តើខ្មោចមានអាយុកាលដែរទេ? ប្រសិនបើមានអាយុកាល ៤០០ ឆ្នាំទើបរលាយបាត់ តើព្រលឹងខ្មោចទាំងនោះនឹងទៅណា?
តើខ្មោចបិសាចមានអាយុកាលដែរទេ?
ប្រសិនបើខ្មោចបិសាចមានអាយុកាល ៤០០ ឆ្នាំទើបរលាយបាត់ តើព្រលឹងខ្មោចទាំងនោះនឹងទៅណា?
តើអ្នកទាំងអស់គ្នាធ្លាប់មើលឃើញខ្មោចដែរទេ?
មនុស្សមួយចំនួនជឿថាមានខ្មោចបិសាច អ្នកខ្លះថែមទាំងធ្លាប់មើលឃើញខ្មោចផ្ទាល់ភ្នែកទៀតផង ក្នុងនោះបុគ្គលមួយចំនួនជឿថាមាន គ្រប់គ្នាសុទ្ធតែមានទស្សនៈដោយឡែក យ៉ាងណាមិញ នៅមានអាថ៌កំបាំងជាច្រើនដែលបង្កប់ពីក្រោយបញ្ហាខាងព្រលឹងវិញ្ញាណនេះ។
យ៉ាងណាមិញ មានមតិសង្ស័យមួយចំនួននិយាយថា៖
“មិនធ្លាប់មានអ្នកមើលឃើញព្រលឹងខ្មោចកាលពីសម័យបុរាណនោះទេ” ។
នៅជប៉ុនមានតែអ្នកក្នុងសម័យកាលសាមូរ៉ៃប៉ុណ្ណោះទើបឃើញខ្មោច ក្នុងរឿងភាពយន្ត និងប្រលោមលោកក៏ដូចគ្នាដែរ។
តាំងពីបុរាណកាល ប្រជាជនដែលរស់នៅជប៉ុនចាប់ផ្តើមបរបាញ់សត្វដោយប្រើពូថៅថ្ម និងលំពែង ប៉ុន្តែមិនមានរឿងរ៉ាវនិយាយពីវត្តមានមនុស្សមើលទៅដូចខ្មោចឡើយ។
តើនៅប្រទេសរបស់អ្នកទាំងអស់គ្នាដូចគ្នាដែរទេ?
មនុស្សជាច្រើនជឿថា ខ្មោចបិសាចកើតចេញការចងកំហឹងរបស់អ្នកដែលបានស្លាប់តែនៅមានភាពសោកស្តាយជាច្រើន។ ប្រសិនបើដូច្នេះមែនមានន័យថា អ្នកដែលស្លាប់នៅសម័យបុរាណសុទ្ធតែស្លាប់ដោយស្ម័គ្រចិត្ត។
សម្មតិកម្មមួយនេះហាក់បីដូចជាពិបាកទទួលយកមែនទេ?
នៅសម័យនោះ ប្រហែលជាមានមូលហេតុជាច្រើនដែលបណ្តាលឲ្យមនុស្សស្លាប់ ដូចជាចាញ់បោកគេ ឬគ្រោះថ្នាក់ដែលមិនអាចទទួលយកបាន។ ដូច្នេះហេតុអ្វីបានជាមិនមានខ្មោច?
អ្នកប្រាជ្ញជប៉ុនម្នាក់បាននិយាយថា ជាទូទៅខ្មោចមានអាយុកាលប្រហែល ៤០០ ឆ្នាំ។
ជាការពិតណាស់ យើងមិនបានធ្វើការស្ទង់មតិដោយប្រើសំណួរទាក់ទងនឹងខ្មោចនោះទេ ហើយក៏មិនអាចបញ្ជាក់ពីភាពជាក់ស្តែងរបស់ខ្មោចបិសាចបានដែរ។
មូលហេតុដែលកំណត់យកចំនួន ៤០០ ឆ្នាំដោយសារដានមកពីសមរភូមិប្រយុទ្ធដ៏ធំមួយ។
នៅឆ្នាំ ១៦០០ ខ្មាន់កាំភ្លើងសាមូរ៉ៃជប៉ុនបែងចែកជាពីរក្រុម ហើយបានប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅកន្លែងមួយហៅថា Sekigahara ស្ថិតនៅខេត្ត Gifu សព្វថ្ងៃ។
ការប្រយុទ្ធគ្នារវាងមនុស្ស ៨ ម៉ឺននាក់ និងម្ខាងទៀតមានចំនួន ១០ ម៉ឺននាក់កើតឡើងយ៉ាងសាហាវបំផុត ចំនួនអ្នកស្លាប់ និងរបួសត្រូវបានគេជឿថា មានចំនួនរាប់ម៉ឺននាក់។
ចាប់តាំងពីពេលនោះមក Sekigahara បានក្លាយជាកន្លែងដែលល្បីទាក់ទងនឹងរឿងរ៉ាងខាងព្រលឹងវិញ្ញាណ ដែលនិយាយពីវត្តមានរបស់ខ្មោច។
រឿងនេះហាក់បីដូចជាពិត។
ព្រោះក្នុងសមរភូមិនេះមានការក្បត់ ហើយក៏មានអ្នកស្លាប់យ៉ាងឈឺចាប់បន្ទាប់ពីត្រូវកាប់ អ្នកខ្លះស្លាប់ដោយមិនដឹងថាខ្លួនបានស្លាប់។
នេះជាតំបន់មួយដែលមានសាក្សីជាច្រើនបាននិយាយពីករណីមើលឃើញខ្មោច។
យ៉ាងណាមិញ ប្រហែលជាចាប់ពីឆ្នាំ ២០០០ ទៅ របាយការណ៍និយាយពីករណីមើលឃើញខ្មោចបានថយចុះគួរឲ្យកត់សម្គាល់។
ផ្អែកលើចំណុចនេះគេសន្និដ្ឋានបានថា ប្រហែលជាអាយុកាលរបស់ព្រលឹងខ្មោចមានរយៈពេល ៤០០ ឆ្នាំ។
ប្រសិនបើផ្អែកលើការសន្និដ្ឋាននេះ យើងអាចពន្យល់ពីករណីមិនមើលឃើញខ្មោចនៅសម័យបុរាណ ជាសម័យកាលដែលមនុស្សរើសផ្លែឈើ និងបរបាញ់សត្វដោយពូថៅថ្មតាំងពីរាប់ពាន់ឆ្នាំមុន។
ប្រហែលជានឿយហត់ណាស់ហើយនៅពេលដែលចងកំហឹងអស់រយៈពេល ៤០០ ឆ្នាំមែនទេ?
ទោះជាយ៉ាងណា នៅតែមានករណីលើកលែងមួយចំនួនដែរ។
បុគ្គលម្នាក់ត្រូវគេសម្លាប់ក្នុងឆ្នាំ ៩៤០ មានឈ្មោះថា Tairano Masakado ដែលបានស្លាប់បន្ទាប់ពីត្រូវកាត់ក្បាល។ គេនិយាយថា កំហឹងបានធ្វើឲ្យក្បាលរបស់ម្នាក់នោះហោះយ៉ាងឆ្ងាយ ដោយបង្កឲ្យមានគ្រោះមហន្តរាយទូទាំងប្រទេសជប៉ុន។
ក្បាលរបស់ Masakado បានហោះទៅដល់ Otemachi ទីប្រជុំជនតូក្យូ។
នៅទីនេះមានផ្នូរមួយហៅថា Kubitsuka ជាកន្លែងដែលកប់ក្បាលនោះ។ ប្រសិនបើប៉ុនប៉ងបំផ្លាញផ្នូរនឹងបង្កឲ្យមានគ្រោះមហន្តរាយធ្ងន់ធ្ងរ។
ក្រោយសង្គ្រាម អាមេរិកបានបញ្ជូនកងទ័ពចូលជប៉ុន ហើយបំផ្លាញរបស់ជាច្រើនក្នុងនាមកែតម្រូវ។
ពួកគេបានព្យាយាមបំផ្លាញវប្បធម៌ជប៉ុន ជាពិសេសអ្វីដែលទាក់ទងនឹងជំនឿ ប៉ុន្តែរាល់ពេលដែលពួកគេព្យាយាមបំផ្លាញ Kubitsuka តែងតែកើតមានគ្រោះថ្នាក់ និងការស្លាប់។ រថយន្តឈូសឆាយក្រឡាប់អំឡុងពេលកំពុងដំណើរការ អ្នកបើកស្លាប់។
អ្នកទាំងអស់គ្នាសាកស្រមៃគិតមើល រថយន្តឈូសឆាយកំពុងដំណើរការធម្មតាស្រាប់តែក្រឡាប់ដោយសារកំហឹង។
តាមមើលទៅ ព្រលឹងចងកំហឹងរបស់ម្នាក់នោះនៅតែបន្តលើលោកទោះបីជាកន្លងផុតរយៈពេល ១០០០ ឆ្នាំក៏ដោយ។
ដូចដែលបានរៀបរាប់ខាងលើ ទីតាំងផ្នូរ Kubitsuka ស្ថិតនៅទីប្រជុំជនតូក្យូ ជាកន្លែងដែលតម្លៃដីឡើងដល់ ៤.០០០.០០០.០០០ យ៉េន។ មនុស្សគ្រប់គ្នាចង់មកទីនេះសាងសង់ផ្ទះ និងប្រើប្រាស់តម្លៃដីនៅទីនេះ យ៉ាងណាមិញ ក្រោយពេលជាច្រើនឆ្នាំរហូតមកទល់ពេលនេះ Kubitsuka នៅដដែល ហើយបានក្លាយជាកន្លែងគោរពបូជារបស់ប្រជាជនក្នុងតំបន់។
សម្រាប់មនុស្សមួយចំនួនការចងកំហឹងរយៈពេល ៤០០ ឆ្នាំពិបាកណាស់ទៅហើយ ដូច្នេះហើយ រយៈពេល ១០០០ ឆ្នាំកាន់តែលំបាកទៅទៀត។
ដូច្នេះខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នានឹងមិនចងកំហឹងនរណាម្នាក់ខ្លាំងពេកឡើយ ហើយក៏មិនត្រូវបង្កកំហឹងធ្វើឲ្យនរណាម្នាក់ស្អប់យើងនោះដែរ។
ខ្ញុំមិនដឹងថា តើទ្រឹស្ដីដែលថាខ្មោចមានអាយុកាល ៤០០ ឆ្នាំស្របនឹងជំនឿខាងព្រលឹងវិញ្ញាណនៅក្នុងប្រទេសរបស់អ្នកទាំងអស់គ្នាដែរទេ?
Abe Kengo