តើមុខរបស់ស្រ្តីជប៉ុនកាលពីសម័យបុរាណមើលទៅគួរឲ្យខ្លាចបន្តិចមែនទេ?
តើមុខរបស់ស្រ្តីជប៉ុនកាលពីសម័យបុរាណមើលទៅគួរឲ្យខ្លាចបន្តិចមែនទេ?
បបូរមាត់តូចជាមួយនឹងផ្ទៃមុខសស្គុស ម្យ៉ាងវិញទៀត ចិញ្ចើមក៏មើលទៅប្លែកផងដែរ។
នេះជារូបគំនូររបស់ស្ត្រីម្នាក់នៅសម័យ Heian ជាសម័យកាលដែលវណ្ណៈអភិជនកំពុងតែមានមោទនភាពចំពោះភាពរុងរឿង។
នៅពេលដែលក្រឡេកមើលរូបភាពនារីជប៉ុននាសម័យនោះ យើងអាចនឹងលាន់មាត់និយាយថា “មើលទៅគួរឲ្យខ្លាចណាស់មែនទេ?” ឬ “មើលទៅអាក្រក់ខ្លាំងណាស់” ជាដើម។
ប្រសិនបើអ្នកទាំងអស់គ្នាមើលឃើញមុខមាត់បែបនេះនៅពេលយប់ប្រាកដជាស្រែកមិនខាន។
ហេតុអ្វីបានជាមុខមាត់របស់ពួកគេបែបនេះ ហើយហេតុអ្វីបានជាការផាត់មុខមិនដូចសព្វថ្ងៃ ខ្ញុំនឹងពន្យល់ពីចំណុចទាំងនេះខាងក្រោម។
មូលដ្ឋានគ្រឹះនៃការផាត់មុខនៅសម័យ Heian
សម្រាប់អ្នកដែលចង់សាកល្បងរបៀបផាត់មុខដែលមើលទៅដូចក្នុងខ្សែភាពយន្តភ័យរន្ធត់ ខ្ញុំនឹងបង្ហាញពីជំនាញផាត់មុខដែលគេប្រើនាសម័យនោះ។
ជំហានដំបូងគឺត្រូវដករោមចិញ្ចើមចេញទាំងអស់។
ទោះបីជារោមចិញ្ចើមត្រូវបានដកសម្អាតទាំងអស់ក៏ដោយ រោមចិញ្ចើមទាំងនោះនឹងដុះឡើងវិញ ដូច្នេះត្រូវដកជាប្រចាំ។
បន្ទាប់មកបន្តទៅជំហានផាត់មុខមូលដ្ឋាន។
ជាមួយនឹងទស្សនៈដែលថា ស្បែកសគឺស្អាត ដូច្នេះមុខមាត់ត្រូវបានផាត់ស។ “Oshiroi” ដែលសព្វថ្ងៃគេចាត់ទុកដូចជាប្រភេទម្សៅត្រនាប់ ហើយត្រូវបានគេយកមកផាត់នៅលើផ្ទៃមុខ។
ប្រហែលជាម្សៅស Oshiroi ដែលគេប្រើនាសម័យនោះមានផ្ទុកសារធាតុសំណ និងបារត ចំណុចនេះអាចបង្កបញ្ហាធ្ងន់ធ្ងរដល់សុខភាព ដូច្នេះចំពោះចំណុចនេះ អ្នកទាំងអស់គ្នាគួរតែរំលង សូមកុំធ្វើតាម។
បន្ទាប់មក លាបក្រែមពណ៌ក្រហមនៅកណ្តាលបបូរមាត់។
ក្រែមលាបមាត់នេះត្រូវបានផលិតចេញពីផ្កាឈូករ័ត្នមួយប្រភេទ ដែលភាសាជប៉ុនហៅថា “Benibana” ។
បន្ទាប់មកទៀត ប្រើវិធីស្រដៀងគ្នានេះ លាបក្រែមពណ៌ក្រហមបន្តិចនៅលើថ្ពាល់។
ជាចុងក្រោយគឺចិញ្ចើម។
គូរចិញ្ចើមរាងមូលនៅខាងលើ ដែលមានគម្លាតឆ្ងាយពីកន្លែងដែលបានដករោមចិញ្ចើម។
នៅពេលដែលបញ្ចប់ជំហានមួយនេះមានន័យថា អ្នកបានបញ្ចប់ដំណាក់កាលផាត់មុខ ដោយបានក្លាយទៅជានារីដ៏ស្រស់ស្អាតម្នាក់ក្នុងសម័យ Heian ។
ទោះបីជាមើលទៅគួរឲ្យខ្លាចបន្តិចមែន។
ថ្វីត្បិតតែ ផាត់មុខបែបនេះជាការនិយមនាសម័យនោះ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាគួរឲ្យខ្លាច។
របៀបតុបតែខ្លួនបែបនេះបានក្លាយទៅជាការពេញនិយម ព្រោះត្រូវបានគេចាត់ទុកថាស្អាតក្នុងសម័យនោះ។
ដូច្នេះហើយទើបខ្ញុំគិតថា នៅសម័យនេះគ្រប់គ្នាផាត់មុខពិតជាស្អាតណាស់ ប៉ុន្តែតើប៉ុន្មានរយឆ្នាំបន្ទាប់មកទៀត មនុស្សជំនាន់ក្រោយមើលមកយើងនៅពេលនេះ ហើយលាន់មាត់និយាយថា “គួរឲ្យខ្លាច” ដូចដែលយើងកំពុងគិតពីមនុស្សជំនាន់មុនដែរទេ?
ទោះជាយ៉ាងណា នៅតែមានចម្ងល់មួយត្រង់ថា ហេតុអ្វីបានជាត្រូវដករោមចិញ្ចើម?
ជាការពិតណាស់ ចំណុចនេះជាការនិយមនាសម័យនោះ យ៉ាងណាមិញ មិនមែនធម្មជាតិនោះទេ ប៉ុន្តែមានមូលហេតុច្បាស់ណាស់ទើបក្លាយជាការពេញនិយម។
គេយល់ថា៖
“នឹងប្រសើរជាងប្រសិនបើស្ត្រីដែលថ្លៃថ្នូរ និងមានការអប់រំមិនបង្ហាញពីអារម្មណ៍ និងចិត្តគំនិតរបស់ខ្លួន” ។
ដូច្នេះនេះជាមូលហេតុដែលរោមចិញ្ចើមត្រូវបានគេចាត់ទុកជាកន្លែងដែលបង្ហាញអារម្មណ៍ច្រើនបំផុត។
ជាពិសេសនៅសម័យនោះ មនុស្សស្រីមិនសូវជាបង្ហាញមុខឡើយ។
ទោះជាយ៉ាងណា ការបិទបាំងមុខទាំងអស់ត្រូវបានចាត់ទុកដូចជាមិនសមរម្យ ដូច្នេះពួកគេនឹងប្រើផ្លិតសម្រាប់បិទបាំងមុខ ប៉ុន្តែនៅតែមើលឃើញចិញ្ចើម។ នេះជាសកម្មភាពមួយដែលបញ្ជាក់ថា “ខ្ញុំកំពុងតែស្តាប់ការសន្ទនា” ។
ដូច្នេះហើយ ប្រហែលជាការគូរចិញ្ចើមឲ្យឆ្ងាយពីភ្នែកគឺដើម្បីផ្តល់ភាពងាយស្រួលដល់សកម្មភាពបិទបាំងមុខ ដោយគ្រាន់តែមើលឃើញចិញ្ចើមប៉ុណ្ណោះ។
វប្បធម៌បិទបាំងមុខមានប្រភពមកពីជប៉ុនកាលពីសម័យបុរាណ
សម័យកាល Jomon ដែលជាសម័យបុរេប្រវត្តិរបស់ជប៉ុន អូសបន្លាយចាប់ពីឆ្នាំ ១៣.០០០ ឆ្នាំមុនគ.ស ដល់ ២.៣០០ ឆ្នាំមុនគ.ស។
នៅសម័យនោះ មានរូបចម្លាក់ដីឥដ្ឋមួយប្រភេទហៅថា Dogu ។
ក្នុងចំណោមរូបចម្លាក់ដីឥដ្ឋទាំងនោះមានរូបចម្លាក់ស្ត្រី ហើយហាក់បីដូចជាក្នុងចំណោមនោះ មានស្រ្តីជាច្រើនពាក់របាំងមុខ។
ប្រហែលជាតាំងពីបុរាណកាល នៅប្រទេសជប៉ុនធ្លាប់ចាត់ទុកថា បុគ្គលដែលថ្លៃថ្នូរមិនបង្ហាញមុខមាត់ បង្កើតបានជាអារម្មណ៍អាថ៌កំបាំង។
ខ្ញុំអាចយល់ពីអារម្មណ៍រំភើបនៅពេលដែលមើលឃើញអ្វីមួយ ដោយមិនមែនមើលឃើញគ្រប់ពេលនោះទេ។
និយាយបែបនេះដូចជាចម្លែកបន្តិចមែនទេអ្នកទាំងអស់គ្នា?
ក្នុងសម័យនោះ នេះជារបៀបផាត់មុខដែលផ្អែកលើការនិយមចូលចិត្តរបស់សម័យមុន។
ប្រសិនបើមាននរណាម្នាក់មានគំនិតដូចអ្នក អ្នកទាំងពីរអាចសាកល្បងរបៀបផាត់មុខបែបនេះ ហើយទទួលយកបទពិសោធន៍ជាមួយគ្នា។
យ៉ាងណាមិញ ខ្ញុំគិតថា បន្ទាប់ពីផាត់មុខដូចនេះហើយ គ្រប់គ្នាដែលមើលឃើញអ្នកនៅពេលយប់ប្រាកដជាស្រែកជាមិនខាន។
Abe Kengo