កំពូល​កង​ពល​លោត​ឆ័ត្រ​យោង​លេខ ១ កម្លាំង​ដ៏​អស្ចារ្យ​នៃ​អ្នក​ប្រយុទ្ធ​ជប៉ុន

អាចនិយាយបានថា កងពលលោត​ឆ័ត្រយោងលេខ ១ គឺជាក្រុមដែលខ្លាំងបំផុតនៃកងកម្លាំង​ស្វ័យការពារ​ជើង​គោក​​ជប៉ុន។

សមាជិកកងពលលោតឆ័ត្រយោងលេខ ១ ត្រូវបានបណ្តុះបណ្តាលយ៉ាងល្អសម្រាប់លោតឆ័ត្រយោងតាម​​ឧទ្ធម្ភាគ​ចក្រ និង​ចុះ​ចត​នៅ​លើ​ផ្ទៃ​ដី ហើយ​បំពេញ​បេសកកម្ម​យ៉ាង​ឆាប់​រហ័ស។

ជាមួយនឹងបេសកកម្មដ៏គ្រោះថ្នាក់ ពួកគេតែងតែត្រូវបានគេដាក់ឈ្មោះថា “ក្រុមឆ្កួត” ដោយជំនួសឲ្យ​ឈ្មោះជាផ្លូវការ​ហៅថា “កង​ពល​លោត​ឆ័ត្រ​យោង” ។

ចូរយើងស្វែងយល់អំពីកងកម្លាំង “ពិសេស” នេះ។

“តើពិតជាលឿនជាងការប្រើជណ្ដើរ?”

គេនិយាយថា ព្រោះតែចង់ផ្លាស់ទីឲ្យបានលឿន ដូច្នេះហើយ សមាជិកក្នុងអង្គភាពតែងតែលោតពីជាន់ទីពីរលើអគារ​ចុះ​ក្រោម។

ដូច្នេះទើបការលោតពីជាន់ពីរត្រូវបានហាមឃាត់ យ៉ាងណាមិញ ក្រោយមកបែរជាមានមនុស្សជាច្រើនប្តូរ​ទៅ​លោត​ពី​​ជាន់​​ទី​​​បី។

ធ្លាប់មានរឿងមួយនិយាយថា នៅពេលដែលមានអ្នកខាងក្រៅដឹងរឿងនេះហើយនិយាយលេងថា “នរណាលោតចុះពីជាន់​ទីពីរ ខ្ញុំនឹងឲ្យប្រាក់ ១០០០ យ៉េន” ទាហានម្នាក់ក្នុងអង្គភាពបានឆ្លើយតបថា “កុំមើលស្រាល​កង​​ពល​លោត​ឆ័ត្រ​​យោង​​របស់​ពួក​យើង” បន្ទាប់​​មក​​បាន​​លោត​​ចុះ​​ពី​​ជាន់​​ទី​​បី​។

ពិតជា “ឆ្កួត” មែន។

ទោះបីជាពេលខ្លះបើកឆ័ត្រយោងមិនបានអំឡុងពេលហ្វឹកហាត់ ប៉ុន្តែពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលមានទាហាន​ម្នាក់​បាន​ធ្លាក់​ពី​កម្ពស់ ៣៤០ ម៉ែត្រដោយមិនមានឆ័ត្រយោង ហើយនៅរស់រានមានជីវិត។

នៅពេលនោះ ផ្ទៃដីក្រោបដណ្តប់ទៅដោយព្រិល។ យ៉ាងណាមិញ សម្រាប់មនុស្សធម្មតា រឿងធ្លាក់មកពីកម្ពស់បែបនឹង​ច្បាស់​ជា​បណ្តាល​ឲ្យ​ស្លាប់។

ទាហានម្នាក់នេះសំណាងណាស់ដែលនៅមានជីវិត ប៉ុន្តែបានបាក់ឆ្អឹងភ្លៅ និងឆ្អឹងជំនី ហើយ​ត្រូវ​ចំណាយ​ពេល ៣ ខែ​ទើប​ជា​​សះ​​ស្បើយ។

អ្នកប្រមាញ់ Yakuza

Yakuza គឺជាក្រុមសង្គមងងឹតជប៉ុន (Japanese Mafia) ដែលគ្រប់គ្នាចង់ជៀសឆ្ងាយ។

សមាជិកមួយចំនួនក្នុងក្រុមបានប្រើកម្លាំងរបស់ខ្លួនដើម្បីតាមប្រមាញ់ Yakuza នៅតាមដងផ្លូវ។

ជាការពិតណាស់ សកម្មភាពនេះត្រូវបានហាមឃាត់ជាដាច់ខាត។ 

ពួកគេថែមទាំងប្រមូលគ្រឿងសម្គាល់របស់ Yakuza ដែលខ្លួនបានកម្ចាត់ផងដែរ។

ប្រឈមមុខនឹងឧក្រិដ្ឋជនដែលមានគ្រោះថ្នាក់ ត្រូវត្រៀមខ្លួនដកកាំបិត ឬកាំភ្លើង ពួកគេមើលទៅដូចជារំភើប​ណាស់ ដោយ​ចាត់​ទុក​រឿង​នោះ​ដូច​ជា​ឳកាស​បង្ហាញ​ជំនាញ​ប្រយុទ្ធ និង​កម្ចាត់​​ក្រុម​សង្គម​ងងឹត​ដោយ​​ដៃ​​ទទេ។

ម្យ៉ាងវិញទៀត ពួកគេថែមទាំងអាចប្រឈមនឹង Yakuza ជាច្រើនរូបក្នុងពេលតែមួយ។

សម្រុកចូលក្លឹបដែលឆបោក

ក្លឹបដែលឆបោកគឺជាកន្លែងដែលយកប្រាក់ភ្ញៀវច្រើនជាមួយនឹងតម្លៃមិនសមហេតុផល។ 

សមាជិកក្រុមម្នាក់ត្រូវគេបោកបញ្ឆោតឲ្យចូលក្លឹបបែបនេះ ហើយត្រូវគេវាយធ្វើបាប ត្រឡប់ទៅវិញពេញដោយស្នាម​របួស។

នៅពេលដែលឮ​ដំណឹង​នេះ ប្រធានក្រុមបាននាំសមាជិកទាំងមូលទៅកាន់ក្លឹបនោះដើម្បី​សងសឹក។

ប្រធានក្រុម អ្នកដែលត្រូវគេធ្វើបាប និងសមាជិកម្នាក់ទៀតបានសម្រុកចូលហាង ចំណែកឯសមាជិកផ្សេងទៀត​ឡោម​ព័ទ្ធ​អាគារ​ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​រត់​គេច​ខ្លួន។

ថ្វីត្បិតតែ គ្មាននរណាដឹងថាមានរឿងអ្វីកើតឡើងនៅខាងក្នុងក៏ដោយ ប៉ុន្តែច្បាស់ណាស់ថា ពួកគេបានធ្វើសកម្មភាព​យ៉ាង​ម៉ឺង​ម៉ាត់ និង​មាន​ប្រសិទ្ធភាព កម្លាំង​របស់​ពួក​គេ​ពិត​ជា​អស្ចារ្យ​ណាស់។

ហាងលក់ទំនិញដែលមិនមានចោរ

មានហាងលក់ទំនិញមួយនៅមុខមូលដ្ឋាន Narashino ដែលជាទីតាំងនៃកងកម្លាំងនេះ។

ដោយសារតែចំនួនបុគ្គលមានតិច បញ្ហាកើតមានករណីលួចប្លន់នៅទីនេះគឺជារឿងដែលអាចនឹងកើតឡើង។

យ៉ាង​ណា​មិញ ហាងលក់ទំនិញមួយនេះបែរជាមិនមានករណីលួចកើតឡើងនោះទេ។

ប្រហែលជាក្រុមចោរគិតថា ប្រសិនបើត្រូវសមាជិកក្រុមប្រទះឃើញ ពួកគេមិនត្រឹមតែត្រូវចាប់ខ្លួនប៉ុណ្ណោះទេ ថែមទាំង​ត្រូវ​ប្រឈម​នឹង​ផល​ប៉ះ​ពាល់យ៉ាង​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត។

សមយុទ្ធ​យោធា​ជប៉ុន​ – អាមេរិក និងរឿងរ៉ាវដែល​មិនអាច​បំភ្លេចបាន​

ជប៉ុន និងអាមេរិកតែងតែប្រារព្ធការធ្វើសមយុទ្ធ​។

យ៉ាងណាមិញមានម្តង អំឡុងពេលធ្វើសមយុទ្ធ សមាជិកក្រុមកងពលលោតឆ័ត្រយោងលេខ ១ បានធ្វើឲ្យទាហានម៉ារីន​អាមេរិក​មួយ​ចំនួន​ធំ​ចូល​មន្ទីរ​ពេទ្យ។

ចាប់តាំងពីពេលនោះមក យោធាអាមេរិកបានកាត់បន្ថយការធ្វើសមយុទ្ធជាមួយកងកម្លាំងស្វ័យការពារជប៉ុន។

ជាការពិតណាស់ ក្រុមកងពលលោតឆ័ត្រយោងលេខ ១ ពិតជាមានកម្លាំងខ្លាំងខ្លាណាស់ ខ្លាំងជាង Yakuza ទៅ​ទៀត។

ប្រជាជនជប៉ុនមានសំណាងណាស់ដែលមានពួកគេការពារប្រទេស។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: