទិន្នន័យដែលប្រមូលបានដោយ Gallup និងចាត់ចំណាត់ថ្នាក់តាមកម្រិតសប្បុរសធម៌របស់ពួកគេ។ គោលបំណងរបស់ World Giving Index គឺចង់បង្ហាញឲ្យយើងឃើញពីវិសាលភាព និងស្មារតីចែករំលែកនៅជុំវិញពិភពលោក។
ខ្លឹមសារនឹងត្រូវបានដកស្រង់ដោយផ្អែកលើចម្លើយតាមរយៈសំណួរជាក់ស្តែងដូចជា៖
- ក្នុងរយៈពេលមួយខែកន្លងមកនេះ តើអ្នកទាំងអស់គ្នាបានជួយដល់មនុស្សប្លែកមុខ ឬអ្នកដែលមានស្ថានភាពលំបាកត្រូវការជំនួយដែរទេ?
- ក្នុងរយៈពេលមួយខែកន្លងមកនេះ តើអ្នកទាំងអស់គ្នាបានបរិច្ចាគអ្វីខ្លះដែរទេ?
- តើអ្នកទាំងអស់គ្នាបានចូលរួមសកម្មភាពស្ម័គ្រចិត្តណាមួយក្នុងរយៈពេលមួយខែកន្លងមកនេះដែរទេ?
ទិន្នន័យនេះត្រូវបានដកស្រង់ជាង ១២៦ ប្រទេស ក្នុងរយៈពេល ១០ ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ ២០០៩ ហើយលទ្ធផលប្រទេសជប៉ុនស្ថិតក្នុងចំណាត់ថ្នាក់ទី ១០៧ ។
ចំណុចនេះមានន័យថា និយាយពីការបរិច្ចាគជប៉ុនជាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ ប្រទេសដែលនាំមុខគេយោងតាមស្ថិតិគឺសហរដ្ឋអាមេរិក មីយ៉ាន់ម៉ា នូវែលសេឡង់ អូស្ត្រាលី អៀរឡង់ កាណាដា ចក្រភពអង់គ្លេស ហូឡង់ ស្រីលង្កា និងឥណ្ឌូនេស៊ី។
ម្យ៉ាងវិញទៀត មូលហេតុដែលធ្វើឲ្យចំណាត់ថ្នាក់របស់ជប៉ុនស្ថិតក្នុងកម្រិតទាបដោយសារសំណួរខាងក្រោម៖
“តើអ្នកទាំងអស់គ្នាបានជួយអ្វីខ្លះដល់មនុស្សប្លែកមុខដែរទេ?”
បញ្ហានៃការរើសអើងកាន់តែច្រើនឡើង
នៅឆ្នាំ ២០១១ គ្រោះមហន្តរាយដ៏ធំមួយដែលគេហៅថា រញ្ជួយដីយ៉ាងខ្លាំងនៅភាគខាងកើតជប៉ុនបានវាយប្រហារប្រទេសជប៉ុន។
ក្នុងស្ថានភាពនេះ ជំរុំជនភៀសខ្លួនគឺជាកន្លែងប្រមូលផ្តុំសម្រាប់ជនរងគ្រោះដោយសាររលកយក្សបំផ្លិចបំផ្លាញផ្ទះសម្បែង។
ក្នុងវីដេអូដែលថតបានបង្ហាញពីទិដ្ឋភាពជនរងគ្រោះកំពុងជួយគ្នាទៅវិញទៅមកនៅជំរុំជនភៀសខ្លួន ហើយទទួលបានការសរសើរជាច្រើននៅជុំវិញពិភពលោក។
ប៉ុន្តែតាមពិតទៅ នៅពីក្រោយវីដេអូមនុស្សធម៌ដែលត្រូវបានផ្សព្វផ្សាយ ជាក់ស្តែងមានមនុស្សអនាថាមួយចំនួនមិនត្រូវបានអនុញ្ញាតឲ្យចូលជំរុំជនភៀសខ្លួន ពួកគេមិនទទួលបានជំនួយណាមួយឡើយ ហើយផ្ទុយទៅវិញ ជំនួយទាំងនោះមិនមែនសម្រាប់មនុស្សគ្រប់គ្នានោះទេ ប៉ុន្តែមានការបែងចែក និងរើសអើង។
អាចយល់បានថា គ្រប់គ្នាចង់បណ្តេញជនអនាថាព្រោះបារម្ភចំពោះក្លិនស្អុយ និងដើម្បីការពារសកម្មភាពលួចនៅជំរុំជនភៀសខ្លួន។
ប៉ុន្តែគ្រប់គ្នាសុទ្ធតែជាជនរងគ្រោះ។
ដោយមិនចាំបាច់បណ្តេញពួកគេនោះទេ ខ្ញុំគិតថា យើងអាចពិចារណា និងស្វែងរកដំណោះស្រាយដែលល្អជាងនេះ។
មិនត្រឹមតែនៅជប៉ុនប៉ុណ្ណោះទេ បញ្ហានេះក៏ធ្លាប់កើតឡើងនៅអាមេរិកផងដែរ។
ការជួយគ្នាទៅវិញទៅមកបានកាត់បន្ថយគួរឲ្យកត់សម្គាល់នៅទីក្រុងតូក្យូ
ខ្ញុំអាយុ ៥១ ឆ្នាំ និងមកពីទីក្រុងតូក្យូ។
កាលពីខ្ញុំនៅក្មេង Tokyo មិនមែនជាតំបន់ដែលមានពេកនោះទេ ហើយក៏មិនមានជនអន្តោប្រវេសន៍មកពីតំបន់ផ្សេងច្រើននោះដែរ។ ហើយកាលពីតូច ខ្ញុំជាក្មេងរពិសម្នាក់ បានបង្កបញ្ហាដល់មនុស្សគ្រប់គ្នា នៅពេលនោះមិនត្រឹមតែឪពុកម្តាយរបស់ខ្ញុំខឹងប៉ុណ្ណោះទេ សូម្បីតែលោកគ្រូអ្នកគ្រូនៅសាលា និងអ៊ុំពូមីងអ្នកជិតខាងក៏មិនចូលចិត្តដែរ។
សព្វថ្ងៃនេះ ឪពុកម្តាយលែងខឹង ឬស្តីបន្ទោសកូនៗទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេនឹងត្អូញត្អែរចំពោះមនុស្សធំដែលនៅជុំវិញ ដោយបានខឹងខ្លាំងនឹងកូនរបស់ខ្លួន ដូច្នេះហើយ ទើបគ្រូបង្រៀននៅសាលាមិនអាចអប់រំកុមារដូចមុននោះទេ។
ក្រៅពីនេះ ដូចដែលខ្ញុំបានរៀបរាប់ក្នុងអត្តបទរបស់ JAPO មុននោះ ដើម្បីជួយសង្រ្គោះក្មេងស្រីម្នាក់ដែលដួលសន្លប់ និងគាំងបេះដូងនៅតាមផ្លូវ បុរសម្នាក់បានប្រើឧបករណ៍ AED សម្រាប់ជំនួយដល់ចង្វាក់បេះដូងរបស់នាង ហើយលទ្ធផលត្រូវចោទប្រកាន់ពីបទ “បៀតបៀន” ទៅវិញ។
រឿងបែបនេះបន្តកើតឡើង ហើយមនុស្សនៅជុំវិញមិនអាចជួយគ្នាទៅវិញទៅមកបានទៀតទេ។
មិននិយាយគ្នាជាមួយនឹងអ្នកជិតខាង
មានផ្ទះល្វែងជាច្រើននៅទីក្រុងតូក្យូ។
ទោះបីជាពួកគេរស់នៅក្នុងអគារផ្ទះល្វែងដូចគ្នា ប៉ុន្តែពួកគេស្ទើរតែមិនដឹងថាអ្នកដែលរស់នៅក្បែរខ្លួនជានរណា ឬកំពុងធ្វើការងារអ្វីនោះទេ។
ដោយសារខ្ញុំជាមនុស្សចាស់កម្រិលម្នាក់ នៅពេលដែលប្តូរផ្ទះទៅកន្លែងថ្មី ខ្ញុំបានប្រញាប់ប្រញាល់ទៅសួរសុខទុក្ខអ្នកជិតខាង ប៉ុន្តែផ្ទុយទៅវិញ លើកលែងតែភាពរាក់ទាក់របស់ខ្ញុំ មនុស្សគ្រប់គ្នាមិនសួរទុក្ខគ្នាទៅវិញទៅមកនោះទេ ទោះបីជាជួបគ្នានៅរានហាលក៏ដោយ ហើយហាក់បីដូចជាគម្លាតនេះកាន់តែច្រើនឡើង។
ថ្វីត្បិតតែ ជប៉ុនបានក្លាយជាប្រទេសដែលសោះកក្រោះ ប៉ុន្តែធាតុពិតមនុស្សនៅទីនេះមិនលោភលន់នោះទេ ជាអ្វីដែលមិនផ្លាស់ប្តូរ ហើយទោះបីជាអ្នកបាត់កាបូបប្រាក់ក៏ដោយ ក៏មិនចាំបាច់បារម្ភថា ត្រូវនរណាម្នាក់រើស ហើយយកទៅបាត់ឡើយ។
សោះកក្រោះមិនមានន័យថាអាក្រក់នោះទេ ខ្ញុំគ្រាន់តែចង់និយាយថា ប្រទេសជប៉ុនសព្វថ្ងៃនេះមានមនុស្សជាច្រើនរស់នៅដើម្បីតែខ្លួនឯង ដោយមិនខ្វល់ពីសង្គម ឬមនុស្សនៅជុំវិញខ្លួនឡើយ។ នៅកន្លែងធ្វើការមិននិយាយរកនរណាម្នាក់ទេ ហូបបាយម្នាក់ឯង។ នៅពេលដែលចេញពីធ្វើការ នៅផ្ទះលេងហ្គេម ឬមើលរឿងគំនូរជីវចល។ ចំនួនយុវជនឆ្ពោះទៅរកទំនោររស់នៅម្នាក់ឯង មិនមានដៃគូកាន់តែច្រើនឡើង។
មនុស្សយើងមិនអាចរស់នៅម្នាក់ឯងនោះទេ។
ឧទាហរណ៍ជាក់ស្តែងបំផុតគឺនៅកន្លែងធ្វើការ ក្នុងករណីបន្ទាន់ អ្នកដែលនៅជិតយើងពេលនោះនឹងជួយយើង។ ហើយខ្ញុំគិតថា នោះជារឿងជាក់ស្តែងដែលនឹងអាចកើតឡើង គ្រប់គ្នានឹងធ្វើដូច្នេះ។
បន្ទាប់ពីមានអារម្មណ៍សោកសៅចំពោះរបៀបរស់នៅរបស់ប្រជាជនជប៉ុន ខ្ញុំពិតជាសង្ឃឹមថា រឿងអវិជ្ជមានបែបនេះនឹងមិនកើតឡើងនៅក្នុងប្រទេសរបស់អ្នកទាំងអស់គ្នា ជាប្រទេសដែលតែងតែស្រស់ស្អាត និងទឹកចិត្តរបស់មនុស្សនៅជុំវិញតែងតែកក់ក្តៅ។
Abe Kengo