មកស្គាល់ពីតួអង្គពិសេសនៅសម័យកាលសាមូរ៉ៃ៖ តើបុគ្គលទាំងនោះជាអ្នកផ្តួចផ្តើមនៃពិភពលោក?
ក្រោមសម័យកាល Edo សន្តិភាពមានរយៈពេល ២៦៥ ឆ្នាំ បានបង្កើតលក្ខខណ្ឌសម្រាប់ជប៉ុនអភិវឌ្ឍយ៉ាងត្រចះត្រចង់។
អំឡុងពេលដ៏រុងរឿងនោះ ប្រទេសជប៉ុនបង្កើតបានជាបុគ្គលដែលមានទេពកោសល្យពិសេស ក្រុមមនុស្សទាំងនេះផ្តួចផ្តើមគំនិតប្លែកៗ ប៉ុន្តែបែរជាទទួលបានសមិទ្ធផលដ៏អស្ចារ្យ។
អ្នកជឿទេថា គំនិតច្នៃប្រឌិតមួយចំនួនដែលហាក់ដូចជាសាមញ្ញបានក្លាយទៅជា “Brainchild” ដំបូងរបស់ប្រជាជនជប៉ុន។
ជនជាតិជប៉ុនដំបូងគេដែលហោះហើរ
ថ្វីត្បិតតែ ពិភពលោកបានទទួលស្គាល់ថាបងប្អូនគ្រួសារ Wright ជាមនុស្សដំបូងគេដែលហោះហើរលើមេឃ ប៉ុន្តែប្រវត្តិសាស្រ្តអាកាសចរណ៍របស់ជប៉ុនបែរជាបង្កប់នូវរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។
មុននោះជាងមួយសតវត្ស ក្នុងឆ្នាំ ១៧៨៥ បុរសម្នាក់ឈ្មោះ Ukita Kokichi បានសាកល្បងការហោះហើរដ៏អស្ចារ្យមួយ។
ជាមួយនឹងក្តីស្រមៃយ៉ាងខ្លាំងចំពោះផ្ទៃមេឃ លោកបានចំណាយពេលជាច្រើនឆ្នាំសម្រាប់ស្រាវជ្រាវ និងបង្កើតស្លាបដែលធ្វើពីឫស្សី ក្រដាស និងក្រណាត់ដែលមានប្រវែង ៩ ម៉ែត្រ និងទទឹង ២ ម៉ែត្រ។
នៅលើស្ពានមួយ លោកបានលោតចុះបង្កើតបានជាប្រវត្តិសាស្ត្រ។
ថ្វីត្បិតតែ អាចហោះហើរបានត្រឹមរយៈពេល ១០ វិនាទី និងមិនមានម៉ាស៊ីនជំនួយ ប៉ុន្តែការហោះហើររបស់លោកបានកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍របស់ជប៉ុន។
លោកជាជនជាតិជប៉ុនដំបូងគេដែលហ៊ានប្រឈមនឹងទំនាញផែនដី ហើយហោះហើរនៅលើផ្ទៃមេឃ។
បុរសដំបូងដែលសរសេរសៀវភៅណែនាំអំពីកន្លែងកម្សាន្តសម្រាប់មនុស្សពេញវ័យ (Fuzoku)
នៅសម័យនោះ ជប៉ុនមានកន្លែងមួយចំនួនហៅថា Yukaku ដែលមានន័យថា “តំបន់ភ្លើងក្រហម” ហើយនេះជាកន្លែងសម្រាប់ស្រ្តីផ្តល់សេវាកម្មដល់ភ្ញៀវប្រុស។
ស្រ្តីពេស្យា Oiran ជាស្រ្តីដែលធ្វើការនៅកន្លែងទាំងនេះ។
Hatakeyama Gizan ជាបុរសដែលពិសេសម្នាក់ លោកបានចំណាយមួយជីវិតរបស់ខ្លួនដើម្បីធ្វើដំណើរជុំវិញប្រទេសជប៉ុន ទៅកាន់ Yukaku ដែលនៅគ្រប់ទីកន្លែង បន្ទាប់មកបានចងក្រងបទពិសោធន៍របស់លោកក្នុងសៀវភៅមួយ។
ទោះបីជាស្តាប់ទៅដូចជាមានសេរីភាព ប៉ុន្តែនៅសម័យនោះការធ្វើដំណើរជុំវិញប្រទេសគឺជារឿងដែលពិបាក។
ការតស៊ូ និងព្យាយាមរបស់ខ្លួនបានធ្វើឲ្យលោកក្លាយទៅជាបុគ្គលដែលពិសេសមួយរូប ជាមនុស្សដែលចម្លែកម្នាក់ក្នុងក្រសែភ្នែករបស់មនុស្សជាច្រើន។
សាមូរ៉ៃគូររូបគំនូរផ្កាព្រិល
Doi Toshitsura – គឺជាស្តេចក្រាញ់នៃតំបន់ទឹកដីបុរាណ ដែលសព្វថ្ងៃស្ថិតនៅភាគខាងជើងឆៀងខាងលិច Chiba បានរួមបញ្ចូលយ៉ាងប៉ិនប្រសប់រវាងវិទ្យាសាស្ត្រ និងសិល្បៈ។
ទោះបីជាការងារមមាញឹក លោកនៅតែចំណាយពេលសង្កេតមើល និងស្រាវជ្រាវព្រិល។
បន្ទាប់ពីខិតខំប្រឹងប្រែងអស់រយៈពេល ២០ ឆ្នាំ លោកបានគូររូបភាពដ៏ស្រស់ស្អាតរបស់ព្រិល ហើយបានសរសេរសៀវភៅនិយាយពីព្រិល។
រូបគំនូរព្រិលរបស់លោកទទួលបានការសរសើរចំពោះភាពប៉ិនប្រសប់ និងភាពស្រស់ស្អាត ដោយធ្វើឲ្យគំនូរក្លាយជាប្រធានបទល្បីក្នុងសង្គមនាសម័យនោះ។
គំនូរដ៏អស្ចារ្យទាំងនេះមិនត្រឹមតែជាសមិទ្ធិផលវិទ្យាសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបំផុសគំនិតដល់សិល្បៈ ជាពិសេសខាងផ្នែករចនាម៉ូដ។
តាំងពីពេលនោះមក រូបភាពផ្កាព្រិលបានក្លាយជាគំនូរតុបតែងដ៏ពេញនិយមនៅលើសម្លៀកបំពាក់ Kimono ។
សម័យកាលសន្តិភាពយូរអង្វែងបានបង្កើតឳកាសដល់បុគ្គលដែលមានទេពកោសល្យពិសេស អ្នកដែលមានចំណង់ចំណូលចិត្តចម្លែកបែបនេះបានបង្ហាញខ្លួន ហើយបង្កើតបានជាលក្ខណៈវប្បធម៌ថ្មី។
ទោះជាយ៉ាងណា ក្នុងសម័យកាលបច្ចុប្បន្ន ថ្វីត្បិតតែមិនមានសង្រ្គាម ប៉ុន្តែសម្ពាធសេដ្ឋកិច្ចពិតជាធ្ងន់ណាស់ ដែលធ្វើឲ្យអ្នកមានបុគ្គលិកលក្ខណៈពិសេសពិបាកនឹងមានឱកាសបង្ហាញពីខ្លួនឯង។
ប្រហែលជានៅពេលដែលសង្គមឈានចូលដំណាក់កាលថ្មីម្តងទៀត នៅពេលដែលគ្រប់យ៉ាងមិនអាចទៅរួចបានក្លាយជាការពិត ពិភពលោកនឹងពោរពេញទៅដោយរឿងដ៏គួរឲ្យចាប់អារម្មណ៍ឡើងវិញ។
Abe Kengo