គុណសម្បត្តិ និងគុណវិបត្តិនៃទំនិញជប៉ុន ប្រសិន​បើ​យល់​ច្បាស់​ពី​ចំណុច​នេះ​ទំនិញ “Made in Japan” គ្រាន់​តែ​ជា​ឈ្មោះ​ប៉ុណ្ណោះ

គុណសម្បត្តិ និងគុណវិបត្តិនៃទំនិញជប៉ុន ប្រសិនបើយល់ច្បាស់ពីចំណុចនេះទំនិញ “Made in Japan” គ្រាន់​តែ​ជា​ឈ្មោះ​ប៉ុណ្ណោះ។

ផលិតផល “Made in Japan” ត្រូវបានគេស្គាល់ថាជាផលិតផលដែលមានគុណភាពខ្ពស់។

ប៉ុន្តែនៅពេលខ្លះផលិតផលទាំងនោះបែរជាមិនត្រូវបានជ្រើសរើសព្រោះតែមានតម្លៃខ្ពស់។

ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថា គ្រប់ផលិតផលទាំងអស់ ឬផលិតផលរបស់ជប៉ុនសុទ្ធតែមានគុណសម្បត្តិ និង​​គុណ​វិបត្តិ ក្នុង​អត្ថបទ​ថ្ងៃ​នេះ JAPO នឹង​បក​ស្រាយ​លម្អិត​ពី​ចំណុច​នេះ។

ប្រសិនបើអ្នកយល់ពីចំណុចនេះ និងអនុវត្តទៅលើការងារជាក់ស្តែងរបស់ខ្លួន ខ្ញុំជឿថា “Made in Japan” គ្រាន់តែជា​ឈ្មោះ​ប៉ុណ្ណោះ។ 

ជប៉ុនឆ្ពោះទៅរកគោលដៅអត្រាផលិតផលមានបញ្ហាត្រឹម ០%

ការកាត់បន្ថយអត្រាផលិតផលមានបញ្ហាត្រឹម ០% សម្រាប់ផលិតផលឧស្សាហកម្មពិតជាពិបាកណាស់ ដោយសារបញ្ហាក្នុងដំណើរការផលិត។

ឧទាហរណ៍៖ សម្រាប់ករណីផលិតផលជាប្រភេទវីសតូចៗ ប្រសិនបើអត្រាមានបញ្ហាគឺ ១០% ត្រូវដឹកជញ្ជូនទំនិញបន្ថែម ១០% ទៀត ដូច្នេះមានន័យថា ប្រសិនបើអតិថិជនបញ្ជាទិញចំនួន ១០០ វីស ដូច្នេះខាងផ្នែកដឹកជញ្ជូនត្រូវប្រគល់ទៅឲ្យអតិថិជនចំនួន ១១០ វីស ដើម្បី​ជំនួស​ផលិត​ផល​ដែល​មាន​បញ្ហា នេះ​ជា​រឿង​ធម្មតា​នៅ​លើ​ពិភព​លោក។

ទោះជាយ៉ាងណា ដើម្បីសម្រេចបានអត្រាផលិតផលមានបញ្ហាត្រឹម ០% ជប៉ុនត្រូវគ្រប់គ្រងដំណើរការការងារយ៉ាង​តឹង​រ៉ឹង និង​ធ្វើ​ការ​ត្រួត​ពិនិត្យ​គុណ​ភាព​ឲ្យ​បាន​ហ្មត់​ចត់។

ដូច្នេះហើយ តម្លៃខ្ពស់ជាងក៏ជារឿងធម្មតាដែរ។

ទាំងនេះជាគុណសម្បត្តិដែលទាក់ទងនឹងគុណភាព និងតម្លៃរបស់ផលិតផល “Made in Japan” ។

ឧទាហរណ៍ផ្សេងទៀតគឺថា៖ សម្រាប់ករណីជាប្រភេទផលិតផលគ្រឿងបន្លាស់រថយន្ត ប្រសិនបើដំឡើងគ្រឿងបន្លាស់ដែលខូចចូលរថយន្ត អាចនឹងកើតមានឧប្បត្តិហេតុ និងគ្រោះថ្នាក់ផ្សេងៗ។

មិនត្រឹមតែប៉ុណ្ណឹង កាន់តែធ្ងន់ធ្ងរជាងនេះសម្រាប់វិស័យដូចជាមីស៊ីល ត្រឹមចំណុចមួយមានបញ្ហាអាចបណ្តាលឲ្យ​រ៉ុក្កែត​ផ្ទុះ។ ឧបទ្ទវហេតុស្រដៀងគ្នានេះអាចបណ្តាលឲ្យមានការខាតបង់យ៉ាងច្រើន ដូច្នេះក្នុងចំណោមផលិតផលដែល​ផលិត​ដោយ​អាមេរិក ភាគ​ច្រើនប្រើប្រាស់សម្ភារៈ គ្រឿងបន្លាស់តូចៗដែលផលិតដោយក្រុមហ៊ុនជប៉ុន ទាំងនេះ​ជា​ចំណុច​ដែល​មិន​សូវ​មាន​អ្នក​ដឹង។

ឧបសគ្គនៅពេលដែលឆ្ពោះទៅរកអត្រាផលិតផលមានបញ្ហាត្រឹម ០%

ជប៉ុនឆ្ពោះទៅរកអត្រាផលិតផលមានបញ្ហាត្រឹម ០% សម្រាប់ផលិតផលទាំងអស់។

អ្នក​ដែលខ្ញុំស្គាល់ជាអ្នកធ្វើកាបូបដាក់ឯកសារ​ដែល​ផលិត​ពី​ផ្លាស្ទិច យ៉ាង​ណា​មិញ ប្រហែលជាផលិតផលទាំងនោះត្រូវបាន​ត្រួតពិនិត្យគុណភាពយ៉ាងហ្មត់ចត់។

  • មិនឲ្យមានរបស់ចម្លែកអ្វីក្នុងផលិតផលនោះទេ សូម្បីតែសក់មួយសរសៃរក៏ដោយ។
  • មិនត្រូវមានស្នាមដាននៅលើផលិតផលនោះទេ ទោះបីជាមើលឃើញ ឬមិនអាចមើលឃើញដោយភ្នែកក៏ដោយ។

តើនរណាខ្លះ ក្នុងចំណោមអ្នកប្រើប្រាស់នឹងចាប់អារម្មណ៍ស្នាមកូតដែលមើលមិនឃើញនោះ លុះត្រាតែមើលយ៉ាង​ដិត​ដល់?

ផលិតផលទាំងនោះមានតម្លៃប្រហែល ៣០ យ៉េន ហើយស្រាប់តែមានស្នាមកូតបន្ទាប់ពីប្រើប្រាស់។

បើតាមគោលដៅអត្រាផលិតផលមានបញ្ហាត្រឹម ០% សូម្បីតែចំណុចដែលតូចបំផុតគ្មាននរណាម្នាក់ចាប់អារម្មណ៍ បាន​ធ្វើ​ឲ្យ​ការ​ចំណាយ​​ចំពោះ​ផលិត​​ផល​​ផ្សេង​​ទៀត​កើន​​ឡើង។

សូម្បី​តែ​នំដែលលក់នៅក្នុងតំបន់ក៏ដោយ។

ដូចជាប្រភេទនំអង្ករអាំងដែលគេហៅថា Senbei គ្រាន់តែមានស្នាម​ប្រេះបន្តិច ឬស្នាមកូតបន្តិចនឹងត្រូវបានចាត់​ទុក​ជា​ទំនិញ​មាន​បញ្ហា។

ផលិតផលដែលមានបញ្ហានឹងត្រូវបំផ្លាញ ចំណុចនេះជារឿងដែលតែងតែកើតឡើង ដូច្នេះបើសិនជារាប់ទាំងការចំណាយទាំងនោះ​ធ្វើឲ្យតម្លៃ​ផលិត​ផល​កើន​ឡើង។

តើអ្នកទាំងអស់គ្នាគិតថាចំណុចទាំងនេះខ្ជះខ្ជាយពេកទេ?

គោលដៅអត្រាផលិតផលមានបញ្ហាត្រឹម ០% គឺជារឿងដែលល្អសម្រាប់វិស័យមួយចំនួន។ ទោះជាយ៉ាងណា ចំពោះវិស័យ​ជា​ច្រើន​ផ្សេង​ទៀត ខ្ញុំគិតថា មិនចាំបាច់តឹងរ៉ឹងដូច្នេះឡើយ។

ប្រសិនបើយើងអាចស្វែងរកតុល្យភាពរវាងគុណភាព និងតម្លៃ ដោយកំណត់ស្តង់ដារជាក់ស្តែងដូចជា ផលិត​ផល​ឈាន​ដល់​កម្រិត​ណា​​ទើប​​អាច​​ទទួល​​យក​​បាន តើ​យើង​ទាំង​អស់​គ្នា​អាច​នឹងឆ្ពោះ​ទៅ​រក​ផលិត​ផល​ដែល​លើស​ពី “Made in Japan” ដែរ​ទេ?

សូមកុំចុះចាញ់ព្រោះតែពាក្យថា “Made in Japan” នេះឲ្យសោះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: