ជប៉ុនជាប្រទេសដែលមាននាមត្រកូលច្រើនជាងគេលើពិភពលោក តើយើងអាចនឹងស្គាល់ពីបុព្វបុរសរបស់ខ្លួនតាមរយៈនាមត្រកូលដែរទេ?
ប្រជាជនជប៉ុនមាននាមត្រកូលច្រើន ហើយជាប្រទេសដែលមាននាមត្រកូលច្រើនជាងគេលើពិភពលោក។
តើយើងអាចនឹងស្គាល់ពីបុព្វបុរសរបស់ខ្លួនតាមរយៈនាមត្រកូលដែរទេ?
ខ្ញុំមិនប្រាកដថា អ្នកទាំងអស់គ្នាធ្លាប់ប្រាស្រ័យទាក់ទងនឹងប្រជាជនជប៉ុននោះទេ យ៉ាងណាមិញ តាមរយៈរឿងគំនូរជីវចល សៀវភៅរឿង ឬការផ្សាយព័ត៌មាន យ៉ាងហោចណាស់យើងប្រហែលជាស្គាល់ប្រជាជនជប៉ុន ហើយធ្លាប់បានឮឈ្មោះមួយចំនួន។ ក្រៅពីនាមត្រកូលខុសៗគ្នាជាច្រើនដូចជា Suziki, Sato, Yamada, ឬ Sasaki ។ល។ ជានាមត្រកូលដែលយើងតែងតែឃើញ។
បើតាមស្ថិតិបច្ចុប្បន្នមានជាង ៣០ ម៉ឺននាមត្រកូលខុសគ្នាក្នុងប្រទេសជប៉ុន ហើយជាតួលេខដែលគេចាត់ទុកថាមិនធ្លាប់មាននៅលើពិភពលោក។
នៅជប៉ុនបន្ទាប់ពីរៀបការរួច ប្តីប្រព័ន្ធនឹងប្រើនាមត្រកូលដូចគ្នា (ករណីភាគច្រើនប្រពន្ធយក និងប្រើនាមត្រកូលប្តីរបស់ខ្លួន) ។ សម្រាប់គ្រួសារដែលមានតែកូនស្រី បន្ទាប់ពីកូនស្រីពេញវ័យរៀបការ ហើយប្រើនាមត្រកូលរបស់ប្តី នាមត្រកូលរបស់គ្រួសារទាំងនោះនឹងបាត់បង់ ដោយបញ្ចប់ព្រោះតែគ្មានកូនប្រុសបន្តត្រកូល។ ចំណុចនេះមានន័យថា សព្វថ្ងៃនេះចំនួននាមត្រកូលតិចទៅៗបើប្រៀបនឹងកាលពីមុន។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍ត្រង់ថា ប្រជាជនជប៉ុនអាចដឹងអំពីឋានសង្គមរបស់បុព្វបុរសខ្លួនតាមរយៈនាមត្រកូលរបស់ពួកគេ។
តើអ្នកដែលយើងស្គាល់អាចនឹងមកពីនាមត្រកូលសាមូរ៉ៃដែរទេ? មិនចាំបាច់សួរនៅតែអាចស្មានដឹង ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់មែនទេ?
ក្នុងអត្តបទថ្ងៃនេះ ខ្ញុំនឹងរៀបរាប់នាមត្រកូលទូទៅមួយចំនួន ចូរយើងតាមដានទាំងអស់គ្នា។
佐藤さん (អ្នកដែលមាននាមត្រកូល Sato)
នៅប្រទេសជប៉ុននាមត្រកូលនេះមានច្រើន ហើយអ្នកដែលមាននាមត្រកូលនេះត្រូវបានគេចាត់ទុកថា បុព្វបុរសរបស់ពួកគេជាសាមូរ៉ៃ។
គ្រួសារសាមូរ៉ៃ Fujiwara មានអំណោចខ្លាំងក្លានៅតំបន់ Kanto រួមទាំងទីក្រុង Tokyo និងតំបន់ខាងលើគឺ Tohoku ។
ដូច្នេះហើយ គេនិយាយថា មនុស្សជាច្រើនដែលមាននាមត្រកូល Sato មកពីតំបន់ Kanto និង Tohoku ។
ដូចជា Sato ដែរ អ្នកដែលមាននាមត្រកូល Fujiwara ឬ Kato ក៏ត្រូវបានគេស្មានតាមវិធីសាស្រ្តស្រដៀងគ្នាដែរ។
(របៀបសរសេរនាមត្រកូលទាំងនេះជាអក្សរ Han សុទ្ធតែមានតួអក្សរ 藤 ដូចគ្នា) ។
គេនិយាយថា មូលហេតុដែលមានអ្នកត្រកូល Sato ច្រើនព្រោះមិនទាន់មាននរណាល្បីឈ្មោះ។ នៅពេលដែលមានអ្នកល្បីឈ្មោះ ពួកគេព្រួយបារម្ភចំពោះការប្តូរឈ្មោះផ្សេងពីពង្សាវតារដើម (ឧទាហរណ៍ដូចជាគ្រួសារកូនប្រុសច្បង) ដូច្នេះពួកគេរើសយកឈ្មោះស្រដៀងគ្នាផ្សេងទៀត។
鈴木さん (អ្នកដែលមាននាមត្រកូល Suzuki)
នាមត្រកូល Suzuki ត្រូវបានគេចាត់ទុកថាមានប្រភពមកពីតំបន់ Kumano នៃឧបទ្វីប Kii ។
នៅតំបន់ Kumano មានសាសនាមួយហៅថាជំនឿ Kumano ហើយគេតំណាលថា នៅទីនោះបុគ្គលដំបូងដែលចូលរួមផ្សព្វផ្សាយសាសនាណែនាំខ្លួនមានឈ្មោះថា Suzuki ។
阿部さん (អ្នកដែលមាននាមត្រកូល Abe)
បាទ មែនហើយ Abe ជានាមត្រកូលរបស់ខ្ញុំ។
នាមត្រកូល Abe មានតួអក្សរខុសគ្នាជាច្រើន សំឡេងដូចគ្នា ប៉ុន្តែទម្រង់អក្សរ Han ខុសគ្នាដូចជា 阿部、安倍、安部… ។
អ្នកដែលមាននាមត្រកូល Abe គឺជាកូនចៅនៃគ្រួសាររាជវង្ស ហើយជាគ្រួសារដែលធ្លាប់គ្រប់គ្រងទឹកដីដ៏ធំល្វឹងល្វើយ លាតសន្ធឹងពីខេត្ត Iwate ដល់ខេត្ត Aomori បច្ចុប្បន្ន។
ឪពុករបស់ខ្ញុំមកពីខេត្ត Iwate ដូច្នេះហើយ ចំណុចប្រវត្តិសាស្រ្តនេះស្របនឹងគាត់។ បន្ទាប់ពីស្រាវជ្រាវខ្ញុំពិតជាមានការភ្ញាក់ផ្អើលណាស់។
យ៉ាងណាមិញ…
មិនមែនគ្រប់គ្នាសុទ្ធតែយកចិត្តទុកដាក់ចំពោះរឿងប្រវត្តិសាស្ត្រទាំងនេះឡើយ។
នៅចុងសម័យកាលសាមូរ៉ៃ មនុស្សក្នុងត្រកូលគ្រួសារនេះជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។ ដូច្នេះហើយ ករណីលក់់ត្រកូលរបស់ខ្លួនបានកើតឡើងចំពោះសាមូរ៉ៃវណ្ណៈទាប។
ខ្ញុំមិនដឹងច្បាស់ថា បុព្វបុរសរបស់ខ្លួនបែបណានោះទេ ប៉ុន្តែខ្ញុំជឿថា ខ្លួនជាកូនចៅនៃគ្រួសាររាជវង្ស។
ដោយផ្អែកលើប្រវត្តិសាស្រ្ត តើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចំពោះនាមត្រកូលជាច្រើនក្នុងប្រទេសជប៉ុន និងរឿងរ៉ាវដែលពាក់ព័ន្ធដែរទេ?
Abe Kengo