តើនៅខាងក្នុងផ្ទះព្រិល kamakura ពិតជាកក់ក្តៅដែរទេ?
តើនៅខាងក្នុងផ្ទះព្រិល kamakura ពិតជាកក់ក្តៅដែរទេ?
បើប្រៀបធៀបនឹងប្រទេសផ្សេងទៀត ជប៉ុនជាកន្លែងដែលមានបរិមាណព្រិលធ្លាក់ប្រចាំឆ្នាំច្រើនបំផុតនៅលើពិភពលោក។
អ្នកដែលមិនធ្លាប់មើលឃើញព្រិលប្រាកដជាមានអារម្មណ៍ច្រណែន ប៉ុន្តែសម្រាប់អ្នកដែលរស់នៅតំបន់មានព្រិលធ្លាក់ខ្លាំង ប្រាកដជាចាត់ទុកដូចជាការរំខានជារៀងរាល់ឆ្នាំ។
ការបោសសម្អាតព្រិលនៅតាមផ្លូវគឺជាការងារដែលសំខាន់ ដើម្បីកុំឲ្យស្ទះចរាចរណ៍ ប្រជាជនអាចធ្វើដំណើរទៅមក។ មិនត្រឹមតែប៉ុណ្ណឹង បរិមាណព្រិលធ្លាក់គរលើដំបូលផ្ទះ ប្រសិនបើមិនសម្អាត បរិមាណព្រិលអាចនឹងធ្វើឲ្យផ្ទះរលំនៅរដូវរងា។ ដូច្នេះហើយទើបគេនិយាយថា ព្រិលធ្លាក់ប្រៀបដូចជាការរំខាន។
ក្រោមអាកាសធាតុត្រជាក់ខ្លាំង ប្រជាជនដែលរស់នៅតំបន់ព្រិលធ្លាក់បានរកឃើញគំនិតមួយ ដោយប្រើបរិមាណព្រិលធ្លាក់ដើម្បីសាងសង់ផ្ទះព្រិល ចំណុចនេះមិនត្រឹមតែអាចលេងកម្សាន្ត ថែមទាំងនៅជិតធម្មជាតិផងដែរ។ ទាំងនេះជាគំនិតដ៏ពិសេស ពួកគេហៅផ្ទះព្រិលទាំងនេះថា “kamakura” ។
ស្រុកកំណើតរបស់ខ្ញុំនៅទីក្រុងតូក្យូ និងតំបន់ Osaka ប្រទេសជប៉ុនក៏មានព្រិលធ្លាក់នៅរដូវរងាដែរ ប៉ុន្តែបរិមាណព្រិលធ្លាក់នៅទីនេះមិនគ្រប់សម្រាប់សាងសង់ផ្ទះព្រិលនោះទេ។ ដូច្នេះហើយ ទើបបំណងប្រាថ្នាសាងសង់ kamakura ដោយផ្ទាល់ដៃជាអ្វីដែលខ្ញុំតែងតែចង់សម្រេច។
តើនៅខាងក្នុងផ្ទះព្រិលត្រជាក់ដែរទេ?
ជាការពិតណាស់ តើនេះជាសំណួរដែលអ្នកទាំងអស់គ្នាកំពុងគិតក្នុងចិត្តមែនទេ?
ប្រហែលជាចម្លែកបន្តិច យ៉ាងណាមិញ បរិយាកាសនៅខាងក្នុង kamakura បែរជាមានភាពកក់ក្តៅដែលមិនគួរឲ្យជឿ។
ដើម្បីពន្យល់ពីចំណុចនេះ ចូរយើងក្រឡេកមើលពីដំណើរការធ្វើ kamakura ខាងក្រោមទាំងអស់គ្នា។
អង្កត់ផ្ចិតផ្ទះព្រិលសម្រាប់មនុស្សម្នាក់ប្រហែល ២ ម៉ែត្រការ៉េ ចំណែកឯក្រុមមនុស្សចាប់ពី ៤ ទៅ ៥ នាក់មានទំហំប្រហែល ៣,៥ ម៉ែត្រការ៉េ។ ម្យ៉ាងវិញទៀត ព្រិលត្រូវប្រើដៃទះឲ្យណែនខ្ពស់ជាលំដាប់ ជំហានចុងក្រោយគឺជីកផ្លូវរូងក្រោមដីដើម្បីបង្កើតបរិយាកាសខាងក្នុង ដូច្នេះហើយ យើងអាចធ្វើ kamakura បាន។
ប្រសិនបើជញ្ជាំងព្រិលត្រូវបានសាងសង់ឡើងដោយកម្រាស់ដែលសមស្រប យើងនឹងមិនចាំបាច់ព្រួយបារម្ភជញ្ជាំងរលំនោះទេ។
នៅខាងក្នុងអ្នកទាំងអស់គ្នាអាចដុតភ្លើង ហើយជួបជុំគ្នាបរិភោគស៊ុបឆ្នាំងភ្លើងក្តៅ។
តើផ្ទះព្រិលទាំងនេះអាចនឹងរលាយដែរទេ?
យើងគិតថា ព្រិលនឹងរលាយដោយសារកម្តៅភ្លើង ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ផ្ទះព្រិលនឹងមិនមានបញ្ហាអ្វីឡើយ។ ទោះបីជាព្រិលផ្នែកខាងក្នុងរលាយបន្តិចក៏ដោយ នៅពេលនោះស្រទាប់ព្រិលខាងក្រៅនឹងធ្វើឲ្យទឹកដែលរលាយនោះប្រមូលផ្តុំក្លាយជាផ្ទាំងទឹកកក ផ្ទាំងទឹកកកនឹងធ្វើឲ្យជញ្ជាំងទាំងនេះកាន់តែរឹងមាំ។
ចំពោះករណីដែលត្រជាក់បំផុតគឺនៅពេលដែលប៉ះនឹងខ្យល់ ប៉ុន្តែផ្នែកខាងក្នុង kamakura ត្រូវបានគ្របដណ្តប់ដោយស្រទាប់ជញ្ជាំងព្រិល ដូច្នេះខ្យល់មិនអាចបក់ចូលបានទេ។ ចំណែកឯភ្លើងដែលឆេះនៅខាងក្នុងនឹងធ្វើឲ្យបរិយាកាសកាន់តែកក់ក្តៅ។
ជាការពិតណាស់ ភាពកក់ក្តៅដែលខ្ញុំនិយាយមិនមែនចង់មានន័យថា អ្នកដែលអង្គុយខាងក្នុងផ្ទះព្រិលអាចស្លៀកពាក់ស្តើងនោះទេ ប៉ុន្តែអាចនិយាយបានថា នោះជាសីតុណ្ហភាពដែលអាចទ្រាំបានក្រោមបរិយាកាសត្រជាក់ខ្លាំង។
អង្គុយនៅខាងក្នុងផ្ទះព្រិលហូបឆ្នាំងភ្លើងផង មើលព្រិលធ្លាក់ខាងក្រៅផង។ អ្នកទាំងអស់គ្នាធ្លាប់គិតទេថា បើមានឳកាសទទួលយកបទពិសោធន៍ទាំងនេះដោយផ្ទាល់ប្រាកដជាពិសេសណាស់។
និយាយអញ្ជឹង មានទ្រឹស្តីខុសៗគ្នាជាច្រើននិយាយពីប្រភពដើមនៃពាក្យ “kamakura” ប៉ុន្តែគេនិយាយថា ពាក្យនេះមកពីពាក្យ 神座 (អានថា kamakura) ដែលគេចាត់ទុកជាកន្លែងសម្រាប់អាទិទេពអង្គុយ។
ដំបូងឡើយ នេះគ្រាន់តែជាល្បែងសម្រាប់ក្មេងៗប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ ១៩៣៦ ស្ថាបត្យករជនជាតិអាឡឺម៉ង់ម្នាក់ដែលទៅលេងជប៉ុនក្នុងរដូវរងាបានរំភើបចិត្តយ៉ាងខ្លាំង លោកបានចែករំលែករឿងនេះទៅកាន់ពិភពលោក។ មិនយូរប៉ុន្មាន តំបន់នេះបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍បរទេស។
ប្រសិនបើអ្នកទាំងអស់គ្នាចង់ចូលរួមពិធីបុណ្យ kamakura អាចរកមើលកាលបរិច្ឆេទព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់ខែកុម្ភៈនៅខេត្ត Akita ប្រទេសជប៉ុន។
ពិធីបុណ្យព្រិលត្រូវបានប្រារព្ធឡើងនៅទីក្រុង Yokote ខេត្ត Akita នៅថ្ងៃទី ១៥ និង ១៦ ខែកុម្ភៈជារៀងរាល់ឆ្នាំ ដោយមានផ្ទះព្រិលយ៉ាងស្អាតជាប្រធានបទ។
នេះជាឱកាសមួយសម្រាប់ភ្ញៀវទេសចរណ៍អាចរីករាយនឹងសម្រស់ក្នុងរដូវរងានៅជប៉ុន។
ទោះជាយ៉ាងណា ការធ្វើដំណើរតែម្នាក់ឯងមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះនេះជាតំបន់ដែលមានព្រិលធ្លាក់ខ្លាំង។ ដូច្នេះសូមស្វែងរកក្រុមហ៊ុនទេសចរណ៍ និងអ្នកបើកបរដែលមានជំនាញសម្រាប់ការណែនាំ និងសុវត្ថិភាព។
***
ពិភពលោក និងទេសភាពជុំវិញខ្លួនយើងនឹងកាន់តែស្រស់ស្អាតប្រសិនបើយើងគិតគំនិតវិជ្ជមាន។ ផ្តល់មធ្យោបាយកែប្រែចំណុចអវិជ្ជមានទៅជារឿងវិជ្ជមាន។
ឥឡូវនេះ ព្រិលលែងជាការរំខានទៀតហើយ ដូច្នេះរដូវរងាក៏កាន់តែស្រស់ស្អាតជាងមុនដែរ។
Abe Kengo