ហេតុអ្វីបានជាប្រជាជនជប៉ុនរើសអើងចំពោះរូបសាក់?
ហេតុអ្វីបានជាប្រជាជនជប៉ុនរើសអើងចំពោះរូបសាក់?
នៅប្រទេសជប៉ុន អ្នកដែលមានរូបសាក់មិនអាចចូលកន្លែងសាធារណៈដូចជាអាងហែលទឹក ឬជ្រោះទឹកក្តៅនោះទេ ដោយប្រៀបដូចជារឿងធម្មតាទៅហើយ មិនត្រឹមតែប៉ុណ្ណឹង ប្រសិនបើត្រូវគេប្រទះឃើញរូបសាក់ អ្នកអាចនឹងត្រូវគេបដិសេធនៅពេលដែលដាក់ពាក្យសុំចូលធ្វើការ។
ហេតុអ្វីបានជារូបសាក់បែរជាត្រូវគេមាក់ងាយបែបនេះ? ចូរយើងស្វែងយល់ទាំងអស់គ្នាតាមរយៈអត្តបទខាងក្រោម។
១. ទស្សនៈចំពោះបុគ្គលដែលមានរូបសាក់គឺជា Yakuza
នៅប្រទេសជប៉ុនជប៉ុនមានទស្សនៈមួយកំណត់ថា បុគ្គលដែលមានរូបសាក់សុទ្ធតែជា Yakuza ។
ប្រហែលជាដោយសារតែនៅក្នុងខ្សែភាពយន្ត ភាគច្រើនតួអង្គដែលដើរតួ Yakuza សុទ្ធតែមានរូបសាក់ធំនៅលើខ្លួន ដូច្នេះទើបធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
កាលពីខ្ញុំនៅតូច ប្រហែលជាចុងទសវត្សរ៍ឆ្នាំ ១៩៧០ នៅពេលដែលចូលកន្លែងងូតទឹកសាធារណៈ បុគ្គលដែលមានរូបសាក់ងូតទឹកនៅទីនោះគ្មានបញ្ហាអ្វីឡើយ ប៉ុន្តែនៅពេលដែលប៉ូលីសចាប់ផ្តើមបង្ក្រាប Yakuza ពួកគេជាបុគ្គលដែលគួរតែជៀសវាង មនុស្សគ្រប់គ្នាចាប់ផ្តើមខ្លាចពួកគេ ដូច្នេះអ្នកដែលមានរូបសាក់ទៅងូតទឹកនៅកន្លែងសាធារណៈត្រូវបានហាមឃាត់។
២. តើកាលពីមុនគ្រប់គ្នាសុទ្ធតែមានរូបសាក់មែនទេ?
នៅប្រទេសជប៉ុន ប្រហែលជាកាល ២០០០ ឆ្នាំមុន Tattoo ធ្លាប់ជាទម្រង់នៃភាពស្រស់ស្អាតធម្មតា។
បន្ទាប់មក នៅសតវត្សរ៍ទី ៧ និង ៨ ការយល់ឃើញចំពោះសោភ័ណភាពរបស់ប្រជាជនជប៉ុនបានផ្លាស់ប្តូរ ហើយការស្លៀកពាក់ Kimono បានក្លាយជាបទដ្ឋាន។
ទោះជាយ៉ាងណា រូបសាក់ពេញនិយមឡើងវិញនៅសតវត្សទី ១៧ ក្នុងសម័យ Edo ដែលជាដំណាក់កាលចុងក្រោយនៃសម័យកាលសាមូរ៉ៃ។
៣. ការបញ្ជាក់ពីពាក្យសន្យា និងភស្តុតាងរបស់អ្នកទោស
ប្រហែលជានៅសតវត្សទី ១៧ “irebokuro” ចាប់ផ្តើមពេញនិយម។
ទម្រង់នៃការសាក់ចំណុចតូចៗដែលមើលទៅដូចជាប្រជ្រុយនោះ គឺជារូបសាក់គូស្នេហ៍ដែលតំណាងឲ្យពាក្យស្បថរវាងនារីដែលធ្វើការនៅកន្លែងបម្រើផ្លូវភេទ និងភ្ញៀវ ដែលនិយាយពីអនាគត និងរឿងរ៉ាវស្នេហារបស់ពួកគេ។
បន្ទាប់មក ការនិយមសាក់ឈ្មោះមនុស្សដែលខ្លួនស្រលាញ់ចាប់ផ្តើមលេចឡើងផងដែរ។
សព្វថ្ងៃនេះ ប្រហែលនេះជាមូលហេតុមួយក្នុងចំណោមមូលហេតុដែលធ្វើឲ្យយុវវ័យចូលចិត្តសាក់។
មួយរយៈពេលក្រោយមក ច្បាប់មួយត្រូវបានអនុម័តដែលធ្វើឲ្យរូបសាក់ក្លាយទៅជាទារុណកម្មដ៏ចាំបាច់។
រូបសាក់លើដៃអាចលាក់បានដោយប្រើសម្លៀកបំពាក់ ដូច្នេះអ្នកទោសត្រូវបង្ខំឲ្យសាក់នៅលើថ្ងាសរបស់ពួកគេ មុខជាកន្លែងដែលពិបាកនឹងលាក់បាំង។
ដូច្នេះហើយ ទើបមានទស្សនៈមួយលេចឡើង បុគ្គលដែលមានរូបសាក់មិនមែនជាមនុស្សធម្មតានោះទេ។
ម្យ៉ាងវិញទៀតក្រោយមក នៅពេលដែលក្រុម Yakuza បង្ហាញខ្លួន ពួកគេចាប់ផ្តើមសាក់រូបធំៗដើម្បីបំភ័យសត្រូវ។ ចាប់តាំងពីពេលនោះមក រូបភាពរបស់ Yakuza និង Tattoo ត្រូវបានដាក់បញ្ចូលគ្នា ហើយបន្តរហូតមកដល់សព្វថ្ងៃនេះ។
ខ្ញុំដឹងថា ការរើសអើងរូបសាក់គឺជាទស្សនៈដែលហួសសម័យទៅហើយ ប៉ុន្តែប្រសិនបើអ្នកមានបំណងរស់នៅក្នុងប្រទេសជប៉ុនរយៈពេលយូរ ប្រហែលជាមិនសាក់រូបទើបជាជម្រើសដ៏ល្អ។
មិនជាបញ្ហានោះទេ ប្រសិនបើអ្នកមិនទៅកន្លែងត្រាំជ្រោះទឹកក្តៅ ឬអាងហែលទឹក ប៉ុន្តែក្រសែភ្នែករបស់មនុស្សនៅជុំវិញជារឿងដែលមិនអាចជៀសវាងបាន។
អ្នកដែលខ្ញុំស្គាល់ក៏មកពីជប៉ុនដែរ នៅពេលដែលគាត់មានមិត្តស្រី គាត់បានសាក់ឈ្មោះរបស់នាង និងថ្ងៃដែលពួកគេចាប់ផ្តើមស្រលាញ់គ្នានៅលើខ្លួន ប៉ុន្តែលទ្ធផលពួកគេបានចែកផ្លូវគ្នា។
ប្រសិនបើស្ថិតក្នុងស្ថានភាពបែបនោះ តើអ្នកទាំងអស់គ្នានឹងធ្វើយ៉ាងណា?
យ៉ាងណាមិញ ជាមួយនឹងបច្ចេកវិទ្យាសព្វថ្ងៃ រូបសាក់អាចលុបបាននៅតាមមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលឯកទេសកែសម្ផស្ស ដូច្នេះយើងអាចកាត់បន្ថយការព្រួយបារម្ភទាំងនេះមែនទេ?
Abe Kengo