Showa ជា​សម័យ​កាល​ដែល​ជប៉ុន​​រីក​​ចម្រើន​ខ្លាំង និង​​មាន​​ការ​​លំបាក​ជា​ច្រើន

នៅប្រទេសជប៉ុន ក្រៅពីប្រតិទិនសុរិយគតិ (ប្រតិទិនលោកខាងលិច) និងប្រព័ន្ធមួយផ្សេងទៀតហៅថា “ឈ្មោះសម័យកាល” (元号 – Gengo) ។ នៅពេលដែលព្រះចៅអធិរាជទើបឡើងគ្រងរាជ្យ ឈ្មោះសម័យកាលថ្មីត្រូវបានបង្កើតឡើង ហើយ​គ្រប់​យ៉ាង​ចាប់​រាប់​ពី​ដំបូង​ឡើង​វិញ។

សម័យកាលពីរមុននោះគឺសម័យ Showa (昭和 – Showa) ជាសម័យកាលដែលច្របូកច្របល់ជាមួយនឹងព្រឹត្តិ​ការណ៍​សំខាន់​ដូចជាសង្គ្រាមលោកលើកទី ២ និងដំណើរការកសាងជប៉ុនឡើងវិញក្រោយសង្គ្រាម។ នេះជាសម័យកាលដែលពោរពេញ​​ដោយ​ថាមពល ស្រដៀងនឹងកម្ពុជាសព្វថ្ងៃនេះដែរ។

យ៉ាង​ណា​មិញ នៅពេលដែលក្រឡេកមើលជប៉ុននាសម័យនោះ ទើបយើងឃើញថាមាន​រឿង​ចម្លែក​ៗ​ជា​ច្រើន។ ដើម្បី​យល់​កាន់​តែ​ច្បាស់​ពី​ចំណុច​ខុស​គ្នា​នោះ ខ្ញុំចង់ត្រឡប់ទៅរកការចងចាំវ័យកុមារភាពរបស់ខ្លួន។

បារីពេញនិយមខ្លាំង

សព្វថ្ងៃនេះអត្រាបុរសជក់បារីបានធ្លាក់ចុះក្រោម ៣០% ប៉ុន្តែយ៉ាងណាមិញ កាលពី ៥០ ឆ្នាំំមុន ចំនួននេះច្រើនជាង ៨០% ។

ការជក់បារីមិនត្រឹមតែឃើញច្រើនតាមដងផ្លូវប៉ុណ្ណោះទេ គេថែមទាំងជក់នៅក្នុងផ្ទះ ភោជនីយដ្ឋាន និងការិយា​ល័យ​ផង​ដែរ។ មិនត្រឹមតែប៉ុណ្ណឹង ក្នុងការប្រជុំ គ្រប់គ្នាជក់បារីដែលធ្វើឲ្យបរិយាកាសអាប់អួរ។

នៅលើកញ្ចក់ទូរទស្សន៍ យើងតែងតែឃើញតារាសម្តែងជក់បារីពេលកំពុងថតរឿង។ មិនត្រឹមតែប៉ុណ្ណឹង ការជក់បារី​នៅ​លើ​យន្ត​ហោះ និងរថភ្លើងក៏ត្រូវបានអនុញ្ញាតដែរ។

ដោយសារតែក្រុមហ៊ុនឡានស្ព័រ និងម៉ូតូជាច្រើនជ្រើសយកក្រុមហ៊ុនបារីធ្វើជាអ្នកឧបត្ថម្ភ ដូច្នេះហើយ ទើបរូបភាពអ្នក​សម្តែង​ជក់​បារី​បាន​ក្លាយ​ជា​ការ​តំណាង​នៃ​អារម្មណ៍​មើល​ទៅ “ឡូយ អស្ចារ្យ” និង​ទាន់​សម័យ។

ប្រដាប់ប្រដាក្មេងលេងមានគ្រោះថ្នាក់

នៅសម័យនោះ កូនក្មេងតែងតែលេងប្រដាប់ប្រដាក្មេងលេងដែលមានគ្រោះថ្នាក់ខ្លាំង ដូចជា “kanchaku dama” ។

គ្រាន់​តែ​បោះ​គ្រាប់​រំសេវ​តូចៗ​ទាំង​នេះលើ​ដីនោះវានឹងផ្ទុះ សំឡេងផ្ទុះលាន់ជុំវិញភូមិធ្វើឲ្យបរិយាកាសអ៊ូអរ​។

ទោះជាយ៉ាងណា ប្រដាប់ប្រដាក្មេងលេងទាំងនេះត្រូវបានហាមឃាត់មិនឲ្យលក់ ព្រោះមានគ្រោះថ្នាក់ខ្លាំង។

ធ្វើការ ២៤ ម៉ោង?

អ្នកអាចស្រមៃគិតដល់សម័យកាលដែលសំណួរសួរថា “តើអ្នកអាចធ្វើការបាន ២៤ ម៉ោង” បែរជាក្លាយជាពាក្យ​ស្លោក​ផ្សាយ​​ពាណិជ្ជកម្ម​សម្រាប់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដែរទេ?

នោះជាសម័យកាលដែលគ្រប់គ្នាធ្វើការមិនឈប់ ថែមទាំងប្រើភេសជ្ជៈប៉ូវកម្លាំងដើម្បីបន្តការងារទៀតផង។

បច្ចុប្បន្នរឿងនេះស្តាប់ទៅដូចជាមិនគួរឲ្យជឿ ប៉ុន្តែសម្រាប់បុរសកាលពីសម័យនោះ វាប្រៀបដូចជាស្តង់ដារជីវិត។

គោលដៅរបស់ពួកគេគឺខំប្រឹងរកប្រាក់ឲ្យបានច្រើន បើកឡានស្ព័រទាន់សម័យ និងទាក់ទាញស្រីស្អាត។

ពិតជាពោរពេញដោយថាមពល។

រថភ្លើងក្រោមដីដែលមានមនុស្សច្រើន

នៅជប៉ុនរថភ្លើងពេញនិយមយូរណាស់មកហើយ មនុស្សជាច្រើនជិះរថភ្លើងទៅធ្វើការ។ យ៉ាងណាមិញ ស្ថានភាព​រថភ្លើង​​ពេញ​ទៅ​ដោយ​មនុស្ស​ពិត​ជា​គួរ​ឲ្យខ្លាច​ណាស់។

ចំនួនអ្នកដំណើរច្រើនជាងកៅអីដល់ទៅ ៣ ដងប្រៀបដូចជារឿងធម្មតាទៅហើយ រហូតដល់ថ្នាក់គ្មានកន្លែងឈរសម្រាប់​មនុស្ស​គ្រប់​គ្នា។

នៅស្ថានីយ៍រថភ្លើង មានបុគ្គលិកពិសេសដើរតួនាទីចាំញាត់អ្នកដំណើរឡើងរថភ្លើង និងបិទទ្វារ។

ខ្ញុំក៏ធ្លាប់ឆ្លងកាត់ពេលវេលាជិះរថភ្លើងបែបនេះដែរ ដូចជាការធ្វើទារុណកម្មអញ្ចឹងដែរ។

ខ្ញុំត្រូវខំប្រឹងទើបអាចឈរនឹងបាន បើមិនដូច្នេះទេខ្ញុំនឹងដួល។ ព្រោះតែមនុស្សច្រើនពេកខ្ញុំមិនអាចដួលបានទេ ដូច្នេះ​ខ្ញុំ​ត្រូវ​ផ្អៀង​ខ្លួន។

រកតាក់ស៊ីមិនបាន

នៅពេលដែលជប៉ុនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក វីស័យសេដ្ឋកិច្ច​មាន​ភាព​មមាញឹ​កខ្លាំង។

បញ្ហាផឹកដល់យប់ជ្រៅ ហើយជិះតាក់ស៊ី​ទៅ​ផ្ទះ​ប្រៀបដូចជារឿងធម្មតាណាស់។ មិនត្រឹមតែប៉ុណ្ណឹង ក្រុមហ៊ុនថែមទាំង​​ចំណាយ​​លើ​​ថ្លៃ​​អាហារ និង​​ថ្លៃ​​តាក់​ស៊ី​​ទៀត​​ផង ជា​សម័យ​កាល​ដែល​​ហ៊ឺហា​ណាស់។

ដូច្នេះ​ហើយ នៅពេលយប់ម៉ោងដែលមមាញឹកពិបាករកតាក់ស៊ី​ណាស់។ អ្នកបើកតាក់ស៊ីជាច្រើនហាក់បីដូចជាក្រអឺត​ក្រទម ពួក​គេ​តែង​តែ​បដិសេធ​អតិថិជន​ដែល​ធ្វើ​ដំណើរ​ផ្លូវ​ជិត។

ដើម្បីទប់ទល់នឹងបញ្ហានេះ មនុស្សជាច្រើនបានគិតឃើញគំនិត កាន់ប្រាក់មួយម៉ឺនយ៉េនច្រើនសន្លឹកដើម្បី​បក់​ហៅ​តាក់ស៊ី ដោយ​សង្ឃឹម​ថា​នឹង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​បើក​បរ។

តាមរយៈរឿងខាងលើ យើងអាចមើលឃើញពីទិដ្ឋភាពនៃសម័យកាលដែលជប៉ុនអ៊ូអរ​មមាញឹក ថែមទាំងហ៊ឺហាផង​ដែរ។

តើអ្នកអាចមើលឃើញពីភាពស្រដៀងគ្នារវាងស្មារតី និង​របៀប​រស់នៅ​តាមបែបមមាញឹករបស់ប្រជាជនជប៉ុនសម័យ​​នោះ និង​​កម្ពុជា​សព្វ​ថ្ងៃ​ដែរ​ទេ?

សព្វថ្ងៃនេះ ជប៉ុនចាប់ផ្តើមស្ងប់ស្ងាត់ជាងមុន ប៉ុន្តែការផ្លាស់ប្តូរនោះក៏មានន័យថា យើងបាត់បង់ថាមពលនៃយុគសម័យ​​មាស​​ដែរ។

សេដ្ឋកិច្ច​ជប៉ុន​ធ្លាប់​ជាប់​ចំណាត់​ថ្នាក់​លេខ​ ២ នៅលើពិភពលោក ​ឥឡូវ​នេះ បានធ្លាក់មកចំណាត់ថ្នាក់លេខ ៤ ។ ច្បាប់​​កាត់​បន្ថយ​ការ​ធ្វើការងារលើសកម្រិត ហើយយុវជនសម័យនេះហាក់បីដូចជាមិនសូវចាប់អារម្មណ៍ចំពោះរបៀប​​​រស់​នៅ​ដែល​មមា​ញឹក​ដូច​ជំនាន់​មុន​ឡើយ។

សម័យកាលនីមួយៗមានចំណុចដោយឡែក មិនមែនសុទ្ធតែល្អឥតខ្ចោះនោះទេ។

យ៉ាងណាមិញ នៅពេលដែលក្រឡេកទៅមើលការឡើងចុះនៃប្រវត្តិសាស្ត្រ ដូចជាសម័យកាលដែលមមាញឹករបស់ជប៉ុន យើង​អាចដកយកបទពិសោធន៍ដ៏មានតម្លៃដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់​កម្ពុជា។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: