ជំនឿ និងទឹកចិត្តដ៏ល្អរបស់លោកវេជ្ជបណ្ឌិតជនជាតិជប៉ុន
តើអ្នកធ្លាប់ស្គាល់លោកវេជ្ជបណ្ឌិត Nakamura Tetsu ដែលជាវីរបុរសជនជាតិជប៉ុនដែរទេ?
លោកបានចំណាយពេលពាក់កណ្តាលជីវិតរបស់ខ្លួនដើម្បីជួយសង្គ្រោះប្រជាជន Afghanistan ជាប្រទេសដែលត្រូវសង្គ្រាមបំផ្លាញ។
ដោយសារជំនាញ និងទឹកចិត្តសប្បុរសធម៌ លោកវេជ្ជបណ្ឌិត Nakamura បានជួយសង្គ្រោះជីវិតមនុស្សនៅទីនេះចំនួន ៦៥០.០០០ នាក់។
ពិតជាគួរឲ្យសោកស្តាយណាស់ពេលដឹងថា នៅទីបំផុតលោកបានទទួលមរណភាព។
រឿងរ៉ាវនិយាយពីលោកវេជ្ជមណ្ឌិត Nakamura ដែលជាគំរូនៃទឹកចិត្តមេត្តា និងភាពក្លាហាន ហើយគួរតែត្រូវបានចែករំលែកប្រាប់អ្នកទាំងអស់គ្នា។
ទីកន្លែងកំណើតរបស់លោកស្ថិតនៅទីក្រុង Fukuoka ប្រទេសជប៉ុន បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រ លោកវេជ្ជបណ្ឌិត Nakamura បានចំណាយពេលជាច្រើនឆ្នាំសម្រាប់ព្យាបាលអ្នកជំងឺនៅក្នុងប្រទេស។
ដោយសារទឹកចិត្តសប្បុរស គាត់បានសម្រេចចិត្តទទួលយកការអញ្ជើញពីក្រុមប្រឹក្សាសហប្រតិបត្តិការវេជ្ជសាស្រ្ត ហើយចេញដំណើរទៅកាន់ប្រទេស Pakistan ។
អំឡុងពេលពីរទស្សវត្សរ៍មកហើយ លោកបានខិតខំប្រឹងប្រែងព្យាបាលអ្នកជំងឺឃ្លង់នៅទីនេះ។
យ៉ាងណាមិញ ដោយសារផលវិបាកខាងផ្នែកនយោបាយ លោកត្រូវផ្អាកពីការងារជាបណ្តោះអាសន្ន ហើយផ្លាស់ទៅកាន់ប្រទេស Afghanistan ។
នៅពេលនោះប្រទេស Afghanistan កំពុងស្ថិតក្រោមស្ថានភាពវឹកវរនៃសង្គ្រាម ប្រជាជនរស់នៅក្នុងភាពក្រីក្រ និងខ្វះទឹកស្អាត។
ក្រោមស្ថានភាពដ៏អាក្រក់បែបនោះ លោកវេជ្ជបណ្ឌិត Nakamura នៅតែបន្តនាំយកពន្លឺនៃក្តីសង្ឃឹមដល់ប្រជាជនដែលអកុសល។
ដោយប្រឈមនឹងស្ថានភាពកុមារមានជំងឺព្រោះតែប្រភពទឹកកខ្វក់ លោកវេជ្ជបណ្ឌិត Nakamura បានផ្តួចផ្តើមគំនិតដ៏អស្ចារ្យមួយគឺ៖ សាងសង់ប្រឡាយដ៏ធំមួយ។
លោកយល់ឃើញថា ការផ្គត់ផ្គង់ប្រភពទឹកស្អាតទើបជាមធ្យោបាយជួយសង្គ្រោះដែលមានប្រសិទ្ធភាពបំផុត។
លោកបានស្វែងយល់អំពីការសាងសង់ដោយខ្លួនឯង ហើយចាប់ផ្តើមអនុវត្តគម្រោងរបស់ខ្លួន។ ដោយផ្អែកលើដៃដែលក្រិន និងទឹកចិត្តមោះមុតរបស់ខ្លួន លោក និងប្រជាជនក្នុងតំបន់បានសាងសង់ប្រព័ន្ធប្រឡាយទឹកដែលមានប្រវែងជាង ២០ គីឡូម៉ែត្រ ដោយបានផ្លាស់ប្តូរដីស្ងួតហួតហែងទៅជាវាលស្រែបៃតង។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលត្រង់ថា ក្នុងស្ថានភាពដែលខ្វះខាតគ្រឿងចក្រទំនើបៗ លោក Nakamura បានប្រើប្រាស់បច្ចេកទេសសាងសង់ប្រឡាយទឹកតាមបែបបុរាណរបស់ជប៉ុន។
អាស្រ័យហេតុនេះ គម្រោងមិនត្រឹមតែនាំមកនូវប្រភពទឹកស្អាតសម្រាប់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការស្តារបរិស្ថានអេកូឡូស៊ីផងដែរ។
សេចក្តីស្រឡាញ់ និងការលះបង់របស់លោកបានបំផុសគំនិតដល់ប្រជាជន Afghanistan ជាច្រើននាក់។
ពួកគេបានចាប់ដៃគ្នា ចូលរួមចំណែក និងធ្វើឲ្យក្តីស្រមៃរបស់លោកក្លាយទៅជាការពិត។
មនុស្សដែលធ្លាប់កាន់កាំភ្លើងក្នុងជួរកងទ័ពដើម្បីរកប្រាក់ ឥឡូវនេះបានទម្លាក់អាវុធចុះដើម្បីចូលរួមការងារសាងសង់។
ដោយផ្អែកលើការចូលរួមចំណែករបស់ប្រជាជនជាច្រើននាក់ ប្រឡាយទឹកត្រូវបានសាងសង់ឡើងក្រោយរយៈពេល ៧ ឆ្នាំ។
ឥឡូវនេះ មនុស្សជាង ៦៥០.០០០ នាក់បានប្រើប្រាស់ប្រភពទឹកស្អាត ដែលធ្វើអោយជីវិតរបស់ពួកគេមានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។
រដ្ឋាភិបាលរបស់ Afghanistan ក៏បានសរសើរចំពោះការរួមចំណែកដ៏អស្ចារ្យរបស់លោក Nakamura លោកបានក្លាយជាជនបរទេសដំបូងគេដែលទទួលបានងារជាពលរដ្ឋកិត្តិយស ហើយកេរ្តិ៍ឈ្មោះរបស់លោកត្រូវបានផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយពិភពលោក។
ពិតជាគួរឲ្យសោកស្តាយណាស់ដែលដឹងថា ខណៈពេលដែលកំពុងនាំយកជីវិតថ្មីដល់មនុស្សជាច្រើន លោកត្រូវក្រុមប្រដាប់អាវុធបាញ់ប្រហារ ហើយបានទទួលមរណភាព។
អាចនិយាយបានថា ទង្វើរបស់លោកគឺជាការកសាងសន្តិភាពពិតប្រាកដ។ នៅតាមភូមិ Afghanistan មានប្រឡាយទឹក ឥឡូវនេះប្រជាជនអាចធ្វើស្រែចម្ការបាន ហើយពួកគេមិនចាំបាច់ពឹងទៅលើកាំភ្លើងទៀតឡើយ។
លោក Nakamura បានបង្ហាញឲ្យយើងឃើញថា ដោយគ្រាន់តែមានជំនឿ និងការតស៊ូ បុគ្គលម្នាក់អាចបង្កើតការផ្លាស់ប្តូរដ៏អស្ចារ្យបាន។
មិនថាឆ្លងកាត់ការលំបាកប៉ុន្មាននោះទេ លោកនៅតែបន្តខំប្រឹង ហើយនៅទីបំផុតបានបំផុសគំនិតដល់សហគមន៍ទាំងមូល។
ខ្ញុំជឿជាក់ថា ប្រឡាយទឹកដែលលោកបានសាងសង់នឹងក្លាយជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍន៍ ដែលនាំមកនូវជីវិតកាន់តែប្រសើរសម្រាប់មនុស្សជំនាន់ក្រោយ។
ចូរយើងចាប់ដៃគ្នាកសាងពិភពលោកដែលមានសន្តិភាព ដោយចាប់ផ្តើមដោយរឿងតូចបំផុត។
ប្រហែលជាយើងមិនអាចធ្វើរឿងដែលអស្ចារ្យដូចលោកវេជ្ជបណ្ឌិត Nakamura បាន ប៉ុន្តែយើងគ្រប់គ្នាអាចចាប់ផ្តើមដោយការយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន និងបង្កើតទំនាក់ទំនងល្អ។
ចូរចាប់ផ្តើមពីថ្ងៃនេះ ជាមួយនឹងសកម្មភាពតូចតាចរបស់ខ្លួន ដើម្បីរួមចំណែកធ្វើឲ្យពិភពលោកនេះកាន់តែប្រសើរឡើង។
Abe Kengo