លោក Kurosawa Akira – ជា​បុគ្គល​ម្នាក់​ដែល​បាន​លះ​បង់​យ៉ាងច្រើន​សម្រាប់​វិស័យ​ភាព​យន្ត

លោក Kurosawa Akira – ជាបុគ្គលម្នាក់ដែលបានលះបង់យ៉ាងច្រើនសម្រាប់វិស័យភាពយន្ត។

នៅពេលដែលនិយាយពីភាពយន្ត មនុស្សម្នាក់ៗមានចំណូលចិត្តខុសៗគ្នា។ ខ្ញុំគិតថា ប្រហែលជាអ្នកទាំងអស់គ្នាមិន​សូវ​ជា​មើល​រឿង​ជប៉ុន​នោះ​ទេ។ សព្វ​ថ្ងៃ​នេះ ខ្សែ​ភាព​យន្ត​ដែល​ល្បីៗ​ភាគ​ច្រើន​មក​ពី​អាមេរិក ចិន និង​កូរ៉េ។

យ៉ាងណាមិញ កាលពីមុននៅជប៉ុនក៏ធ្លាប់មានអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះម្នាក់លើពិភពលោក ដែលមានឈ្មោះថា Kurosawa Akira ជាបុគ្គលដែលត្រូវបានគេចាត់ទុកថាមានឥទ្ធិពល​មក​លើ​អ្នក​ដឹក​នាំ​រឿង​ល្បីៗមួយចំនួននៅលើពិភព​លោក​ដូច​ជា Steven Spielberg ឬ George Lucas ។

នៅពេលដែលរំលឹកពី George Lucas យើងនឹងគិតភ្លាមដល់ STAR WARS ដែលជាខ្សែភាពយន្តរបស់លោក ប៉ុន្តែ​តើ​អ្នក​មាន​អារម្មណ៍​ថា​មាន​ចំណុច​លម្អិត​ជា​ច្រើន​រំលឹក​ដល់​រូបភាព​របស់​សាមូរ៉ៃ​ជប៉ុន​ដែរ​ទេ?

ចំណុចទាំងនេះដោយសារតែឥទ្ធិពលនៃខ្សែភាពយន្តរបស់លោក Kurosawa Akira ដែលជាកំពូលអ្នកដឹកនាំរឿងមួយ​រូប។

ទោះជាយ៉ាងណា ដើម្បីផលិតបានភាពយន្តដែលល្អមើល គាត់ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង និងបង្ហាញពីសកម្មភាព​មិន​ធម្មតា​មួយ​ចំនួន។

ក្នុងអត្តបទថ្ងៃនេះ យើងនឹងក្រឡេកមកមើលពីសកម្មភាពចម្លែកមួយចំនួនដែលលោក Kurosawa Akira យល់​ថា ប្រសិន​បើ​មិន​ធ្វើ​សកម្មភាព​ទាំង​នោះ ប្រាកដ​ជា​មិន​អាច​បង្កើត​បាន​ជា​សិល្បៈ​ឡើយ។

ដូច្នេះហើយ ប្រិយមិត្តទាំងឡាយដែលចូលចិត្តសិល្បៈ ប្រហែលជាស្នាដៃសិល្បៈរបស់អ្នកទាំងអស់គ្នាអាចនឹងផ្លាស់ប្តូរ ប្រសិន​បើ​បញ្ចូល​សកម្មភាព​ចម្លែក​ទាំង​នេះ?

រង់ចាំអាកាសធាតុរយៈពេលមួយសប្តាហ៍

នេះជាភាគមួយដែលចំណាយពេលវេលាយ៉ាងច្រើន ដោយគ្រាន់តែថតឈុតធម្មតាប៉ុណ្ណោះ។ ឈុតដែលត្រូវថតនោះគឺ៖ នៅពេលព្រឹក បើកបង្អួច ហើយមើលថ្ងៃរះ។

ដើម្បីថតបានឈុតឆាកដែលស្អាត តម្រូវឲ្យមានពន្លឺថ្ងៃខ្លាំងជះមកពីខាងក្រៅ។

ដោយមិនប្រើអំពូលភ្លើងសម្រាប់ជំនួស លោក Kurosawa Akira បានកំណត់យកពន្លឺព្រះអាទិត្យនៅពេលព្រឹក។

ដូច្នេះប្រសិនបើផ្ទៃមេឃមានពពកបាំងត្រឹមតែបន្តិច ក៏ឈុតឆាកដែលថតនោះមិនអាចសម្រេចបានដែរ ហើយត្រូវថតឡើងវិញនៅថ្ងៃស្អែក។ ត្រឹមចំណុចនេះត្រូវថតឡើងវិញម្តងហើយម្តងទៀត។

ម្យ៉ាងវិញទៀត លោកថែមទាំងបានកំណត់ថា ប្រសិនបើនោះជាឈុតឆាកថ្ងៃរះ បែរជាប្រើពន្លឺព្រះអាទិត្យពេលល្ងាចមកជំនួសក៏មិនបានដែរ។

ដូច្នេះហើយ ដោយសារតែអាកាសធាតុមិនល្អ ក្រុមការងារទាំងមូលត្រូវរង់ចាំពេញមួយសប្តាហ៍ដើម្បីថតឈុតឆាកក្នុងផ្ទះ ហេតុនេះទើបមិនអាចបញ្ចប់​ការ​ថត​តាម​កាល​វិភាគ។

ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍ជាបន្តបន្ទាប់ក៏រងផលប៉ះពាល់ និងបញ្ហាផងដែរ។

គ្មានអ្វីទាំងអស់ក្នុងថតទូរ

ទិដ្ឋភាពគ្រឿងសង្ហារិមតែងតែមានក្នុងឈុតឆាកដែលថតនៅខាងក្នុងផ្ទះ និងបន្ទប់។

លោក Kurosawa Akira បានខឹងនឹងបុគ្គលដែលរៀបចំកន្លែងថត ព្រោះថាបុគ្គលរូបនោះមិនបានដាក់អ្វីទាំងអស់ក្នុងថតទូរ ដោយសារបុគ្គលគិតថា ប្រសិនបើមិនថតឈុតឆាកបើកទូរ ដូច្នេះមិនដាក់របស់នៅខាងក្នុងក៏បានដែរ។

បរិមាណ និងទម្ងន់ទូរដែលមានរបស់របរនៅខាងក្នុងបើប្រៀបធៀបទៅនឹងទូទទេគឺខុសគ្នាទាំងស្រុង។

ហើយគេអាចមើលឃើញពីស្ថានភាពទម្ងន់ពិត ឬមិនពិតរបស់ទូរទាំងនោះតាមរយៈស្នាមនៅលើកកន្ទេលដែលក្រាល​​ខាង​​ក្រោម ដោយ​​សារ​ត្រូវ​​​ទូរ​​​សង្កត់​​​ពី​​​លើ។

ទោះជាយ៉ាងណា មិនមានឈុតឆាកថតជិតកន្ទេលដែលបាននិយាយខាងលើនោះទេ។

លោកខឹងព្រោះថា ប្រសិនបើនៅខាងក្នុងផ្ទះមិនមានរបស់របរគ្រប់គ្រាន់ប្រៀបដូចជាកន្លែងរស់នៅពិតប្រាកដ ដូច្នេះ​ឈុត​ឆាក​ដែល​ថត​ក៏​មើល​ទៅ​មិន​ជាក់​ស្តែង​នោះ​ដែរ។

សេះគ្មានសមត្ថភាពសម្ដែងទាល់តែសោះ

ក្នុងឈុតឆាកជិះសេះ លោក Kurosawa Akira ស្រាប់តែខឹងយ៉ាងខ្លាំង៖

“សេះមួយក្បាលនេះមិនចេះសម្តែងទាល់តែសោះ” ។

ជាការពិតណាស់ ព្រោះវាគ្រាន់តែជាសេះមួយក្បាល មិនមែនមនុស្សនោះទេ ធ្វើយ៉ាងណាចេះសម្តែងទៅ។

នៅពេលនោះតារាសម្តែងស្ថិតក្នុងស្ថានភាពពិបាក ត្រឹមតែអាចអង្អែលសេះមួយក្បាលនោះ ហើយលួង​លោម​វា​ប៉ុណ្ណោះ។

លោក Kurosawa Akira កាន់តែខឹងយ៉ាងខ្លាំង៖

“តើអ្នកធ្វើយ៉ាងណាអាចគ្រប់គ្រងសេះមួយក្បាលនោះ និងធ្វើឲ្យវាព្រមសហការថតជាមួយអ្នក” ។

សេះមួយក្បាលនោះហាក់បីដូចជាដឹងពីអារម្មណ៍ខឹងរបស់លោក Kurosawa ទើបគេចចេញដើម្បីជៀសវាង​ពីក្រសែភ្នែក​របស់​លោក​នៅ​កន្លែង​ថត។

បើនិយាយពីអ្នកដឹកនាំរឿងដែលខឹងសូម្បីតែសេះប្រហែលជាមិនច្រើននោះទេ។

អ្នកដឹកនាំរឿងមួយរូបដែលមិនខ្វល់ពីបញ្ហាទាំងអស់ដូចជាថវិកា និងកាលវិភាគ ដោយគ្រាន់តែផ្តោតលើការផលិត​ស្នាដៃ​ដែល​ល្អ​បំផុត។ ពិត​ជា​ចម្លែក​ណាស់​មែន​ទេ?

ទោះជាយ៉ាងណា លទ្ធផលដែលផលិតចេញពីសកម្មភាពចម្លែកមួយចំនួនរបស់អ្នកដឹកនាំរឿង តាមរយៈរូបភាពដែល​​បាន​បង្ហាញ រហូតមកដល់សព្វថ្ងៃនេះ លោក Kurosawa Akira នៅតែមានអ្នកគាំទ្រមួយចំនួនធំនៅហូលីវូដ និង​​ក្នុង​​វិស័យ​​ភាព​​យន្ត​​ផង​​ដែរ។

បុគ្គលិក និងតារាសម្ដែងដែលធ្វើការជាមួយលោក Kurosawa Akira បាននិយាយថា ពួកគេស្ទើរតែបានភ្លក់រស​ជាតិ​នរក​នៅ​ពេល​ដែល​ធ្វើ​ការ​ជា​មួយ​លោក ប៉ុន្តែ​ពួក​គេ​មាន​អារម្មណ៍​ពេញ​ចិត្ត ដោយ​សារ​តែ​ពួក​គេ​អាច​បង្កើត​ស្នាដៃ​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​នៅ​លើ​ពិភព​លោក។

ស្នាដៃរបស់លោក Kurosawa Akira សុទ្ធតែជាស្នាដៃដែលយូរយារណាស់មកហើយ ដូច្នេះទើបមិនមានបច្ចេកវិទ្យាក្រាហ្វិក​ពណ៌​ដូច​ភាព​យន្ត​សព្វ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​ជា​ខ្សែ​ភាព​យន្ត​សខ្មៅ។

យ៉ាង​ណា​មិញ ប្រាកដណាស់ ទាំងនោះជាភាពយន្តដែលទទួលបានការពេញចិត្តពីអ្នកអាជីពខាងវិស័យភាពយន្ត។

មិនដូចជាពីមុននោះទេ ឥឡូវនេះ ការគ្រប់គ្រងកាលវិភាគ និងថវិកាពិតជាសំខាន់ខ្លាំងណាស់ ដូច្នេះហាក់បីដូចជាគ្មាននរណាម្នាក់អាចធ្វើរឿងដូចនេះនោះទេ បើទោះបីជាពួកគេចង់ក៏ដោយ។

ស្នាដៃដែលល្បីបំផុតរបស់លោកគឺ “Seven Samurai” ប៉ុន្តែស្នាដៃដែលខ្ញុំចូលចិត្តបំផុតគឺ “Rashomon” ។

ជាពិសេស ក្នុង Rashomon ចំណុចដែលចម្លែកខុសគេត្រូវបានបង្ហាញតាមរយៈអេក្រង់ ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? ខ្ញុំពិតជារីករាយណាស់ ដែលទទួលបាន​មតិយោបល់របស់អ្នកទាំងអស់គ្នាបន្ទាប់​​​ពី​​​បាន​​​មើល​​ភាព​យន្ត​​ខាង​​លើ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: