ការអភិវឌ្ឍន៍ និងកែលម្អគុណភាពផ្លែឈើនៅប្រទេសជប៉ុន
ការកែលម្អគុណភាពផ្លែឈើនៅជប៉ុន
ជប៉ុនជាប្រទេសដែលទទួលបានការវាយតម្លៃខ្ពស់ខាងផ្នែកបច្ចេកវិទ្យា ក៏ដូចជាការអភិវឌ្ឍន៍ និងការកែលម្អផលិតផល។
មិនត្រឹមតែកំណត់ចំពោះផលិតផលឧស្សាហកម្មប៉ុណ្ណោះទេ យើងក៏បានកែលម្អអាហារ រួមទាំងផ្លែឈើផងដែរ ដែលធ្វើឲ្យផ្លែឈើទាំងនោះមានគុណភាព និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសផ្សេងទៀត។
ទន្ទឹមនឹងនេះ តម្លៃទីផ្សារក៏ខ្ពស់ស្របនឹងគុណភាពផងដែរ។ យ៉ាងណាមិញ ផ្លែឈើទាំងនោះនៅតែទាក់ទាញភ្ញៀវបរទេស។ ចូរក្រឡេកមើលប្រភេទផ្លែឈើមួយចំនួនខាងក្រោម។
ផ្លែប៉ោមផ្អែមឆ្ងាញ់
ប៉ោមជាប្រភេទផ្លែឈើដែលមិនមានប្រភពមកពីជប៉ុននោះទេ បន្ទាប់ពីនាំចូលពីចក្រភពអាមេរិក ប្រជាជនជប៉ុនចាប់ផ្ដើមដាំដុះ និងកែលម្អផ្លែប៉ោម។
ដោយធ្វើឲ្យផ្លែប៉ោមតូចទាំងនោះកាន់តែធំ និងមានជាតិទឹកច្រើន ផ្លែប៉ោមទាំងនោះទទួលបានការពេញនិយមនៅក្រៅប្រទេសព្រោះតែរស់ជាតិផ្អែមឆ្ងាញ់។
ប្រភេទផ្លែប៉ោមដែលពេញនិយមបំផុតនៅលើពិភពលោកមានឈ្មោះហៅថា “Fuji” ។ ទន្ទឹមនឹងនេះ ផ្លែប៉ោម Fuji ក៏មានចំណែកពាក់កណ្តាលនៃផលិតកម្មប៉ោមសរុបនៅក្នុងប្រទេសចិនផងដែរ។
តាមរយៈឈ្មោះរបស់ផ្លែប៉ោមយើងអាចសម្គាល់បានយ៉ាងងាយថា នេះជាពូជផ្លែប៉ោមដែលត្រូវបានកែលម្អ និងដាំដុះនៅជប៉ុន។
រដូវផ្លែប៉ោមផ្អែមចាប់ពីខែតុលាដល់ខែកុម្ភៈឆ្នាំក្រោយ។
ប្រសិនបើអ្នកមានឳកាសទៅលេងជប៉ុនក្នុងរដូវផ្លែប៉ោមទុំស្រស់ឆ្ងាញ់ សូមកុំភ្លេចភ្លក់មើលឲ្យសោះ។
ផ្លែស្ត្របឺរីស្រស់
ស្ត្របឺរីជាប្រភេទផ្លែឈើដែលមានទំហំតូច និងមានរសជាតិជូរខ្លាំង។ ដូច្នេះហើយ ភាគច្រើនគេយកទៅធ្វើជាភេសជ្ជៈ ឬតំណាប់។
មិនត្រឹមតែប៉ុណ្ណឹង ជប៉ុនបានកែលម្អចំណុចនេះ។
តើអ្នកធ្លាប់ភ្លក់ប្រភេទផ្លែស្ត្របឺរីដែលមានរសជាតិផ្អែមជាងគេនៅលើពិភពលោកដែរទេ?
ប្រភេទផ្លែស្ត្របឺរីដែលមានឈ្មោះថា “Crimson Misuzu” ដែលគេដាំនៅខេត្ត Chiba ប្រទេសជប៉ុន។
“រសជាតិផ្អែមរបស់វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ដូចជាកំពុងហូបស្ករ” ។
នៅពេលដែលផ្លែស្ត្របឺរីដែលត្រូវបានគេចាត់ទុកថាមានរសជាតិផ្អែមធម្មតាមានកម្រិតជាតិស្ករ ១០% ចំណែកឯកម្រិតជាតិស្ករក្នុងប្រភេទផ្លែស្ត្របឺរីនេះបែរជាជាង ២០% ដែលមានកម្រិតទ្វេជាពីរ។
ខ្ញុំផ្ទាល់មិនទាន់ភ្លក់ប្រភេទផ្លែស្ត្របឺរីនេះនោះទេ ប៉ុន្តែបន្ទាប់ពីដឹងពីកម្រិតជាតិស្ករ ខ្ញុំស្រមៃគិតភ្លាមដល់ “ស្ករគ្រាប់រសជាតិស្ត្របឺរីផ្អែមឆ្ងាញ់” ប្រហែលជាវាមានរសជាតិដូចនេះជាជាងផ្លែឈើ។ ខ្ញុំក៏ចង់ភ្លក់រសជាតិផ្លែស្ត្របឺរីទាំងនេះដែរ។
រដូវផ្លែស្ត្របឺរីឆ្ងាញ់បំផុតចាប់ពីខែមីនាដល់ខែមេសាជារៀងរាល់ឆ្នាំ។ ទាំងនេះអាចជាបទពិសោធន៍ដ៏ល្អសម្រាប់ភ្ញៀវទេសចរណ៍ដែលមានបំណងទៅលេងជប៉ុនក្នុងរដូវផ្ការីក មិនត្រឹមតែអាចគយគន់ផ្កាសាគូរ៉ារីកប៉ុណ្ណោះទេ ថែមទាំងអាចភ្លក់ផ្លែស្ត្របឺរីស្រស់ឆ្ងាញ់ផងដែរ។
ផ្លែប៉េស
ផ្លែប៉េសក៏ជាប្រភេទផ្លែឈើដែលជប៉ុនកែលម្អផងដែរ ថែមទាំងធ្លាប់ល្បីនៅលើពិភពលោក។
ផ្លែប៉េសដែលដាំនៅបណ្តាប្រទេសផ្សេងទៀតមានកម្រិតជាតិស្ករទាប ដូច្នេះគេច្រើនតែត្រាំក្នុងទឹកស៊ីរ៉ូដើម្បីបង្កើនកម្រិតផ្អែម ប៉ុន្តែផ្លែប៉េសនៅជប៉ុនមានរសជាតិផ្អែមធម្មជាតិ។
ផ្លែប៉េសជប៉ុនត្រូវបានដាក់លក់នៅអង់គ្លេសក្នុងតម្លៃប្រហែល ៥.០០០ យ៉េនក្នុងមួយផ្លែ។
ប្រហែលជាមូលហេតុដែលផ្លែប៉េសល្បីនៅអង់គ្លេសដោយសារព្រឹត្តិការណ៍កីឡាបេស្បលដែលប្រារព្ធធ្វើឡើងនៅខេត្ត Fukushima ។
អំឡុងពេលប្រកួត កីឡាកររំភើបយ៉ាងខ្លាំងនៅពេលដែលបានភ្លក់ផ្លែប៉េសផ្អែមឆ្ងាញ់ដែលគេដាំក្នុងស្រុក។ បន្ទាប់មកពួកគេបានបង្ហោះអត្ថបទផ្ទាល់ខ្លួនលើបណ្ដាញសង្គមដោយនិយាយថា៖
“ខ្ញុំមិនដែលហូបផ្លែប៉េសដែលផ្អែមឆ្ងាញ់បែបនេះពីមុនមកទេ”
ដោយចៃដន្យបានធ្វើឲ្យផ្លែប៉េសក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍នៅពេលនោះ។
រដូវផ្លែប៉េសផ្អែមឆ្ងាញ់ចាប់ពីខែមិថុនាដល់ខែកញ្ញាជារៀងរាល់ឆ្នាំ។ ហូបផ្លែប៉េសត្រជាក់ឆ្ងាញ់អាចជាមធ្យោបាយជួយកាត់បន្ថយកម្តៅនៅរដូវក្តៅស្អុះស្អាប់។
ថ្វីត្បិតតែ ការកែលម្អផលិតផលកសិកម្មនៅជប៉ុនបានធ្វើឲ្យផ្លែឈើទាំងនោះខុសពីផ្លែឈើដើម ប៉ុន្តែទោះជាយ៉ាងណា ទាំងនេះជាការផ្លាស់ប្តូរវិជ្ជមានមិនថាទំហំ និងគុណភាព។ ដូច្នេះយើងអាចរីករាយនឹងរសជាតិផ្អែមឆ្ងាញ់របស់ផ្លែឈើទាំងនេះ។
Abe Kengo