ប្រភេទអាហារក្លែងបន្លំពិតមួយចំនួននៅប្រទេសជប៉ុន
ប្រភេទអាហារក្លែងបន្លំពិតមួយចំនួននៅប្រទេសជប៉ុន។
សូមជម្រាបសួរអ្នកទាំងអស់គ្នា បច្ចុប្បន្ននៅលើទីផ្សារជប៉ុនមានអាហារក្លែងបន្លំពិតច្រើនប្រភេទ។ ហើយប្រហែលជាក្នុងចំណោមយើងទាំងអស់គ្នាធ្លាប់បរិភោគ ប៉ុន្តែបែរជាមិនដឹងរឿងនេះ
ចូរយើងស្វែងយល់ប្រភេទអាហារទាំងនេះក្នុងអត្តបទខាងក្រោមជាមួយនឹង JAPO ទាំងអស់គ្នា។
Kanikama – ប្រហិតសាច់ក្តាម
ប្រហែលជាយើងទាំងអស់គ្នានៅតែរើសយកប្រហិតសាច់ក្តាមទាំងដែលដឹងថានោះជាផលិតផលក្លែងបន្លំក៏ដោយ។
ថ្វីត្បិតតែ ត្រូវបានផលិតឡើងស្រដៀងនឹងសាច់ក្តាម ប៉ុន្តែគ្រឿងផ្សំដែលយកមកផលិតប្រហិតសាច់ក្តាមគឺជាត្រីទៅវិញ។
ប្រហិតសាច់ក្តាមពេញនិយមតាមបណ្តាប្រទេសផ្សេងទៀតជាងនៅប្រទេសជប៉ុនទៅទៀត។
ហើយប្រហិតសាច់ក្តាមនៅមានអាថ៌កំបាំងមួយ ប្រហិតសាច់ក្តាមគឺជាលទ្ធផលដែលអ្នកផលិតទទួលបាននៅពេលដែលព្យាយាមផលិតអាហារដែលមានរសជាតិដូចជាខ្ញែសមុទ្រ ទាំងនេះជាប្រភពដើមរបស់ប្រហិតសាច់ក្តាម។
អាចនិយាយបានថា ចំណុចនេះជាភាពបរាជ័យរបស់ផលិត ព្រោះថាអ្នកបរិភោគគ្រាន់តែមានអារម្មណ៍ដូចរសជាតិប្រហិតសាច់ក្តាមជាជាងខ្ញែសមុទ្រ។ ដោយសារមូលហេតុនេះហើយ ទើបគេសម្រេចចិត្តកែលម្អ ដូច្នេះលទ្ធផលដែលទទួលបានគឺប្រហិតសាច់ក្តាម ដែលមើលទៅដូចជាសាច់ក្តាមពិតនៅលើទីផ្សារសព្វថ្ងៃនេះ។
ចំពោះគំនិតផ្ទាល់របស់ខ្ញុំទាក់ទងនឹងចំណុចដែលប្រជាជនជប៉ុនខំប្រឹងធ្វើគ្រប់យ៉ាងឲ្យមើលទៅដូចផលិតផលពិតអាចចាត់ទុកដូចជា “របៀបរស់នៅដែលខុសឆ្គង” ។
ដោយសារបរិមាណក្តាមដែលចាប់បាននៅលើពិភពលោកកំពុងថយចុះ ដូច្នេះខ្ញុំយល់ថា តម្រូវការប្រើប្រាស់នឹងកើនឡើងនាពេលអនាគត។
ម្យ៉ាងវិញទៀត ខ្ញុំក៏ចង់ចែករំលែកនិយាយពីស៊ូស៊ីប្រហិតសាច់ក្តាមដែលមើលទៅដូចជាពេញនិយមនៅបណ្តាប្រទេសផ្សេងទៀត ប៉ុន្តែនៅជប៉ុនយើងស្ទើរតែមិនដែលឃើញអ្នកហូបមុខម្ហូបនេះនោះទេ។ ផ្ទុយទៅវិញ យើងអាចមើលឃើញថា ប្រហិតសាច់ក្តាមត្រូវបានប្រើជាគ្រឿងផ្សំហូបជាមួយនឹងសាឡាត់។
ថ្វីត្បិតតែ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផលិត ប៉ុន្តែគួរឲ្យសោកស្ដាយ ប្រហិតសាច់ក្តាមបែរជាត្រូវបានគេហៅថា “របស់ក្លែងក្លាយ” និងត្រូវចំអកនៅក្នុងប្រទេសជប៉ុន។
ខ្ញុំសង្ឃឹមថា គុណភាពផលិតផលមួយមុខនេះអាចកែលម្អបន្ថែម ហើយឈានដល់កម្រិតដែលអាចបោកបញ្ឆោតអ្នកបរិភោគនៅជប៉ុន។
Negitoro – ត្រីធូណាចិញ្ច្រាំ
មុខម្ហូប Negitoro នេះគេប្រើចំណែកសាច់ដែលនៅជិតឆ្អឹងខ្នងនៃប្រភេទត្រីធូណាលំដាប់ខ្ពស់ហៅថាត្រីធូណាព្រុយខៀវ។
វិធីសាស្រ្តកោសយកសាច់កណ្តាលឆ្អឹងគេហៅថា “negiru” ។ សាច់ត្រង់ផ្នែកនេះមានគុណភាពល្អ និងត្រូវបានគេហៅថា negitoro ។ ឈ្មោះមុខម្ហូបមិនមែនមកពីមានស្លឹកខ្ទឹម (negi – ពាក្យមានសំឡេងដូចគ្នាក្នុងភាសាជប៉ុន) ក្នុងម្ហូបនោះទេ។
ដើមឡើយ នេះជាផលិតផលលំដាប់ខ្ពស់ ប៉ុន្តែឥឡូវនេះតម្លៃថោកជាងមុនហើយ។ យ៉ាងណាមិញ ប្រភេទនេះត្រូវបានផលិតដោយប្រើត្រីធូណាដែលមិនមានពណ៌ដិត លាយជាមួយប្រេងបន្លែ និងសារធាតុបន្ថែមពណ៌។ ប្រភេទមួយចំនួនដែលថោកជាងនេះត្រូវបានផលិតពីសាច់ត្រី Lampris guttatus ជំនួសឲ្យត្រីធូណា។
Negitoro មួយចំនួនអាចនឹងមានផ្ទុកសារធាតុរក្សាទុក ដូច្នេះប្រសិនបើអ្នកចង់បរិភោគមុខម្ហូបនេះ ចូរយើងទាំងអស់គ្នាប្រុងប្រយ័ត្នក្នុងការជ្រើសរើសដើម្បីជៀសវាងផលិតផលក្លែងបន្លំ។
ស៊ុត
ក្នុងប្រអប់បាយដែលលក់នៅម៉ាតតែងតែមានស៊ុតនៅពីលើ ស៊ុតមួយគ្រាប់នេះមើលទៅដូចជាមិនឆ្អិនប៉ុន្មានទេ ហើយមើលទៅដូចជានៅទន់ខ្លាំង។ យ៉ាងណាមិញ នៅពេលដែលខ្ញុំប្រើមីក្រូវ៉េវសម្រាប់កម្តៅប្រអប់បាយក៏ស៊ុតមិនរឹងនោះដែរ។ ចំពោះករណីនេះ ប្រសិនបើនោះជាស៊ុតធម្មតាប្រាកដជារឹង ដូច្នេះអាចនិយាយបានថា នោះគឺជាស៊ុតក្លែងក្លាយ។
ស៊ុតក្លែងក្លាយត្រូវបានផលិតឡើងដោយការលាយស៊ុតជាមួយប្រេង និង gelatin… ដូច្នេះហើយ ស៊ុតនឹងមិនរឹងពេលកម្តៅនោះទេ។
ម្យ៉ាងវិញទៀត ប្រសិនបើចង់សាកល្បងចៀនក្នុងខ្ទះ ស៊ុតនេះនឹងរលាយ។
ដោយផ្អែកលើការផលិតស៊ុតក្លែងក្លាយទាំងនេះ ការប្រើស៊ុតស្ងោរទន់ដែលដាក់បន្ថែមក្នុងប្រអប់បាយកាន់តែមានភាពងាយស្រួល។
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? ទាក់ទងនឹងចំណុចដែលថា ប្រជាជនជប៉ុនប្រើប្រាស់បច្ចេកទេសពិសេសបង្កើតផលិតផលក្លែងបន្លំដើម្បីធ្វើជាគ្រឿងផ្សំសម្រាប់មុខម្ហូបលំដាប់ខ្ពស់ ឬពិបាកចម្អិន។
ប្រហែលជានៅពេលអនាគត បច្ចេកទេសផលិតអាហារក្លែងក្លាយអាចនឹងក្លាយជាដំណោះស្រាយចំពោះវិបត្តិសេដ្ឋកិច្ចដែលអាចកើតមាន។
Abe Kengo