ការបង្ហាញពីអារម្មណ៍ពិត
អារម្មណ៍ពិត
ខ្យល់ត្រជាក់បក់កាត់ នាំយកក្លិនក្រអូបរបស់ផ្កាចូលតាមបង្អួច។
នៅពេលដែលសំឡេងបទចម្រៀងចប់ ខ្ញុំទើបតែផឹកតែនាពេលព្រឹកព្រលឹម។
មិនបរិភោគអាហារពេលព្រឹក ហើយក៏មិនផឹកកាហ្វេ ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែផឹកតែខ្ញីក្តៅមួយពែង និងស្តាប់បទចម្រៀងពីដើមមួយបទ។
យ៉ាងណាមិញ រឿងដដែលៗកើតឡើងប្រចាំថ្ងៃពេលខ្លះធ្វើឲ្យយើងធុញទ្រាន់។ ខ្ញុំក៏ធ្លាប់ស្ថិតក្នុងស្ថានភាពបែបនោះដែរ មានអារម្មណ៍ថាជីវិតនេះគួរឲ្យធុញទ្រាន់ណាស់ រហូតដល់ពេលដែលខ្ញុំរកឃើញអារម្មណ៍ពិត និងឧត្តមគតិក្នុងជីវិតឡើងវិញ។
កាលពីដើមឆ្នាំ ២០២៤ ខ្ញុំបានបញ្ឈប់រាល់សកម្មភាពអាជីវកម្មអាហារ និងភេសជ្ជៈ ផ្ទេរហាងធំតូចទាំងអស់ដែលស្ថិតនៅតំបន់ទីប្រជុំជន ហើយចំណាយពេលច្រើនសម្រាប់គ្រួសារ មើលថែទាំឪពុកម្តាយឲ្យបានច្រើន ព្រោះឪពុកម្តាយខ្ញុំចាស់ហើយ ម្យ៉ាងវិញទៀត ទុកឲ្យខ្លួនមានពេលវេលាឈប់សម្រាកផងដែរ។
ប៉ុន្តែសត្វឃ្មុំដែលឧស្សាហ៍ព្យាយាមមិនអាចនៅក្នុងសំបុកដោយមិនហើរបានឡើយ ប្រភពថាមពលក្នុងខ្លួនរបស់ខ្ញុំជម្រុញឲ្យខ្ញុំត្រឡប់ទៅរកការងារវិញ ទោះបីជានៅពេលនោះខ្ញុំគ្មានទិសដៅក៏ដោយ។
ក្រុមហ៊ុនគ្រឿងសំអាងដែលខ្ញុំគ្រប់គ្រងនៅតែដំណើរការល្អធម្មតា ហើយជាការពិតណាស់ វាតែងតែជាផ្នែកមួយរបស់ខ្ញុំ។ ប្រាក់ចំណូលមានស្ថេរភាព មិនមានការខ្វះខាតខាងផ្នែកហិរញ្ញវត្ថុ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាដូចជាខ្វះអ្វីម្យ៉ាង។ ក្នុងចិត្តរបស់ខ្ញុំដូចជាមានសំណួរមួយដែលមិនទាន់មានចម្លើយ។
នៅពាក់កណ្តាលឆ្នាំ ២០២៤ ថ្ងៃមួយខ្ញុំបានទៅលេងហាងរបស់មិត្តភក្តិម្នាក់។ មុននោះយើងទាំងពីរនាក់ធ្លាប់ធ្វើការជាមួយគ្នា បច្ចុប្បន្នទោះបីជាយើងលែងធ្វើការខាងផ្នែកដូចគ្នាក៏ដោយ ប៉ុន្តែពេលខ្លះខ្ញុំតែងតែទៅកាន់ហាងរបស់នាងក្នុងនាមជាមិត្ត។
ខ្ញុំកំពុងផឹកស្រាមួយកែវ ស្រាប់តែខ្ញុំមើលឃើញទស្សនាវដ្ដីប៉ុន្មានក្បាលមានចំណងជើងថា “JAPO” ។ មិត្តរបស់ខ្ញុំជាមនុស្សដែលមិនសូវអានសៀវភៅ ឬកាសែតនោះទេ ប៉ុន្តែគាត់បែរជាទុកទស្សនាវដ្តីនៅទីនេះ ខ្ញុំក៏យកមួយក្បាលហើយអាន។
ខ្លឹមសារក្នុងទស្សនាវដ្តីល្អណាស់ ប៉ុន្តែប្រយោគហាក់បីដូចជាមិនសូវរលូនប៉ុន្មានឡើយ។
“គួរឲ្យស្តាយណាស់! ប្រសិនបើរឿងទាំងនេះប្រគល់ឲ្យខ្ញុំជាអ្នកសរសេរ ច្បាស់ជាគួរឲ្យចាប់អារម្មណ៍ជាងនេះ” ។
សញ្ជឹងគិតក្នុងចិត្ត ខ្ញុំនឹកឃើញរឿងប្រលោមលោកដែលខ្លួនបានសរសេរកាលនៅរៀន នៅពេលនេះប្រហែលជាទឹកថ្នាំព្រាលៗមើលលែងច្បាស់ហើយ។
ខ្ញុំជឿជាក់នៅពេលដែលគិតបែបនេះ ព្រោះខ្ញុំដឹងពីសមត្ថភាពខ្លួនឯង ហើយនៅពេលដែលនិយាយដល់អក្សរសិល្ប៍នោះគឺជាជំនាញរបស់ខ្ញុំ។
នៅពេលនោះទើបខ្ញុំត្រឡប់ទៅទំព័រដំបូងវិញ ហើយរកមើលឈ្មោះអ្នកនិពន្ធ។ ខ្ញុំស្រាប់តែមើលឃើញឈ្មោះដែលខ្ញុំធ្លាប់ស្គាល់ អ្វីដែលភ្ញាក់ផ្អើលនោះជាឈ្មោះជនជាតិជប៉ុនដែលខ្ញុំស្គាល់ ទោះបីជាយើងមិនដែលជជែកគ្នា ប៉ុន្តែខ្ញុំធ្លាប់ទៅបរិភោគអាហារពេលល្ងាចជាច្រើនដងនៅភោជនីយដ្ឋានរបស់លោក លោកធ្លាប់មើលការខុសត្រូវហាងរបស់ខ្លួនដោយផ្ទាល់ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ពេលដឹងថាគាត់ជានិពន្ធនាយកនៃទស្សនាវដ្តីនេះ។
ភ្លាមៗនោះ នៅពេលដែលទ្វារហាងបើក បុរសវ័យកណ្តាលម្នាក់បានដើរចូល។
បុរសម្នាក់នេះបើកកាបូបស្ពាយ ហើយយកទស្សនាវដ្តីដូចគ្នាចេញ។ ដោយមើលឃើញខ្ញុំកំពុងកាន់ទស្សនាវដ្តីក្នុងដៃ លោកបានណែនាំខ្លួនជានិពន្ធនាយកនៃទស្សនាវដ្ដីនេះ ហើយចាប់ដៃរបស់ខ្ញុំ ខ្ញុំងើបឈរហើយចាប់ដៃរបស់គាត់ដោយភាពគួរសម។
បន្ទាប់ពីបានសួរសុខទុក្ខគ្នា យើងបានសន្ទនាគ្នាយ៉ាងយូរ ហើយយល់ឃើញថា មានឧត្តមគតិស្រដៀងគ្នាច្រើនក្នុងជីវិត។ ក្រោយពេលជួបគ្នា ពួកយើងចាប់ផ្តើមបង្កើតមិត្តភាព។
ការសន្ទនារបស់យើងភាគច្រើនគួរឲ្យចាប់អារម្មណ៍ណាស់ រហូតដល់ពេលដែលលោកបានត្អូញត្អែរនិយាយពីចំណុចខ្វះខាត និងបញ្ហាក្នុងការងារ ក៏ដូចជាការរស់នៅក្នុងប្រទេសវៀតណាម ដោយបញ្ហាចម្បងស្ថិតលើភាសា។ សំណាងល្អ ជាមួយនឹងជំនាញភាសាបរទេសរបស់ខ្លួន ខ្ញុំបានជួយគាត់ដោះស្រាយបញ្ហាយ៉ាងមានប្រសិទ្ធភាព ហើយចាប់ពីពេលនោះក៏ទទួលបានការជឿទុកចិត្ត។ យើងចាប់ផ្តើមធ្វើការជាមួយគ្នាខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយ កម្សាន្ត ហើយលទ្ធផលការងារ ១០០% សុទ្ធតែបញ្ចប់យ៉ាងល្អ។
ទោះជាយ៉ាងណា ក្រៅពីសមិទ្ធិផលក្នុងការងារ បុរសដ៏ពូកែម្នាក់នេះហាក់បីដូចជានៅមានកង្វល់ដែលមិនទាន់អាចដោះស្រាយបាន ការបារម្ភចំពោះ JAPO ដែលប្រៀបដូចជាកូនខាងផ្នែកស្មារតីរបស់លោក។
បន្ទាប់ពីជជែកគ្នារយៈពេលយូរ ខ្ញុំបានយល់ច្បាស់ពីអត្ថន័យរបស់ទស្សនាវដ្ដី JAPO ។ នៅពេលដែលយល់រឿងនេះ ខ្ញុំពិតជារំភើបណាស់។ នៅពេលនោះ ខ្ញុំបានសម្រេចចិត្តធ្វើការងារយូរអង្វែងជាមួយនឹងលោក ហើយខ្ញុំបានទទួលយកការអញ្ជើងដោយធ្វើជាអ្នកបកប្រែរបស់ JAPO និងសហអ្នកនិពន្ធ។
នៅទីនេះ យើងចែករំលែករឿងរ៉ាវមនុស្សធម៌ បង្កើតទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ដោយមានបំណងចង់បង្កើតពិភពលោកមួយដែលពោរពេញដោយក្តីស្រឡាញ់ដ៏កក់ក្តៅ និងសន្តិភាពជារៀងរហូត។
JAPO ប្រៀបដូចជាផ្ទះទីពីរបស់ខ្ញុំ ជាកន្លែងដែលផ្តល់ឲ្យខ្ញុំនូវទំនុកចិត្ត ហើយក៏ជួយឲ្យខ្ញុំរកឃើញខ្លួនឯងបន្ទាប់ពីបាត់បង់ទិសដៅក្នុងជីវិតផងដែរ។
Le Phuong Ky