តើត្រីធូណាបានសង្គ្រោះពិភពលោកដោយរបៀបណា? រឿងនិយាយពីភោជនីយដ្ឋានស៊ូស៊ីជួយកាត់បន្ថយចំនួនចោរសមុទ្រ
តើត្រីធូណាបានសង្គ្រោះពិភពលោកដោយរបៀបណា? រឿងនិយាយពីភោជនីយដ្ឋានស៊ូស៊ីជួយកាត់បន្ថយចំនួនចោរសមុទ្រ។
តើប្រិយមិត្តដឹងទេថាចោរសមុទ្រនៅតែមានរហូតមកដល់សព្វថ្ងៃនេះដែរទេ?
ថ្វីត្បិតតែ ជាចោរសមុទ្រដូចគ្នា ប៉ុន្តែមិនដូចជា Luffy និងមិត្តភ័ក្តិរបស់គេក្នុងរឿង Anime One Piece ដ៏ល្បីនោះទេ។ ក្នុងជីវិតជាក់ស្តែង ចោរសមុទ្រតែងតែវាយប្រហារ និងប្លន់កប៉ាល់ធម្មតា។
ចោរសមុទ្រវាយប្រហារនាវាដឹកប្រេងដែលផ្ទុកទំនិញបរិមាណច្រើន ប្លន់ទំនិញ និងចាប់ជំរិតសមាជិកនាវិកដើម្បីទារប្រាក់លោះខ្លួន។ ទាំងនេះជាសកម្មភាពរបស់ចោរសមុទ្រនៅសម័យសព្វថ្ងៃ។
នាវាដឹកប្រេងឯកជនភ័យខ្លាចចំពោះរឿងនេះ ហើយត្រូវធ្វើដំណើរផ្លូវវាង ឬជួលអ្នកដែលមានអាវុធដើម្បីការពារខ្លួន។
ចំណុចនេះគឺជាបញ្ហាធំសម្រាប់សេដ្ឋកិច្ចពិភពលោក។
ចោរសមុទ្រ Somalia
មានប្រទេសមួយនៅទ្វីបអាហ្រ្វិកហៅថា Somalia ។
Somalia គឺជាតំបន់ដែលមានទីតាំងភូមិសាស្ត្រសំខាន់តាមបណ្តោយផ្លូវនាវាដឹកជញ្ជូនប្រេង ហើយជាតំបន់ដែលអាចនេសាទបានត្រីច្រើន។
ទោះជាយ៉ាងណា ដោយសារខ្វះកន្លែងកែច្នៃ ក៏ដូចជាបច្ចេកវិទ្យាកែច្នៃក្នុងស្រុក ពួកគេគ្រាន់តែអាចនេសាទបរិមាណត្រីក្នុងស្រុកប៉ុណ្ណោះ។
ដូច្នេះហើយ ដោយសារតែមិនអាចរស់នៅដោយប្រកបរបរនេសាទ កន្លែងនេះបានក្លាយជាតំបន់ដែលមានមនុស្សជាច្រើនធ្វើជាចោរសមុទ្រ។
មូលហេតុក៏ព្រោះតែភាពក្រីក្រ។
ហាងស៊ូស៊ីជប៉ុនបានខិតខំប្រឹងប្រែងលុបបំបាត់បញ្ហាចោរសមុទ្រ
នៅជាប់ Somalia មានប្រទេសមួយឈ្មោះថា Djibouti ។
មិនដូចជា Somalia នោះទេ ប្រទេសនេះអាចដឹកជញ្ជូនបរិមាណត្រីយ៉ាងច្រើនទៅកាន់ពិភពលោកដោយផ្អែកលើឧបករណ៍ និងបច្ចេកវិទ្យាខ្ពស់ដែលនាំចូលដោយក្រុមហ៊ុនបរទេស ជាពិសេសគឺត្រីធូណា។
ព្រោះតែអាចនេសាទប្រភេទត្រីធូណាដែលប្រជាជនជប៉ុនចូលចិត្ត ក្រុមហ៊ុនបរទេសជាច្រើនទៀតក៏បានជ្រៀតចូល និងអភិវឌ្ឍទីផ្សារមួយនេះផងដែរ។
យ៉ាងណាមិញ នៅជាប់ប្រទេស Djibouti គឺ Somalia ហើយត្រីធូណាអាចនឹងត្រូវបាននេសាទតាមរបៀបស្រដៀងគ្នា ប៉ុន្តែដោយសារស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសនេះ ក្រុមហ៊ុនបរទេសមិនបានផ្គត់ផ្គង់ដើមទុន ទើបធ្វើឲ្យស្ថានភាពពិបាក។
ក្រោមស្ថានភាពបែបនេះ លោក Kimura ដែលជាអ្នកតំណាងនៃ Sushizanmai គឺជាភោជនីយដ្ឋានស៊ូស៊ីជប៉ុនដែលប្រើត្រីធូណាយ៉ាងច្រើននាំចូលពីប្រទេស Djibouti បានទៅកាន់ Somalia ហើយផ្គត់ផ្គង់បច្ចេកវិទ្យា ក៏ដូចជាកន្លែង ឧបករណ៍សម្រាប់នេសាទ និងកែច្នៃត្រីធូណា។
ដើម្បីកាត់បន្ថយភាពក្រីក្រនៅប្រទេស Somalia ពួកគេបានចាប់ផ្តើមសកម្មភាពមួយហៅថា “ចូរយើងគ្រប់គ្នានេសាទត្រីធូណា” ។
អំឡុងពេលនោះ នៅតំបន់សមុទ្រនេះចំនួនចោរសមុទ្រសាហាវកាន់តែច្រើនឡើង អាមេរិក បារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងជប៉ុនបានបញ្ជូននាវាចម្បាំងទៅការពារតំបន់នេះ។
លោក Kimura បាននិយាយដូចតទៅ៖
“ការចាប់ផ្តើមប្រតិបត្តិការយោធាក៏ល្អដែរ ប៉ុន្តែមិនអាចលុបបំបាត់ចោរសមុទ្រទាំងអស់ដោយមីស៊ីលនោះទេ។
ក្រៅពីនេះ ក្រុមចោរមានបំពាក់អាវុធ ភាគច្រើនចោរសមុទ្រសុទ្ធតែប្រើទូកតូច មិនមានអាវុធ និងមិនខ្វល់ពីជីវិត។
ហើយបើទោះបីជាយកឈ្នះចោរសមុទ្រដោយអាវុធ ប៉ុន្តែប្រជាជននៅទីនេះមិនមានមុខរបរចិញ្ចឹមជីវិតផ្សេងទៀតទេ ដូច្នេះបញ្ហាចោរសមុទ្រមិនអាចបញ្ចប់បានឡើយ” ។
បន្ទាប់មក លោក Kimura បានសម្រេចចិត្តនាំមនុស្សមួយចំនួនទៅកាន់ប្រទេសជប៉ុន ហើយនិយាយជាមួយពួកគេដោយប្រុងប្រយ័ត្ន។
ក្រុមចោរសមុទ្រទាំងនេះបាននិយាយថា ពួកគេមិនចង់ត្រឡប់ទៅប្រទេសរបស់ខ្លួនវិញនោះទេ។
ប៉ុន្តែដើម្បីសង្គ្រោះស្ថានការណ៍ប្រទេសនៅពេលនោះមានតែពួកគេប៉ុណ្ណោះ ជាបុគ្គលដែលត្រូវបានបញ្ចូនទៅកាន់ប្រទេសជប៉ុន។
ដោយកំណត់គោលដៅផ្លាស់ប្តូរ Somalia លោក Kimura បានចាប់ផ្តើមធ្វើសកម្មភាព។
ធ្វើឲ្យ Somalia ក្លាយទៅជាតំបន់ផលិតត្រីធូណាដ៏ធំ
នឹងមិនអាចធ្វើអ្វីបាននោះទេ ប្រសិនបើមិនដឹងច្បាស់ពីស្ថានភាពក្នុងស្រុក លោក Kimura បានទៅកាន់ Somalia ។
នៅទីនោះជាតំបន់ក្រីក្រ ដូច្នេះសន្តិសុខមិនល្អនោះទេ ទោះបីជាដូច្នេះក្តី លោកនៅតែឡើងប៉ាល់ធ្វើដំណើរដោយផ្ទាល់។
នៅពេលដែលអនុវត្តវិធីសាស្រ្តនេសាទរបស់ប្រជាជនជប៉ុន លោកទទួលបានលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល។
ដោយដឹងថា ទីនេះជាកន្លែងដែលមានប្រភពធនធានច្រើន លោកគិតថា ប្រសិនបើយកប្រាក់ចំណេញធ្វើជាប្រាក់ខែ ហើយបើកប្រាក់ឲ្យអ្នកនេសាទគ្រប់គ្រាន់ នោះគ្មាននរណាចង់ធ្វើជាចោរសមុទ្រទៀតឡើយ។
ដោយសហការជាមួយរដ្ឋាភិបាលរបស់ Somalia លោកបាននាំចូលទូកនេសាទដែលប្រើហើយនៅជប៉ុនបញ្ចូនទៅកន្លែងនេះ ហើយចាប់ផ្តើមនេសាទ។
ទន្ទឹមនឹងនោះ ទំនាក់ទងសហប្រតិបត្តិការរវាងប្រទេសជិតខាងដូចជា Djibouti និង Sri Lanka ឧស្សាហកម្មត្រីធូណានៅតែរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ហើយគេចាត់ទុកថា ដោយសារចំណុចនេះចំនួនអ្នកធ្វើចោរសមុទ្របានកាត់បន្ថយ។
ដើម្បីធ្វើឲ្យពិភពលោកកាន់តែស្រស់ស្អាត ល្អប្រសើរឡើង និងលុបបំបាត់អំពើអាក្រក់ យើងអាចប្រើវិធីសាស្រ្តលុបបំបាត់ប្រភពនៃភាពក្រីក្រ ដើម្បីជំនួសឲ្យការប្រើកម្លាំងហិង្សា។
ទោះបីជាដឹងថា នេះជាតំបន់ដែលមានគ្រោះថ្នាក់ លោក Kimura នៅតែមិនខ្លាចគ្រោះថ្នាក់ ហើយឆ្ពោះទៅមុខដើម្បីផ្លាស់ប្តូរពិភពលោក។
ក្នុងភ្នែករបស់ខ្ញុំ លោកប្រៀបដូចជាអ្នកប្រយុទ្ធសាមូរ៉ៃមួយរូប។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះតួអង្គម្នាក់នេះ?
Abe Kengo