Bushido មិនមែនជាមូលដ្ឋានអប់រំក្នុងគោលបំណងប្រយុទ្ធនោះទេ តើកម្លាំងពិតរបស់អ្នកប្រយុទ្ធជាអ្វី?
Bushido មិនមែនជាមូលដ្ឋានអប់រំក្នុងគោលបំណងប្រយុទ្ធនោះទេ តើកម្លាំងពិតរបស់អ្នកប្រយុទ្ធជាអ្វី?
ប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់លឺពាក្យ “Bushido” ហើយមែនទេ? ក្នុងអត្តបទថ្ងៃនេះ ខ្ញុំសូមអនុញ្ញាតពន្យល់អំពីពាក្យនេះ។
“Bushido” – ប្រែថា៖ ក្បួនច្បាប់របស់អ្នកចម្បាំងជប៉ុន។
ទោះបីជាត្រូវបានចាត់ទុកដូចជាមេរៀនសម្រាប់សាមូរ៉ៃ ប៉ុន្តែតាមពិតទៅ Bushido មិនទាមទារ ឬត្រូវតែមានកម្លាំងបាយនោះទេ។
ថ្វីត្បិតតែ ពួកគេជាវណ្ណៈគ្រប់គ្រង ប៉ុន្តែសាមូរ៉ៃត្រូវហាមឃាត់មិនឲ្យជាប់ពាក់ព័ន្ធនឹងបញ្ហាដែលបង្កឡើងដោយប្រជាជន ហើយដកដាវក្នុងគោលបំណងផ្សេងក្រៅពីតួនាទីនោះឡើយ។
ដូច្នេះតើពួកគេត្រូវមានកម្លាំងបែបណា?
យើងនឹងនិយាយពីកម្លាំងពិតប្រាកដរបស់សាមូរ៉ៃ បើប្រៀបទៅនឹងទាហាន និងមេទ័ពនៅបណ្តាប្រទេសផ្សេងទៀត ចំណុចពិសេសដែលពួកគេត្រូវតែមានគឺអ្វី។
ការអប់រំគឺជាកត្តាដែលសំខាន់ដើម្បីដឹងអំពីកម្លាំងពិតប្រាកដ
កម្លាំងពិតដែលសាមូរ៉ៃត្រូវតែមាន និយយឲ្យចំទៅសំដៅលើការបញ្ចេញមតិ និងសកម្មភាពទាំងអស់ដែលត្រូវតែត្រឹមត្រូវ។
ដើម្បីដឹងថាអ្វីទៅទើបត្រឹមត្រូវ សាមូរ៉ៃត្រូវបង្ខំឲ្យឆ្លងកាត់ការរៀនសូត្រ។
មុខវិជ្ជាប្រវត្តិសាស្ត្រ និងគណិតវិទ្យាគឺជាមុខវិជ្ជាទូទៅ យ៉ាងណាមិញ ការអប់រំសាមូរ៉ៃថែមទាំងរួមបញ្ចូលការរៀនសូត្រ ហើយយល់ច្បាស់អ្វីដែលស្របនឹងទង្វើរបស់មនុស្ស ជាមួយនឹងការបណ្តុះបណ្តាលរាងកាយ។
គោលការណ៍ទាំង ៥ ក្នុង Bushido
មាន ៥ ចំណុចដែលបង្ហាញអំពីភាពត្រឹមត្រូវ និងកម្លាំង៖
。 ជាដំបូងគឺពាក្យ 義 (ぎ) – អត្ថន័យ
នេះជាចំណុចដែលត្រូវបានបង្រៀនយ៉ាងតឹងរឹង។
នៅពេលដែលប្រយុទ្ធជាមួយនឹងសត្រូវ មិនត្រូវប្រើល្បិចអាក្រក់នោះទេ ប៉ុន្តែត្រូវប្រយុទ្ធដោយយុត្តិធម៌។
。បន្ទាប់គឺជាពាក្យ 勇 (ゆう) – ក្លាហាន
មិនថាសត្រូវខ្លាំងយ៉ាងណានោះទេ ត្រូវក្លាហានប្រឈមមុខ តស៊ូអស់ពីកម្លាំងដើម្បីយុត្តិធម៌។
ឈ្នះ ឬចាញ់មិនសំខាន់នោះទេ ទោះបីជាត្រូវលះបង់ជីវិត នៅតែប្រយុទ្ធឲ្យអស់ពីកម្លាំងដើម្បីយុត្តិធម៌ នោះហើយទើបជារូបរាងដ៏គួរឲ្យសរសើរបំផុតរបស់អ្នកចម្បាំង។
。ពាក្យ 仁 (じん) – មនុស្ស
ចេះអត់ឱនចំពោះអ្នកដទៃ។
ទឹកចិត្តកក់ក្តៅហ៊ានការពារបុគ្គលដែលទន់ខ្សោយ។ ប្រសិនបើពាក្យ 義 និងពាក្យ 勇 តំណាងឲ្យកម្លាំងរឹងមាំរបស់បុរស រីឯពាក្យ 仁 បង្កប់អត្ថន័យទន់ភ្លន់នៃទឹកចិត្តរបស់ស្រ្តី។
。ពាក្យ 礼 (れい) – ច្បាប់ទម្លាប់
គឺជាពាក្យដែលបង្ហាញពីអត្តន័យគួរសម។
រួមទាំងច្បាប់ទាក់ទងនឹងការប្រព្រឹត្តគួរសមចំពោះអ្នកមើលថែទាំយើង ការហូបចុក ការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងគ្នា…
。誠 (まこと) – ស្មោះត្រង់
ការកុហក និងបោកប្រាស់ត្រូវបានចាត់ទុកដូចជាទង្វើដ៏អាម៉ាស់បំផុតរបស់សាមូរ៉ៃមួយរូប។
ដោយសារមូលហេតុនេះហើយ នៅពេលដែលសាមូរ៉ៃឲ្យខ្ចី ឬជំពាក់ប្រាក់គ្នាទៅវិញទៅមក ពួកគេតែងតែមិនធ្វើកិច្ចសន្យាខ្ចីប្រាក់នោះទេ។
តាមពិតទៅ ក៏មានករណីជាច្រើនមិនស្មោះត្រង់ដែរ ហើយអ្នកដែលធ្វើរឿងទាំងនោះគ្រាន់តែទទួលការរិះគន់ និងត្រូវគេចាត់ទុកថាគ្មានភាពថ្លៃថ្នូរក្នុងវណ្ណៈសាមូរ៉ៃប៉ុណ្ណោះ។
តើកិត្តិយសរបស់សាមូរ៉ៃជាអ្វី?
ស្វែងរកប្រាក់ជាអ្វីដែលឈ្មួញម្នាក់ត្រូវធ្វើ ក៏ដូចជាគោលការណ៍ទាំង ៥ ខាងលើដែរ ជាអ្វីដែលសាមូរ៉ៃត្រូវគោរពអនុវត្តយ៉ាងតឹងរឹងដើម្បីការពារកិត្តិយស។
ការអនុវត្តចំណុចទាំងនេះមិនត្រឹមតែជាស្មារតីរបស់សាមូរ៉ៃប៉ុណ្ណោះទេ ថែមទាំងជាសំណើពីប្រពន្ធកូនរបស់ពួកគេផងដែរ។
ទោះបីជាមិននៅសល់ប្រាក់ក៏ដោយ ការជួយអ្នកដទៃនៅតែជាអាទិភាពចម្បង។
សាមូរ៉ៃជាវណ្ណៈគ្រប់គ្រងនាសម័យនោះ ហើយខ្ញុំយល់ថា ប្រហែលជាមិនមានវណ្ណៈគ្រប់គ្រងផ្សេងនៅលើពិភពលោកមានគំនិតបែបនេះនោះទេ។
ក្រៅពីនេះ ភាពស្មោះត្រង់ក៏ជាកិត្តិយសរបស់សាមូរ៉ៃផងដែរ។
ថ្វីត្បិតតែ ពួកគេជាវណ្ណៈគ្រប់គ្រង ប៉ុន្តែក្នុងចំណោមសាមូរ៉ៃនៅតែមានការបែងចែកវណ្ណៈ។
ភាពស្មោះត្រង់សំដៅលើការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពចំពោះថ្នាក់លើរបស់ខ្លួន។ ដូច្នេះក្នុងករណីដែលថ្នាក់លើធ្វើអ្វីមួយខុសឆ្គង សាមូរ៉ៃមួយរូបហ៊ានលះបង់ជីវិតជួយម្ចាស់របស់ខ្លួនកែប្រែកំហុស។ ពួកគេអាចរក្សាភាពស្ងៀមស្ងាត់ដើម្បីជៀសវាងការបាត់បង់ប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែពួកគេបែរជានិយាយតាមត្រង់ បើទោះបីជាពួកគេត្រូវបញ្ជាឲ្យវះពោះខ្លួនឯងព្រោះហ៊ានរិះគន់ថ្នាក់លើ ក៏ពួកគេសុខចិត្តដែរ ទាំងនេះជាភាពស្មោះត្រង់ដែលសំខាន់ចំពោះសាមូរ៉ៃមួយរូប។
ស្មារតីសាមូរ៉ៃដែលមនុស្សធម្មតាមិនអាចយកតម្រាប់តាមបាន។ នោះហើយជាមូលហេតុដែលសាមូរ៉ៃពិតប្រាកដមួយរូបទទួលបានការស្រលាញ់ពីប្រជាជន។
ជាការពិតណាស់ មិនមែនសាមូរ៉ៃគ្រប់រូបសុទ្ធតែគោរពតាមការបង្រៀនទាំងនេះនោះទេ ហើយក៏មានករណីលើកលែងមួយចំនួនដែរ។
ក្នុងសម័យសព្វថ្ងៃខ្ញុំគិតថា យើងគួរយកតម្រាប់តាមទស្សនៈរបស់សាមូរ៉ៃមួយផ្នែក។ ទាំងនិយោជិត និងនិយោជក មិនថាអ្នកជាថ្នាក់លើ ឬចៅហ្វាយ កុំធ្វើខ្លួនជាមនុស្សអស្ចារ្យ។ ក្នុងនាមជាថ្នាក់លើត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ និងការពារបុគ្គលិករបស់ខ្លួន។
ខ្ញុំជឿថា ដើម្បីឲ្យក្រុមហ៊ុនរបស់ខ្លួនរីកចម្រើនជាងមុន អ្នកទាំងអស់គ្នានឹងត្រូវការបុគ្គលិកឆ្នើម។
តើអ្នកទាំងអស់គ្នាចង់ក្លាយទៅជាសាមូរ៉ៃទាន់សម័យមួយរូបចាប់ពីពេលនេះដែរទេ?
Abe Kengo