រឿងនិយាយពី​ក្រុម​បុរស​ដែល​មិន​ទាន់​មានគូ​សហការ​គ្នា​ចង់​លុប​បំបាត់​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់

រឿងនិយាយពីក្រុមបុរសដែលមិនទាន់មានគូសហការគ្នាចង់លុបបំបាត់ថ្ងៃបុណ្យនៃក្តីស្រលាញ់។

“Valentine’s Day” ឬយើងហៅថាថ្ងៃបុណ្យនៃក្តីស្រលាញ់ដែលប្រារព្ធទៅនៅថ្ងៃទី ១៤ ខែកុម្ភៈជារៀងរាល់ឆ្នាំនៅ​បណ្តា​​ប្រទេស​ជា​ច្រើន។ យ៉ាង​ណា​មិញ នៅជប៉ុនវប្បធម៌ថ្ងៃបុណ្យនៃក្តីស្រលាញ់មានភាពខុសគ្នាបន្តិច។

នៅប្រទេសជប៉ុនថ្ងៃបុណ្យនៃក្តីស្រលាញ់មិត្តនារីនឹងជូនសូកូឡា​ដល់​បុរស​ដែល​ខ្លួន​ចូល​ចិត្ត​ដោយចាត់ទុកដូចជាការ​សារភាព​ស្នេហ៍។ ប្រភព​ដើម​នៃ​ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បានចាត់ទុកថាមកពីយុទ្ធសាស្រ្តរបស់អ្នកផលិតសូកូឡា។

យូរៗទៅ សកម្មភាពនេះកាន់តែពេញនិយម ជាពិសេសចំពោះយុវវ័យ។ ក្រៅពីភាពសប្បាយរីករាយ និងសុភមង្គលរបស់​បុរសដែលសំណាងទទួលបានការស្រលាញ់ចូលចិត្ត បុរសមួយចំនួនបែរជាសោកសៅ និងឯកាព្រោះតែមិនទទួល​បានអំណោយនៅថ្ងៃនេះ។ អារម្មណ៍មិនសប្បាយចិត្តកាន់តែច្រើនឡើង ពួកគេចាប់ផ្តើមសម្មភាពបំផ្លាញតាម​រយៈ​បណ្តាញ​សង្គម។

តើ​សាមគ្គីភាព​របស់បុរសដែលមិនទាន់មានគូទាំងនោះប្រព្រឹត្តទៅដោយរបៀបណា? ចូរយើងទាំងអស់គ្នាតាម​ដាន​ក្នុង​អត្តបទ​ខាង​ក្រោម។

រឿងនោះចាប់ផ្តើមដោយសេចក្តីជូនដំណឹងនៅលើអុីនធឺណេត។

“សូកូឡា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ថ្ងៃ​បុណ្យ​នៃក្តី​ស្រឡាញ់ ដូច្នេះហើយ ចូរយើងទាំងអស់គ្នាទិញផលិតផលផ្សេង​ដើម្បី​លុប​បំបាត់​បរិយាកាស​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់” ។

ក្រោយពេលអត្តបទត្រូវបានបង្ហោះ ក្រុមបុរសដែលមិនពេញចិត្តចាប់​ផ្ដើម​ប្រមូល​ផ្តុំ​គ្នា​ជា​បន្ត​បន្ទាប់។ តាមរយៈបណ្តាញ​សង្គម ពួក​គេ​ចាប់​ផ្តើម​ពិភាក្សា​គ្នា​បញ្ហា​ដូច​ជា គួរ​​តែ​ធ្វើ​អ្វី ឬ​ទិញ​អ្វី?

ក្នុងចំណោមគំនិតដែលត្រូវបានរកឃើញ នំប្រភេទនេះបានក្លាយជាគោលដៅ។

នំទាំងនេះគេហៅថា umaibo ជាប្រភេទនំដែលមានតម្លៃថោកត្រឹម ១០ យ៉េនប៉ុណ្ណោះនាពេលនោះ។ 

តម្លៃថោកតែឆ្ងាញ់ មានច្រើនរសជាតិខុសៗគ្នា ខ្ញុំផ្ទាល់ក៏ចូលចិត្តនំប្រភេទនេះដែរ។

ហើយយុទ្ធសាស្ត្ររបស់បុរសទាំងនេះគឺទិញ umaibo ក្នុងម៉ាតលក់ទំនិញនៅទូទាំងប្រទេសជប៉ុន និងប្តូរការចាប់អារម្មណ៍​របស់​សាធារណៈ​ជន​​ពី​​សូកូឡា​​ទៅ​​ជា umaibo វិញ។

កំណត់ចំណាំមួយត្រង់ថា umaibo ដែលមានរសជាតិសូកូឡានឹងត្រូវបានដកចេញពីបញ្ជីទំនិញ ក្រៅពីនេះ អាច​ទិញរស​ជាតិ​អ្វី​ក៏​បាន។

ប្រៀបដូចជាយុទ្ធសាស្រ្តដែលលុបបំបាត់យ៉ាងច្បាស់លាស់

ប៉ុន្តែប្រសិនបើធ្វើបែបនេះដោយ​សម្ងាត់​ហាក់បីដូចជា​គ្មាន​ន័យ​អ្វី​ឡើយ។

ដើម្បីធ្វើឲ្យរឿងនេះក្លាយជាព្រឹត្តិការណ៍ធំ បុគ្គលទាំងនេះចាប់ផ្តើមកំណត់ច្បាប់។ គឺថាត្រូវតែមានវិក្កយបត្រនៅ​ពេល​ដែល​ទិញ​ទំនិញ រួម​ជាមួយនឹង​ព័ត៌មាន​របស់​អតិថិជន​គឺ​បុគ្គលក្រុមហ៊ុនមានឈ្មោះថា Forever Style ។

នៅទីបំផុតថ្ងៃទី ១៤ ខែកុម្ភៈក៏បានមកដល់ ដែលជាថ្ងៃដ៏សំខាន់កំណត់ឈ្នះចាញ់។

យ៉ាងណាមិញ ភាគីអ្នកលក់ក៏បានឆ្លើយតបយ៉ាងឆ្លាតវៃផងដែរ។ ដោយមិនព្រមចាញ់ប្រៀប ផ្សារ​ទំនើប និង​ហាង​លក់​​ទំនិញ​ពេលទទួល​បាន​ព័ត៌មាន​នេះលើអុីនធឺណេតក៏បានត្រៀមនំ umaibo យ៉ាងច្រើនផងដែរ។ ពួកគេបានត្រៀម​ក្រដាស​ជូន​ដំណឹង​បែបនេះដាក់នៅកន្លែងលក់ទំនិញ។

ជាមួយនឹងខ្លឹមសារសរសេរថា៖

បុគ្គលដែលមាន​គូស្នេហ៍ និងសុភមង្គលក្នុងជីវិត​គេ​ហៅ​ថា “បុគ្គលបរិបូរណ៍” ចំណែកឯ “បុគ្គលមិនបរិបូរណ៍” ត្រូវបានសរសេរដាក់នៅលើផ្លាកនេះ យើង​កំពុង​និយាយ​ពីបុគ្គលដែលមិនមាន​គូស្នេហ៍ ហើយកំពុងរស់នៅក្នុងជីវិត​​ដែល​​មិន​​ជាក់​​ស្តែង។

យើងខ្ញុំបានត្រៀមនំគ្រប់គ្រាន់ ដូច្នេះបងៗអាច​ទិញ​នំ​បានយ៉ាងច្រើន។

មិនត្រឹមតែប៉ុណ្ណឹង ពួកគេថែមទាំងបន្ថែមឈ្មោះ “លោក Forever Style” ផងដែរ។

នេះជាការប្រយុទ្ធដែលគ្មានទីបញ្ចប់ ហើយភាគីទាំងពីរគ្មាននរណាព្រមចាញ់នរណាឡើយ។

នៅតំបន់ Kanto មនុស្សចំនួន ៩៥៥ នាក់បានចូលរួម នៅ Chubu មនុស្សចំនួន ៤៤៤ នាក់ចូលរួម នៅ Kinki មាន​ចំនួន ៥២៤ នាក់ នៅតំបន់ Chugoku – Shikoku មានចំនួន ២៣៣ នាក់ នៅតំបន់ Kyushu – Okinawa មាន​ចំនួន ២៧០ នាក់ និង​នៅ​ក្រៅ​ប្រទេស។

ហើយហាក់បីដូចជានំ umaibo បានរលាយបាត់ចេញពីហាងនានានៅ​ទូទាំង​ប្រទេស​ជប៉ុន​បណ្ដោះ​អាសន្ន។

បន្ទាប់ពីថ្ងៃបុណ្យនៃក្តីស្រលាញ់បានកន្លងផុត នៅលើអុីនធឺណេតពេញទៅដោយភាពរីករាយរបស់អ្នកដែលបានឈ្នះ។ ពួកគេបានជជែកគ្នាលេងដោយនិយាយថា នេះជាថ្ងៃបុណ្យនៃក្តីស្រលាញ់ដែលរីករាយបំផុតក្នុងជីវិត ជាអនុស្សាវរីយ៍​ដែល​គួរ​ឲ្យ​ចង​ចាំ។

ប្រហែលជាបុរសៗដែលមិនមានគូទាំងនេះបានធ្វើឲ្យខ្លួនមានពេលវេលារីករាយ។

ប៉ុន្មានឆ្នាំក្រោយមក គ្រប់យ៉ាងបានត្រឡប់ដូចដើម សូកូឡានៅតែត្រូវបានប្រើសម្រាប់ធ្វើជាកាដូជូនគូស្នេហ៍ដដែល ហើយ​ជា​ទំនិញ​ដែល​លក់​ដាច់​នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់។

***

ជីវិតមិនល្អឥតខ្ចោះដូចដែលយើងចង់បាននោះទេ ប៉ុន្តែត្រូវរស់នៅដោយភាពរីករាយ។ ព្រោះ​ក្រៅពី​ស្នេហា​របស់​គូស្នេហ៍ យើង​​ក៏​​ទទួល​បាន​​ក្តីស្រលាញ់​​ពី​គ្រួសារ មិត្តភក្តិ មនុស្ស​ជាទី​ស្រឡាញ់ និងរឿងដែលមានតម្លៃ​ជាច្រើន​ទៀត​។

ថ្ងៃបុណ្យនៃក្តីស្រលាញ់ជិតមកដល់ទៀតហើយ JAPO សូមគោរពជូនពរប្រិយមិត្តអ្នកអានទាំងអស់គ្នា​ជួប​តែ​សេចក្តី​សុខ និង​សុភមង្គល។

សូមជូនពរអ្នកដែលមិនទាន់មានគូឆាប់រកឃើញមនុស្សដែលខ្លួនស្រលាញ់។ ហើយ​សូម​ជូនពរ​ដល់គូស្នេហ៍ទាំងអស់ស្រលាញ់​គ្នា​កាន់​តែ​ច្រើន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: