Kuchisake Onna និងភាពភ័យខ្លាចរបស់កុមារជប៉ុន
តើអ្នកធ្លាប់ឮរឿងនិយាយអំពី Kuchisake Onna ខ្មោចស្រីរយះមាត់ដែលធ្វើឲ្យជប៉ុនទាំងមូលភ័យរន្ធត់ដែរទេ?
រឿងរ៉ាវដ៏រន្ធត់នេះថែមទាំងទាក់ទាញការចាប់អារម្មណ៍របស់ប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។
រូបភាពស្រី្តរយះមាត់បានក្លាយជាការបំភ័យដ៏គួរឲ្យខ្លាចបំផុតចំពោះកុមារជប៉ុនជាច្រើនជំនាន់។
រឿងរ៉ាវដែលនិយាយពី Kuchisake Onna មិនត្រឹមតែជារឿងព្រេងធម្មតាប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងពីភាពភ័យខ្លាចខ្លាំងបំផុតក្នុងចិត្តរបស់មនុស្សមែនទេ?
ចូរយើងស្វែងយល់តាមរយៈអត្ថបទនេះទាំងអស់គ្នា។
តើ Kuchisake Onna ជានរណា?
ឈ្មោះ “Kuchisake Onna (口裂け女 – ខ្មោចស្រីរយះមាត់)” ក្នុងភាសាជប៉ុនមានន័យថា “ស្រ្តីដែលត្រូវវះមាត់” ។
នៅពេលយប់ ស្រមោលខ្មោចស្រីស្អាតម្នាក់ពាក់របាំងមុខគួរឲ្យខ្លាចបានបង្ហាញខ្លួន។ នាងនឹងល្បួងអ្នកដោយសួរសំណួរថា “តើខ្ញុំស្អាតទេ?” ។
ប្រសិនបើអ្នកឆ្លើយថា “ស្អាត” នាងនឹងដោះរបាំងមុខចេញ នៅពេលនោះយើងនឹងមើលឃើញមាត់រយះដល់ត្រចៀក ពិតជាគួរឲ្យខ្លាចណាស់ បន្ទាប់មកសួរថា “ចុះបែបនេះវិញស្អាតដែរទេ?” ។ ហើយប្រសិនបើអ្នកឆ្លើយថា “ទេ” អ្នកនឹងត្រូវសម្លាប់។
លើសពីដែនកំណត់
ដំបូងឡើយ ពាក្យចចាមអារ៉ាមត្រូវបានផ្សព្វផ្សាយនៅខេត្ត Gifu ក្នុងឆ្នាំ ១៩៧៨ ហើយបានក្លាយជាប្រធានបទដ៏ទាក់ទាញទូទាំងប្រទេសជប៉ុនតាមរយៈការនិយាយតៗគ្នា។
ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលព័ត៌មានអាចផ្សព្វផ្សាយបានយ៉ាងលឿននៅសម័យកាលដែលមិនទាន់មានអុីនធឺណេត។ ដោយសារកើតនៅទសវត្សរ៍ឆ្នាំ ៧០ ខ្ញុំនៅចាំយ៉ាងច្បាស់អំពីភាពភ័យខ្លាចពេលឮរឿងដែលនិយាយពី Kuchisake Onna ។
រហូតដល់ឆ្នាំ ២០០០ ទើបនៅប្រទេសកូរ៉េចាប់ផ្តើមលេចឡើងនូវរឿងរ៉ាវនិយាយអំពី Kuchisake Onna មិនត្រឹមតែប៉ុណ្ណឹង នៅប្រទេសចិនក៏ធ្លាប់មានការរាយការណ៍និយាយពីការមើលឃើញនាងផងដែរ។
ជាច្រើនលើកច្រើនសារ ប៉ូលិសត្រូវស៊ើបអង្កេតដើម្បីបញ្ជាក់ពីករណីទាក់ទងនឹង Kuchisake Onna ។
នៅពីក្រោយរឿងរ៉ាវដ៏គួរឲ្យខ្លាចទាក់ទងនឹង Kuchisake Onna ពេលខ្លះគ្រាន់តែជាការលេងសើចរបស់ស្រ្តីៗចង់បន្លាចកុមារប៉ុណ្ណោះ។
ទោះជាយ៉ាងណា មិនមែនគ្រប់ករណីទាំងអស់សុទ្ធតែត្រូវបានបកស្រាយនោះទេ ដូច្នេះហើយ ខ្មោចស្រី Kuchisake Onna នៅតែដក់ជាប់ក្នុងចិត្តមនុស្សជាច្រើន។
រឿងរ៉ាវនិយាយពី Kuchisake Onna មិនត្រឹមតែលងបន្លាចកុមារប៉ុណ្ណោះទេ ថែមទាំងក្លាយជាប្រធានបទដ៏ទាក់ទាញសម្រាប់មនុស្សពេញវ័យផងដែរ។ សូម្បីតែនៅក្លឹប នារីជាច្រើនបានធ្វើត្រាប់តាមរូបភាពរបស់ Kuchisake Onna ដោយបិទបាំងមាត់ ហើយសួរសំណួរដែលបង្កប់ន័យ។
ប្រសិនបើត្រូវ Kuchisake Onna ចាប់អារម្មណ៍ តើត្រូវធ្វើយ៉ាងណា?
មានវិធីដ៏កំប្លែងមួយអាចទប់ទល់នឹង Kuchisake-onna ដែលខ្ញុំចង់ចែករំលែក។ អាស្រ័យលើតំបន់នីមួយៗ គេតែងតែមានវិធីទប់ទល់ខុសៗគ្នា។
ឧទាហរណ៍ដូចជាស្រែកឮៗថា “ខ្ទឹម” ឬ “ទំពែក” ដើម្បីបណ្តេញនាង។ ទាំងនេះជាវិធីសាស្រ្តសាមញ្ញដែលប្រើសម្រាប់ទល់ទល់តាមបែបរបស់អ្នកស្រុក។
តាមពិតទៅ រឿងរ៉ាវនិយាយពី Kuchisake Onna មានតាំងពីសម័យសាមូរ៉ៃមកម្ល៉េះ។
ហើយការពិតដែលថា រឿងនេះត្រូវបានលើកឡើងនៅក្នុងប្រទេសកូរ៉េនាទសវត្សរ៍ឆ្នាំ ២០០០ ធ្វើឲ្យមនុស្សចង់ដឹងចង់ឃើញពីការពិតនៅពីក្រោយរឿងនេះ។
Kuchisake Onna គឺជាអាថ៌កំបាំងដ៏ធំបំផុតរបស់ជប៉ុន ហើយក៏ជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរឿងព្រេងនិទានផងដែរ។
តើអ្នកជឿទៅលើវត្តមានរបស់វត្ថុអរូបីដែរទេ?
Abe Kengo