តើសត្វក្អែកទាំងនេះចេះអានអក្សរដែរទេ? ផ្លាកសញ្ញាហាមឃាត់ចំពោះសត្វក្អែកនៅជប៉ុន

តើសត្វក្អែកទាំងនេះចេះអានអក្សរដែរទេ? ផ្លាកសញ្ញាហាមឃាត់ចំពោះ​សត្វក្អែកនៅជប៉ុន។

សត្វក្អែកជាប្រភេទសត្វបក្សីធំ មានរោមពណ៌ខ្មៅ។

នៅប្រទេសជប៉ុន សត្វក្អែកជាប្រផ្នូលដែលមិនល្អ និងបង្កបញ្ហាដល់មនុស្សជាច្រើន ព្រោះពួកវាកាយសំរាម និងធ្វើឲ្យ​ធ្លាក់​រាយ​ប៉ាយ។ ខ្ញុំ​ធ្លាប់​មើល​ឃើញ​ផ្លាក​សញ្ញា​ព្រមាន​សត្វ​ក្អែក​នៅ​ជប៉ុន។

ប្រហែលជាអ្នកទាំងអស់គ្នាគិតថា “សត្វក្អែកមិនចេះអានអក្សរនោះទេ” ។ ដូច្នេះហើយ ហេតុអ្វីបានជាផ្លាកសញ្ញាព្រមានទាំងនេះបែរជាមានប្រសិទ្ធភាព? 

សត្វក្អែកជាប្រភេទបក្សីដែលឆ្លាតណាស់

ឧទាហរណ៍ដូចជានៅពេលដែលរើសបានផ្លែវាល់ណាត់ ព្រោះតែមិនអាចបំបែកសំបកដោយខ្លួនឯងបាន ពួកវាបាន​​ដាក់​ផ្លែ​វាល់​ណាត់​នៅ​តាម​ផ្លូវ​ទុក​ឲ្យ​រថយន្ត​រត់កាត់កិនបំបែក បន្ទាប់មកពួកនឹងហោះទៅសុី។

ក្រៅពីនេះ ពួកវាហាក់បីដូចជាចាំមុខមនុស្សដែលបានវាយប្រហារពួកវា ទោះបីជាពួកគេបានប្តូរសម្លៀកបំពាក់ ឬម៉ូដ​សក់​ក៏​ដោយ ពួកវានៅតែស្គាល់មុខ ហើយវាយប្រហារពួកគេ។ ហើយពួកវាថែមទាំងអាចជូនដំណឹងដល់គ្នារបស់​វា ដើម្បី​ប្រាប់​ពី​បុគ្គល​គ្រោះ​ថ្នាក់​ផង​ដែរ។

ពិតជាឆ្លាតខ្លាំងណាស់ ប៉ុន្តែពួកវាមិនអានអក្សរ និងអត្តន័យនោះទេ។

ដូច្នេះហេតុអ្វីបានជាផ្លាកសញ្ញានេះបែរជាមានប្រសិទ្ធភាព?

ការព្រមានត្រូវបានបញ្ជូនទៅកាន់សត្វក្អែកតាមរយៈមនុស្ស

ប្រៀបដូចជាប្រតិកម្មដោយមិនដឹងខ្លួន នៅពេលដែលអ្នករាល់គ្នាមើលឃើញផ្លាកសញ្ញា “ហាមសត្វក្អែក” ពួក​គេ​នឹង​​មាន​​ការ​​ប្រុង​​ប្រយ័ត្ន ហើយ​ក្រឡេក​មើល​ជុំវិញថា​មាន​ក្អែកដែរអត់។

សត្វក្អែកអាចនឹងកត់សម្គាល់ឃើញ ហើយព្រួយបារម្ភនៅពេលដែលមនុស្សគ្រប់គ្នាសម្លឹងមើលពួកវា ក្រោមស្ថាន​ភាព​​បែប​​នេះ ពួក​វា​នឹង​មិន​មក​ជិត​ឡើយ។

នៅទីបំផុត លទ្ធផលប្រៀបដូចជាសត្វក្អែកយល់ពីអត្តន័យផ្លាកសញ្ញាហាមឃាត់អញ្ចឹងដែរ។

ហាក់បីដូចជាចំនួនសត្វក្អែកកើនឡើងស្របនឹងដំណើរនគរូបនីយកម្ម ហើយក៏ជាករណីរួមនៅទូទាំងពិភពលោកផង​ដែរ។

ខ្ញុំ​គិត​ថា ទៅ​ថ្ងៃ​អនាគត ចំនួនសត្វក្អែកនៅទីក្រុងភ្នំពេញក៏​នឹង​កើន​ឡើង​ដែរ។

នៅពេលនោះ អ្នកទាំងអស់គ្នាអាចសាកល្បងដាក់ផ្លាកសញ្ញាព្រមានសត្វក្អែកទាំងនេះបាន។

ប្រហែលជាអាចបំភ័យសត្វក្អែកនៅកម្ពុជាដោយប្រើផ្លាកសញ្ញាសរសេរជាភាសាខ្មែរក៏ថាបាន?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: