ទៀងត្រង់ ឬលាក់ពុត តើប្រជាជនជប៉ុនបង្ហាញពីអារម្មណ៍ពិតខុសពីអ្វីដែលពួកគេនិយាយមែនទេ?
ទៀងត្រង់ ឬលាក់ពុត តើប្រជាជនជប៉ុនបង្ហាញពីអារម្មណ៍ពិតខុសពីអ្វីដែលពួកគេនិយាយមែនទេ?
យើងតែងតែគិតថា នៅពេលដែលយើងស្ទាត់ជំនាញភាសាណាមួយ នោះយើងនឹងដឹងគ្រប់យ៉ាងដែលទាក់ទងនឹងភាសានោះ។ ឧទាហរណ៍ដូចជាពូកែភាសាជប៉ុន នោះយើងនឹងយល់ពីអ្វីដែលប្រជាជនជប៉ុនកំពុងនិយាយ និងគិត។ ប៉ុន្តែតាមពិតទៅ មិនប្រាកដថាដូច្នេះនោះទេ។
តាមពិតទៅ ក្នុងភាសាជប៉ុនមានទាំងរបៀបនិយាយតាមត្រង់ និងរបៀបនិយាយលាក់ពុត។
ប្រជាជនជប៉ុនតែងតែនិយាយកុហកដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកដទៃ។
ដូច្នេះហើយ តើយើងធ្វើយ៉ាងណាអាចបែកចែងមួយណាទើបជាពាក្យពិត?
នៅពេលដែលណាត់លើកក្រោយ តើពិតជាមានលើកក្រោយមែនដែរទេ?
បន្ទាប់ពីដើរលេង ឬបញ្ចប់ការទទួលទានអាហារពេលយប់ ពួកគេនិយាយប្រាប់យើងថា៖
“また今度ね” – ប្រែថា៖ ជួបគ្នាពេលក្រោយ
ចំណុចនេះប្រៀបដូចជាពាក្យគួរសម។
ប្រជាជនជប៉ុនឆ្លើយតបបែបនេះព្រោះតែគិតពីអារម្មណ៍របស់អ្នកដែលត្រូវគេបដិសេធ មានករណីជាច្រើនដែលពួកគេគ្រាន់តែនិយាយដូច្នេះ ប៉ុន្តែតាមពិតទៅ គ្មានលើកក្រោយនោះទេ។
ដូច្នេះតើយើងធ្វើយ៉ាងណាអាចដឹងថាពួកគេកំពុងនិយាយពិតឬអត់?
អ្នកទាំងអស់គ្នាអាចបញ្ជាក់ឡើងវិញតាមរយៈការកំណត់កាលវិភាគសម្រាប់ការណាត់ជួបបន្ទាប់។
ដូច្នេះប្រសិនបើទទួលបានការណាត់ជួបលើកក្រោយ អ្នកទាំងអស់គ្នាគួរតែសួរភ្លាមៗ។
“តើយើងអាចជួបគ្នាម្តងទៀតនៅពេលណា?”
ប្រសិនបើភាគីកំណត់កាលបរិច្ឆេទច្បាស់លាស់មានន័យថា ពួកគេពិតជាចង់ជួបអ្នកម្តងទៀត។
ប្រសិនបើពួកគេស្ទាក់ស្ទើរ ហើយនិយាយថា ពួកគេនឹងទាក់ទងទៅអ្នកនៅពេលដែលមានឳកាស អ្នកទាំងអស់គ្នាអាចចាត់ទុកបានថា នោះគ្រាន់តែជាការសន្យាដោយប្រយោល ហើយកុំរំពឹងអ្វីនាពេលខាងមុខ។
នៅពេលដែលពួកគេនិយាយថា “មិនអីទេ” តើពិតជាមិនអីមែនដែរទេ?
ប្រជាជនជប៉ុនដែលមានឈាមប្រភេទ A ច្រើនតែនិយាយប្រយោគនេះ៖
“ 大丈夫です” – ប្រែថា៖ មិនអីទេ ឬខ្ញុំមិនអីនោះទេ។
មនុស្សជាច្រើននិយាយថាខ្លួនមិនអីនោះទេ ទាំងដែលស្ថានភាពមិនល្អក៏ដោយ។ ហើយក្រោយមក ពួកគេត្រូវរងទុក្ខម្នាក់ឯងព្រោះតែខ្លួនបាននិយាយបែបនេះ។
តាមពិតទៅកំពុងតែមានបញ្ហា។
នេះប្រហែលជាប្រភេទមនុស្សដែលស្មុគស្មាញ ប៉ុន្តែពួកគេធ្វើដូច្នេះក៏ព្រោះតែគំនិតមិនចង់រំខានអ្នកដទៃ។
តើ Kyoto ជាកន្លែងដែលមានភាពលាក់ពុតច្រើនមែនទេ?
សូម្បីតែនៅប្រទេសជប៉ុន ប្រជាជន Kyoto ត្រូវបានគេចាត់ទុកជាប្រភេទមនុស្សដែលមិននិយាយពីគំនិតរបស់ខ្លួនតាមត្រង់។
ឧទាហរណ៍នៅពេលដែលពួកគេនិយាយថា៖
“げんきでいいですね” ប៉ុន្តែមានន័យថា “うるさいわ”
ពួកគេមិនមែនសង្ឃឹមថាអ្នកសុខសប្បាយនោះទេ ប៉ុន្តែកំពុងត្អូញត្អែរចំពោះសំឡេងរំខាន។ ដូច្នេះយើងគួរតែយកចិត្តទុកដាក់ចំណុចនេះ។
នៅពេលខ្លះក្នុងនាមខ្ញុំជាប្រជាជនជប៉ុនដែលមកពី Kyoto ក៏មិនយល់នឹងចំណុចដែលមិនច្បាស់ទាំងនេះដែរ។
នៅពេលដែលពួកគេនិយាយថានឹងពិចារណាឡើងវិញ មានន័យថាពួកគេមិនត្រូវការនោះទេ
នេះជារបៀបនិយាយដែលយើងតែងតែមើលឃើញក្នុងអាជីវកម្ម។
ប្រសិនបើអ្នកផ្តល់យោបល់ ឬសំណើរបស់ខ្លួន ហើយទទួលបានការឆ្លើយតបថា៖
“យើងនឹងពិនិត្យមើលផ្ទៃក្នុង”
ចំណុចនេះមានន័យថា ពួកគេមិនចាប់អារម្មណ៍ចំពោះសំណើខាងលើនោះទេ។
ក្នុងស្ថានភាពនេះ សូមសួរពួកគេថា នៅពេលណាទើបយើងអាចទទួលបានការឆ្លើយតប។ ប្រាស្រ័យទាក់ទងគ្នាឲ្យបានច្បាស់ កំណត់យកពេលវេលាឆ្លើយតបដែលភាគីទាំងពីរបានសម្រេច។
ប្រសិនបើមិនទទួលបានការបញ្ជាក់ច្បាស់លាស់ អ្នកនឹងធ្លាក់ក្នុងស្ថានភាពរង់ចាំដោយគ្មានទីបញ្ចប់ ព្រោះជឿថាពួកគេកំពុងពិចារណា។
ក្នុងភាសាជប៉ុន ការចងចាំអក្សរគឺជារឿងដែលសំខាន់ បើនិយាយពីការលើកដាក់សំឡេងរបស់ប្រជាជនជប៉ុន មិនអាចផ្តោតលើពាក្យសម្តីដែលពួកគេប្រើប៉ុណ្ណោះទេ ប៉ុន្តែត្រូវមើលលើទឹកមុខរបស់ពួកគេផងដែរ បន្ទាប់មក ធ្វើការសន្និដ្ឋានចំពោះអារម្មណ៍ពិតរបស់ពួកគេ។
នេះប្រហែលជាចំណុចដែលពិបាកបំផុតក្នុងភាសាជប៉ុន។
គេនិយាយថា ត្រង់ចំណុចនេះធ្វើឲ្យប្រជាជនជប៉ុនពិបាកនឹងជោគជ័យបើសិនជាធ្វើអាជីវកម្មនៅបរទេស ដូច្នេះនេះជាបញ្ហាមួយក្នុងភាសាជប៉ុន ប៉ុន្តែប្រសិនបើអ្នកកំពុងមានបំណងធ្វើការនៅក្រុមហ៊ុនជប៉ុន ឬដើម្បីប្រាស្រ័យទាក់ទងនឹងប្រជាជនជប៉ុន ដូច្នេះនេះជាចំណុចដែលសំខាន់ត្រូវកត់សម្គាល់។
បន្ទាប់ពីបានអានអត្ថបទនេះ ហើយក្រឡេកទៅមើលបទពិសោធផ្ទាល់របស់ខ្លួនក្នុងជីវិតប្រចាំថ្ងៃ អ្នកប្រាកដជាធ្លាប់ជួបប្រទះស្ថានភាពដូចដែលខ្ញុំទើបតែរៀបរាប់ខាងលើមែនទេ?
អ្នកទាំងអស់គ្នាអាចចែករំលែករឿងរ៉ាវរបស់ខ្លួនតាមរយៈ Comment ខាងក្រោម។
Abe Kengo