ស្វែងរកកំពូល Pokémon ? ឆ្មាសម្បរបីដ៏កម្រនៅប្រទេសជប៉ុន
ស្វែងរកកំពូល Pokémon ? ឆ្មាសម្បរបីដ៏កម្រនៅប្រទេសជប៉ុន។
ពិភពសត្វចិញ្ចឹមមានសត្វជាច្រើនប្រភេទខុសគ្នា និងត្រូវបានយកទៅចិញ្ចឹមអាស្រ័យលើលក្ខខណ្ឌ របៀបរស់នៅរបស់គ្រួសារនីមួយៗ។ ក្នុងនោះមានសត្វចិញ្ចឹមចំនួនពីរប្រភេទដែលទទួលបានការស្រលាញ់ចូលចិត្តយ៉ាងខ្លាំង ហើយត្រូវបានជ្រើសរើសយកទៅចិញ្ចឹមច្រើនបំផុតគឺឆ្កែ និងឆ្មា។
ក្នុងអត្ថបទថ្ងៃនេះ JAPO សូមណែនាំអំពីសត្វឆ្មាដ៏កម្របំផុតនៅប្រទេសជប៉ុន។ ចូរយើងក្រឡេកមើលទាំងអស់គ្នា។
នេះជាប្រភេទឆ្មាដែលមានតម្លៃជាង ២០ លានយ៉េន ដែលស្មើនឹងកំពូល Pokémon ។
ចូរយើងក្រឡេកមកមើលប្រភេទឆ្មាដែលមានតម្លៃថ្លៃកំពុងលាក់ខ្លួនក្នុងចំណោមសត្វឆ្មាធម្មតានៅប្រទេសជប៉ុនទាំងអស់គ្នា។
សត្វឆ្មាក្នុងរូបភាពនេះត្រូវបានគេហៅថា Mike Neko (ឆ្មាសម្បុរបី) ដែលឈ្មោះជាភាសាអង់គ្លេសគឺ Calico គឺជាពូជឆ្មាដែលតែងតែឃើញនៅប្រទេសជប៉ុន។
ឆ្មាទាំងនេះមិនមែនជាជាពូជដាច់ដោយឡែកនោះទេ ប៉ុន្តែកើតចេញពីការរួមបញ្ចូលដោយឆ្មាញីឈ្មោលដែលមានពណ៌ខុសៗគ្នា។
នៅប្រទេសជប៉ុន យើងអាចនឹងមើលឃើញសត្វឆ្មាសម្បុរបីដ៏ស្លូតកំពុងដេកនៅតាមដងផ្លូវ។ ភាគច្រើនសត្វឆ្មាទាំងនេះគ្មានម្ចាស់នោះទេ ហើយត្រូវបានគេហៅថា Nora Neko (ឆ្មាអនាថា) ។
គេនិយាយថា ក្រៅពីប្រទេសជប៉ុនឆ្មាសម្បុរបីកម្រនឹងមើលឃើញនៅកន្លែងផ្សេងណាស់។ ដូច្នេះប្រសិនបើសួរថា តើសត្វឆ្មាសម្បុរបីមានតម្លៃថ្លៃដែរអត់? ដើម្បីឆ្លើយតបសំណួរនេះ ចូរយើងស្វែងយល់អំពីលក្ខណៈពិសេសរបស់ឆ្មាប្រភេទនេះ។
គេនិយាយថា សត្វឆ្មាសម្បុរបីមានតែឆ្មាញីប៉ុណ្ណោះ ចំណុចនេះទាក់ទងនឹងបញ្ហាក្រូម៉ូសូម។
ចំណុចនេះស្ថិតក្នុងដែនកំណត់ជីវវិទ្យា ដូច្នេះប្រសិនបើគិតថាពិបាកយល់ អ្នកទាំងអស់គ្នាគ្រាន់តែយល់យ៉ាងសាមញ្ញថា “មានតែឆ្មាសម្បុរបីញី” ប៉ុណ្ណោះ ចាំតែប៉ុណ្ណឹងបានហើយ។
ឆ្មាកើតមកមានការរួមបញ្ចូលគ្នារវាងហ្សែន O ដែលកំណត់រោមពណ៌ត្នោត ជាមួយនឹងហ្សែន O ដែលកំណត់រោមពណ៌ខ្មៅ។ ហើយការរួមបញ្ចូលគ្នារវាងហ្សែន O ទាំងពីរនេះគឺជាលក្ខខណ្ឌសម្រាប់បង្កើតបានឆ្មាសម្បុរបី។
ហ្សែន O ទាំងពីរនេះសុទ្ធតែមានក្រូម៉ូសូម X ។
សរុបទៅ ប្រសិនបើការរួមបញ្ចូលគ្នារបស់ក្រូម៉ូសូមគឺ XX នោះប្រូបាប៊ីលីតេបង្កើតបានឆ្មាសម្បុរបីមានកម្រិតខ្ពស់ណាស់ ទន្ទឹមនឹងនោះ XX ក៏ជាក្រូម៉ូសូមដែលកំណត់ភេទញីផងដែរ ដូច្នេះលទ្ធផលចុងក្រោយគឺថា ឆ្មាសម្បុរបីដែលកើតមកគឺញី។
XY ដែលជាក្រូម៉ូសូមដែលកំណត់ភេទឈ្មោលមិនត្រូវបានបង្កើតឡើងឡើយ ដែលមានន័យថាមិនមានឆ្មាសម្បុរបីឈ្មោលនោះទេ។
ទោះជាយ៉ាងណា ក្នុងនោះមានករណីដ៏កម្រមួយចំនួន ឆ្មាអាចនឹងកើតមកជាមួយនឹងក្រូម៉ូសូម XXY ។
អាចនិយាយបានថា នេះជាករណីក្រូម៉ូសូមមិនប្រក្រតី ក្នុងនោះ Y គឺជាក្រូម៉ូសូមដែលពាក់ព័ន្ធនឹងការបង្កើតភេទឈ្មោល។
ដូច្នេះការរួមបញ្ចូលគ្នានេះបង្កើតបានជាឆ្មាសម្បុរបីឈ្មោល។
ជាមួយនឹងប្រូបាប៊ីលីតេឆ្មាឈ្មោល ១ លើ ៣០០០ ទៅ ៣ ម៉ឺនក្បាល ដែលមានន័យថា ក្នុងចំណោមឆ្មាសម្បុរបីជាង ៣០០០ ក្បាល ទើបមានឆ្មាសម្បុរបីឈ្មោលមួយក្បាល។
កាលពីមុនធ្លាប់មានករណីឆ្មាសម្បុរបីឈ្មោលមួយក្បាលត្រូវបានគេលក់ក្នុងតម្លៃជាង ២០ លានយ៉េន។
នៅជប៉ុនបានកំណត់យកឆ្មាប្រភេទនេះជាពូជដ៏កម្រតាំងពីយូរយារណាស់មកហើយ។ គេជឿថា ហាងដែលចិញ្ចឹមឆ្មាសម្បុរបីឈ្មោលនឹងទទួលបានភាពរីកចម្រើន និងជោគជ័យ។ ហើយតម្លៃរបស់វាក៏ខ្ពស់ចាប់តាំងពីពេលនោះដែរ។
នៅឆ្នាំ ១៩៥៦ ក្នុងបេសកកម្មទៅកាន់អង់តាក់ទិកដំបូងរបស់ជប៉ុន គឺមានការរួមដំណើររបស់ឆ្មាសម្បុរបីឈ្មោលមួយក្បាល ដោយបានចុះចតនៅលើទ្វីបអង់តាក់ទិក ហើយឆ្លងកាត់រដូវរងានៅទីនោះ។
ឆ្មាសម្បុរបីមាននៅគ្រប់ទីកន្លែងតាមដងផ្លូវនៅក្នុងប្រទេសជប៉ុន។ ក្នុងចំណោមនោះ ប្រហែលជាមានឆ្មាសម្បុរបីឈ្មោលមួយក្បាលដែលមានតម្លៃជាង ២០ លានយ៉េន។
តើ Pokémon ឆ្មាសម្បុរបីអាចនឹងត្រូវបានរកឃើញដែរទេ? ប្រសិនបើយើងមានឳកាសទៅលេងប្រទេសជប៉ុន។ នោះប្រាកដជាដំណើរកម្សាន្តដ៏គួរឲ្យចាប់អារម្មណ៍បំផុតហើយ ស្រដៀងនឹងដំណើរផ្សងព្រេងទៅរកកំណប់ដែលអ្នកទាំងអស់គ្នាតែងតែឃើញក្នុងល្បែងកម្សាន្តមួយចំនួនដូចជា Mario ឬ Treasure Hunter ជាដើម។
Abe Kengo