តើទីក្រុង Tokyo មិនមែនជារាជធានី​របស់​ជប៉ុន​ទេ​មែន​ទេ? ចន្លោះ​ប្រហោង​ដែល​មិន​បានគ្រោងទុកក្នុង​ច្បាប់​ជប៉ុន

តើទីក្រុង Tokyo មិនមែនជារាជធានីរបស់ជប៉ុនទេមែនទេ? ចន្លោះប្រហោងដែលមិនបានគ្រោងទុកក្នុងច្បាប់ជប៉ុន។

នៅពេលដែលគេសួរថា “តើរាជធានីនៃប្រទេសជប៉ុននៅកន្លែងណា?” គ្រប់គ្នារួមទាំងប្រជាជនជប៉ុនក៏ឆ្លើយយ៉ាងស្រប​គ្នា​ថា “រាជធានី​តូក្យូ” មែន​ទេ?

ប៉ុន្តែតាមពិតទៅ ចំណុចនេះមិនត្រឹមត្រូវនោះទេ។

មានចំណុចមួយចំនួនទាក់ទងនឹងប្រទេសជប៉ុន ដែលសូម្បីតែប្រជាជនជប៉ុនក៏មិនដឹងនោះដែរ។

ចូរយើងស្វែងយល់ពីចំណុចនេះតាមរយៈខ្លឹមសារខាងក្រោមទាំងអស់គ្នា។

ចម្លើយដែលត្រឹមត្រូវគឺ៖ រាជធានីនៃប្រទេសជប៉ុនមិនទាន់ត្រូវបានកំណត់នោះទេ

នៅតាមបណ្តាប្រទេសភាគច្រើន រាជធានីត្រូវបានកំណត់ដោយផ្អែកលើច្បាប់។ ទោះជាយ៉ាងណា ច្បាប់​របស់​ជប៉ុនមិន​​បាន​​លើក​​ឡើង​​ពី​​បញ្ហា​​បង្កើត​​​រាជ​ធានី​​នោះ​​ទេ។

សូម្បីតែនៅពេលដែលបង្កើតក្រុមហ៊ុនក៏ដោយ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនត្រូវតែបញ្ជាក់ឲ្យបានច្បាស់ ដូច្នេះហេតុ​អ្វី​បាន​ជា​មិន​មាន​ចំណុច​និយាយ​ពី​រាជធានី​នៃ​​ប្រទេស​មួយ ទាំង​ដែល​ចំណុច​នេះ​សំខាន់​យ៉ាង​ខ្លាំង?

តើប្រជាជនជប៉ុនបានភ្លេចពីចំណុចនេះមែនទេ?

Tokyo ធ្លាប់ជារាជធានី

បន្ទាប់ពីសម័យកាលសាមូរ៉ៃបានបញ្ចប់ ជប៉ុនបានកើតជាថ្មីក្លាយទៅជាប្រទេសដែលទំនើប។

ទីក្រុងដែលធ្លាប់ត្រូវបានគេហៅថា Edo បានប្តូរឈ្មោះទៅជា Tokyo ហើយព្រះចៅអធិរាជដែលជាប្រមុខរដ្ឋនាពេលនោះ បាន​ផ្លាស់​ប្តូរ​ពី​ទីក្រុង Kyoto ទៅ​កាន់ Tokyo ។

នៅ​ពេល​នោះ ព្រះរាជក្រឹត្យ​ ឬអាចនិយាយបានថា​ ជា​ការ​ចេញ​បញ្ជា​ដោយលាយលក្ខណ៍អក្សរ​របស់ព្រះចៅ​អធិរាជ។ យោង​ទៅ​តាម​ព្រះរាជ​ក្រឹត្យ Tokyo ត្រូវ​​បាន​កំណត់​​ជា​​រាជធានី។

អំឡុងពេលនោះ ព្រះរាជក្រឹត្យនេះមានអំណាចខ្ពស់ជាងច្បាប់ទៅទៀត ដូច្នេះការបញ្ចូលចំណុចនេះក្នុងច្បាប់គឺមិនចាំបាច់​នោះ​ទេ។ 

ភ្លេចពីចំណុចដែលសំខាន់?

បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ច្បាប់ថ្មីត្រូវបានដាក់ចេញដោយកងកម្លាំងកាន់កាប់ ហើយក៏ជាមូលដ្ឋានគ្រឹះនៃច្បាប់​​នា​​ពេល​​បច្ចុប្បន្ន​នេះ​ផង​ដែរ។ ហើយ​ក្នុង​នោះ មិន​មាន​ចំណុច​ណា​ទាក់​ទង​នឹង​រាជ​ធានី​ឡើយ។

នៅពេលដែលព្រះចៅអធិរាជបាត់បង់អំណាចនយោបាយ ហើយបានក្លាយទៅជាតំណាងនៃប្រទេសជប៉ុន សេចក្តីបង្គាប់​របស់​រាជ​ការ​កាល​ពី​មុន​បាន​បាត់​បង់​សុពលភាព។

ដូច្នេះហើយ ចាប់ពីពេលនេះ​រាជធានីលែងទទួលបានការទទួលស្គាល់។

តាមពិតទៅគឺជាទីក្រុង Tokyo

ទោះជាយ៉ាងណា ជាទូទៅរាជធានីគឺជាទីស្នាក់ការកណ្តាលរបស់អង្គការ និងស្ថាប័នរដ្ឋាភិបាល។

នៅសហរដ្ឋអាមេរិកគឺទីក្រុង Washington DC នៅប្រទេសចិនគឺទីក្រុងប៉េកាំង និងនៅប្រទេសកម្ពុជាគឺរាជធានីភ្នំពេញ។

ដូច្នេះហើយ Tokyo ពិតជាមានមុខងារប្រៀបដូចជារាជធានី។

ដូច្នេះហេតុអ្វីបានជាមិនចេញសេចក្តីប្រកាស?

ប្រសិនបើដោយសារតែភ្លេចអាចបន្ថែមតាមក្រោយមែនទេអ្នកទាំងអស់គ្នា?

ឬក៏ព្រោះតែមិនចង់ទទួលស្គាល់ថាខ្លួនបានភ្លេច?

ហាក់បីដូចជាមិនមែនដោយសារមូលហេតុទាំងនេះឡើយ។

នៅក្នុងប្រទេសភាគច្រើន រាជធានី និងទីក្រុងធំៗសុទ្ធតែជាទីតាំងខុសគ្នា។

ឧទាហរណ៍ដូចជានៅសហរដ្ឋអាមេរិក រដ្ឋធានីស្ថិតនៅ Washington DC ចំណែកឯទីក្រុងសំខាន់គឺ New York ។

នៅប្រទេសជប៉ុន មុខងាររបស់រាជធានី និងទីក្រុងធំៗគឺដូចគ្នា ដូច្នេះហើយ ទើបមានការជជែកវែកញែកដែលថា តើ​គួរ​តែ​ធ្វើ​ការ​បែង​ចែក​អំណោច​ដែរ​ទេ? ប៉ុន្តែ​រហូត​មក​ដល់​សព្វ​ថ្ងៃ នៅ​តែ​មិន​ទាន់​មាន​ការ​សន្និដ្ឋាន​នៅ​ឡើយទេ។

ព្រោះគ្រប់យ៉ាងសុទ្ធតែប្រមូលផ្តុំនៅទីក្រុង Tokyo ដូច្នេះមានហានិភ័យច្រើន ប្រសិនបើទីក្រុង Tokyo រងការ​ខូច​ខាត​ដោយ​សារ​គ្រោះ​មហន្តរាយ មុខ​ងារ​គ្រប់​យ៉ាង​នឹង​ត្រូវ​ផ្អាក។

ការរួមបញ្ចូលនៅកន្លែងតែមួយអាចនឹងនាំមកនូវប្រសិទ្ធភាព ប៉ុន្តែអ្នកទាំងអស់គ្នាអាចនឹងមើលឃើញពីស្ថាន​ភាព​បច្ចុប្បន្ន​នៃ​ទីក្រុង Tokyo កំពុង​​តែ​​ពិបាក​​ពង្រីក​​ធំ​​ជាង​​នេះ។

ចាប់ពីពេលនោះមក ចាំបាច់ត្រូវកំណត់រាជធានីនៅកន្លែងផ្សេង និងផ្ទេរមុខងាររបស់រដ្ឋាភិបាល។ ទោះជាយ៉ាង​ណា ពិបាកនឹងជ្រើយទីតាំងដែលសមស្របណាស់ ដូច្នេះស្ថានភាពនេះនៅតែអូសបន្លាយ ហើយទីក្រុង Tokyo នៅ​តែ​បន្ត​បែប​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ពិតជាកម្ររកបានប្រទេសដែលមិនកំណត់រាជធានីណាស់។

ទោះបីជាមានភាពស្រពិចស្រពិលបន្តិចក៏ដោយ ប៉ុន្តែបើនៅតែបន្ត ហើយមិននិយាយពីបញ្ហានេះ។ ខ្ញុំគិតថា នេះជាការ​សម្រេច​​ចិត្ត​​របស់​​ជប៉ុន។

អ្នកទាំងអស់គ្នាអាចចែករំលែកចំណេះដឹងទាំងនេះប្រាប់មិត្តភក្តិជនជាតិជប៉ុនរបស់ខ្លួន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: