របៀបនិយាយថា “I love You” តាមបែបភាសាជប៉ុនបុរាណ
របៀបនិយាយថា “I love You” តាមបែបភាសាជប៉ុនបុរាណ។
ថ្ងៃនេះ JAPO នឹងលើកយកសំណួរដែលគួរឲ្យចាប់អារម្មណ៍មួយសួរអ្នកដែលកំពុងរៀនភាសាជប៉ុន។
តើអ្នកនឹងបកប្រែប្រយោគ “I love You” ជាភាសាជប៉ុនដូចម្តេច?
មុននោះអ្នកនិពន្ធប្រលោមលោកដ៏ល្បីម្នាក់ដែលមានឈ្មោះថា Natsume Soseki បានបកប្រែប្រយោគនេះដូចខាងក្រោម៖
“月が綺麗ですね
ប្រែថា៖ ព្រះច័ន្ទមើលទៅពិតជាស្អាតណាស់”
ប្រហែលជាអ្នកទាំងអស់គ្នាដូចខ្ញុំដែរ យល់ថាប្រយោគនោះគ្រាន់តែជាពាក្យសម្តីដែលមិនមានអត្តន័យច្បាស់លាស់។
ជាការពិតណាស់ នៅសម័យសព្វថ្ងៃគេលែងប្រើរបៀបនិយាយបែបនេះទៀតហើយ ប៉ុន្តែប្រជាជនជប៉ុនកាលពីសម័យបុរាណមិនអាចបង្ហាញពីអារម្មណ៍ពិតឡើយ។
ពាក្យ “I love You” ជាប្រយោគសារភាពស្នេហាដោយផ្ទាល់នៅពេលដែលអ្នកសម្លឹងមើលភាគី។ ប៉ុន្តែពាក្យ “月が綺麗ですね” ត្រូវបានគេប្រើក្នុងបរិយាកាសដែលរ៉ូមែនទិកជាងនេះ នៅពេលដែលអ្នកទាំងពីរឈរក្រោមពន្លឺព្រះច័ន្ទ ហើយជជែកគ្នា។
នៅពេលដែលអ្នកទាំងពីរសម្លឹងមើលអ្វីម្យ៉ាងដែលស្រស់ស្អាតជាមួយគ្នា យល់ចិត្តគ្នាទៅវិញទៅមក នោះហើយជាពេលដែលពួកគេមើលឃើញពីក្តីស្រលាញ់។
ប្រហែលជាពិបាកយល់បន្តិចមែនទេ?
ខ្ញុំគិតថា នៅពេលដែលនិយាយពីស្នេហាយើងនឹងមានការគិតខុសគ្នា។
ក្នុងន័យស្រលាញ់ដូចគ្នា ប៉ុន្តែពាក្យ “love” ក្នុងភាសាអង់គ្លេសមានន័យថា មនុស្សម្នាក់ដាក់ចិត្តស្រលាញ់មនុស្សម្នាក់ទៀតដោយផ្ទាល់។ ចំណែកឯពាក្យ “愛” ក្នុងភាសាជប៉ុនបង្កប់គំនិតចង់មានន័យថា នៅពេលដែលមនុស្សម្នាក់ចូលចិត្តមនុស្សម្នាក់ទៀត រួមទាំងបរិយាកាសនាពេលនោះ ទេសភាពជុំវិញ ខ្លួនយើងផ្ទាល់ ។ល។ គ្រប់យ៉ាងត្រូវបានរក្សាទុកក្នុងការចងចាំ។ ដូច្នេះអាចនិយាយបានថា ដើមទងស្នេហារបស់ប្រជាជនជប៉ុនគឺជារូបភាព រឿងរ៉ាវក្លាយជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាត។
ចំណុចនេះក៏មានន័យផងដែរថា មិនថាអ្នកទាំងពីរអាយុប៉ុន្មានក៏ដោយ អនុស្សាវរីយ៍កាលវ័យក្មេងនឹងមិនបាត់បង់ឡើយ ហើយស្នេហានឹងមិនប្រែប្រួល។
ដូច្នេះហើយ នៅពេលដែលនរណាម្នាក់សារភាពស្នេហ៍ “月が綺麗ですね” តើអ្នកដែលត្រូវគេសារភាពស្នេហ៍នោះគួរឆ្លើយយ៉ាងណា?
ចូរយើងក្រឡេកមើលគំរូចម្លើយដែលល្អៗជាភាសាជប៉ុនខាងក្រោម (ទោះបីជាពាក្យទាំងនេះបុរាណបន្តិចក៏ដោយ) ។
របៀបនិយាយថាព្រមទីមួយ៖ 死んでもいいわ
ចំពោះប្រយោគនេះ យើងមិនអាចបកប្រែត្រង់តាមន័យធម្មតានោះទេ។ ជាការពិតណាស់ ប្រយោគនេះមិនមានន័យថាស្លាប់ ឬការសម្លាប់មនុស្សអ្វីឡើយ។
ក្នុងករណីនេះយើងអាចយល់បានថា អ្នកដែលត្រូវគេសារភាពស្នេហ៍កំពុងឆ្លើយថា៖
“私はあなたのものだよ.
ប្រែថា៖ ខ្ញុំជារបស់អ្នក” ។
មានន័យថា “ចាប់ពីពេលនេះតទៅខ្ញុំជារបស់អ្នក” ។
របៀបនិយាយថាព្រមទីពីរ៖ あなたと見る月だからでしょうね
ប្រយោគនេះដូចជាងាយយល់បន្តិច។
នៅពេលដែលស្តាប់ឮចម្លើយនេះ អ្នកដែលសារភាពស្នេហ៍នឹងដឹងភ្លាមថា ម្នាក់នោះកំពុងឆ្លើយថា នាងក៏ចង់នៅក្បែរយើងដែរ។
និយាយលេងបន្តិច ខ្ញុំយល់ថា ប្រសិនបើនារីម្នាក់កាន់ដៃរបស់បុរសនោះបន្ទាប់មកនិយាយប្រយោគនេះ បុរសរូបនោះប្រហែលជាសន្លប់ក្នុងបរិយាកាសដ៏រ៉ូមែនទិកបំផុត។
របៀបនិយាយថាព្រមទីបី៖ 今なら手を伸ばせば届くかも
ទោះបីជាខំប្រឹងយ៉ាងណា យើងមិនអាចប៉ះព្រះច័ន្ទបានទេ ប៉ុន្តែនៅពេលនេះអ្នកអាចធ្វើបាន។ នេះប្រាកដជារបៀបនិយាយក្នុងន័យប្រៀបធៀបហើយ ព្រះច័ន្ទគឺជាបេះដូងរបស់មនុស្សស្រីម្នាក់នោះ។
ដូច្នេះប្រយោគនេះមានន័យថា៖
“あなたの気持ちが私の心に届きそうですよ
ប្រែថា៖ អារម្មណ៍របស់អ្នកហាក់បីដូចជាបានប៉ះបេះដូងខ្ញុំហើយ” ។
ចម្លើយនេះមើលទៅមានភាពទាក់ទាញ និងអាថ៌កំបាំងបន្តិច ដែលធ្វើឲ្យអ្នកដទៃកាន់តែចង់ចូលជិតអ្នក។
ភាគច្រើនបុរសតែងតែចាញ់ប្រៀបជាងនៅពេលដែលជួបនឹងនារីដែលប្រើពាក្យសម្តីឆ្លាតវៃដូចនេះ។
***
យើងទើបតែបានស្វែងយល់អំពីរបៀបនិយាយថាព្រមពេលនរណាម្នាក់សារភាពស្នេហាជាភាសាជប៉ុន។ ដូច្នេះបើចង់បដិសេធ តើត្រូវនិយាយបែបណា? ចូរយើងបន្តតាមដានអត្តបទខាងក្រោម។
ជាមូលដ្ឋានទាំងនេះជាការបដិសេធប្រយោគខាងលើមានដូចជា៖
。私はまだ死にたくありません
ប្រែថា៖ ខ្ញុំមិនទាន់ត្រៀមខ្លួនស្លាប់ព្រោះតែស្នេហានោះទេ។
。私には月は見えません
ប្រែថា៖ ខ្ញុំមើលមិនឃើញព្រះច័ន្ទឡើយ។
。手が届かないから綺麗なのです
ប្រែថា៖ ពន្លឺព្រះច័ន្ទតែងតែស្រស់ស្អាត ព្រោះយើងឆោងមិនដល់។
ហើយនៅពេលដែលបាននិយាយប្រយោគបដិសេធទាំងនេះ ក៏ជាពេលដែលការសន្ទនាត្រូវបញ្ចប់ដែរ។
ការសារភាពស្នេហ៍បរាជ័យ ទោះបីជាប្រយោគបដិសេធពីរោះ ល្អជាងសម័យសព្វថ្ងៃនេះ ប៉ុន្តែអ្នកដែលបង្ហាញពីអារម្មណ៍របស់ខ្លួនជៀសមិនផុតពីអារម្មណ៍ឈឺចាប់នោះទេ។
***
ខ្ញុំសូមពន្យល់បន្ថែមថា របៀបកម្ចីរូបភាពព្រះច័ន្ទដើម្បីបង្ហាញពីអារម្មណ៍ អាចប្រើបានទាំងនៅថ្ងៃដែលព្រះច័ន្ទមិនពេញវង់ ប៉ុន្តែជាការពិតណាស់ មិនអាចនិយាយនៅថ្ងៃដើមខែនោះទេ នៅពេលដែលមើលមិនឃើញព្រះច័ន្ទ។ ព្រោះបើនិយាយពីព្រះច័ន្ទតែរកមើលមិនឃើញគឺមិនសមហេតុផលនោះទេ។ ដូច្នេះសូមកត់សម្គាល់ រើសយកថ្ងៃដែលមានព្រះច័ន្ទស្អាត និងទិសដៅព្រះច័ន្ទល្អសម្រាប់ថ្ងៃណាត់ជួបដ៏ល្អឥតខ្ចោះ។
តើអ្នកទាំងអស់គ្នាយល់ថារបៀបបង្ហាញពីក្តីស្រឡាញ់បែបនេះរ៉ូមែនទិកដែរទេ?
ម្យ៉ាងវិញទៀត សព្វថ្ងៃប្រជាជនជប៉ុនតិចណាស់ដែលមានចំណេះដឹងនេះ យ៉ាងណាមិញ ប្រសិនបើអ្នកចង់បានមិត្តស្រីនៅប្រទេសជប៉ុន ហើយយល់ថានាងជាមនុស្សចូលចិត្តអក្សរសិល្ប៍ អ្នកអាចសាកល្បងប្រើវិធីសារភាពស្នេហ៍នេះ ប្រហែលជាអាចនាំមកនូវលទ្ធផលគួរឲ្យភ្ញាក់ផ្អើល។
Abe Kengo