ដំណឹងល្អ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​សាមូរ៉ៃ៖ អ្នក​អាច​រចនា​គ្រឿង​សម្គាល់​ដោយ​ផ្ទាល់​ដៃ​

គ្រឿងសម្គាល់តូចដែលសាមូរ៉ៃជប៉ុនតែងតែសៀតនៅលើទ្រូង ឬចង្កេះអាវ Kimono នោះគឺជាគ្រឿងសម្គាល់គ្រួសារ។

កាលពីមុនរហូតមកដល់សព្វថ្ងៃ ប្រជាជនជប៉ុនតែងតែឲ្យតម្លៃ “គ្រួសារ” ជាជាងខ្លួនឯង។

នៅទីនេះពេលដែលនិយាយពី “គ្រួសារ” គេមិនត្រឹមតែគិតថានោះជាផ្ទះប៉ុណ្ណោះទេ ថែមទាំងគិតទៅដល់បុព្វបុរស កូន​ចៅ និង​សមាជិក​គ្រួសារ​ទាំង​អស់។

ការការពារ និងថែរក្សា “គ្រួសារ” តែងតែត្រូវបានគេចាត់ទុកជារឿងដែលសំខាន់បំផុត ដូច្នេះហើយ បានជារហូត​មក​ដល់​សព្វ​ថ្ងៃ ច្បាប់​ជប៉ុននៅ​តែ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ប្តី​ប្រពន្ធ​ផ្លាស់​ប្តូរ​នាម​ត្រកូល។

គ្រឿងសម្គាល់គឺ​ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​ក្រុមគ្រួសារ ដែលប្រៀបដូចជាសញ្ញា​សម្គាល់​ដោយ​ឡែក​សម្រាប់​គ្រួសារ​នីមួយៗ។

យើងក៏តែងតែមើលឃើញគ្រឿងសម្គាល់នៅតាមកន្លែងបញ្ចុះសពក្នុងប្រទេសជប៉ុនផងដែរ។

តើអ្នកឃើញទេថា ការពាក់គ្រឿងសម្គាល់នៅលើ Kimono និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនមើលទៅកាន់តែបង្កើន​ភាព​​ស្រស់​ស្អាត និង​ឡូយ​ណាស់​មែន​ទេ?

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះត្រង់ថា ទោះបីជាអ្នកមិនមែនជាប្រជាជនជប៉ុនក៏ដោយ អ្នកនៅតែអាចធ្វើគ្រឿង​សម្គាល់​ដោយ​ឡែក​បាន។

ដូច្នេះហើយ ហេតុអ្វី​បាន​ជា​អ្នកមិន​សាកល្បង​រចនាគ្រឿងសម្គាល់ពិសេសសម្រាប់ខ្លួន?

អាចប្រើប្រាស់គ្រឿងសម្គាល់ដែលអ្នកចូលចិត្ត

អ្នកអាចប្រើគ្រឿងសម្គាល់ណាមួយដែលអ្នកចូលចិត្ត ឧទាហរណ៍ដូចជាគ្រឿងសម្គាល់របស់សាមូរ៉ៃដែលអ្នកចូលចិត្ត។

ថ្វីត្បិតតែ គ្រឿងសម្គាល់របស់រាជវង្សគឺជាករណីពិសេស ប៉ុន្តែការប្រើប្រាស់គ្រឿងសម្គាល់រាជវង្សក៏មិនត្រូវច្បាប់​ហាម​ឃាត់​ដែរ។

សំខាន់ជាងនេះ គ្រឿងសម្គាល់មិនស្ថិតក្រោមការគ្រប់គ្រងរបស់ច្បាប់នោះទេ ហើយក៏មិនចាំបាច់ចុះឈ្មោះដែរ ដូច្នេះ​អ្នក​អាច​ប្រើ​គ្រឿង​សម្គាល់​ដោយ​សេរី។

ការរចនាគ្រឿងសម្គាល់តាមចំណូលចិត្ត

គ្រឿងសម្គាល់អាចរចនាតាមចំណង់ចំណូលចិត្ត ទោះបីជា តាមទំនៀមទម្លាប់ត្រូវបានបន្តពីមួយជំនាន់ទៅមួយ​ជំនាន់។

ប្រសិនបើ​អ្នក​ចង់បង្កើតគ្រឿងសម្គាល់ដោយឡែកសម្រាប់ខ្លួន ចូរក្រឡេកមកមើលគ្រឿងសម្គាល់​មួយ​ចំនួន​ខាងក្រោម សម្រាប់​ការ​រចនា​គ្រឿង​សម្គាល់​តាម​បែប​ជប៉ុន។

មិនដូចជាអ្នកប្រយុទ្ធជិះសេះអឺរ៉ុបតែងប្រើរូបភាពសត្វដែលខ្លាំងក្លាដូចជាខ្លា នាគ និងឥន្ទ្រីនោះទេ ប្រជាជនជប៉ុន​តែង​តែ​រើស​យក​រូប​ផ្កា ស្មៅ ឬ​ផ្នែក​ណា​មួយ​លើ​ខ្លួន​សត្វ​ដូច​ជា​រោម​ឥន្ទ្រី។

ក្រៅពីនេះ ជាទូទៅគ្រឿងសម្គាល់ជប៉ុនតែងតែមានការរចនាសាមញ្ញ និងមិនសូវជាប្រើពណ៌នោះទេ។

គ្រឿងសម្គាល់នីមួយៗសុទ្ធតែមានឈ្មោះ និងអត្ថន័យដោយឡែក

គ្រឿងសម្គាល់នីមួយៗសុទ្ធតែមានឈ្មោះដោយឡែក។

ឧទាហរណ៍ដូចជាគ្រឿងសម្គាល់ល្បីនៃគ្រួសារ Sanada គឺ “六文銭” (Rokumonzen) – រូបភាពកាក់ចំនួន ៦ ។

គ្រឿងសម្គាល់នេះផ្អែកលើរឿងរ៉ាវព្រះពុទ្ធសាសនាជប៉ុន។

យោងតាមទស្សនៈនេះ នៅពេលដែលមនុស្សម្នាក់ស្លាប់ ពួកគេត្រូវដើរឆ្លងកាត់ទន្លេមួយហៅថា Sanzu ដើម្បីទៅកាន់​ពិភព​មួយ​ផ្សេង​ទៀត។

ប្រាក់ចំនួន ៦ កាក់នេះគឺជាប្រាក់ដែលត្រូវបង់ទៅឲ្យអ្នកជូនដំណើរ​ពេលឆ្លង​ទន្លេ។

អត្ថន័យដែលស៊ីជម្រៅគឺថា យកប្រាក់ទាំងនេះតាមគឺតំណាងឲ្យការរៀបចំដោយប្រុងប្រយ័ត្នសម្រាប់គ្រប់ស្ថាន​ភាព រួម​ទាំង​សេចក្តី​ស្លាប់ និង​បង្ហាញ​ពី​ស្មារតី​តស៊ូ​មិន​ឈប់​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ។ 

ក្រៅពីនេះ នៅមានគ្រឿងសម្គាល់មួយទៀតមើលទៅដូចជាមេដាយផងដែរ។

នោះជាគ្រឿងសម្គាល់របស់សាមូរ៉ៃមួយរូបគឺ Saigo Takamori ។

Saigo Takamori គឺជាមេទ័ពដែលពូកែមួយរូប ជាបុគ្គលដែលសំខាន់ក្នុងបដិវត្តន៍ផ្តួលរំលំរបប Shogunate ដែល​បើក​សម័យ​កាល​ថ្មី​សម្រាប់​ប្រទេស​ជប៉ុន។

លោកមិនត្រឹមតែជាអ្នកចម្បាំងដែលខ្លាំងក្លាម្នាក់ប៉ុណ្ណោះទេ ថែមទាំងជាអ្នកបង្កើតរបបនយោបាយដែល​ផ្តោត​លើ​អធិរាជ​ផង​ដែរ។

ព្រោះតែការរួមចំណេកដ៏អស្ចារ្យនោះហើយ ទើបលោក Saigo Takamori ទទួលបានគ្រឿងសម្គាល់ដ៏ពិសេសមួយ ដែល​រចនា​ឡើង​ដោយ​អធិរាជ​ផ្ទាល់។

ក្នុងសង្គមជប៉ុននាពេលនោះ អធិរាជត្រូវបានគោរពប្រៀបដូចជាអាទិទេពមួយអង្គ។ 

ដោយសារទទួលបានគ្រឿងសម្គាល់ដែលទ្រង់ប្រទានឲ្យ មិនត្រឹមតែជា​កិត្តិយស​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ​ទេ ថែមទាំងជានិមិត្ត​រូប​​នៃ​ភាព​ជឿ​ទុក​ចិត្ត និង​​ទំនុក​​ចិត្ត​ទាំង​ស្រុង​ផង​ដែរ។

និយាយអីញ្ចឹង ខ្ញុំក៏ចង់ណែនាំអំពីគ្រឿងសម្គាល់នៃគ្រួសាររបស់ខ្ញុំដែរ មានឈ្មោះថា “Taka no Hane” ជានិមិត្តសញ្ញា​ដ៏​មាន​ឥទ្ធិពល និង​ថ្លៃ​ថ្នូរ។

រូបភាពរោមសត្វឥន្ទ្រីពីរដាក់ត្រួតលើគ្នាមិនត្រឹមតែជាគំនូរតុបតែងប៉ុណ្ណោះទេ ថែមទាំងបង្កប់អត្តន័យយ៉ាងជ្រាល​ជ្រៅ​បង្ហាញ​ពី​កម្លាំង ភាព​ក្លា​ហាន និង​បំណង​ចង់​ឆ្ពោះ​ទៅ​រក​ទី​ខ្ពស់​របស់​វង្សត្រកូល​ផង​ដែរ។

សត្វឥន្ទ្រីជាប្រភេទសត្វដែលរឹងមាំ ដូច្នេះវាត្រូវបានគេចាត់ទុកជានិមិត្តសញ្ញានៃភាពខ្លាំងក្លា។

ដូច្នេះហើយ ទើបសាមូរ៉ៃជាច្រើនរូបរើសយករូបភាពសត្វឥន្ទ្រីធ្វើជាគ្រឿងសម្គាល់របស់ខ្លួន។

ម្យ៉ាងវិញទៀត មានគ្រួសារធម្មតាជាច្រើនផ្សេងទៀតបានយកតម្រាប់​តាម ហើយប្រើរូបភាពនេះធ្វើជាគ្រឿងសម្គាល់។

នេះជាមូលហេតុដែលគ្រឿងសម្គាល់រូបភាពឥន្ទ្រីពេញនិយម ហើយជាប់ចំណាត់ថ្នាក់លេខ ៣ នៅជប៉ុន។

ខ្ញុំនៅតែមិនទាន់ដឹងច្បាស់ទេថា បុព្វបុរសរបស់ខ្លួនជាសាមូរ៉ៃ ឬគ្រាន់តែជាប្រជាជនធម្មតារើសយករូបភាពឥន្ទ្រីធ្វើជា​​គ្រឿង​​សម្គាល់​​​ឡើយ។

តើអ្នកនឹងបង្កើតគ្រឿងសម្គាល់ដែលមានរូបភាពអ្វី?

សូមចែករំលែកប្រាប់ JAPO ទាំងអស់គ្នា។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: