បរិយាកាស​ស្រស់​ស្អាត​ក្នុង​សិល្បៈ​ជប៉ុន ក្រុម​ហ៊ុន​ផលិត​បាន​ធ្វើ​រឿង​ទាំង​នេះ

បរិយាកាសស្រស់ស្អាតក្នុងសិល្បៈជប៉ុន ក្រុមហ៊ុនផលិតបានធ្វើរឿងទាំងនេះ។

ថ្វីត្បិតតែ គេនិយាយថា អឺរ៉ុប ឬអាស៊ី កន្លែងនីមួយៗមានសោភ័ណភាពដោយឡែកពីគ្នា។ ប៉ុន្តែប្រហែលជាសិល្បៈជប៉ុន​មាន​លក្ខណៈ​ប្លែក​ពិសេស។

ក្នុងអត្តបទលើកនេះ ខ្ញុំសូមណែនាំអំពីចំណុចពិសេសក្នុងមូលដ្ឋានសិល្បៈជប៉ុន ដែលនោះគឺជាចន្លោះ​ទំនេរ។

តាមពិតទៅ នេះ​គឺ​ជា​រចនាប័ទ្ម​សោភ័ណភាព​ដែល Apple កំពុងអនុវត្ត។

ចន្លោះទំនេរដ៏ស្រស់ស្អាត

មូលដ្ឋានសោភ័ណភាពជប៉ុនអភិវឌ្ឍក្នុងសម័យកាល Edo នៅចុងសម័យសាមូរ៉ៃ។ សម័យកាលសន្តិភាព មិនមានការ​ប្រយុទ្ធ។

នេះជាពេលដែលមូលដ្ឋានសិល្បៈត្រូវបានបង្កើតឡើង មួយផ្នែកដោយសារតែជប៉ុនបានផ្តាច់ទំនាក់ទំនងជាមួយនឹង​បណ្តា​ប្រទេស​មួយ​ចំនួន។

ក្នុងចំណោមសិល្បៈទាំងអស់ដែលទាក់ទងនឹងគំនូរ គំនូរលាបពណ៌ ផ្ទះសម្បែង សួនច្បារ អក្សរសិល្ប៍ មានមូលដ្ឋានសោភ័ណ​ភាព​រួមដែលត្រូវបានបង្កើតឡើងហៅថា “ចន្លោះទំនេរ” ។

ខណៈដែលផ្ទាំងគំនូរវិមាន សួនផ្កានៅអឺរ៉ុបត្រូវបានគ្របដណ្ដប់ដោយទិដ្ឋភាពប្រណិត ឡូយឆាយ រីឯនៅជប៉ុនបែរ​ជា​បង្កើត​ចន្លោះ​ទំនេរ។

ឧទាហរណ៍ទូទៅបំផុតនោះគឺបន្ទប់ផឹកតែ។

បរិយាកាសដ៏ប្រណិតសម្រាប់យើងអង្គុយផឹកតែ ប៉ុន្តែវត្ថុតែមួយគត់ដែលប្រើសម្រាប់តុបតែងគឺគំនូរតាមរដូវ កន្លែង​ផ្សេងទៀតគឺទុកចន្លោះទំនេរមិនបន្ថែមអ្វីទាំងអស់។

ក្នុងអក្សរសិល្ប៍ស្រដៀងគ្នាដែរ។

បន្ទាត់ទទេមិនមានអក្សរត្រូវបានបញ្ចូលក្នុងអត្តបទ។

មូលហេតុដែលធ្វើដូច្នេះគឺចង់ឲ្យអ្នកមើលក្រឡេកទៅមើលចន្លោះទំនេរនោះ ដោយបន្ថែមការស្រមើលស្រមៃ យល់កាន់តែស៊ីជម្រៅ ហើយបញ្ចូលអារម្មណ៍របស់ខ្លួនក្នុងស្នាដៃសិល្បៈ។

ទាំងនេះជាលក្ខណៈពិសេសក្នុងមូលដ្ឋានសោភ័ណភាពរបស់ជប៉ុន។

សិល្បៈចន្លោះទំនេរបែបជប៉ុនដែលក្រុមហ៊ុន Apple អនុវត្ត

លោក Steve Jobs ដែលជាស្ថាបនិកក្រុមហ៊ុន Apple ។ លោកជាអ្នកដែលធ្លាប់ចាកចេញពីក្រុមហ៊ុននេះ ប៉ុន្តែក្រោយមកគាត់បានត្រលប់ទៅវិញ ហើយនាំយកសិល្បៈចន្លោះទំនេរនេះត្រឡប់ទៅ Apple វិញ។ 

បន្ទាប់ពីត្រឡប់ទៅវិញ លោកបានដាក់ចេញផលិតផលដូចជា iPod, iPhone, iPad និង MacBook ជាមួយនឹងការផ្លាស់ប្តូររចនាមួយចំនួន។

ភាគច្រើនផលិតផលទាំងនេះមិនភ្ជាប់មកជាមួយគ្រឿងបន្លាស់ឆើតឆាយ ឬស្រស់ឆើតនោះទេ ប៉ុន្តែត្រូវបានផលិតសាមញ្ញបំផុតតាមដែលអាចធ្វើទៅបាន សូម្បីតែក្រដាសណែនាំការប្រើប្រាស់ក៏មិនមានដែរ។

ម្យ៉ាងវិញទៀត ចំណុចដំបូងដែលលោកបានធ្វើគឺប្តូរឡូហ្គោ។ ក្នុងឡូហ្គោចាស់ រូបភាពផ្លែប៉ោមមាន​ចំនួន ៦ ​ពណ៌ខុស​គ្នា ប៉ុន្តែ​ឥឡូវ​នេះ​ប្រើ​តែ​ពណ៌​សាមញ្ញ​មួយ​ប៉ុណ្ណោះ។

បច្ចុប្បន្នគេហទំព័រដើមដែលមានការរចនាសាមញ្ញកំពុងតែពេញនិយម ហើយ Apple គឺជាក្រុមហ៊ុនដំបូងដែលផ្តួចផ្តើមរចនាប័ទ្មសាមញ្ញ និងប្រើប្រាស់សិល្បៈចន្លោះទំនេរនេះ។

លោក Jobs ជាមនុស្សដែលចូលចិត្តការអង្គុយសមាធិរបស់ជប៉ុន។

ការអង្គុយសមាធិគឺជាវិធីសាស្រ្តបួសពិសេសនៃពុទ្ធសាសនាជប៉ុន តាមរយៈការអង្គុយបិទភ្នែក និងធ្វើឲ្យចិត្តស្ងប់នៅ​កន្លែងមានចន្លោះទំនេរ។ បិទភ្នែករបស់អ្នក ហើយគិតឲ្យបានច្បាស់នូវអ្វីដែលសំខាន់បំផុត។ លទ្ធផលមួយរយៈពេល​ក្រោយ​មក យើងអាចលុបបំបាត់នូវអ្វីដែលមិនចាំបាច់ ហើយមើលឃើញអ្វីម្យ៉ាងដែលសាមញ្ញ និងស្រស់ស្អាត។ ភស្តុ​តាង​ដែល​បង្ហាញ​ពី​ចំណុចនេះមិនមែនសាជីវកម្មជប៉ុននោះទេ ប៉ុន្តែគឺជាក្រុមហ៊ុន Apple ។

ក្រុមហ៊ុនផលិតរបស់ជប៉ុនដូចជា Sony គួរតែឈានដល់ចំណុចនេះ ប៉ុន្តែជនជាតិអាមេរិកទើបជាអ្នកដែលឈានដល់ និងផ្លាស់ប្តូរការរចនានៅលើពិភពលោក។

ការប្រើប្រាស់ចន្លោះទំនេរក្នុងជីវិតប្រចាំថ្ងៃ

ចូរយើងក្រឡេកមើលផ្ទះរបស់ខ្លួនឲ្យបានច្បាស់ តើពិតជាមានរបស់របរជាច្រើនដែលអ្នកមិនត្រូវការមែនទេ?

របស់របរទាំងនោះធ្វើឲ្យបរិយាកាសខាងក្នុងផ្ទះកាន់តែចង្អៀត ហើយចិត្តលោភលន់​នឹងយកប្រាក់របស់យើង។

ប្រសិនបើមិនអាចកំណត់ និងផ្តោតសំខាន់លើអ្វីដែលចាំបាច់ យើងប្រហែលជាមិនអាចសម្រេចក្តីស្រមៃរបស់ខ្លួនបាន​ឡើយ ទោះ​បី​ជា​រក​ប្រាក់​បាន​ប៉ុន្មាន​ក៏​ដោយ។

ពេលខ្លះខ្ញុំថតរូបសម្រាប់បម្រើដល់ការងារ ហើយការថតរូបក៏ស្រដៀងគ្នាដែរ។

ក្នុងការថតរូបមានបច្ចេកទេសមួយហៅថា “ដក” គឺផ្តោតសំខាន់លើប្រធានបទនៃការថតរូប ហើយព្យាយាមមិនបញ្ចូល​​ប្រធាន​​បទ​​ផ្សេង​​ទៀត។ វិធីសាស្រ្ត​នេះ​អាច​បង្ហាញ​កាន់​តែ​ច្បាស់​ពី​ប្រធាន​បទ​សំខាន់។

ក្រៅពីនេះ នៅពេលដែលថតរូបមនុស្ស ខ្ញុំផ្តោតសំខាន់ចំពោះចន្លោះទំនេរ។

ឧទាហរណ៍ដូចជារូបភាពមនុស្សស្រីម្នាក់កំពុងសម្លឹងមើលទិសដៅមួយ ខ្ញុំនឹងថតយ៉ាងណាឲ្យមានចន្លោះទំនេរនៅ​ពី​មុខនាង។ ចំណុចនេះនឹងធ្វើឲ្យអ្នកមើលមានអារម្មណ៍ចង់ដឹងចង់ឃើញអ្វីម្យ៉ាងដែលនៅចំពោះមុខ ដូច្នេះអ្នកមើល​​នឹង​​មាន​​អារម្មណ៍​​ដឹង​​តាម​​រយៈ​​រូបភាព។

ប្រសិនមិនជឿលើអ្វីដែលខ្ញុំបាននិយាយ អ្នកទាំងអស់គ្នាអាចពិសោធដោយខ្លួនឯង។

ខ្ញុំប្រាកដថា អ្នកទាំងអស់គ្នាអាចមើលឃើញពីភាពស្រស់ស្អាតនៃចន្លោះទំនេរ។

មូលដ្ឋានសិល្បៈមានតាំងពីសម័យបុរាណជប៉ុន ហើយក៏ជាមូលដ្ឋានសិល្បៈដែលទំនើប​បំផុតនៅលើពិភពលោកសព្វ​ថ្ងៃ​​នេះ​​ដែរ។

សង្ឃឹមថាអ្នកទាំងអស់គ្នាមិនមើលរំលងចំណេះដឹងដ៏សំខាន់នេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: