តើអ្វីទៅទើបជារឿងដែលសំខាន់ក្នុងជីវិត? ជប៉ុនកំពុងតែប្រឈមនឹងភាពអន់ថយពីមួយថ្ងៃទៅមួយថ្ងៃ
តើអ្វីទៅទើបជារឿងដែលសំខាន់ក្នុងជីវិត? ជប៉ុនកំពុងតែប្រឈមនឹងភាពអន់ថយពីមួយថ្ងៃទៅមួយថ្ងៃ។
ជប៉ុនផ្សារភ្ជាប់នឹងទិដ្ឋភាពនៃប្រទេសដែលមានមនុស្សស្លូតបូត និងចិត្តល្អ។ ប៉ុន្តែគួរឲ្យស្តាយ ចំណុចនេះគ្រាន់តែជារឿងកាលពីអតីតកាលប៉ុណ្ណោះ។
ប្រសិនបើមើលឃើញពីចំណុចមិនល្អទាំងនេះរបស់ជប៉ុននាពេលបច្ចុប្បន្ន ហើយដកយកមេរៀន ខ្ញុំជឿថា អ្នកនឹងធ្វើឲ្យប្រទេសរបស់ខ្លួនកាន់តែប្រសើរឡើង។
ក្នុងអត្តបទនេះ ខ្ញុំនឹងរៀបរាប់ប្រាប់អ្នកទាំងអស់គ្នាទាក់ទងនឹងបញ្ហាគួរឲ្យអាម៉ាស់មួយចំនួននៅជប៉ុនសព្វថ្ងៃ។
មនុស្សដែលមិនអាចជួយគ្នាទៅវិញទៅមក
មានរឿងជាច្រើន ឧទាហរណ៍ដូចជាលើកនេះខ្ញុំនឹងចែករំលែកបទពិសោធផ្ទាល់របស់ខ្លួន។
មានម្តងពេលកំពុងធ្វើដំណើរអាជីវកម្ម ខ្ញុំបានទៅដល់ស្ថានីយ៍ Shibuya នៅ Tokyo ។
ដោយមើលឃើញស្រ្តីជាម្តាយម្នាក់កំពុងត្រៀមដើរចុះជណ្តើរ ដៃកំពុងរុញរទេះក្មេង ដូច្នេះទើបខ្ញុំសួរថា តើខ្ញុំអាចជួយអ្វីបានទេ?
- “ទេ… ខ្ញុំមិនអីទេ” ។
ខ្ញុំមិនត្រឹមតែភ្ញាក់ផ្អើល ថែមទាំងទទួលបានការបដិសេធ។
អ្នកដែលស្គាល់ខ្ញុំសុទ្ធតែដឹង ហើយខ្ញុំក៏យល់ថាមុខរបស់ខ្លួនមិនដូចមនុស្សអាក្រក់នោះទេ។ ដូច្នេះហេតុអ្វីបានជាស្រ្តីម្នាក់នោះបែរជាបដិសេធជំនួយរបស់ខ្ញុំ តើព្រោះតែពួកគេខ្លាចខ្ញុំមែនទេ?
រឿងនេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបន្ទាប់ពីឆ្លងកាត់រឿងបែបនេះ ខ្ញុំមានអារម្មណ៍ថាពិបាកនឹងជួយអ្នកដទៃ។
អ្នកដែលមានអារម្មណ៍ដូចជាខ្ញុំកាន់តែច្រើនឡើង ទំនាក់ទំនងរវាងមនុស្ស និងមនុស្សកាន់តែឆ្ងាយទៅៗ ហើយយើងមិនអាចជួយគ្នាទៅវិញទៅមកបាន។
ត្រូវប្តឹងបន្ទាប់ពីជួយគេ
នៅប្រទេសជប៉ុន ឧបករណ៍ដែលហៅថា AED ត្រូវបានដំឡើងនៅគ្រប់ទីកន្លែង រួមទាំងនៅតាមដងផ្លូវ សាលារៀន និងការិយាល័យ។
ចរន្តអគ្គិសនីត្រូវបានបញ្ជូនចូលរាងកាយមនុស្សដែលមានបេះដូងឈប់លោត តាមរយៈការបិទនៅលើដើមទ្រូង ដោយជួយឲ្យបេះដូងលោតឡើងវិញ។
ជីវិតមនុស្សជាច្រើនត្រូវបានជួយសង្គ្រោះតាមវិធីសាស្រ្តនេះ។
នារីម្នាក់បានដួលសន្លប់នៅតាមផ្លូវក្នុងស្ថានភាពបេះដូងឈប់លោត។ បុរសម្នាក់ប្រទះឃើញនាងក៏បានប្រើ AED ដើម្បីជួយសង្គ្រោះនារីម្នាក់នោះ។ ដោយសារតែឧបករណ៍ប្រភេទនេះត្រូវបិទនៅលើរាងកាយ នៅខាងក្នុងសម្លៀកបំពាក់ មនុស្សនៅជុំវិញបានប្រើសម្លៀកបំពាក់របស់ពួកគេដើម្បីបាំងឲ្យនាង ជៀសវាងកុំឲ្យមនុស្សជាច្រើនមើលឃើញ។
អាយុជីវិតរបស់នារីម្នាក់នោះត្រូវបានជួយសង្គ្រោះ ប៉ុន្តែនៅថ្ងៃបន្ទាប់ ឪពុកម្តាយរបស់ក្មេងស្រីបានប្តឹងបុរសរូបនោះ។
បុរសម្នាក់នោះបាននិយាយថា ការដោះសម្លៀកបំពាក់របស់ក្មេងស្រីនៅចំពោះមុខអ្នកទាំងអស់គ្នាដែលនៅទីនោះគឺជារឿងដែលបង្ខំចិត្ត។
ប្រសិនបើមិនធ្វើដូចនេះ ក្មេងស្រីម្នាក់នោះនឹងស្លាប់ ហើយពួកគេក៏បានព្យាយាមបាំងឲ្យនាងក្នុងចំណោមហ្វូងមនុស្សផងដែរ ប៉ុន្តែលទ្ធផលចិត្តល្អបែរជាទទួលបានពាក្យបណ្តឹងទៅវិញ។
ប៉ូលីសដែលបានទទួលពាក្យបណ្ដឹងក៏មិនល្អប៉ុន្មានដែរ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺ ខ្ញុំមិនយល់ហេតុអ្វីបានជាមនុស្សទាំងនោះបែរជាប្តឹងអ្នកដែលមានគុណជួយសង្គ្រោះជីវិតរបស់ខ្លួនឡើយ។
រឿងហេតុដែលបានកើតឡើងធ្វើឲ្យយើងទាំងអស់គ្នាមិនអាចជួយអ្នកដទៃ ឬអាចនិយាយបានថា លែងហ៊ានជួយមនុស្សស្រី ទោះបីជាពួកគេកំពុងដួលក៏ដោយ។
មិនអាចខឹងនឹងកុមារបានទេ
កាលពីនៅតូច ខ្ញុំធ្លាប់ត្រូវឪពុកម្តាយរបស់មិត្តភ័ក្តិ និងពូមីងអ្នកជិតខាងស្តីបន្ទោសជាច្រើនដង។
លោកគ្រូអ្នកគ្រួដាក់ពិន័យវាយដោយរំពាត់ជាច្រើនដង ហើយស្ទើរតែមិនដឹងថាប៉ុន្មានដងផង។
ប៉ុន្តែនៅសម័យសព្វថ្ងៃ ប្រសិនបើធ្វើរឿងស្រដៀងគ្នានេះ ប្រាកដជាត្រូវឪពុកម្តាយសិស្សប្តឹងភ្លាម។
ឪពុកម្តាយមិនអាចមើលកូនៗរបស់ខ្លួនគ្រប់ពេលនោះទេ ដូច្នេះខ្ញុំគិតថា សង្គមទាំងមូលមានតួនាទីបង្រៀនក្មេងៗ ប៉ុន្តែមនុស្សនៅសម័យសព្វថ្ងៃមិនយល់ពីចំណុចនេះឡើយ។
គ្រូបង្រៀនចង់ខឹងក៏ពិបាកណាស់ដែរ រឿងសិស្សត្រូវគ្រូដាក់ពិន័យមិនមែនជារឿងធំអ្វីឡើយ ប៉ុន្តែឥឡូវនេះបានក្លាយទៅជាបញ្ហាធំ។
គ្រូបង្រៀនជាច្រើននាក់បាត់បង់ការងារដោយសារតែរឿងនេះ។
ស្ថានភាពទាំងនេះច្រើនតែកើតឡើងនៅតំបន់ទីក្រុង ជាពិសេសគឺ Tokyo ។
នៅពេលដែលដំណាក់កាលនគរូបនីយកម្មកាន់តែរីកចម្រើន ចំនួនប្រជាជនកើនឡើង មនុស្សគ្រប់គ្នាចាប់ផ្តើមមានភាពតានតឹង ពួកគេប្រហែលជាមិនអាចរស់នៅចុះសម្រុងនឹងមនុស្សនៅជុំវិញឡើយ។
ជាការពិតណាស់ មិនមែនគ្រប់គ្នាសុទ្ធតែបែបនេះនោះទេ ប៉ុន្តែស្ថានភាពហាក់បីដូចជាមិនល្អប៉ុន្មានទេ។
កម្ពុជាសព្វថ្ងៃនៅតែជាប្រទេសដ៏ស្រស់ស្អាត ជាកន្លែងដែលមានមនុស្សចិត្តល្អ ចេះជួយគ្នាទៅវិញទៅមក។
តាមរយៈអត្ថបទនេះ ខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នានឹងដកយកមេរៀនដ៏មានតម្លៃ កុំបណ្តោយឲ្យរឿងដែលមិនល្អកើតឡើងដូចជាស្ថានភាពនៅទីក្រុង Tokyo សព្វថ្ងៃ ហើយរួមគ្នាជួយដល់ប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង ពោរពេញទៅដោយក្តីស្រលាញ់។
Abe Kengo