តើ Sushi ដែលអ្នកបរិភោគជា “Sushi បែបជប៉ុន” មែនទេ? ចំណុចដ៏គួរឲ្យចាប់អារម្មណ៍នៃស៊ូសុីជប៉ុន
Sushi គឺជាមុខម្ហូបដែលពេញនិយមនៅទូទាំងពិភពលោក ហើយឥឡូវនេះមានលក់ស្ទើរតែគ្រប់ប្រទេសទាំងអស់។
យ៉ាងណាមិញ តើ Sushi ដែលអ្នកកំពុងទទួលទាននោះគឺជា “Sushi បែបជប៉ុន” ដែរទេ?
តើអ្នកគិតថាគ្រាន់តែបាយពូតមួយដុំលាយជាមួយទឹកខ្មេះ និងត្រីឆៅគឺអាចហៅថា Sushi ហើយមែនទេ? តាមពិតទៅមិនងាយដូច្នេះនោះទេ។
Sushi មិនត្រឹមតែជាមុខម្ហូបប៉ុណ្ណោះទេ ប៉ុន្តែជាស្នាដៃសិល្បៈដែលបង្កើតឡើងដោយដៃដ៏ប៉ិនប្រសប់របស់អ្នកចម្អិន។
ចំណិត Sushi នីមួយៗបង្កប់នូវរឿងរ៉ាវដោយឡែក ដែលជាខ្លឹមសារនៃមុខម្ហូបបានបន្តជាច្រើនជំនាន់។
នៅថ្ងៃនេះ យើងនឹងស្វែងយល់ពីលក្ខណៈពិសេសនៃ “Edomae Sushi” – ដែលជា Sushi បែបប្រពៃណីនៅទីក្រុងតូក្យូ និងត្រូវបានអ្នកស្រុកចូលចិត្តយ៉ាងខ្លាំង។
អាថ៌កំបាំងនៃពណ៌ដ៏ពិសេសរបស់ Sushi
អ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជា Sushi មួយចំនូនបែរជាមានពណ៌ពិសេសបែបនេះដែរទេ?
ចម្លើយស្ថិតនៅលើទឹកខ្មេះពិសេសមួយប្រភេទហៅថាទឹកខ្មេះក្រហម (Akasu) ។
ទឹកខ្មេះក្រហមត្រូវបានផលិតចេញពីសំណល់ស្រា Sake (Sakekasu) – ជាផលិតផលជំនួយដល់ដំណើរការផលិតស្រា Sake ។
មិនដូចជាទឹកខ្មេះអង្ករធម្មតានោះទេ ទឹកខ្មេះក្រហមមានរសជាតិយ៉ាងពិសេស ជូរស្រទន់ ស្រស់ស្រាយ និងនាំមកនូវរសជាតិបែបប្រពៃណី។
ថ្វីត្បិតតែ វត្ថុធាតុដើមជាសំណល់ស្រា Sake ដែលមានតម្លៃថោក ប៉ុន្តែដំណើរការផលិតទឹកខ្មេះក្រហមបែរជាមានការយកចិត្តទុកដាក់ និងចំណាយពេលច្រើន។
សិប្បករទឹកខ្មេះត្រូវគោរពតាមដំណើរការប្រពៃណី ដោយធ្វើឲ្យឡើងជូរទឹកខ្មេះក្នុងធុងឈើធំរយៈពេលយូរ។
ដូច្នេះហើយ បានជាទឹកខ្មេះក្រហមក្លាយជាគ្រឿងទេសកម្រ និងមានតម្លៃខ្ពស់។
ប្រឡាក់ (Zuke)
ត្រីធូណាជាប្រភេទអាហារសមុទ្រដ៏មានតម្លៃ តែងតែទទួលបានការនិយមចូលចិត្តព្រោះតែសាច់ណែនល្អ ស្រស់ឆ្ងាញ់។ យ៉ាងណាមិញ ត្រីប្រភេទនេះបែរជាឆាប់ខូចណាស់។
ដើម្បីបំបាត់ចំណុចខ្សោយមួយនេះ ប្រជាជនជប៉ុនបានបង្កើតវិធីសាស្រ្តរក្សាទុកយ៉ាងពិសេសនោះគឺ ប្រឡាក់ (Zuke) ។
ដោយត្រាំត្រីធូណាក្នុងល្បាយទឹកសុីអុីវ ស្រា mirin និងពេលខ្លះគឺសារ៉ាយ ប្រជាជនជប៉ុនមិនត្រឹមអាចរក្សាអាហារប៉ុណ្ណោះទេ ថែមទាំងបង្កើតបានជាមុខម្ហូបពិសេសមានរសជាតិប្លែក។
បច្ចេកទេសប្រើកាំបិតយ៉ាងជំនាញ
បច្ចេកទេសប្រើកាំបិតនេះច្រើនតែប្រើសម្រាប់ប្រភេទអាហារសមុទ្រដែលរឹងដូចជាមឹក និងអាបាឡូន ដែលជួយឲ្យគ្រឿងទេសជ្រាបចូលបានយ៉ាងងាយស្រួល។
បច្ចេកទេសកាត់យ៉ាងប៉ិនប្រសប់ហៅថា “kazari-bocho” ឬ “kakushi-bocho” គឺជាអាថ៌កំបាំងដែលបង្កើតភាពទាក់ទាញសម្រាប់ Sushi ។
ស្នាមកាត់ទាំងនេះមិនត្រឹមតែជួយឲ្យមុខម្ហូបមើលទៅស្អាតប៉ុណ្ណោះទេ ថែមទាំងជួយឲ្យគ្រឿងទេសជ្រាបចូលចំណិតសាច់នីមួយៗ នាំមកនូវរសជាតិឆ្ងាញ់ដែលមិនអាចប្រកែកបាន។
នេះជាបច្ចេកទេសដែលទាមទារភាពប៉ិនប្រសប់ និងបទពិសោធរបស់ចុងភៅធ្វើ Sushi ហើយកម្រនឹងរកបាននៅភោជនីយដ្ឋាន Sushi ក្រៅប្រទេសណាស់។
ត្រី Anago
ត្រី Anago គឺជាគ្រឿងផ្សំដែលមិនអាចខ្វះបានប្រើសម្រាប់ធ្វើ Sushi Edomae ប្រពៃណី។
សាច់ត្រីទន់ផ្អែម ហើយរួមបញ្ចូលយ៉ាងល្អឥតខ្ចោះជាមួយនឹងទឹកជ្រលក់ផ្អែមដែលភោជនីយដ្ឋានបានរៀបចំអស់រយៈពេលជាច្រើនឆ្នាំ។
ជាពិសេស ប្រភេទត្រី Anago ដែលនេសាទបានក្បែរតំបន់សមុទ្រ Tokyo ត្រូវបានគេហៅថា ត្រី Edomae ហើយល្បីថាសាច់ណែនល្អ និងមានរសជាតិឆ្ងាញ់។
តើអ្នកទាំងអស់គ្នាយល់យ៉ាងណា?
ជាចុងក្រោយ ចូរយើងស្វែងយល់ពីបែបបទ និងលំដាប់លំដោយនៃការទទួលទាន Sushi បែបជប៉ុន។
ចំណុចដំបូងដែលយើងគួរកត់សម្គាល់គឺថាមិនត្រូវប្រើទឹកអប់នោះទេ។ ក្លិនក្រអូបឆួលរបស់ទឹកអប់នឹងធ្វើឲ្យបាត់បង់រសជាតិរបស់ Sushi ដែលប៉ះពាល់ដល់បទពិសោធនៃការទទួលទានរបស់លោកអ្នក និងភ្ញៀវដទៃទៀត ការជក់បារីក៏គួរតែជៀសវាងផងដែរ។
ដូច្នេះតើលំដាប់លំដោយនៃការទទួលទាន Sushi យ៉ាងម៉េចវិញ?
ជាទូទៅ គេតែងតែចាប់ផ្តើមបរិភោគ Sashimi ជាមួយនឹងស្រា Sake បន្ទាប់មកទើបបរិភោគ Sushi ។
ថ្វីត្បិតតែ អ្នកអាចជ្រើសរើសមុខម្ហូប និងលំដាប់លំដោយនៃការបរិភោគតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ប៉ុន្តែបើតាមបទពិសោធរបស់អ្នកដែលបរិភោគ លំដាប់លំដោយដែលល្អបំផុតគឺ៖ សាច់ស -> អាហារសមុទ្រដែលមានសំបក និងត្រីធូណា -> ប្រភេទ Sushi មានរសជាតិសម្បូរបែបដូចអន្ទង់។
របៀបទទួលទានបែបនេះ ជួយឲ្យអ្នកទទួលបានអារម្មណ៍ពេញលេញនៃរសជាតិនីមួយៗ ចាប់ពីរស់ជាតិល្មមរហូតដល់ដិតខ្លាំង។
សង្ឃឹមថាលោកអ្នកអាចទៅកាន់ប្រទេសជប៉ុនដើម្បីភ្លក់រសជាតិ Sushi បែបជប៉ុន។
Abe Kengo