មុខម្ហូបជប៉ុនមានលក្ខណៈសម្បូរបែបណាស់ ប៉ុន្តែហេតុអ្វីបានជាមុខម្ហូបឆ្នាំថ្មីបែរជាមិនសូវទាក់ទាញដូច្នេះ?
មុខម្ហូបជប៉ុនមានលក្ខណៈសម្បូរបែបណាស់ ប៉ុន្តែហេតុអ្វីបានជាមុខម្ហូបឆ្នាំថ្មីបែរជាមិនសូវទាក់ទាញដូច្នេះ?
យើងខ្ញុំទទួលបានសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយពីជនជាតិបារាំងម្នាក់ដែលទើបតែចាប់ផ្តើមរស់នៅប្រទេសជប៉ុន។
“ដោយធ្លាប់មានបទពិសោធន៍ភ្លក់មុខម្ហូបជប៉ុននៅកន្លែងជាច្រើនខុសៗគ្នា ខ្ញុំទទួលទានអាហារដែលមានរសជាតិឆ្ងាញ់ពិសេស ប៉ុន្តែហេតុអ្វីបានមុខម្ហូបឆ្នាំថ្មីបែរជាមានរស់ជាតិមិនឆ្ងាញ់បែបនេះ?
ប្រៀបដូចជាល្បែងដាក់ទណ្ឌកម្មមែនទេ?”
បន្ទាប់ពីបានឮសំណួរនេះ ខ្ញុំមិនដឹងថា គួរសប្បាយចិត្ត ឬអត់នោះទេ ព្រោះសំណួរមានពីរកត្តា គឺសរសើរផង រិះគន់ផង។ ប្រហែលជាមុខម្ហូបឆ្នាំថ្មីដែលបាននិយាយនេះគឺ “osechi ryori’’ សម្រាប់បរិភោគនៅថ្ងៃចូលឆ្នាំថ្មី។
និយាយឲ្យត្រង់ទៅ កាលពីក្មេងខ្ញុំផ្ទាល់ក៏ស្អប់មុខម្ហូប osechi នេះដែរ ដូច្នេះខ្ញុំយល់ពីអារម្មណ៍របស់អ្នកដែលសួរសំណួរនេះ។
ក្នុងអត្តបទថ្ងៃនេះ ខ្ញុំសូមចែករំលែកនិយាយពីមុខម្ហូប osechi ចូរយើងស្វែងយល់ទាំងអស់គ្នា។
ជាទូទៅនេះជាមុខម្ហូបសម្រាប់បម្រុងទុក
Osechi មើលទៅស្អាតទាក់ទាញណាស់ ប៉ុន្តែជាទូទៅនេះជាអាហារបម្រុងទុក ដូច្នេះហើយ មិនមានអាហារស្រស់ៗដែលស្រដៀងនឹង sashimi នោះទេ។
សព្វថ្ងៃនេះ នៅជប៉ុនគ្រប់គ្នាធ្វើការរហូតដល់ថ្ងៃទី ២៨ ខែធ្នូ បន្ទាប់មកចាប់ផ្តើមសម្អាតផ្ទះ និងរៀបចំម្ហូបអាហារសម្រាប់ត្រៀមទទួលឆ្នាំថ្មី។
ទន្ទឹមនឹងនោះ នៅទីនេះមានទំនៀមទម្លាប់មួយគឺ គ្រួសារទាំងអស់នឹងមិនសម្អាត ឬធ្វើការងារផ្ទះបាយរយៈពេល ៣ ថ្ងៃចូលឆ្នាំថ្មីដំបូងឡើយ ពោលគឺចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែមករា។
ដោយសារមូលហេតុនេះហើយ ទើបមុខម្ហូប osechi ត្រូវបានរៀបចំត្រៀមសម្រាប់បរិភោគក្នុងឳកាសនេះ។
ចូលឆ្នាំថ្មីទាំង ៣ ថ្ងៃ បរិភោគមុខម្ហូបដដែលៗ ដូច្នេះហើយ ទើបកុមារភាគច្រើនទ្រលាន់ និងមិនសូវចាប់អារម្មណ៍នឹងរឿងនេះឡើយ។
ប្រផ្នូលល្អសំខាន់ជាងរសជាតិ
ជាមូលដ្ឋានមុខម្ហូបជប៉ុនផ្តោតសំខាន់លើរសជាតិ និងការរៀបចំតុបតែងលម្អ ប៉ុន្តែដោយឡែក osechi ផ្តោតសំខាន់លើប្រផ្នូលល្អ។
មុខម្ហូបនីមួយៗសុទ្ធតែបង្កប់អត្តន័យដូចខាងក្រោម៖
សណ្តែកខ្មៅ
ក្នុងភាសាជប៉ុនពាក្យសណ្តែកគេបញ្ចេញសំឡេងថា “mame” ។
អ្នកដែលតែងតែធ្វើចលនា និងសកម្មភាពឥតឈប់ឈរក៏គេហៅថា mame ដែរ។
ដូច្នេះហើយ ទើបការបរិភោគសណ្តែកនៅថ្ងៃដើមឆ្នាំថ្មីបង្កប់អត្តន័យសង្ឃឹមថាការងាររលូនល្អ។
Greater burdock (ដើមបន្លាស្អិត)
Greater burdock ជាប្រភេទបន្លែដែលប្រមូលផលមើម មើលទៅដូចជាឫសរុក្ខជាតិ។
ចំណុចនេះមានន័យថា ចាក់ឫសយ៉ាងរឹងមាំក្នុងដី ហើយការពារគ្រួសាររបស់ខ្លួន។
Kamaboko – ប្រែថា៖ ប្រហិតត្រីជប៉ុន
Kamaboko មានពីរពណ៌គឺ ពណ៌ក្រហម និងស។
ពណ៌ក្រហមមានន័យថា យ័ន្តការពារ និងភាពរីករាយ ចំណែកឯពណ៌សមានន័យថា ពិសិដ្ឋ និងភាពបរិសុទ្ធ។
ហេតុតែចូលចិត្តហូបត្រី ប៉ុន្តែមិនអាចបរិភោគ sashimi ក្លាសេបាន ប្រហែលនេះជាមូលហេតុដែលប្រជាជនជប៉ុនបន្ថែមមុខម្ហូប kamaboko ដែលធ្វើពីត្រីក្នុងម៉ឺនុយអាហារ។
Datemaki – ប្រែថា៖ ស៊ុតក្រឡុកមូល
ស៊ុតអាំងទន់ដែលយើងមើលឃើញនៅពេលដែលបរិភោគ osechi ។
ស៊ុតក្រឡុកមូលស្រដៀងនឹងរូបរាងសៀវភៅសិក្សា (សៀវភៅកាលពីសម័យបុរាណ) ដោយនាំមកនូវក្តីសង្ឃឹមចំពោះចំណេះដឹង គោលបំណងចង់បង្កើនសមត្ថភាពរៀនសូត្រនៅឆ្នាំថ្មី។
ត្រី Pagrus major ក្រហមអាំង
ក្នុងមុខម្ហូប osechi ក៏មានប្រភេទត្រី Pagrus major សមុទ្រអាំងផងដែរ។
អត្តន័យនៃមុខម្ហូបនេះគឺ “ពាក្យជូនពរឆ្នាំថ្មី” ។
បង្គាអាចយកទៅស្ងោរ ឬអាំងអាស្រ័យការបរិភោគ។
នៅពេលដែលបង្គាឆ្អិនវានឹងកោងដោយខ្លួនឯង កម្រិតកោងរបស់បង្គាត្រូវបានគេជឿថា ស្របនឹងអាយុវែងរបស់ម្ចាស់ផ្ទះ។ ដូច្នេះហើយ ប្រសិនបើអាំងបង្គាដោតចង្កាក់ឲ្រត្រង់ជារឿងដែលត្រូវជៀសវាងដាច់ខាត។
ក្រៅពីវត្ថុធាតុដើមដែលបានរៀបរាប់ខាងលើ នៅមានមុខម្ហូបជាច្រើនផ្សេងទៀត ប៉ុន្តែភាគច្រើនជាមុខម្ហូបដែលច្រើនតែឃើញនៅថ្ងៃចូលឆ្នាំថ្មីប៉ុណ្ណោះ។
ប្រសិនបើជាមុខម្ហូបឆ្ងាញ់ ប្រាកដជាត្រូវបានគេប្រើសម្រាប់មុខម្ហូបប្រចាំថ្ងៃ។
ថ្វីត្បិតតែ តែងតែត្រូវរិះគន់ថាមិនឆ្ងាញ់ ប៉ុន្តែជាក់ស្តែងមុខម្ហូបបុរាណទាំងនេះពិតជាពិបាកធ្វើណាស់ ព្រោះមានរបស់ច្រើនណាស់ដែលត្រូវរៀបចំ។ ប្រសិនបើធ្វើនៅផ្ទះត្រូវចំណាយពេលប្រហែលពីរថ្ងៃ ដូច្នេះហើយ គេតែងតែកុម្ម៉ង់នៅហាង។
ដើម្បីធ្វើមុខម្ហូបទាំងនេះ ភាគីហាងក៏ចំណាយពេលវេលា កម្លាំង និងថវិកាច្រើនដែរ។
ប្រសិនបើមានមតិយោបល់និយាយថា គួរតែបរិភោគមី និងការីសម្រាប់ថ្ងៃឆ្នាំថ្មី ដោយជំនួសឲ្យមុខម្ហូប osechi ព្រោះមី និងការីជាមុខម្ហូបដែលអាចទុកបាន។ ខ្ញុំយល់ពីចំណុចនេះ យ៉ាងណាមិញ ខ្ញុំក៏យល់ពីបំណងចង់បានលាភសំណាងពេលបរិភោគអាហារដែលនាំមកនូវសំណាងនៅថ្ងៃឆ្នាំថ្មីផងដែរ។
មុខម្ហូប osechi មិនមែនជាល្បែងដាក់ទណ្ឌកម្មនោះទេ។
សង្ឃឹមថាអ្នកទាំងអស់គ្នានឹងភ្លក់មុខម្ហូបទាំងនេះក្នុងពេលឆាប់ៗ ហើយទទួលបានលាភសំណាងក្នុងឆ្នាំថ្មី។
Abe Kengo