វិបត្តិ​ស្បៀង​អាហារ​នៅ​ជប៉ុន៖ សម័យ​កាល​ដែល​មនុស្ស​បាត់​បង់​ភាព​ម្ចាស់​ការ

បាតុភូតផែនដីកំពុងឡើងកម្តៅបានគំរាមកំហែងដល់សន្តិសុខស្បៀងអាហារពិភពលោក ខណៈដែលតំបន់ជាច្រើន​​មិន​​អាច​​ដាំ​ដំណាំ​មួយ​ចំនួន។

ទោះជាយ៉ាងណា បើប្រៀបធៀបទៅនឹងអ្វីដែលបានកើតឡើងនៅជប៉ុនក្នុងឆ្នាំ ១៧៨២ ស្ថានភាពបច្ចុប្បន្នអាចនឹង​អាក្រក់​ជាង។

នៅពេលនោះវិបត្តិ​ស្បៀងអាហារបានបង្ខំឲ្យមនុស្សធ្លាក់ក្នុងភាពអស់សង្ឃឹម ដែលធ្វើឲ្យពួកគេបាត់បង់ភាពម្ចាស់ការ។ ដូច្នេះ​ហើយ តើមានរឿងអ្វីបានកើតឡើងក្នុងសោកនាដកម្មនោះ? តើយើងអាចដកយកមេរៀនអ្វីខ្លះសម្រាប់​​ថ្ងៃ​​អនាគត នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​វិបត្តិ​ស្បៀង​អាហារ​ស្រដៀង​គ្នា​នេះ? 

គ្រោះទុរ្ភិក្សនៅសម័យ Tenmei 

ចាប់ពីឆ្នាំ ១៧៨២ ដល់ឆ្នាំ ១៧៨៣ តំបន់ភាគឦសានប្រទេសជប៉ុន រួមទាំងតំបន់ Kanto ត្រូវប្រឈមនឹងស្ថានភាពត្រជាក់​ខ្លាំង។

រដូវរងានៅឆ្នាំនោះ អាកាសធាតុត្រជាក់ខ្លាំងខុសធម្មតាបានគ្របដណ្តប់តំបន់ទាំងមូល។ នៅពេលដែលរដូវផ្ការីក​មក​ដល់ សីតុណ្ហភាព​នៅ​តែ​មិន​កក់​ក្តៅ ចំណែកឯរដូវក្តៅបែរជាមានភ្លៀង​ធ្លាក់​មិន​ឈប់។

រហូតដល់ថ្នាក់ ពេញមួយឆ្នាំមានពន្លឺថ្ងៃត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ ដែលធ្វើឲ្យរុក្ខជាតិមិនអាចលូតលាស់បាន។ 

មានកំណត់ត្រាមួយចំនួនបង្ហាញថាក្នុងខែសីហា នៅជប៉ុនរដូវក្តៅបែរជាមានព្រិលធ្លាក់។ ទន្ទឹមនឹងនេះ ករណីបន្ទុះ​ភ្នំ​ភ្លើង​ធំៗ​បាន​កើត​ឡើង​នៅ Aomori និង Nagano ផេះគ្របដណ្តប់ពេញលើវាលស្រែ ដែលធ្វើឲ្យស្ថានភាពកង្វះ​ស្បៀង​អាហារ​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ។

មិនត្រឹមតែប៉ុណ្ណឹង ជំងឺរាតត្បាតដ៏ធំមួយបានផ្ទុះឡើង ដោយបានឆក់យកជីវិតមនុស្សជាង ៩០០.០០០ នាក់នៅទូទាំង​ប្រទេស​ជប៉ុន។

ស្ថានភាពធ្ងន់ធ្ងរជាពិសេសនៅ Aomori ដែលចំនួនប្រជាជនបានធ្លាក់ចុះពាក់កណ្តាល។

សូម្បីតែទីក្រុង Edo ដែលជារាជធានីជប៉ុនសព្វថ្ងៃក៏ធ្លាក់ក្រោមស្ថានភាពវឹកវរប្រៀបដូចជាឋាននរកផងដែរ។

ខ្ញុំសុំសាច់ “លោកតា” របស់អ្នកបន្តិច

ស្ត្រីម្នាក់បានទៅកាន់ផ្ទះសំណាក់ហើយ​និយាយ​ថា​៖ “ខ្ញុំឮ​ថាមានលោកតាចំណាស់ម្នាក់បាន​ស្លាប់​នៅ​ទីនេះ។

តើខ្ញុំអាចសុំសាកសពរបស់គាត់មួយផ្នែកបានទេ? ត្រឹមតែមួយផ្នែកតូចប៉ុណ្ណោះ។

ជីតារបស់ខ្ញុំក៏ជិតទទួល​មរណ​ភាពដែរ ខ្ញុំនឹងយកមកសងវិញត្រឹមរយៈពេលពីរបីថ្ងៃទៀត។”

ថ្វីត្បិតតែ ពាក្យសម្ដីស្តាប់ទៅគួរសម ថែមទាំងសន្យាថានឹងសងវិញ ប៉ុន្តែសំណើរបស់ស្រ្តីម្នាក់នោះពិតជាគួរឲ្យខ្លាចណាស់ សុំ​សាច់​​របស់​​អ្នក​​ស្លាប់​​មួយ​​ផ្នែក។

ទាំងនេះ​ជា​សក្ខីភាពបង្ហាញពីភាពអស់សង្ឃឹម​យ៉ាង​ខ្លាំង​របស់​ប្រជាជន នៅពេលដែលប្រឈមនឹងគ្រោះ​ទុរ្ភិក្ស​ធ្ងន់​ធ្ងរ ​ដែល​​សូម្បី​តែ​​រដ្ឋាភិបាល​ក៏​មិន​អាច​ធ្វើ​អ្វី​បាន។

យើងមិនដឹងថា ស្រ្តីរូបនោះសុំបានសាច់របស់អ្នកស្លាប់ដែរអត់ទេ ប៉ុន្តែយ៉ាងហោចណាស់ ក្នុងស្ថានភាពនោះ នាងនៅ​តែ​អាច​រក្សា​ស្មារតី។

សកម្មភាពព្រៃផ្សៃដូចជាវាយប្រហារ សម្លាប់មនុស្ស ហើយសុីសាច់មនុស្សប្រហែលបានក្លាយជារឿងធម្មតា។

អំឡុងពេលនោះជាសម័យកាលដែលភាពខ្មៅងងឹតគ្របដណ្តប់ប្រទេស នៅពេលដែលមនុស្សបាត់បង់ភាពម្ចាស់ការ​របស់​ខ្លួន។

គេនិយាយថា នៅជប៉ុនភ្នំ Fuji នឹងផ្ទុះនាពេលខាងមុខ។

ប្រសិនបើរឿងនោះកើតឡើង ស្រទាប់ផេះក្រាស់ដែលគ្របដណ្តប់លើវាលស្រែអាចនឹងធ្វើឲ្យដំណាំមិនបានផល ហើយការដឹកជញ្ជូនត្រូវផ្អាក ដែលបណ្តាលឲ្យកើតមានស្ថានភាពខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ។

ទោះបីជាមិនអាចប្រៀបធៀបទៅនឹងគ្រោះមហន្តរាយកាលពីសម័យមុន ប៉ុន្តែស្ថានភាពនេះពិតជាគួរឲ្យខ្លាចណាស់។

មិនថាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារីកចម្រើនដល់កម្រិតណា មនុស្សនៅតែមិនអាចគ្រប់គ្រងអាកាសធាតុបានឡើយ។

ខណៈដែលចំនួនប្រជាជនលើពិភពលោកកំពុងកើនឡើង ការប្រែប្រួលអាកាសធាតុមានភាពស្មុគស្មាញ ហើយការ​ព្យាករណ៍​ដែល​​និយាយ​ពី​យុគសម័យ​ទឹក​កក​ថ្មី​កំពុង​លេច​ឡើង យើង​គ្រាន់​តែ​អាច​សង្ឃឹម​ថា ប្រវត្តិ​សាស្ត្រ​ដ៏​ឈឺ​ចាប់​នៃអតីតកាល​នឹង​មិន​កើត​ឡើង​ម្តង​ទៀត​នោះ​ទេ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: