វប្បធម៌នៃការទទួលទាន Sushi ៖ រឿងនិយាយពីពែងតែធំ និងវាំងនន Noren នៅមុខហាង
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាពែងតែនៅហាង Sushi មាន “ទំហំធំ” បែបនេះដែរទេ?
យើងតែងតែហៅពែងទាំងនេះថា “Yunomi” ហើយពិតជាចម្លែកណាស់ដែលពែងតែទាំងនេះច្រើនតែមានទំហំធំ បើប្រៀបទៅនឹងពែងនៅភោជនីយដ្ឋានផ្សេងទៀត។
ជាពិសេសនៅហាង Sushi បែបប្រពៃណី ពែង Yunomi ធំជារបស់របរប្រើប្រាស់ដែលអ្នកតែងតែមើលឃើញក្នុងហាង។
ចំណុចនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះថាការដែលផឹកតែពេលបរិភោគ Sushi ក៏មិនខុសគ្នាប៉ុន្មានពេលទទួលទានម្ហូបផ្សេងឡើយ។
ដូច្នេះហើយ តើអាថ៌កំបាំងនៃពែងតែ “ធំ” នេះជាអ្វី?
ហេតុអ្វីបានជាពែងធំសម្រាប់តែហាង Sushi ចម្លើយស្ថិតលើប្រវត្តិរបស់ហាង Sushi ទាំងនោះ។
តើអ្នកធ្លាប់ចាប់អារម្មណ៍ចំពោះវាំងនន Noren ដែលច្រើនតែព្យួរនៅមុខហាង Sushi ដែរទេ?
អ្វីដែលគួរឲ្យចាប់អារម្មណ៍ត្រង់ថា មនុស្សជាច្រើនគិតថា Noren នៅហាង Sushi ដែលរាងចាស់បន្តិចច្រើនតែលក់ Sushi ឆ្ងាញ់ជាង។
ចំណុចនេះប្រហែលជាផ្ទុយនឹងគំនិតរបស់ប្រជាជនជប៉ុន ដែលតែងតែផ្តោតលើអនាម័យ។ ដូច្នេះតើអាថ៌កំបាំងនៃវាំងនន Noren ទាំងនេះជាអ្វី? ចូរយើងស្វែងយល់ទាំងអស់គ្នា។
ពែងធំប្រើសម្រាប់លាងដៃ
កាលពីសម័យមុន Sushi មិនមែនជាមុខម្ហូបសម្រាប់បរិភោគនៅផ្ទះដូចសព្វថ្ងៃនេះនោះទេ ប៉ុន្តែត្រូវបានលក់នៅតាមដងផ្លូវ។
អ្នកដែលលក់ Sushi ម្នាក់ឯងត្រូវធ្វើគ្រប់យ៉ាង ដូចជាឆុងតែរហូតដល់គិតលុយ។
ដូច្នេះហើយ ទើបគេចាប់ផ្តើមប្រើពែងធំព្រោះថាអាចសន្សំសំចៃពេលវេលា។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះត្រង់ថា គេយល់ថា ពែងទាំងនេះអាចនឹងមានមុខងារមួយទៀត ពោលគឺសម្រាប់ភ្ញៀវលាងសម្អាតដៃបន្ទាប់ពីទទួលទាន Sushi ។
នៅសម័យនេះកន្សែងជូតដៃបានក្លាយជាវត្ថុដែលគេប្រើច្រើនតាមហាង Sushi ។
យ៉ាងណាមិញ តើអ្នកដឹងទេថា កាលពីមុនគេហូប Sushi ដោយដៃទទេ ហើយមិនមានកន្សែងជូតដៃនោះទេ។
ចំណុចនេះបានចោទជាសំណួរសួរថា៖ តើធ្វើយ៉ាងណាអាចរក្សាអនាម័យពេលទទួលទាន?
ចម្លើយអាចនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល៖ ទឹកតែដែលនៅសល់ត្រូវបានប្រើសម្រាប់លាងសម្អាតដៃ។
ទឹកតែមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា Catechin ដោយមិនត្រឹមតែល្អចំពោះសុខភាពប៉ុណ្ណោះទេ ថែមទាំងមានមុខងារកម្ចាត់បាក់តេរី និងបំបាត់ក្លិនមិនល្អទៀតផង។
ទោះជាយ៉ាងណា ចូរចាំថា ការដែលប្រើតែសម្រាប់លាងដៃគ្រាន់តែជាទម្លាប់កាលពីសម័យមុនប៉ុណ្ណោះ។
សព្វថ្ងៃនេះ ទោះបីជាពែងតែនៅតែរក្សាទំហំដដែល ប៉ុន្តែគ្មាននរណាធ្វើដូច្នេះទៀតទេ។
អាថ៍កំបាំងនៃវាំងនន Noren ចាស់នៅហាង Sushi
Noren គឺជាក្រណាត់បាំងផ្នែកខាងលើមុខច្រកចេញចូល។
សព្វថ្ងៃនេះ នៅតែមានហាង Sushi ជាច្រើនប្រើក្រណាត់ Noren ។
ទោះជាយ៉ាងណា កាលពីមុនគេគិតថា ហាងដែលមាន Noren កាន់តែកខ្វក់កាន់តែឆ្ងាញ់។
ចំណុចនេះស្តាប់ទៅដូចជាផ្ទុយនឹងទិដ្ឋភាពនៃប្រទេសស្អាតដូចជប៉ុន ប៉ុន្តែមូលហេតុដោយសារគេប្រើ Noren ជូតដៃបន្ទាប់ពីលាងទឹកតែ។
អាចនិយាយថា វាំងនន Noren កាន់តែកខ្វក់បង្ហាញថាហាងមានភ្ញៀវច្រើន។
ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលប្រទេសអនាម័យដូចជាជប៉ុនបែរជាមានទំនៀមទម្លាប់ទទួលទានអាហារប្លែកៗបែបនេះ។
បានស្តាប់រឿងដ៏គួរឲ្យចាប់អារម្មណ៍ទាក់ទងនឹង Sushi មិនត្រឹមតែជួយឲ្យអ្នកយល់កាន់តែច្បាស់ពីវប្បធម៌ជប៉ុនប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកកាន់តែមានភាពទាក់ទាញពេលសន្ទនាផងដែរ។
Abe Kengo