តើអ្នកអាចនឹងក្លាយជាតួអង្គ Son Goku បានទេ? ចូរសាកល្បងក្បាច់ Kamehameha នេះនៅផ្ទះ
តើអ្នកទាំងអស់គ្នាចូលចិត្ត Dragon Ball ដែរទេ? ជាសៀវភៅរឿងគំនូរជីវចលដែលល្បីទូទាំងពិភពលោក ហើយយើងទាំងអស់គ្នាប្រហែលជាធ្លាប់ចង់បង្ហាញពីក្បាច់ Kamehameha ដូច Son Goku មែនទេ?
ដំណឹងល្អសម្រាប់អ្នកដែលកំពុងមានក្តីស្រមៃដូចនេះ។
អ្នកវិទ្យាសាស្រ្ត “ឆ្កួត” មួយរូបបានស្រាវជ្រាវ និងបញ្ជាក់ថា យោងតាមទ្រឹស្ដី យើងអាចបង្ហាញក្បាច់មួយនេះបាន។
ដូច្នេះនៅចាំអីទៀត ចូរយើងសាកល្បងក្បាច់ Kamehameha ទាំងអស់គ្នា!
តើ Kamehameha ជាអ្វី?
គឺជាក្បាច់ដែលត្រូវបានបង្ហាញក្នុងសៀវភៅរឿងគំនូរជីវចល និង Anime នៅពេលដែលមនុស្សប្រមូលផ្តុំថាមពលក្នុងខ្លួន ហើយបញ្ចេញមកខាងក្រៅយ៉ាងខ្លាំងបំផុត។
អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ក្បាច់មួយនេះមែនទេ? ជាពិសេសបុរសៗ កាលពីតូចគ្រប់គ្នាប្រហែលជាធ្លាប់ធ្វើតាមមែនទេ?
ក្នុងសៀវភៅរឿងគំនូរជីវចល ថាមពលនៃក្បាច់មួយនេះកាន់តែខ្លាំងឡើង។
ប៉ុន្តែក្នុងការគណនាលើកនេះ យើងនឹងលើកឧទាហរណ៍ទាក់ទងនឹងក្បាច់ Kamehameha ដែល Son Goku បានប្រើពេលប្រឈមមុខនឹងស្តេចបិសាច Piccolo ។
យោងតាមការគណនា ថាមពលនៃក្បាច់មួយនេះស្មើនឹងចំនួនគ្រឿងផ្ទុះ ២៦ គីឡូក្រាម។
ប្រសិនបើបំប្លែងទៅជាសារធាតុផ្ទុះ TNT គឺស្មើនឹង ១៣០ ដើម កម្លាំងបំផ្លាញពិតជាខ្លាំងណាស់។
ប្រសិនបើមិនអាចបញ្ចេញថាមពលបានទេ ចូរសាកល្បងដុតកាឡូរីដោយប្រើកំដៅ។
មនុស្សយើងប្រើប្រាស់ថាមពលប្រហែល ២០០០ kcal ក្នុងមួយថ្ងៃ។
ពាក់កណ្តាលក្នុងចំណោមនោះត្រូវបានប្រើសម្រាប់ទ្រទ្រង់ជីវិត ចំណែកឯ ១០០០ kcal ដែលនៅសល់ត្រូវបានបញ្ចេញមកក្រៅក្រោមទម្រង់កម្តៅ។
គេនិយាយថា បាតដៃម្ខាងអាចបញ្ចេញកំដៅប្រហែល ២០ kcal ក្នុងមួយថ្ងៃ។
ចំណុចនេះមានន័យថា ប្រសិនបើយើងផ្គុំដៃទាំងពីរចូលគ្នា បង្កើតបានជាចន្លោះមួយក្នុងបាតដៃ ហើយព្យាយាមរក្សាបរិមាណកម្តៅនោះ ដូច្នេះបើតាមទ្រឹស្តី យើងអាចរក្សាបរិមាណថាមពលមួយចំនួន។
ចូរប្រមូលផ្តុំបរិមាណកាឡូរីដែលស្មើនឹងចំនួន ២៦ គីឡូក្រាមសារធាតុផ្ទុះ។
សារធាតុផ្ទុះចំនួន ២៦ គីឡូក្រាមស្មើនឹងថាមពល ២៦០០០ kcal ។
ចំណុចនេះមានន័យថា ប្រសិនបើយើងប្រមូលផ្តុំថាមពលដោយមិនខ្ជះខ្ជាយរយៈពេល ១៣០០ ថ្ងៃ ដែលមានរយៈពេលប្រហែល ៣ ឆ្នាំ ៧ ខែ ដូច្នេះយើងនឹងមានបរិមាណថាមពលស្មើនឹង Kamehameha មួយក្បាច់។
ទោះជាយ៉ាងណា រឿងនេះមិនអាចទៅរួចនោះទេ។
ការដែលផ្គុំដៃទាំងពីររយៈពេល ៣ ឆ្នាំ ៧ ខែ ហើយមិនធ្វើឲ្យបាត់បង់ថាមពលគឺជារឿងដែលមិនអាចធ្វើទៅបាន។
ចូរប្រមូលផ្តុំថាមពល
ព្រោះតែកំដៅតែងតែផ្លាស់ទីពីកន្លែងដែលមានសីតុណ្ហភាពខ្ពស់ទៅកាន់កន្លែងដែលមានសីតុណ្ហភាពទាប ដូច្នេះដើម្បីប្រមូលផ្តុំកំដៅពិតជាពិបាកណាស់។
ចំណុចនេះមានន័យថា នៅពេលដែលដៃរបស់យើងក្តៅដោយសីតុណ្ហភាពរាងកាយ វានឹងមិនអាចស្រូបយកកម្ដៅបានទៀតទេ។
យ៉ាងណាមិញ ផ្ទុយទៅវិញ យើងអាចផ្ទេរកម្តៅពីវត្ថុដែលមានសីតុណ្ហភាពទាប (ដូចជាបាតដៃរបស់យើង) ទៅកាន់វត្ថុដែលមានសីតុណ្ហភាពខ្ពស់ជាង (ដូចជាខ្យល់) តាមរយៈឧបករណ៍ដែលហៅថា ម៉ាស៊ីនបូមកម្តៅ – ដែលជាទូទៅគេប្រើក្នុងម៉ាស៊ីនត្រជាក់។
ប្រសិនបើយើងបង្កើតស្រោមដៃដែលរួមបញ្ចូលម៉ាស៊ីនបូមកម្តៅ យើងអាចបន្តស្រូបយកកម្តៅពីខ្យល់ ហើយប្រមូលផ្តុំក្នុងបាតដៃ។
នៅពេលនោះ គ្រប់យ៉ាងត្រូវបានត្រៀមរួចរាល់។ យើងគ្រាន់តែពាក់ស្រោមដៃមួយនេះ ហើយផ្គុំដៃទាំងពីរចូលគ្នារយៈពេល ៣ ឆ្នាំ ៧ ខែ។
ចូរគ្រប់គ្រងសីតុណ្ហភាពដែលបន្តកើនឡើង
ប្រសិនបើយើងបន្តប្រមូលផ្តុំកម្តៅ សីតុណ្ហភាពខ្យល់នឹងឡើងដល់ ២៤០.០០០.០០០°C ។
ដើម្បីទប់ស្កាត់មិនឲ្យខ្យល់ពង្រីកនៅសីតុណ្ហភាពខ្ពស់បែបនេះ យើងត្រូវការសម្ពាធរហូតដល់ទៅ ៦៧.០០០ តោន។
យ៉ាងណាមិញ រឿងនេះមិនអាចទៅរួចនោះទេ។
ចូរស្រែកឡើងថា Kamehameha!
ប្រសិនបើស្រែក ហើយបង្វែរបាតដៃឆ្ពោះទៅកាន់គូប្រកួត ខ្យល់ដែលបានបង្ហាប់នឹងបញ្ចេញមកភ្លាមៗ ដែលបណ្តាលឲ្យកើតមានករណីផ្ទុះត្រង់បាតដៃរបស់អ្នក។
អាចនិយាយម្យ៉ាងទៀតថា ជាករណីធ្វើអត្តឃាត។
ប្រសិនបើបញ្ចេញក្បាច់ Kamehameha ម្តង យើងត្រូវរង់ចាំរយៈពេល ៣ ឆ្នាំ ៧ ខែ ដើម្បីបញ្ចូលថាមពលឡើងវិញ។
ក្នុងជីវិតជាក់ស្តែងមួយក្បាច់នេះស្ទើរតែគ្មានប្រយោជន៍នោះទេ ប៉ុន្តែយ៉ាងហោចណាស់យើងនឹងក្លាយជាមនុស្សដំបូងគេអាចបញ្ចេញក្បាច់ Kamehameha នេះ។
តើអ្នកចង់សាកល្បងក្បាច់ Kamehameha នេះដែរទេ?
Abe Kengo