កន្លងផុតរយៈពេលមួយរយឆ្នាំនៅតែចងចាំគុណស្រយ មូលហេតុដែលតួកគីជាប្រទេសស្និទ្ធស្នាលនឹងជប៉ុន
កន្លងផុតរយៈពេលមួយរយឆ្នាំនៅតែចងចាំគុណស្រយ មូលហេតុដែលតួកគីជាប្រទេសស្និទ្ធស្នាលនឹងជប៉ុន
សម្រាប់ពួកយើងជាជនជាតិជប៉ុន យើងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលស្និទ្ធស្នាលនឹងជប៉ុននៅជុំវិញពិភពលោក។ ចំណុចទាំងនេះបានមកពីការខិតខំប្រឹងប្រែងរបស់ប្រជាជនជប៉ុនក្នុងប្រវត្តិសាស្ត្រ។
គេនិយាយថា មូលហេតុដែលតួកគីស្និទ្ធស្នាលនឹងជប៉ុនយ៉ាងនេះក៏ព្រោះតែទង្វើរបស់ប្រជាជនជប៉ុនដែលមិនស្គាល់ឈ្មោះ។
អំឡុងពេល ១០០ ឆ្នាំក្រោយនៅតែធ្វើឲ្យមនុស្សចងចាំ ដូច្នេះតើមូលហេតុជាក់ស្តែងមកពីអ្វី? ចូរយើងស្វែងយល់បន្ថែមក្នុងអត្តបទនេះ។
រដ្ឋាភិបាលប្រទេសតួកគីផ្តល់អាទិភាពចំពោះប្រជាជនជប៉ុនជាងពលរដ្ឋរបស់ខ្លួន
ខណៈពេលដែលបណ្តាប្រទេសនៅមជ្ឈិមបូព៌ា អុីរ៉ង់ និងអុីរ៉ាក់កើតមានសង្គ្រាម ប្រទេសជាច្រើនបានបញ្ជូនក្រុមជំនួយទៅជួយសង្គ្រោះពលរដ្ឋរបស់ខ្លួន។ យ៉ាងណាមិញ រដ្ឋាភិបាលជប៉ុនបានធ្វើសកម្មភាពយឺតយ៉៉ាវ ដោយទុកឲ្យប្រជាជនជប៉ុនជាច្រើនជាប់គាំងក្នុងប្រទេសនោះ ហើយស្ថិតក្រោមស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត។ ក្នុងគ្រាអាសន្ននោះ ប្រជាជនជប៉ុនដែលបានរៀបរាប់ខាងលើទទួលបានការជួយសង្គ្រោះពីរដ្ឋាភិបាលប្រទេសតួកគី។
រដ្ឋាភិបាលប្រទេសតួកគីបានបញ្ជូនយន្តហោះទៅកាន់ទីតាំងនោះមុនជប៉ុន ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលត្រង់ថា ពួកគេបានផ្តល់អាទិភាពជម្លៀសពលរដ្ឋជប៉ុនមុនពលរដ្ឋរបស់ខ្លួន។
នៅពេលនោះ ប្រជាជនតួកគីចំនួន ៥០០ នាក់ជាប់គាំងក្នុងតំបន់នោះ ប៉ុន្តែពួកគេត្រូវបានបង្គាប់ឲ្យធ្វើដំណើរតាមផ្លូវគោក ចំណែកឯប្រជាជនជប៉ុនត្រូវបានបញ្ជូនឡើងយន្តហោះ។
ខណៈពេលនោះ ឯកអគ្គរដ្ឋទូតប្រទេសតួកគីប្រចាំនៅជប៉ុនបានធ្វើសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖
“សូមចាត់ទុករឿងនេះប្រៀបដូចជាការអរគុណដែលយើងមានចំពោះប្រទេសរបស់អ្នកព្រោះរឿងដែលកន្លងផុតទៅកាលពីអតីតកាល” ។
ទន្ទឹមនឹងនេះ ដូចដែលយើងដឹងហើយថា ប្រជាជនតួកគីក៏យល់ស្របទាំងស្រុងនឹងការណែនាំរបស់រដ្ឋាភិបាលផងដែរ។
ដូច្នេះហើយ តើមានរឿងអ្វីកើតឡើងកាលពីអតីតកាលដែលធ្វើឲ្យពួកគេសម្រេចចិត្តបែបនេះ?
ប្រជាជនជប៉ុនដែលមិនស្គាល់អត្តសញ្ញាណបានខំប្រឹងអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះកប៉ាល់របស់តួកគីដែលហាក់ដូចជាគ្មានសង្ឃឹម
នៅឆ្នាំ ១៨៩០ នាវាចម្បាំងដែលដឹកបេសកជនរបស់តួកគី (នាពេលនោះជាចក្រភព Osman) បានលិចដោយសារព្យុះដែលនៅជិតជប៉ុន។ ឧបទ្ទវហេតុនេះបានធ្វើឲ្យមនុស្សជាង ៥០០ នាក់ស្លាប់ និងបាត់ខ្លួន។
ដោយពឹងលើការខិតខំប្រឹងប្រែងរបស់ប្រជាជននៅភូមិនេសាទក្នុងខេត្ត Wakayama ដែលនៅជិតកន្លែងគ្រោះថ្នាក់បំផុត មនុស្សចំនួន ៦៩ នាក់ត្រូវបានជួយសង្គ្រោះ។ មិនត្រឹមតែលិចនាវាចម្បាំងប៉ុណ្ណោះទេ សមុទ្របោកបក់យ៉ាងខ្លាំងដោយសារខ្យល់ព្យុះ រហូតដល់ថ្នាក់អ្នកដែលទៅជួយសង្គ្រោះត្រូវត្រៀមចិត្តលះបង់ជីវិតផងដែរ។
ក្នុងស្ថានភាពនោះ ទូកនេសាទតូចមួយបានធ្វើដំណើរឆ្ពោះទៅកាន់សមុទ្រដែលកំពុងបោកបក់ អ្នកដែលមិនខ្លាចស្លាប់បានលោតចូលសមុទ្រដោយសង្ឃឹមថាអាចជួយសង្គ្រោះអ្នកនៅរស់។ ក្រោយពេលរកឃើញ ពួកគេបានប្រើកំដៅរាងកាយរបស់ខ្លួនដើម្បីជួយប្រជាជនតួកគីដែលកំពុងត្រជាក់ឲ្យកក់ក្តៅ ហើយប្រញាប់នាំពួកគេត្រឡប់ទៅវិញ។
ស្ត្រី និងកុមារជាច្រើននាក់ក៏បានចូលរួមការជួយសង្គ្រោះផងដែរ ពួកគេជួយសង្គ្រោះតាមរយៈការសង្គ្រោះបឋម និងរៀបចំអាហារសម្រាប់អ្នកដែលជួបគ្រោះថ្នាក់។ នៅពេលនោះស្ថានភាពភូមិនេសាទមានការលំបាកយ៉ាងខ្លាំង ខណៈពេលដែលអាហារសម្រាប់ខ្លួនក៏មិនមាន ពួកគេនៅតែផ្តល់អាទិភាពជូនអាហារដល់ជនរងគ្រោះ។
សាកសពមួយចំនួនដែលបោកបក់ចូលឆ្នេរសមុទ្រក៏ត្រូវបានអ្នកភូមិនេសាទកប់យ៉ាងត្រឹមត្រូវ។ ឧប្បត្តិហេតុនេះត្រូវបានផលិតជាខ្សែភាពយន្តក្នុងឆ្នាំ ២០១៥ ប្រសិនបើអ្នកទាំងអស់គ្នាចង់ស្វែងយល់បន្ថែមអាចរកមើលខ្សែភាពយន្តនេះបាន។
នៅជប៉ុនព្រឹត្តិការណ៍នេះមិនត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រនោះទេ ដើម្បីចៀសវាងការរំលឹកពីឧប្បត្តិហេតុដ៏សោកសៅនេះ ប៉ុន្តែប្រជាជនតួកគីហាក់បីដូចជាដឹងពីរឿងនេះតាមរយៈប្រវត្តិសាស្ត្ររបស់ពួកគេ ហើយទោះបីជា ១០០ ឆ្នាំក្រោយមកពួកគេនៅតែមិនភ្លេច។
ដូច្នេះនៅពេលដែលព្រឹត្តិការណ៍នៅមជ្ឈិមបូព៌ាបានកើតឡើង សម្រាប់ប្រជាជនប្រទេសតួកគី នេះជាពេលវេលាដែលត្រូវសងគុណ ដូច្នេះទើបពួកគេផ្តល់អាទិភាពជួយសង្រោះប្រជាជនជប៉ុនពីស្ថានភាពបន្ទាន់។
ប្រជាជនតួកគីមិនដែលភ្លេចទឹកចិត្តដ៏ល្អដែលពួកគេបានទទួលនោះទេ ហើយបានផ្តល់អាទិភាពចំពោះការតបស្នងគុណ។ ដោយសារប្រជាជនជប៉ុនដែលមិនស្គាល់អត្តសញ្ញាណបានលះបង់ខ្លួនដើម្បីសង្គ្រោះជីវិតជនបរទេសដែលមិនស្គាល់មុខ។
ខ្ញុំជឿថា ចំណងមិត្តភាពដ៏កក់ក្តៅនេះនឹងរួមចំណែកដល់ការផ្សព្វផ្សាយសន្តិភាពសម្រាប់ពិភពលោក។
ទន្ទឹមនឹងនោះ រវាងជប៉ុន និងកម្ពុជាក៏មានរឿងរ៉ាវជាច្រើនផងដែរ។ ទោះបីជាគេនិយាយថា ជប៉ុន ឬប្រទេសណាក៏ដោយសុទ្ធតែលាយឡំរវាងមនុស្សល្អ និងអាក្រក់ យ៉ាងណាមិញ ខ្ញុំពិតជាដឹងគុណចំពោះបុព្វបុរសរបស់ខ្លួនដែលបានលះបង់យ៉ាងធំធេង ដោយបន្តរឿងល្អសម្រាប់មនុស្សជំនាន់ក្រោយ។
គោលបំណងសំខាន់នៃទស្សនាវដ្ដី JAPO របស់យើងខ្ញុំគឺចង់រួមចំណែកនាំមកនូវសន្តិភាពដល់ពិភពលោកតាមរយៈរឿងវិជ្ជមាន និងមនុស្សធម៌។
ជាថ្មីម្តងទៀត សូមអរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នាក្នុងអំឡុងពេលកន្លងមក។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តគាំទ្រតាមដាន JAPO ។
Abe Kengo