តើសេរីភាពសារព័ត៌មានជាអ្វី? នៅថ្ងៃដែលស្ថានីយ៍ទូរទស្សន៍ជប៉ុនដួលរលំ
តើសេរីភាពសារព័ត៌មានជាអ្វី? នៅថ្ងៃដែលស្ថានីយ៍ទូរទស្សន៍ជប៉ុនដួលរលំ
នៅប្រទេសជប៉ុនមានចំនួន ១២៩ ស្ថានីយ៍ទូរទស្សន៍។
ក្នុងចំណោមនោះ ស្ថានីយ៍ទូរទស្សន៍ចំនួន ៥ មានមូលដ្ឋាននៅទីក្រុង Tokyo ដែលគេហៅថាស្ថានីយ៍សំខាន់ ហើយក្នុងចំណោមបណ្តាញស្ថានីយសំខាន់ទាំងនោះនៅមានស្ថានីយ៍ទូរទស្សន៍ជាច្រើនផ្សេងទៀត ដែលបង្កើតបានជាបណ្តាញស្ថានីយ៍ទូរទស្សន៍ជប៉ុន។
អាចនិយាយបានថា ស្ថានីយ៍សំខាន់គឺជាចំណុចកណ្តាលនៃវិស័យស្ថានីយ៍ទូរទស្សន៍ជប៉ុន ប៉ុន្តែស្ថានីយ៍មួយក្នុងចំណោមនោះគឺស្ថានីយ៍ទូរទស្សន៍ Fuji ប្រហែលជាអាចនឹងរលាយបាត់។
ពួកគេបានធ្វើរឿងមួយដែលប្រព័ន្ធផ្សព្វផ្សាយមិនគួរធ្វើ។
ដូច្នេះហើយ តើពួកគេបានធ្វើអ្វីខ្លះទើបធ្លាប់ក្នុងស្ថានភាពបែបនេះ?
១. ជម្លោះជាមួយនឹងអុីនធឺណេត
ពួកគេបានធ្វើសកម្មភាពដែលមិនគួរមួយចំនួននៅពេលដែលបច្ចេកវិទ្យាអុីនធឺណេតទើបតែចាប់ផ្តើមអភិវឌ្ឍនៅដើមឆ្នាំ ២០០០ ជាមួយនឹងសកម្មភាពប្រឆាំង។
នៅពេលនោះ ខ្ញុំកំពុងគ្រប់គ្រងគេហទំព័រធំមួយរបស់ជប៉ុន ហើយមានម្តងខ្ញុំធ្លាប់រកមធ្យោបាយសហការជាមួយស្ថានីយ៍ទូរទស្សន៍ធំរបស់ជប៉ុន។ យ៉ាងណាមិញ លទ្ធផលចុងក្រោយ ភាគីទាំងពីរមិនបានចុះកិច្ចសន្យាជាមួយគ្នានោះទេ។
គ្រប់គ្នាយល់ថា “អុីនធឺណេតកំពុងធ្វើឲ្យស្ថានីយ៍ទូរទស្សន៍ធ្លាក់ក្នុងស្ថានភាពត្រូវរំសាយ” ប៉ុន្តែនោះជាមូលហេតុដែលយើងទាំងអស់គ្នាគួររួមកម្លាំងមែនទេ? ទោះបីជាខ្ញុំនិយាយបែបនេះ ការចរចាបានបញ្ចប់ដោយអារម្មណ៍មិនពេញចិត្តពីភាគីម្ខាងទៀត។
លទ្ធផលគឺពួកគេមិនអាចប្រឈមនឹងក្រុមហ៊ុនដូចជា Netflix បានទេ។
ប្រសិនបើធ្វើសកម្មភាពនៅពេលនោះ ពួកគេអាចបង្កើតអ្វីម្យ៉ាងដែលស្រដៀងនឹង Netflix ។
២. ប្រាក់ចំណូលធ្លាក់ចុះ និងផ្តាច់មុខប្រាក់ចំណេញ
អត្រាអ្នកមើលទូរទស្សន៍កាន់តែធ្លាក់ចុះ ប្រាក់ចំណូលក៏ធ្លាក់ចុះផងដែរ។
យ៉ាងណាមិញ ពួកគេនៅតែរក្សាកម្រិតប្រាក់បៀវត្សរ៍ខ្ពស់ ហើយចាប់ផ្តើមកាត់បន្ថយថវិកាសម្រាប់ក្រុមហ៊ុនដែលផលិតកម្មវិធីតាមកិច្ចសន្យា។
ទូរទស្សន៍ធ្លាប់មានអត្ថន័យយ៉ាងខ្លាំង ព្រោះទូរទស្សន៍ផលិតកម្មវិធីក្នុងទ្រង់ទ្រាយដែលមនុស្សធម្មតា និងអ្នកផ្សព្វផ្សាយតាមអុីនធឺណេតខ្នាតតូចមិនអាចធ្វើបាន ប៉ុន្តែចំណុចនេះបានបាត់ទៅហើយ។
៣. កំហុសធ្ងន់ធ្ងរ
ដោយសារតែគំនិតគិតថា ស្ថានីយ៍ទូរទស្សន៍ចង់ធ្វើអ្វីក៏បាន ពួកគេបានធ្វើហួសហេតុជាច្រើនដង។
ជប៉ុនជាប្រទេសដែលតែងតែជួបប្រទះស្ថានភាពរញ្ជួយដី និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀត ប៉ុន្តែក្នុងអំឡុងពេលខំប្រឹងប្រែងជួយសង្រ្គោះ ឧទ្ធម្ភាគចក្ររបស់ស្ថានីយ៍ទូរទស្សន៍ហោះនៅលើមេឃ ដោយធ្វើឲ្យគេមិនអាចស្តាប់ឮសំឡេងរបស់ជនរងគ្រោះ។
នៅពេលដែលមានការរិះគន់ទាក់ទងនឹងបញ្ហាទាំងនេះ ពួកគេបានប្រកាសថា៖ “ការរាយការណ៍ព័ត៌មានគឺជាការងាររបស់ពួកយើង” ។
ការមើលងាយអាយុជីវិតមនុស្សបែបនេះពិតជាអាក្រក់ណាស់។
៤. មើលស្រាលស្ត្រីគឺជាបញ្ហាធ្ងន់ធ្ងរ
នៅស្ថានីយទូរទស្សន៍ មានអ្នកផ្សាយព័ត៌មានស្រីមួយចំនួន។ លក្ខខណ្ឌជ្រើសរើសផ្តោតលើរូបរាងខាងក្រៅ ដូច្នេះភាគច្រើនសុទ្ធតែជាស្រីស្អាត។
បញ្ហាមនុស្សស្រីត្រូវបង្ខំឲ្យបម្រើផ្លូវភេទតារាទូរទស្សន៍ដែលល្បីបានក្លាយជាប្រធានដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។
មនុស្សស្រីដែលទទួលការធ្វើបាបស្ទើរតែបាត់បង់ស្មារតី ប៉ុន្តែភាគីស្ថានីយទូរទស្សន៍បែរជាបដិសេធមិនជាប់ពាក់ព័ន្ធអ្វីឡើយ។
មានការរិះគន់ជាច្រើននិយាយថា ការបដិសេធនេះគឺមិនត្រឹមត្រូវនោះទេ។
៥. រហូតដល់ថ្នាក់មិនអាចសុំទោស
សន្និសីទសារព័ត៌មានមួយត្រូវបានធ្វើឡើងដើម្បីសុំទោសចំពោះបញ្ហាខាងលើ ប៉ុន្តែបែរជាហាមឃាត់អ្នកថតព័ត៌មានចូលរួមសន្និសីទ។
ជាថ្មីម្តងទៀត ទង្វើនេះបានធ្វើឲ្យសាធារណៈជនមានការខឹងសម្បារយ៉ាងខ្លាំង។
ព្រោះថានៅពេលដែលមានរឿងអាស្រូវ ឬបញ្ហាដែលបង្កឡើងដោយក្រុមហ៊ុនផ្សេង ពួកគេនឹងបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ ហើយវាយប្រហារលើសពីការចាំបាច់ ប៉ុន្តែនៅពេលដែលទាក់ទងនឹងរឿងរបស់ខ្លួន ពួកគេបែរជាគេចវេះ មិនប្រឈមមុខដោយផ្ទាល់ឡើយ។
៦. បិទបាំងរឿងអាក្រក់
ផលប្រយោជន៍ត្រង់ថា មានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលជប៉ុន និងសាជីវកម្មដែលធំ មិនចេញផ្សាយព័ត៌មានដែលមិនអំណោយផលដល់ខ្លួន ជាអ្វីដែលក្រុមហ៊ុននេះត្រូវរិះគន់នៅលើអុីនធឺណេត។
ហើយហាក់បីដូចជាក្រោមការអភិវឌ្ឍរបស់អុីនធឺណេត រឿងទាំងនេះមិនអាចបិទបាំងបន្តទៀត។
ប្រហែលជាពួកគេគិតថា បើទោះបីជាពួកគេធ្វើរឿងដែលមិននឹកស្មានដល់ទាំងនេះក៏ស្ថានីយទូរទស្សន៍មិនក្ស័យធននោះដែរ។ ប៉ុន្តែមើលទៅពេលនេះស្ថានភាពមិនដូចមុនឡើយ។
ក្នុងប្រព័ន្ធផ្សព្វផ្សាយមានចំណុចសំខាន់មួយត្រង់ថា ត្រូវចេញផ្សាយដោយយុត្តិធម៌។ ម្យ៉ាងវិញទៀត ដំណើរការត្រូវពឹងលើទស្សនិកជន និងក្រុមហ៊ុនឧបត្ថម្ភ។ ប្រសិនបើបំភ្លេចចំណុចសំខាន់នេះ ហើយធ្វើអ្វីដែលខ្លួនចង់នឹងបាត់បង់គ្រប់យ៉ាង។
នេះមិនត្រឹមតែត្រូវសម្រាប់ស្ថានីយទូរទស្សន៍ប៉ុណ្ណោះទេ ថែមទាំងត្រូវចំពោះការងារទាំងអស់ផងដែរ។
ខ្ញុំគិតថា រឿងនេះជាមេរៀនល្អនិយាយពីសារៈសំខាន់នៃការគិតឲ្យបានហ្មត់ចត់ចំពោះមូលហេតុដែលយើងធ្វើអ្វីមួយ ហើយចំណុចអ្វីនឹងធ្វើឲ្យអាជីវកម្មនោះកាន់តែមានភាពរីកចម្រើន។ តើត្រូវទេអ្នកទាំងអស់គ្នា?
Abe Kengo