ប្រវត្តិរឿងនិយាយពីបុគ្គលដ៏អស្ចារ្យបំផុតរបស់ជប៉ុន
ប្រវត្តិរឿងនិយាយពីបុគ្គលដ៏អស្ចារ្យបំផុតរបស់ជប៉ុន។
មនុស្សដ៏អស្ចារ្យបង្កើតបានជាកំពូលស្នាដៃនៅទូទាំងពិភពលោក។
“អ្វីដែលកំពូលវីរបុរសអាចធ្វើបាន ជាអ្វីដែលយើងទាំងអស់គ្នាមិនអាចធ្វើបាន” តើនេះជាគំនិតទូទៅរបស់យើងទាំងអស់គ្នាមែនទេ?
ប៉ុន្តែសម្រាប់ខ្ញុំ មិនថាបុគ្គលអស្ចារ្យ ឬមនុស្សធម្មតានោះទេ សុទ្ធតែជាមនុស្សនៅក្នុងពិភពលោក មិនមានភាពខុសគ្នាឡើយ។ ពួកគេប្រហែលជាពូកែជាងយើងត្រង់ចំណុចណាមួយ ប៉ុន្តែពួកយើងក៏អាចពូកែជាងពួកគេត្រង់ចំណុចណាមួយផងដែរ។
ក្នុងអត្ថបទនេះ យើងនឹងណែនាំដល់អ្នកទាំងអស់គ្នាតួអង្គម្នាក់គឺលោក Itou Hirobumi ជាបុគ្គលដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីដំបូងរបស់ជប៉ុន។
ប្រសិនបើលោកអាចធ្វើដូចនេះបាន ប្រហែលជាយើងទាំងអស់គ្នាក៏អាចធ្វើបានដែរ។
សង្ឃឹមថា តាមរយៈអត្ថបទនេះអាចជួយឲ្យយើងទាំងអស់គ្នាមានភាពជឿទុកចិត្តចំពោះសមត្ថភាពរបស់ខ្លួនក្នុងជីវិត។
នៅពេលដែលសម័យកាលសាមូរ៉ៃបានបញ្ចប់ ហើយចាប់ផ្តើមយុគសម័យថ្មី ជប៉ុនបានធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស។
នាយករដ្ឋមន្ត្រីដំបូងរបស់ជប៉ុននាពេលនោះគឺលោក Itou Hirobumi ។
ជាមួយនឹងសមិទ្ធិផលដ៏អស្ចារ្យរបស់ខ្លួន រូបភាពរបស់លោកធ្លាប់ត្រូវបានប្រើសម្រាប់បោះពុម្ពនៅលើក្រដាសប្រាក់ជប៉ុនកាលពីមុន។
ទោះជាយ៉ាងណា លោកជាមនុស្សដែលមានទេពកោសល្យ ហើយក៏មានគុណវិបត្តិដែរ ដោយសារលង់នឹងសម្រស់។
ទៅសិក្សានៅប្រទេសអង់គ្លេសតាមបញ្ជារបស់រដ្ឋាភិបាល ប៉ុន្តែហាក់បីដូចជាបុរសម្នាក់នេះបានចំណាយប្រាក់ឧបត្ថម្ភរបស់ខ្លួនស្ទើរតែទាំងអស់ទៅលើហាងបម្រើសេវាកម្មផ្លូវភេទ ហើយត្រូវបង្ខំឲ្យត្រឡប់ទៅប្រទេសវិញ។
ពិតជាអាម៉ាស់ណាស់ក្នុងនាមជាអ្នកតំណាងឲ្យប្រទេសមួយ។
ក្រោយមក លោកបានត្រឡប់ទៅប្រទេសជប៉ុនវិញ ហើយកាន់តំណែងដែលសំខាន់ក្នុងប្រព័ន្ធរដ្ឋាភិបាល។
លោកបានទៅដល់ Hiroshima ដើម្បីត្រៀមប្រយុទ្ធជាមួយរាជវង្សឈីង (ប្រទេសចិនសព្វថ្ងៃ) ។
បន្ទាប់មក លោកបានទៅធ្វើសង្គ្រាម ប៉ុន្តែទោះបីជាកំពុងស្ថិតក្នុងសមរភូមិក៏លោកមិនអាចបញ្ឈប់សកម្មភាពចែចង់ស្រ្តីបានដែរ។
បុរសម្នាក់នេះហាក់បីដូចជាឆាប់មានអារម្មណ៍ចំពោះអ្នកដទៃណាស់ ទោះបីជាខ្លួនបានរៀបការហើយ ឬភាគីជាមនុស្សដែលមានគ្រួសារក៏មិនសំខាន់ដែរ ពួកគេនៅតែអាចបង្កើតទំនាក់ទំនងលួចលាក់ គេងជាមួយគ្នាជាច្រើនយប់។
ទោះបីជាយ៉ាងនេះក្តី លោកនៅតែជាមនុស្សដែលទទួលបានការជឿទុកចិត្តពីរដ្ឋាភិបាល។
ខ្ញុំគិតថា ជាមួយនឹងមុខតំណែងដូចនេះ លោកទទួលបានប្រាក់ចំណូលច្រើនគួរសម ប៉ុន្តែនៅទីបំផុតគាត់បានក្ស័យធនព្រោះតែចំណាយប្រាក់យ៉ាងច្រើនសម្រាប់ស្រ្តី ហើយក្លាយជាមនុស្សគ្មានផ្ទះសម្បែង។
នៅពេលនោះ តំណែងរបស់លោកគឺជានាយករដ្ឋមន្ត្រី។
ត្រូវហើយ នាយករដ្ឋមន្ត្រីដំបូងរបស់ជប៉ុនជាមនុស្សដែលគ្មានផ្ទះសម្បែងខណៈពេលដែលកំពុងធ្វើការឲ្យរដ្ឋាភិបាល។
ដូចដែលបានរំពឹងទុក នាយករដ្ឋមន្ត្រីនៃប្រទេសមួយមិនអាចជាមនុស្សដែលគ្មានផ្ទះសម្បែងនោះទេ ដូច្នេះនៅពេលនោះអធិរាជបានសាងសង់ផ្ទះដ៏ល្អឥតខ្ចោះមួយសម្រាប់លោក។
សព្វថ្ងៃនេះ ទីនោះបានក្លាយជាកន្លែងរស់នៅរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន វិមានរបស់នាយករដ្ឋមន្ត្រី។
ក្រៅពីសាងសង់កន្លែងស្នាក់នៅជូនលោក ព្រះចៅអធិរាជក៏ខឹងយ៉ាងខ្លាំងហើយរំលឹកលោកថា “ធ្វើអ្វីក៏ដោយត្រូវតែមានដែនកំណត់” ។
លោក Itou Hirobumi ត្រូវបានគេចាត់ទុកថាជាមិត្តភក្តិជិតស្និទ្ធនឹងអ្នកតាក់តែងរដ្ឋធម្មនុញ្ញសម្រាប់រដ្ឋាភិបាលជប៉ុននៅពេលនោះ។
ទោះជាយ៉ាងណា ធ្លាប់មានការកត់ត្រានិយាយថា លោកបានធ្វើរឿងជាច្រើនជាមួយស្ត្រីលើរទេះសេះពេលដែលកំពុងចេញទៅក្រៅ ហើយលោកក៏ត្រូវបានគេចាត់ទុកថា ជាអ្នកចាប់ផ្តើមទំនោរផ្លូវភេទនៅលើរថយន្តផងដែរ។
លោក Itou Hirobumi ប្រៀបដូចជាមនុស្សដែលល្មោភស្រីម្នាក់។ យ៉ាងណាមិញ ចំពោះការងារលោកហាក់បីដូចជាបានរួមចំណែកយ៉ាងធំធេង ហើយក៏ជាបុគ្គលដែលបានកសាងមូលដ្ឋានគ្រឹះនៃប្រទេសជប៉ុននាពេលសព្វថ្ងៃនេះដែរ។
ទាំងនេះជាឧទាហរណ៍បង្ហាញឲ្យយើងទាំងអស់គ្នាឃើញថា មិនមែនបុគ្គលដ៏អស្ចារ្យគ្រប់រូបសុទ្ធតែពិសេស និងល្អឥតខ្ចោះនោះទេ។
ទោះបីជាបុគ្គលនោះមានបុគ្គលិកលក្ខណៈខុសគេ និស្ស័យមិនល្អ ឬមានចំណុចខ្វះខាតណាមួយ ប្រហែលជាថ្ងៃណាមួយយើងអាចក្លាយជាបុគ្គលដែលអស្ចារ្យមួយរូប បង្កើតអព្ភូតហេតុសម្រាប់មនុស្សជាតិមែនទេ?
Abe Kengo