តើម៉ូតូ Honda ពិតជាធន់ល្អដូចដែលគេនិយាយដែរទេ?
កម្ពុជាជាប្រទេសដែលប្រើម៉ូតូជាមធ្យោបាយធ្វើដំណើរច្រើន។
ក្នុងចំណោមម៉ាកម៉ូតូទាំងអស់ ម៉ូតូ Honda មានចំណែកទីផ្សារយ៉ាងសំខាន់។
ដូច្នេះហើយ តើអ្នកដែលធ្លាប់ប្រើម៉ូតូ Honda នៅក្នុងប្រទេសកម្ពុជាយល់យ៉ាងណាចំពោះម៉ូតូប្រភេទនេះ?
តើពួកគេវាយតម្លៃចំពោះគុណភាព កម្រិតធន់ និងមុខងាររបស់ម៉ូតូដូចម្តេចដែរ?
ខ្ញុំបានប្រើម៉ូតូអស់រយៈពេល ១៤ ឆ្នាំមកហើយ សរុបទៅខ្ញុំប្រើ Honda បាន ៩ ឆ្នាំ ហើយបច្ចុប្បន្នកំពុងប្រើ Yamaha ។ ក្នុងអំឡុងពេលនោះ ខ្ញុំមិនធ្លាប់ជួបបញ្ហាធ្ងន់ធ្ងរអ្វីឡើយ។
ជាការពិតណាស់ បញ្ហាបែកកង់ម៉ូតូ ឬត្រូវប្តូរប្រេងម៉ាសុីនគឺជារឿងធម្មតា យ៉ាងណាមិញ ខ្ញុំមិនធ្លាប់ជួបបញ្ហាម៉ូតូមិនដំណើរការនោះទេ។
ក្នុងចំណោមម៉ាកម៉ូតូដែលផលិតនៅប្រទេសជប៉ុន Honda Cub ជាម៉ាកម៉ូតូដែលល្បីថាធន់ប្រើបានយូរ។
ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់នៅពេលដែលដឹងថា សរុបចំនួនម៉ូតូ Cub ដែលត្រូវបានលក់ចេញនៅទូទាំងពិភពលោកជាង ១១០ លានគ្រឿង។
ជាមួយនឹងចំនួនប្រជាជននៅលើពិភពលោកប្រហែល ៨ ពាន់លាននាក់ ក្នុងនោះ Honda Cub អាចលក់បានជាង ១១០ លានគ្រឿងគឺជាចំនួនដែលគួរឲ្យភ្ញាក់ផ្អើលណាស់។
តើចំណុចអ្វីដែលធ្វើឲ្យម៉ូតូមួយនេះពេញនិយមដូច្នេះ? ចម្លើយយ៉ាងសាមញ្ញគឺថា៖ កម្រិតធន់ដែលមិនគួរឲ្យជឿ។
ព្រោះតែលក្ខណៈពិសេស “មិនដែលខូច” នេះហើយ ទើប Honda Cub ទាក់ទាញអតិថិជនរាប់លាននាក់នៅទូទាំងពិភពលោក។
កម្មវិធីទូរទស្សន៍ដ៏ល្បីរបស់អាមេរិក Discovery Channel បានជ្រើសយកអាគុបជាម៉ូដែលម៉ូតូដែលធន់បំផុត។
អ្នកអាចរកមើលវីដេអូនេះនៅលើ YouTube សូមចុចតំណភ្ជាប់ខាងក្រោម។
https://clicccar.com/2011/08/24/54096/
Honda មានក្រុមវិស្វករយ៉ាងពិសេស។
ពួកគេមិនត្រឹមតែមានជំនាញបច្ចេកទេសខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានគំនិតខុសពីមនុស្សធម្មតាទៀតផង ពួកគេតែងតែរុករក និងស្វែងយល់អ្វីដែលថ្មី។
ចូរយើងក្រឡេកមកមើលការពិសោធន៍ពិសេសៗមួយចំនួនចំពោះ Honda ក្នុងកម្មវិធី Discovery Channel ទាំងអស់គ្នា។
តើម៉ូតូអាចប្រើគ្រប់ប្រភេទប្រេងឬ?
ប្រាកដណាស់ក្រុមហ៊ុនផលិតមិនយល់ព្រមនោះទេ។
ក្នុងកម្មវិធីពួកគេបានសាកល្បងចំណុចដែលមិនគួរឲ្យជឿមួយ ចាក់ប្រេងឆាដែលប្រើរួចចូលម៉ាសុីនរបស់ម៉ូតូ។
ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលត្រង់ថា ម៉ូតូនៅតែអាចដំណើរការបាន។
ផ្ទុកបានច្រើននៅតែអាចដំណើរការ
ថ្វីត្បិតតែ ម៉ូតូមានទម្ងន់ត្រឹមតែ ៥០ គីឡូក្រាម ប៉ុន្តែអាចផ្ទុកបានដល់ទៅ ២០០ គីឡូក្រាម ហើយនៅតែអាចធ្វើដំណើរបាន។
នៅកម្ពុជាអ្នកអាចនឹងមើលឃើញម៉ូតូ Honda ដឹកទំនិញយ៉ាងច្រើន ហើយម៉ូតូទាំងនោះនៅតែដំណើរការបានល្អ។
ទោះជាយ៉ាងណា ការដឹកជញ្ជូនធ្ងន់ពេកពិតជាគ្រោះថ្នាក់ណាស់ ដូច្នេះអ្នកមិនគួរធ្វើបែបនេះឡើយ។
ធ្លាក់ពីលើទីខ្ពស់
បន្ទាប់ពីធ្លាក់ពីលើអគារចុះ ម៉ូតូបានប៉ះទង្គិចនឹងផ្ទៃដីក្នុងល្បឿន ៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ទោះបីជាកង់រងខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែម៉ាសុីននៅតែអាចដំណើរការបាន។
នេះជាលទ្ធផលពិសោធន៍ដ៏គួរឲ្យភ្ញាក់ផ្អើល និងគួរតែស្រាវជ្រាវ។
កម្មវិធីបានសន្និដ្ឋានថា ម៉ូតូនេះពិតជាខ្លាំងណាស់។ ការរចនាមានលក្ខណៈសាមញ្ញ ធន់ ចំណុចនេះហើយដែលជួយឲ្យម៉ូតូអាចប្រើប្រាស់បានយូរ។
ម៉ូតូត្រូវបានដាក់បង្ហាញនៅឆ្នាំ ១៩៥២ ហើយនៅតែរក្សាលក្ខណៈដើម ម៉ូតូប្រភេទនេះនៅតែទទួលបានការពេញនិយមនៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសកម្ពុជា ដែលគេតែងតែហៅថា Dream ។
ម៉ូតូគឺជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ ដូច្នេះការជ្រើសរើសយានជំនិះដែលប្រើប្រាស់បានយូរ និងមានសុវត្ថិភាពពិតជាសំខាន់ខ្លាំងណាស់។
យើងមិនលើកទឹកចិត្តឲ្យបើកបរដោយគ្មានការប្រុងប្រយ័ត្ននោះទេ ប៉ុន្តែចង់ឲ្យអ្នកប្រើប្រាស់រីករាយនឹងការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរីករាយជាមួយនឹងយានជំនិះរបស់ខ្លួន។
យើងចង់ឲ្យអ្នកប្រើប្រាស់ដឹងពីរបៀបថែទាំ និងស្រឡាញ់ម៉ូតូរបស់ខ្លួនតាមរយៈការត្រួតពិនិត្យជាប្រចាំ។
ការពិសោធដ៏គ្រោះថ្នាក់ដូចនៅលើកញ្ចក់ទូរទស្សន៍គួរតែមើលសម្រាប់កម្សន្តប៉ុណ្ណោះ សូមកុំធ្វើតាមនៅផ្ទះ។
Abe Kengo