ហេតុ​​ការណ៍​​ដ៏​កម្រ​មួយ​ចំនួន​ដែល​មិន​អាច​ពន្យល់​បាន​នៅ​ជប៉ុន

ហេតុ​ការណ៍​ដ៏កម្រមួយចំនួនដែលមិនអាចពន្យល់បាននៅជប៉ុន។

សូម្បីតែប្រទេសដែលត្រូវបានគេចាត់ទុកថាមាន​សុវត្ថិភាព​ដូច​ជាជប៉ុនក៏​មាន​ហេតុការណ៍កើតឡើងនោះដែរ។

ក្នុងអត្ថបទថ្ងៃនេះ JAPO សូមចែក​រំលែក​ស្ថាន​ភាព​ដ៏​កម្រ​មួយ​ចំនួន​ដែល​បាន​កើត​ឡើង ដែល​អាច​នឹង​ធ្វើ​ឲ្យ​អ្នកទាំង​អស់​គ្នា​អស់​សំណើច។

ករណីប្លន់នៅហាងផ្ទាល់របស់ខ្លួន

យុវជនអាយុ ២២ ឆ្នាំម្នាក់ត្រូវបានជ្រើសរើសធ្វើជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន​ Yakitori មួយកន្លែង (ហាងសាច់មាន់​អាំង​បែប​ជប៉ុន) ។

នៅថ្ងៃឈប់សម្រាករបស់ខ្លួន យុវជនរូបនេះបានក្លែងខ្លួនធ្វើជាចោរម្នាក់ ហើយកាន់កាំបិតទៅប្លន់នៅហាងដែលខ្លួន​​ធ្វើ​ការ។

ថ្វីត្បិតតែ បានបិទបាំងមុខដោយប្រើម៉ាស និងវ៉ែនតាក៏ដោយ ប៉ុន្តែបុរសម្នាក់នេះត្រូវបុគ្គលិកធ្វើការថែមម៉ោងស្គាល់​មុខ​និយាយ​ថា៖

“តើបងជាអ្នកគ្រប់គ្រងមែនទេ?”

បន្ទាប់ពីត្រូវបុគ្គលិកស្គាល់មុខ ហើយសួរសំណួរដូចនេះ បុរសម្នាក់នេះបាននិយាយប្រាប់បុគ្គលិកថា៖

“កុំ​ធ្វេសប្រហែស ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះចោរ” ។

ដោយធ្វើពុតដូចជាកំពុងហាត់សមនៅពេលដែលមានករណីប្លន់កើតឡើង ហើយចាកចេញពីកន្លែងកើតហេតុ។

គ្រប់យ៉ាងនឹងល្អប្រសើរប្រសិនបើមានរឿងតែប៉ុណ្ណឹង ប៉ុន្តែពីរថ្ងៃក្រោយមក យុវជនម្នាក់នេះបានទាក់ទងទៅប៉ូលីសដោយផ្ទាល់ ហើយរាយការណ៍ថា ហាងមានចោរម្នាក់ចូលប្លន់។

ជាការពិតណាស់ ប៉ូលីសចាប់ផ្តើមការស៊ើបអង្កេតយ៉ាងលម្អិត និងបានសាកសួរបុគ្គលិកក្រៅម៉ោង។ ទន្ទឹមនឹងនោះ ក៏​សាក​សួរ​អ្នក​គ្រប់​គ្រង​ដែល​បាន​រាយ​ការណ៍​ពី​ហេតុ​ការណ៍​ផង​ដែរ ហើយ​ស្នើឲ្យអ្នកគ្រប់គ្រងនិយាយពីករណី​ចោរ​​ចូល​​ប្លន់​ឡើង​​វិញ។

ក្រោយពេលសាកសួរ អ្នកគ្រប់គ្រងបានសារភាពថា ខ្លួនពិតជាបានរាយការណ៍ខុស ហើយត្រូវបានចាប់ខ្លួនពីបទក្លែង​បន្លំ និង​រាយ​ការណ៍​ព័ត៌មាន​មិន​ពិត។

ប្រហែលជាបុរសម្នាក់នេះបានយកប្រាក់ចំនួន ៦ ម៉ឺនយ៉េនរបស់ហាងទៅប្រើសម្រាប់គោលបំណងផ្ទាល់ខ្លួន ហើយរៀបចំ​ករណី​ប្លន់​ដើម្បីគេចវេះពីទំនួល​ខុសត្រូវ។

នៅពេលដែលបុរសរូបនេះគិតឃើញគំនិតចង់ទម្លាក់កំហុសលើករណីប្លន់ យុវជនម្នាក់នេះប្រហែលជាគិតថា ខ្លួនជាមនុស្ស​ពូកែ​ម្នាក់ ប៉ុន្តែរឿងនេះពិតជាល្ងង់ពេកហើយ។

ប្រសិនបើជ្រុលធ្វើរឿងទាំងនេះ គ្រាន់តែចាកចេញពីហាងគឺបានហើយ។

នៅម៉ាតលក់ទំនិញ

មនុស្សម្នាក់ដើរចូលម៉ាតលក់ទំនិញ កាន់យកកាំបិតកាត់ក្រដាសមួយក្នុងចំណោមផលិត​ផល​របស់​ហាង ហើយ​ឆ្ពោះទៅ​កាន់​​កន្លែង​​គិត​​ប្រាក់ ដាក់​កាំបិត​នៅ​កន្លែង​បញ្ជរ​ ហើយ​និយាយ​ថា៖

  • “ប្រគល់ប្រាក់មក” 

ក្រោយ​ពី​បាន​ឮ​ដូច្នេះ បុគ្គលិក​រូប​នេះ​បាន​ពិនិត្យ​មើលកូដផលិតផល ហើយប្រុងនឹងប្រាប់ពី​តម្លៃរបស់ផលិតផល។

ក្នុងពេលនោះបុគ្គលម្នាក់នោះបាននិយាយថា៖

  • “ខ្ញុំនឹងយកប្រាក់មក”

នៅពេលដែលនិយាយចប់ បុគ្គលម្នាក់នោះបានរត់ចេញពីហាង ដោយមិនបានយកកាំបិត ឬប្លន់ប្រាក់នោះទេ។

តើបុគ្គលរូបនោះចង់បានអ្វី? ទាំងនេះនៅតែជាសំណួរដែល​មិន​ទាន់​មាន​ចម្លើយ ព្រោះជននោះមិនត្រូវចាប់ខ្លួននោះទេ។

ប៉ុន្តែប្រហែលជាបុគ្គលម្នាក់នោះជាមនុស្សកំសាក។

គ្រាន់តែចង់យកទំពាំង

រោងចក្រថាមពលនុយក្លេអ៊ែរអាចនឹងត្រូវវាយប្រហារដោយភេរវកម្ម ដូច្នេះហាមមិនឲ្យសាធារណៈជនចូលនោះទេ។ តំបន់​នេះ​ហ៊ុមព័ទ្ធ​ដោយ​របង និង​លួស​បន្លា​សម្រាប់ហាមឃាត់។

ជាការពិតណាស់ កាមេរ៉ាក៏ត្រូវបានដំឡើង និងត្រួតពិនិត្យ ២៤/២៤ ផងដែរ។

ក្នុងស្ថានភាពនោះ មានមនុស្សប្រុសស្រីចំនួន ២៤ នាក់បានលួចចូល ហើយត្រូវចាប់ខ្លួន។

នៅពេលដែលបុគ្គលពិនិត្យមើលបានឃើញមនុស្សចំនួន ២៤ នាក់ឡើងរបងដែលមានកម្ពស់ ២,៥ ម៉ែត្រដើម្បីចូលទៅខាងក្នុង ហើយជាការពិតណាស់ គឺ​បាន​ចាត់​ទុក​ថាជនទាំងនេះជាភេរវករ។

ប៉ុន្តែតាមពិតទៅ មិនមែននោះទេ។

ក្នុងចំណោមពួកគេមានពាណិជ្ជករចំនួន ៣ នាក់ និងបុគ្គលិកក្រៅម៉ោង ២១ នាក់ ហើយពួកគេមកគ្រាន់តែដើម្បី​យក​ទំពាំង​ប៉ុណ្ណោះ។

នៅ​ខាង​ក្រៅ​របង​ជា​តំបន់​សេរី ដូច្នេះ​ទំពាំង​នៅ​ទីនោះត្រូវគេយកអស់ហើយ។ ហើយហាក់បី​ដូច​ជា​ពួកគេ​យល់ថា នៅ​ខាង​ក្នុង​របង​មាន​ទំពាំង​ច្រើន ដូច្នេះ​​ហើយ ទើប​ពួក​ឡើង​របង​ប្រថុយ​ចូល​យក​ទំពាំង។

ករណីបំពានខុសច្បាប់បែបនេះគឺមិនត្រឹមត្រូវនោះទេ ប៉ុន្តែពួកគេយល់ថា ប្រហែលជាមិនអី ព្រោះគោលបំណងរបស់​ពួក​គេ​គ្រាន់​តែ​ដើម្បី​យក​ទំពាំង​​ប៉ុណ្ណោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងដ៏កម្រខាងលើនេះ?

ជាការពិតណាស់ ទាំងនេះជាករណីដែលកើតឡើងដោយចៃដន្យ មិនមែន​ជាគម្រោង ឬទម្លាប់នោះទេ ប៉ុន្តែខ្ញុំមិន​មែន​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​មាន​អារម្មណ៍​ថា ​ទាំង​នេះ​​ជារឿងធម្មតា​​ដែល​បាន​កើត​​ឡើង​​ចំពោះ​​ប្រជាជន​​ជប៉ុន​​ប៉ុណ្ណោះ​​ទេ មែន​​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: