តើពាណិជ្ជសញ្ញាទាំង​នេះ​មាន​អត្តន័យ​យ៉ាង​ណា? ប្រភព​ដើម និង​ប្រវត្តិ​នៅ​ពី​ក្រោយ​អាជីវកម្ម​ល្បី

តើពាណិជ្ជសញ្ញាទាំងនេះមានអត្តន័យយ៉ាងណា? ប្រភពដើម និងប្រវត្តិនៅពីក្រោយអាជីវកម្មល្បី។

ក្រុមហ៊ុនជប៉ុនជាច្រើនដាក់ឈ្មោះរាងចម្លែកបន្តិច ដូចជាឈ្មោះដែលស្តាប់ទៅដូចភាសាអង់គ្លេស ប៉ុន្តែបែរជាមិន​មែន​ជា​ភាសា​អង់គ្លេស។

ប្រាកដជាគួរឲ្យចាប់អារម្មណ៍ណាស់ប្រសិនបើយើងដឹងពីប្រភពដើមរបស់ឈ្មោះទាំងនេះមែនទេប្រិយមិត្ត?

នៅពេលដែលបានដឹង អ្នកទាំងអស់គ្នាអាចបង្កើតជាសំណួរដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់សាកសួរមិត្តភក្តិនៅពេលដែល​មាន​ឳកាស​ជួប​ជុំ​គ្នា ហើយ​អ្នក​ប្រាកដ​ជា​ឈ្នះ។

ចូរយើងស្វែងយល់ទាំងអស់គ្នា!

Canon

Canon គឺជាម៉ាកកាមេរ៉ាលំដាប់ពិភពលោក។

ប្រភពដើមនៃឈ្មោះនេះគឺពាក្យ “Kannon” ដែលយកតាមព្រះនាមរបស់ព្រះពោធិសត្វ Kannon ជាព្រះមួយអង្គក្នុង​ចំណោម​ព្រះ​ពុទ្ធ​សាសនា ជា​មួយ​នឹង​គោល​បំណង​ផលិត​កាមេរ៉ា​ដែល​ល្អ​ជាង​គេ​លើ​ពិភព​លោក។

ដោយចាប់ផ្តើមពីចំណុចនេះ ក្រុមហ៊ុនត្រូវបានដាក់ឈ្មោះថា Canon ។

ជាមួយនឹងគោលបំណងនេះ ពួកគេបាន និងកំពុងផលិតកាមេរ៉ាដែលល្អជាងគេនៅលើពិភពលោករហូតមកដល់សព្វ​ថ្ងៃ​នេះ។

MINOLTA

ប្រសិនបើអ្នកមានចំណូលចិត្តខាងផ្នែក Photographer នេះប្រហែលជាម៉ាកយីហោដែលអ្នកទាំងអស់គ្នាស្គាល់។

បច្ចុប្បន្ននេះ ក្រុមហ៊ុនត្រូវបានដាក់បញ្ចូល និងប្តូរឈ្មោះទៅជា KONICA MINOLTA ប៉ុន្តែពីមុនក្រុមហ៊ុនមានឈ្មោះ​ថា “実る田んぼ” – ប្រែ​ថា “Minoru Tanbo” ។

គឺជាឈ្មោះដែលបង្ហាញពីប្រផ្នូលល្អ។

Bridgestone

នេះគឺជាពាណិជ្ជសញ្ញាដែលតំណាងឲ្យជប៉ុនខាង​វិស័យ​ផលិតសំបកកង់។

ដែលស្ថាបនិកគឺជាលោក Ishibashi ។

ប្រសិនបើអ្នកជាមនុស្សដែលសង្កេតមើលល្អិតល្អន់ អ្នកទាំងអស់គ្នាប្រាកដជាដឹង នេះជាឈ្មោះរបស់លោក Ishibashi ដែល​បក​ប្រែ​ជា​ភាសា​អង់គ្លេស ហើយ​ដាក់​បញ្ច្រាស​អក្សរ។

Ishibashi បកប្រែជាភាសាអង់គ្លេសគឺ Stone Bridge បន្ទាប់មកប្តូរទៅជា Bridgestone ។

DHC

DHC ក៏ពេញនិយមនៅប្រទេសកម្ពុជាណាស់ដែរ ដោយមានដូចជាផលិតផលអាហារបំប៉នសុខភាព។

នេះជាអក្សរកាត់ដែលមកពីពាក្យ Daigaku Honyaku Center ។

ដំបូងឡើយ ក្រុមហ៊ុននេះចាប់ផ្តើមអាជីវកម្មខាងផ្នែកបកប្រែ ដូច្នេះទើបមានឈ្មោះបែបនេះ។

Studio GHIBLI

គឺជាក្រុមហ៊ុនផលិតរឿងគំនូរជីវចលដែលល្បីនៅលើពិភពលោក។

GHIBLI មានន័យថា៖ ខ្យល់ក្តៅបក់លើវាលខ្សាច់សាហារ៉ា។

ប្រហែលជាឈ្មោះនេះមានន័យថា “បង្កើតកេរ្តិ៍ឈ្មោះខាងវិស័យ Anime ជប៉ុន” 

ស្តាប់ទៅពិតជាឡូយណាស់មែនទេអ្នកទាំងអស់គ្នា?

ម្យ៉ាងវិញទៀត GHIBLI ក៏ជាឈ្មោះនៃប្រភេទយន្តហោះទម្លាក់គ្រាប់បែកឈ្លបយកការណ៍របស់កងទ័ពអុីតាលីផង​ដែរ។

តាមរយៈរឿងគំនូរជីវចល Porco Rosso អ្នកទាំងអស់គ្នាអាចមើលឃើញថា ស្ថាបនិកជាមនុស្សដែលចូលចិត្តយន្ត​ហោះ។

SHARP

គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជប៉ុនដែលល្បីឈ្មោះខាងផ្នែកឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ហើយក៏ល្បីខាងផ្នែកបន្ទះសូឡាផងដែរ។

ទោះជាយ៉ាងណា ផលិតផលដំបូងដែលក្រុមហ៊ុននេះផលិតមានឈ្មោះជាភាសាអង់គ្លេសថា Mechanical Pencil ។ ជាភាសា​ជប៉ុន​គឺ シャープペン – ប្រែ​ថា៖ ខ្មៅ​ដៃ​​មេកានិច។

និយាយឲ្យសាមញ្ញទៅ នេះជាប្រភេទខ្មៅដៃចុចដែលយើងតែងតែប្រើប្រាស់។

និយាយអញ្ចឹង SHARP គឺជាក្រុមហ៊ុនដំបូងគេលើពិភពលោកដែលផលិតខ្មៅដៃប្រភេទនេះ។

តើចំណុចនេះលើសពីការស្មានរបស់អ្នកទាំងអស់គ្នាដែរទេ?

BANDAI

ប្រិយមិត្តដែលចូលចិត្ត Gundam ប្រាកដជាស្គាល់ឈ្មោះក្រុមហ៊ុននេះ ដែលជារឿងគំនូរជីវចលនិយាយពីមនុស្សយន្ត។

តាមពិតទៅ ឈ្មោះនេះមានប្រភពមកពីភាសាចិន។

នៅពេលដែលបង្កើតឡើងក្រុមហ៊ុនមានឈ្មោះថា Bandai – ya ។

ពាក្យ “Bandai” មកពីភាសាចិនដែលមានន័យថា “មិនផ្លាស់ប្តូរជារៀងរហូត” ។

Nintendo 

គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលជោគជ័យខ្លាំងខាងវិស័យផលិតវីដេអូហ្គេម។

Nintendo ក្នុងអក្សរ Han ត្រូវបានសរសេរថា 任天堂 ។

ឈ្មោះនេះត្រូវបានដាក់ដែល​មានន័យថា “សំណាងបានមកពីស្ថានសួគ៌” ហើយនេះក៏ជាឈ្មោះដែលរួម​បញ្ចូលកត្តាល្បែងស៊ីសង​​ផង​ដែរ។

ចំណុចនេះដោយសារតែ ដើមឡើយនេះជាក្រុមហ៊ុនផលិត​កាត​ដែល​ប្រើ​ក្នុង​ល្បែងជប៉ុនមានឈ្មោះថា Hanafuda ។

តើអ្វីដែលក្រុមហ៊ុន Nintendo មានដូចសព្វថ្ងៃគឺពឹងលើជោគជ័យដ៏ធំខាងវិស័យល្បែងមែនដែរទេ?

Lotte

ប្រហែលជាក្នុងចំណោមអ្នកទាំងអស់គ្នាធ្លាប់គិតថា Lotte គឺជាក្រុមហ៊ុនកូរ៉េ។ ជាក់ស្តែង ក្រុមហ៊ុននេះត្រូវបានបង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន។

និយាយឲ្យចំទៅ នេះគឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយជនជាតិកូរ៉េនៅប្រទេសជប៉ុន។

ឈ្មោះនេះផ្តើមមកពីឈ្មោះរបស់តួឯកស្រីក្នុងស្នាដៃរបស់ Johann Wolfgang von Goethe ដែលជាប្រលោមលោក The Sorrows of Young Werther – ប្រែ​ថា៖ ភាព​ឈឺ​ចាប់​របស់ Werther ។

តើអ្នកទាំងអស់គ្នាធ្លាប់អានសៀវភៅមួយក្បាលនេះដែរទេ?

ប្រលោមលោកនេះនិយាយពីភាពឈឺចាប់របស់បុរសវ័យក្មេងម្នាក់ដែលធ្លាក់​ក្នុងអន្លង់ស្នេហ៍តែម្នាក់ឯង។

ហើយនេះក៏ជាស្នាដៃនិពន្ធដែលខ្ញុំចូលចិត្តណាស់ដែរ ប្រសិនបើមានពេល អ្នកទាំងអស់គ្នាអាចអាន។

ក្នុង​ចំណោម​អាជីវកម្ម​ដែល​ខ្ញុំ​រៀបរាប់ខាងលើ តើអ្នកស្គាល់បានប៉ុន្មានអាជីវកម្ម និងអត្តន័យរបស់អាជីវកម្មទាំងនោះ?

តើពាណិជ្ជសញ្ញាទាំងនោះពិតជាមានអត្តន័យដូច្នេះ ឬនោះគ្រាន់តែជាការរកនឹករបស់ខ្ញុំទាំងដែលមិនមានការបញ្ជាក់? អ្នក​ទាំង​អស់​គ្នា​អាច​បញ្ចេញ​មតិយោ​បល់​របស់​ខ្លួន​តាម​រយៈ Comment ខាង​ក្រោម។

ការផ្លាស់ប្តូរឈ្មោះអាជីវកម្មបន្ទាប់ពីក្រុមហ៊ុនបានរីកចម្រើនពិតជាចំណាយប្រាក់ច្រើនណាស់។

ឧទាហរណ៍ដូចជា៖ Panasonic ដែលដើមឡើយមានឈ្មោះថា National ក្រោយមកត្រូវចំណាយប្រាក់ ៣០ ពាន់លានយ៉េន​ដើម្បី​ផ្លាស់​ប្តូរ​ឈ្មោះ​សាជីវកម្ម។

ប្រាកដណាស់ យើងទាំងអស់គ្នាចង់ចាប់ផ្តើមអាជីវកម្មជាមួយនឹងឈ្មោះក្រុមហ៊ុនដែលយើងនឹងប្រើប្រាស់ជារៀងរហូត។ សង្ឃឹម​ថា​នោះ​ជា​ឈ្មោះ​ដែល​មាន​អត្តន័យ ហើយ​​នាំ​មក​នូវ​សំណាង​ល្អ​ដល់​អាជីវកម្ម​របស់​យើង​ទាំង​អស់​គ្នា។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: