Shuriken – អាវុធរបស់ Ninja

Shuriken – អាវុធរបស់ Ninja ។

នៅប្រទេសជប៉ុនសម័យសក្តិភូមិ Ninja គឺជាក្រុមភ្នាក់ងារសម្ងាត់។ ពួកគេបំពេញបេសកកម្មជាច្រើនដូចជាស៊ើបអង្កេត ចារកម្ម ឃាតក និង​អង្គរក្ស​ផង​ដែរ។

សព្វថ្ងៃនេះ រូបភាពរបស់ Ninja នៅតែត្រូវបាន​យក​មក​ផលិត​ឡើងវិញតាមរយៈខ្សែភាពយន្ត ឬ Anime ជាច្រើនផ្សេងទៀត។

យើងទាំងអស់គ្នាដឹងហើយថា ទិដ្ឋភាព Ninja ប្រើសមត្ថភាពកោះហៅនាគភ្លើង ឬបាញ់ផ្លេកបន្ទោរដូចក្នុងខ្សែភាព​យន្ត​គ្រាន់​តែ​ជាការប្រឌិតប៉ុណ្ណោះ។ ដូច្នេះតើ Shuriken ដែល Ninja ប្រើយ៉ាងម៉េចវិញ?

Shuriken ជាអាវុធដែលត្រូវបានគប់ចេញយ៉ាងលឿនសម្រាប់កម្ចាត់សត្រូវ។ ប្រសិនបើប្រើប្រាស់អាវុធប្រភេទនេះ តើ​អាចនឹងខ្លាំងជាងសាមូរ៉ៃដែលប្រើដាវជប៉ុន​ដ៏​មុតស្រួចដែរទេ?

តើ Shuriken ជាអ្វី?

Shuriken មានច្រើនប្រភេទ ប៉ុន្តែប្រភេទស្តើងដែលយើងតែងតែឃើញគេហៅថា Hiragata Shuriken ។

ការវាយប្រហារសត្រូវដោយប្រើ Shuriken ប្រៀបដូចជាការគប់កាំបិត​ដែកដែរ ដូច្នេះប្រសិនបើគប់ត្រូវ ប្រាកដជាបណ្តាល​ឲ្យមានរបួសធ្ងន់ធ្ងរ។ បើទោះបីជាមិនអាចយកជីវិតរបស់សត្រូវ នៅតែអាចធ្វើឲ្យអ្នករងរបួសមិនអាចដើរ​ទៅ​មក​មួយ​រយៈ​ពេល។

ក្នុងពិភពរបស់ Ninja នេះប្រហែលជាប្រភេទអាវុធដំបូងដែលត្រូវ​ចង​ចាំ សម្រាប់​អ្នក​ដែល​ទើប​តែ​ចូល​ប្រឡូកដំបូង។ សកម្មភាពគប់នរណា​ម្នាក់​អាច​ធ្វើបានយ៉ាងងាយ ប៉ុន្តែគប់ចំគោលដៅឬអត់គឺជាបញ្ហាមួយផ្សេង។

ដូច្នេះហេតុអ្វីបានអាវុធប្រភេទនេះសម្រាប់អ្នកចាប់ផ្តើមដំបូង?

ហាក់បីដូចជាពិបាកគប់ត្រូវគោលដៅ

ចំណុចនេះទាក់ទងនឹងកម្រិតនៃការគប់ចំគោលដៅ។

សូម្បីតែ Ninja ដែលឆ្លងកាត់ការបណ្តុះបណ្តាលក៏ហាក់បីដូចជាមិនមានអត្រាគប់ចំគោលដៅខ្ពស់នោះដែរ។

ទោះជាយ៉ាងណា នៅពេលដែលអាវុធប្រភេទនេះត្រូវបានគប់ចេញ មនុស្សនៅជុំវិញនឹងស្រឡាំងកាំង ហើយ​ឈប់នៅ​មួយកន្លែង ដូច្នេះប្រាកដជាមានប្រសិទ្ធភាពណាស់ ប្រសិនបើប្រើអាវុធ​ប្រភេទ​នេះ​ក្នុង​ករណី​ចាំ​បាច់​ត្រូវដក​ថយ និង​គេច​ខ្លួន។

ជាមួយនឹងទំហំតូចបែបនេះ យើងអាចយកអាវុធប្រភេទនេះតាមខ្លួនបានយ៉ាងងាយស្រួលផងដែរ។

យ៉ាងណាមិញ Shuriken នៅតែជាប្រភេទអាវុធដ៏គួរឲ្យខ្លាច

Shuriken គួរឲ្យខ្លាចបំផុតគឺនៅពេលដែលមានថ្នាំពុល។

មានរុក្ខជាតិមួយប្រភេទមានឈ្មោះថា Torikabuto ដែលផ្ទុកសារធាតុពុលយ៉ាងខ្លាំង ដោយគ្រាន់តែប្រើអាវុធសម្ងាត់ Shuriken ដែល​មាន​ថ្នាំ​ពុល​ប្រភេទ​នេះ គ្រាន់​តែ​មុត​បន្តិច​ក៏​អាច​នឹង​បាត់​បង់​ជីវិត​ដែរ។

ក្រៅពីនេះ ថែមទាំងមានពាក្យចចាមអារ៉ាមនិយាយថា អាវុធសម្ងាត់ Shuriken មួយចំនួនថែមទាំងដាក់ថ្នាំងងុយគេង ឬលាបលាមកពីលើដើម្បីបង្កជំងឺតេតាណូស។ ចំពោះករណីនេះស្តាប់ទៅដូចជា “ធុំក្លិន” បន្តិចមែនទេ? ហើយប្រសិន​បើ​ធុំក្លិន​បែប​នេះ ប្រហែល​ជា​គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​ជិត​នោះ​ទេ។

ភាពខុសគ្នាធំបំផុតរវាងសាមូរ៉ៃ និង Ninja 

ខ្ញុំគិតថា សកម្មភាពដាក់ថ្នាំពុលនៅលើអាវុធសម្ងាត់ដូចដែលបានលើកឡើងខាងលើ គឺជាចំណុចដែលខុសគ្នាធំបំផុតរវាងសាមូរ៉ៃ និង Ninja ។

ទស្សនៈមូលដ្ឋានរបស់សាមូរ៉ៃគឺមិនប្រើល្បិចអាក្រក់ ប៉ុន្តែផ្ទុយទៅវិញ គឺត្រូវប្រយុទ្ធដោយយុត្តិធម៌។ ព្រោះបើទោះ​បីជា​រួច​ជីវិត​ក្រោយ​ពេល​ប្រយុទ្ធ​ក៏​ដោយ ប៉ុន្តែ​បើប្រើវិធីកំសាក ក៏មិនអាចបន្ត​រស់​​នៅ​ក្នុង​នាមជា​សាមូរ៉ៃ​ម្នាក់​នោះដែរ។

សព្វថ្ងៃនេះ “ចារកម្ម” គឺជារបៀបដែលគេប្រើសម្រាប់ហៅ Ninja ។

ប្រាកដជាគ្មានន័យអ្វីនោះទេ ប្រសិនបើយកបានព័ត៌មាន ប៉ុន្តែមិនអាចយកព័ត៌មានទាំងនោះទៅវិញ។

បច្ចុប្បន្ននេះ សម័យកាលបច្ចេកវិទ្យាមានការអភិវឌ្ឍ ដោយគ្រាន់តែកាន់ iPhone ក្នុងដៃ យើងអាចបញ្ជូនព័ត៌មាន​បានយ៉ាងងាយស្រួលពីគ្រប់ទិសទី ប៉ុន្តែនៅសម័យនោះ ប្រសិនបើ Ninja មិន​អាច​នៅ​រស់​ដើម្បី​ត្រឡប់​ទៅ​វិញ ព័ត៌មានទាំងអស់នឹងត្រូវលុបចោល។ ការរស់រានមានជីវិតគឺជាអាទិភាពចម្បងរបស់ Ninja​ ដូច្នេះ​បើ​ទោះ​បីជាពួក​គេកំសាករត់គេចក៏ដោយ ពួកគេនៅតែត្រូវព្យាយាមរក្សាជីវិត។ ដូច្នេះជំនាញដែល Ninja ប្រើមានលក្ខណៈ​សាមញ្ញ​ណាស់។

មានជំនាញជាច្រើនដូចជា ជំនាញលាក់ខ្លួននៅក្រោមទឹក ជំនាញបញ្ជូនដំណឹងជាដើម។

ឬជំនាញរត់នៅលើផ្ទៃទឹក ដែលអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញពីមុនមក ប៉ុន្តែតាមពិតទៅ ប្រហែលជាវិធីដែល​ជាក់​ស្តែង​គឺ​ដាក់​ពោង​ក្នុង​ខ្លួន ហើយ​ប្រើ​ក្តារ​ដើម្បី​ឆ្ពោះ​ទៅ​មុខ។

ប្រសិនបើមិនដឹងឃើញថាពិតជាឡូយណាស់ ប៉ុន្តែនៅពេលដែលបានដឹងហើយ តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ?

ភាពខុសគ្នាទាំងនេះហើយជាមូលហេតុដែលនៅប្រទេសជប៉ុន សាមូរ៉ៃល្បីឈ្មោះជាង ហើយ​មាន​ឋានៈ​ខ្ពស់​ជាង​​បើ​​ប្រៀប​​​នឹង Ninja ។ ព្រោះ​​តែ​​ពួក​​គេ​​ក្លាហាន​​ប្រយុទ្ធ​​ដោយ​​យុត្តិធម៌ មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​សរសើរ​ណាស់។

ប្រសិនបើមានឳកាសតុបតែខ្លួនធ្វើជាតួអង្គនៅសម័យបុរាណ តើអ្នកចង់ក្លាយជាតួអង្គមួយណា? សាមូរ៉ៃម្នាក់ដែល​​កាន់​​ដាវ​​មុត​​ស្រួច ឬ Ninja ដែល​​មាន​​ជំនាញ​​ប្រើ​​អាវុធ​​សម្ងាត់?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: