និទាឃរដូវជារដូវកាលឃ្លាតឆ្ងាយ ផ្កាសាគូរ៉ាតំណាងឲ្យភាពព្រាត់ប្រាស
និទាឃរដូវជារដូវកាលឃ្លាតឆ្ងាយ ផ្កាសាគូរ៉ាតំណាងឲ្យភាពព្រាត់ប្រាស។
ចុងខែមីនា និងខែមេសាជារៀងរាល់ឆ្នាំ គឺជារដូវផ្កាសាគូរ៉ារីកស្គុះស្គាយយ៉ាងស្អាត។ ផ្ការីកមុនពេលចេញស្លឹក ចំណុចនេះធ្វើឲ្យសម្រស់របស់ផ្កាកាន់តែលេចធ្លោ ដូច្នេះទើបទាក់ទាញការស្រលាញ់ចូលចិត្តនៅទូទាំងពិភពលោក។
យ៉ាងណាមិញ តើអ្នកទាំងអស់គ្នាដឹងទេថាផ្កាសាគូរ៉ាតំណាងឲ្យភាពព្រាត់ប្រាសដែរទេ?
តាមពិតទៅ ផ្កាប្រភេទនេះបង្កប់អត្តន័យក្រៀមក្រំ។ ដូច្នេះក្នុងអត្តបទថ្ងៃនេះ ខ្ញុំនឹងបកស្រាយពីចំណុចនេះ យើងនឹងតាមដានទាំងអស់គ្នា។
ខែមីនាគឺជារដូវកាលលាគ្នា
នៅប្រទេសជប៉ុន សាលារៀន ក្រុមហ៊ុន និងរដ្ឋាភិបាលតែងផ្លាស់ប្តូរឆ្នាំសិក្សា ឬឆ្នាំសារពើពន្ធនៅថ្ងៃទី ១ ខែមេសា។ ហើយចាប់ផ្តើមឆ្នាំសារពើពន្ធថ្មី។
ចំណុចនេះមានន័យថា នៅចុងខែមីនាសិស្សានុសិស្សត្រូវលាមិត្តរួមថ្នាក់របស់ខ្លួន ហើយចាប់ផ្តើមឆ្នាំសិក្សាថ្មី ឬឡើងថ្នាក់។
តាមបណ្តាក្រុមហ៊ុន អំឡុងពេលនេះក៏ជាពេលវេលាដែលមនុស្សជាច្រើននឹងផ្លាស់ប្តូរកន្លែងធ្វើការ ដូច្នេះសម្រាប់មនុស្សពេញវ័យ គឺជាពេលដែលត្រូវនិយាយលាមិត្តរួមការងារដែលបានរួមដំណើរ និងធ្វើការជាមួយគ្នា។
ដូច្នេះហើយ ខែមីនាជារដូវកាលលាគ្នា ហើយផ្កាសាគូរ៉ាប្រភេទនេះចេញផ្កាអំឡុងខែមីនាក៏តំណាងឲ្យភាពព្រាត់ប្រាសផងដែរ។
ត្របកផ្កាស្រពោន ជាតំណាងដ៏ល្អឥតខ្ចោះរបស់សាមូរ៉ៃមួយរូប
វិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តស្លាប់របស់សាមូរ៉ៃគឺ “Seppuku” ដែលខ្ញុំបានលើកឡើងក្នុងអត្តបទមុន។
តាមពិតទៅ Seppuku មិនមែនជាការដាក់ទោសនោះទេ ប៉ុន្តែជាទម្រង់នៃការស្លាប់ដ៏មានមោទនភាពសម្រាប់សាមូរ៉ៃ។
នៅប្រទេសជប៉ុន គេនិយាយថា ភាពស្មោះត្រង់របស់មនុស្សម្នាក់ត្រូវបានរកឃើញនៅក្នុងពោះ ដូច្នេះសកម្មភាពវះពោះខ្លួនឯង គឺជាពិធីមួយសម្រាប់បញ្ជាក់ថា មនុស្សម្នាក់នោះមិននិយាយកុហក។
ដូច្នេះហើយ ក្នុងករណីប្រសិនបើម្នាក់នោះជាជនល្មើស ពួកគេមិនត្រូវបានអនុញ្ញាតឲ្យធ្វើពិធីវះពោះនោះទេ ប៉ុន្តែត្រូវកាត់ក្បាល។
នៅពេលដែលឈុតឆាក Seppuku ត្រូវបានចាក់ផ្សាយក្នុងខ្សែភាពយន្ត ទិដ្ឋភាពត្របកផ្កាសាគូរ៉ាជ្រុះធ្លាក់តែងតែកើតឡើងនៅពីក្រោយ។
ផ្កាសាគូរ៉ាដែលរីកក្នុងពេលជាមួយគ្នានោះ ក៏ត្រូវខ្យល់បក់ធ្លាក់ព្រមគ្នាផងដែរ។
ឧទាហរណ៍ប្រភេទផ្កាផ្សេងទៀតដូចជាផ្កាកុលាប ត្របកផ្កាមិនធ្លាក់ទាំងដែលផ្កាប្រែទៅជាពណ៌ត្នោត ហើយរលួយក៏ដោយ ប៉ុន្តែផ្កាសាគូរ៉ាបែរជាបញ្ចប់វដ្តជីវិតយ៉ាងឆាប់នៅពេលដែលមានខ្យល់បក់ឆ្លងកាត់។
សាមូរ៉ៃនឹងស្លៀកឈុត Kimono ពណ៌សនៅពេលដែលអនុវត្តពិធី Seppuku ក្នុងភាសាជប៉ុនហៅថា Shini Shozoku ជាប្រភេទសម្លៀកបំពាក់ដែលត្រៀមសម្រាប់សេចក្តីស្លាប់។
នៅខាងក្នុងសម្លៀកបំពាក់នោះ ឈាមស្រក់ដោយស្ងៀមស្ងាត់។
ចំណែកឯផ្កាសាគូរ៉ាក៏មានពណ៌សលាយជាមួយនឹងពណ៌ផ្កាឈូកបន្តិចដែរ។
ត្រង់កន្លែងដែលមានពណ៌ផ្កាឈូកទាំងនោះធ្វើឲ្យយើងនឹកស្រមៃដល់តំណក់ឈាមស្រស់ហូរជ្រាបក្នុងក្រណាត់ស។
ចំណុចនេះបង្កើតបានជាទំនាក់ទំនង ផ្សារភ្ជាប់រវាងទិដ្ឋភាពផ្កាធ្លាក់ និងសេចក្តីស្លាប់ដ៏ថ្លៃថ្នូរបស់សាមូរ៉ៃបើតាមទស្សនៈរបស់ប្រជាជនជប៉ុន។
សេចក្តីស្លាប់ប្រៀបដូចជាការឃ្លាតឆ្ងាយ។
ហើយវាបានធ្វើឲ្យខ្ញុំគិតដល់ការកើតជាថ្មី។
ផ្កាសាគូរ៉ាស្អាតនៅកន្លែងដែលមានវិញ្ញាណប្រមូលផ្តុំច្រើន ដូចជាទីបញ្ចុះសពជាដើម
តើអ្នកទាំងអស់គ្នាស្គាល់ទីសក្ការបូជា Yasukuni នៅ Tokyo ដែរទេ?
នេះជាទីសក្ការបូជាសម្រាប់អ្នកដែលបានលះបង់ជីវិតការពារប្រទេសជប៉ុន។
ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ពាក្យស្លោករបស់ទាហាននិយាយថា “ជួបគ្នានៅក្រោមម្លប់ផ្កាសាគូរ៉ានៅ Yasukuni” ។
ព្រលឹងរបស់អ្នកដែលបានប្រយុទ្ធដើម្បីប្រទេសជាតិនឹងវិលត្រឡប់ទៅកាន់ទីសក្ការៈបូជា Yasukuni ដូច្នេះនេះគឺជាពាក្យស្លោករបស់អ្នកចម្បាំងដែលបានលះបង់ដើម្បីប្រទេស ដោយសង្ឃឹមថាអាចជួយជុំគ្នាទោះក្នុងពិភពមួយផ្សេងក៏ដោយ។
ក្រៅពីនេះ ឧទ្យាន Ueno ក៏ជាកន្លែងសម្រាប់គយគន់ផ្កាសាគូរ៉ាដ៏ល្បីផងដែរ។
ហើយទីនេះក៏ធ្លាប់ជាកន្លែងប្រយុទ្ធគ្នាយ៉ាងសាហាវដើម្បីការពារប្រទេសនាចុងសម័យសាមូរ៉ៃ។
ពិតជាចៃដន្យណាស់ ផ្កាសាគូរ៉ារីកយ៉ាងស្រស់ស្អាតនៅកន្លែងដែលប្រមូលផ្តុំទៅដោយមនុស្សដែលមានទឹកចិត្តខ្ពង់ខ្ពស់ និងសុចរិត តែងតែព្យាយាមការពារប្រទេសជាតិ។
គេនិយាយថា ក្នុងដូវផ្ការីក ខណៈពេលដែលមនុស្សជាច្រើនប្រមូលផ្តុំគ្នានៅក្រោមម្លប់ផ្កាសាគូរ៉ាដ៏ស្រស់ស្អាតទាំងនោះ ហើយផឹកស្រា អ្នកដែលបានស្លាប់ទៅក៏កំពុងមើលឃើញនៅលើមេឃដែរ។
មនុស្សជាច្រើននៅតែស្រលាញ់ចូលចិត្តផ្កាសាគូរ៉ាជប៉ុន ទាំងដែលអត្តន័យរបស់ផ្កាសាគូរ៉ាមួយផ្នែកទាក់ទងនឹងសេចក្តីស្លាប់ក៏ដោយ។
ប្រសិនបើអ្នកទាំងអស់គ្នាសាកល្បងដាក់ខ្លួនក្នុងស្ថានភាពរបស់ប្រជាជនជប៉ុន ហើយគិតដល់រឿងដែលខ្ញុំបានរៀបរាប់អំឡុងពេលគយគន់ផ្កាសាគូរ៉ា ប្រហែលជាអារម្មណ៍ដែលមានចំពោះភាពស្រស់ស្អាតរបស់ផ្កាសាគូរ៉ានឹងកាន់តែច្រើនឡើង។
Abe Kengo